ក្រុមសង្គមស៊ីវិល និងអង្គការសិទ្ធិមនុស្ស បានដឹងតាំងពីឆ្នាំ២០១៩មកថា វាជាពេលវេលាចុងក្រោយដែលថ្ងៃសិទ្ធិមនុស្សអន្តរជាតិមួយនេះត្រូវកំណត់ថាជាថ្ងៃឈប់សម្រាក បន្ទាប់ពីរដ្ឋាភិបាលបានកាត់ថ្ងៃឈប់សម្រាកបុណ្យផ្សេងៗចំនួនប្រាំថ្ងៃ ដើម្បីបង្កើនចំនួនថ្ងៃធ្វើការប្រចាំឆ្នាំ។
កម្ពុជាប្រារព្ធទិវាថ្ងៃសិទ្ធិមនុស្ស១០ធ្នូ មិនត្រឹមតែរំឭកដល់សិទ្ធិមនុស្សជាអន្តរជាតិនោះទេ តែក៏ដើម្បីប្រជាជនកម្ពុជាបានសម្តែងមតិលើសិទ្ធិ និងសេរីភាពដែលមានចែងក្នុងរដ្ឋធម្មនុញ្ញផងដែរ។
បន្ទាប់ពីមានការប្រារព្ធទិវានេះដោយស្ងាត់ស្ងៀមក្នុងឆ្នាំ២០១៩ ការរាលដាលវីរុសកូវីដ១៩ នៅឆ្នាំនេះក៏នាំឲ្យកម្មវិធីប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ មិនអាចប្រព្រឹត្តទៅបានដែរ។ ជាធម្មតានៅថ្ងៃនេះ មានការដើរដង្ហែរក្បួនដោយភាពចម្រុះពណ៌ និងកម្មវិធីផ្សេងៗពេញផ្ទៃប្រទេស តែនៅឆ្នាំនេះនឹងជំនួសមកវិញដោយរៀបចំតាមបណ្ដាញសង្គម ក្នុងន័យលើកកម្ពស់សិទ្ធិមនុស្ស។
រដ្ឋបាលរាជធានីភ្នំពេញ កាលពីសប្ដាហ៍មុនបានបដិសេធសំណើអង្គការសង្គមស៊ីវិលចំនួន៥០ ដែលបានស្នើសុំរៀបចំព្រឹត្តិកាណ៍នេះនៅទីលានប្រជាធិបតេយ្យក្នុងខណ្ឌឫស្សីកែវ ដោយបានស្នើឲ្យក្រុមអង្គការសង្គមស៊ីវិលពិចារណាពន្យាពេលកម្មវិធីទៅថ្ងៃខាងមុខ។
រាជធានីភ្នំពេញនៅពេលនេះកំពុងមានការឆ្លងកូវីដ១៩ក្នុងសហគមន៍លើដំបូង ដែលមានចំនួនអ្នកឆ្លង៣៨នាក់គិតត្រឹមថ្ងៃទី៩ ខែធ្នូ ខណៈមានសេចក្ដីរាយការណ៍ថាមនុស្សរាប់ពាន់នាក់ត្រូវបានធ្វើតេស្ត។ រដ្ឋាភិបាលបានសម្រេចដាក់បំរាមមិនឲ្យមានការប្រមូលផ្ដុំលើសពី២០នាក់ ផ្អាកបណ្តោះអាសន្នទីស្តីការក្រសួងមហាផ្ទៃ និងបន្តចាត់វិធាការបន្ទាន់គ្រប់គ្រងគ្រងស្ថានការណ៍រាលដាលនេះ។
លោក សឹង សែនករុណា មន្ត្រីស៊ើបអង្កតជាន់ខ្ពស់អង្គការសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ បើសិនជាក្នុងស្ថានភាពធម្មតា ការហាមឃាត់មិនឲ្យមានការជួបជុំដោយសន្តិវិធី ជាការរំលោភសិទ្ធិមនុស្ស។ ប៉ុន្តែ លោកថា ក្រុមអង្គការសង្គមស៊ីវិលបានឯកភាព លើកការប្រារព្ធពិធីនេះតាមអនឡាញវិញ និងនៅពេលក្រោយ។
លោកមានប្រសាសន៍ថា៖ «ថ្វីដ្បិតតែមានការពន្យាពេល តែយើងមិនបានបញ្ឈប់សកម្មភាពប្រារព្ធថ្ងៃសិទ្ធិមនុស្សទេ យើងនឹងធ្វើវាតាមអនឡាញវិញ ហើយបញ្ជូនសារតាមរយៈហ្វេសប៊ុក»។
លោកឲ្យដឹងទៀតថា មានការរឹតបន្តឹងលើអង្គការមិនមែនរដ្ឋាភិបាលនៅថ្ងៃប្រារព្ធទិវានេះ ទាំងនៅភ្នំពេញ និងនៅតាមបណ្ដាខេត្ត តាំងពីមុនមានញ្ហាវិបត្តិកូវីដ១៩ ទៅទៀត។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា សាលារាជធានីអាចនឹងពិចារណាឡើងវិញលើបំរាមនៃការជួបជុំនេះ នៅពេលដែលរដ្ឋាភិបាលអាចគ្រប់គ្រងស្ថានភាពឆ្លងក្នុងសហគមន៍នេះបានប្រសើរ។
លោកបន្ថែមថា៖ «យើងមិនអនុញ្ញាតឲ្យមានការរៀបចំព្រឹត្តិការណ៍ណាមួយទេក្នុងកាលៈទេសៈនេះ ហើយពេលណាស្ថានភាពបានប្រសើរ យើងនឹងពិចារណាឡើងវិញ»។
លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ជាសំណួរទៅនឹងចេតនារបស់អង្គការសង្គមស៊ីវិល និងថាឬអ្នកទាំងនោះចង់បង្កើនការចម្លងវីរុសកូវីដ១៩ ដោយមានការប្រមូលផ្ដុំទ្រង់ទ្រាយធំ។
លោកមានប្រសាសន៍ថា៖ «ពួកគាត់ទាមទារមួយថ្ងៃធ្វើការជួបជុំ។ តើនេះជាការការពារជីវិតពលរដ្ឋ ដែលអាចប្រឈមនឹងការឆ្លងវីរុសកូវដ១៩ ឬអត់?»។
បើតាមលោក ជិន ម៉ាលីន រដ្ឋាភិបាល និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងមិនមានការរៀបចំកម្មវិធីនៅថ្ងៃ១០ធ្នូ នោះទេ តែថានឹងចេញផ្សាយឯកសារសិទ្ធមនុស្សទៅកាន់ពលរដ្ឋ»។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចេញផ្សាយវីដេអូមួយ ផ្សាយលើសារព័ត៌មានអនឡាញ Fresh News និយាយរៀបរាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាទទួលបានសិទ្ធិដូចសព្វថ្ងៃតាមរយៈនយោបាយ «ឈ្នះ ឈ្នះ»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរងការចោទប្រកាន់ថាបានរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេស រួមមានការរឹបអូសដីធ្លី បំផ្លាញបរិស្ថាន ចាប់ខ្លូនអ្នករិះគន់ និងក្រុមប្រឆាំង។
អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ទៅអង្គការ និងសមាគមចំនួនបីថាពួកគេមិនអាចរៀបចំកម្មវិធីបានទេ ដោយខ្លាចមានអ្នកឆ្លងដូវីដ១៩។
អភិបាលខេត្តលោក អ៊ុំ រាត្រី មានប្រសាសន៍ថា៖ «យើងមិនអនុញ្ញាតឲ្យពួកគេរៀបចំកម្មវិធីទេ ពួកគេធ្វើការជួបជុំមិនត្រឹមត្រូវដោយមានមនុស្សប្រហែលពី៣០០ទៅ៤០០នាក់ ចំពេលដែលយើងកំពុងប្រឈមនឹងការរាលដាលវីរុសកូវីដ១៩»។
លោក មឿន តុលា នាយកប្រតិបត្តិអង្គការសង់ត្រាល់ និងជាអ្នករៀបចំកម្មវិធីផង បាននិយាយថាប្រទេសមួយចំនួន រួមទាំងកម្ពុជាផង បានយកវិបត្តិកូវីដ១៩ រំលោភសិទ្ធិមនុស្សបន្ថែមទៀត។ លោកបានលើកពីការរឹតត្បិតលើការប្រមូលផ្ដុំសម្រាប់តែ ខេត្តសៀមរាប និងភ្នំពេញ។
លោកបន្ថែមថា៖«សម្រាប់ខ្ញុំ ខ្ញុំមើលឃើញថារដ្ឋាភិបាលខ្លះ រួមទាំងកម្ពុជាដែរ បានយកបញ្ហាកូវីដ១៩ ជាលេសធ្វើឲ្យធ្លាក់ចុះផ្នែកសិទ្ធិមនុស្ស»។
លោកសង្ឃឹមថាអាជ្ញាធរថ្នាក់ក្រោមជាតិនឹងមានការយោគយល់ និងអនុញ្ញាតឲ្យក្រុមសង្គមស៊ីវិលរៀបចំកម្មវិធីបាននៅកន្លែងណាដែលមិនមានហានិភ័យខ្ពស់នៃការរាលដាលកូវីដ១៩។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាបានបង្កើនការបង្ក្រាបលើសិទ្ធិសម្ដែងមតិ ការជួបជុំដោយសន្តិវិធី និងបន្តចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងសកម្មជននយោបាយ។
លោកស្រីមានប្រសាសន៍ថា៖ «រដ្ឋាភិបាលត្រូវតែធានាថាបញ្ហាកូវីដ១៩ មិនត្រូវបានប្រើជាឧបករណ៍ដាក់សម្ពាធលើការប្រារព្ធទិវាសិទ្ធិមនុស្ស»។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ CamboJA News