សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការខេត្តកំពង់ឆ្នាំងផ្ដន្ទាទោសសកម្មជនដីធ្លីឱ្យជាប់ពន្ធនាគារ​២ឆ្នាំ

លោក រាជ សីម៉ា និងអ្នកភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មកចូលរួមសវនាការនៅសាលាឧទ្ធរណ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
លោក រាជ សីម៉ា និងអ្នកភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មកចូលរួមសវនាការនៅសាលាឧទ្ធរណ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

សាលាដំបូងខេត្ដកំពង់ឆ្នាំងនៅថ្ងៃទី៦ ខែកក្កដានេះបានផ្ដន្ទាទោសលោក រាជ សីម៉ា សកម្មជន​តវ៉ាដីធ្លីសហគមន៍ឡពាងឱ្យជាប់ពន្ធនាគារ២ឆ្នាំពាក់ព័ន្ធនឹងបទ ប្រើហិង្សា​ដោយ​ចេតនាលើពលរដ្ឋម្នាក់ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច​ កាលពីឆ្នាំ២០២១។

លោក ហុង គឹមហាក់ អ្នកនាំពាក្យនៃសាលាដំបូងខេត្ដកំពង់ឆ្នាំង បានមានប្រសាសន៍ថា សាលដំបូងខេត្តកំពង់ឆ្នាំងបានផ្ដន្ទាទោសលោក រាជ សីម៉ា សកម្មជន​តវ៉ាដីធ្លីសហគមន៍​ឡពាង​ឱ្យជាប់ពន្ធនាគារ២ឆ្នាំនិងពិន័យជាប្រាក់៤លានរៀល ពាក់ព័ន្ធនឹងបទប្រើហិង្សា​ដោយ​ចេតនាលើពលរដ្ឋម្នាក់​ស្ថិតក្នុង​ឃុំតាជេស ស្រុកកំពង់ត្រឡាច​ ក្នុងខែវិច្ឆិកា ឆ្នាំ២០២១។

លោក គឹមហាក់ថ្លែងថា៖ «យើង[តុលាការ]បានផ្ដន្ទាទោសគាត់ឱ្យជាប់ពន្ធនាគារ២ឆ្នាំ​និង​ពិន័យជាប្រាក់៤លានរៀល»

បើតាមលោកស្រី​ ស៊ឹម សោភា មេធាវីការពារក្ដីឱ្យលោក រាជ សីម៉ា បានឱ្យដឹងថា សេចក្តី​សម្រេចរបស់តុលាការខេត្តកំពង់ឆ្នាំងនេះ គឺវាអយុត្តិធម៌សម្រាប់កូនក្ដីរបស់លោកស្រីណាស់ ហើយលោកស្រីនឹងជួបពិភាក្សាជាមួយកូនក្ដីដើម្បីបន្ដនីតិវិធីប្ដឹងទៅសាលាឧទ្ធរណ៍ដើម្បីស្វែងរកយុត្តិធម៌ជូនលោក រាជ ស៊ីម៉ានិងគ្រួសារ។

 លោកស្រីបានបញ្ជាក់ថា លោកស្រីនឹងដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ល្ងាចថ្ងៃពុធ​ហើយការដាក់ពាក្យបណ្ដឹងឧទ្ធរណ៍នេះគឺមាន២ ទី១ស្នើសុំឱ្យនៅក្រៅឃុំ និងទី២ស្នើសុំឱ្យ​សាលាឧទ្ធរណ៍កាត់រឿងអង្គសេចក្ដីទាំងមូល។

លោកស្រីបន្ថែមថា៖ «ល្ងាចនេះខ្ញុំនឹងដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ហ្នឹងហើយ ដើម្បីបន្ដនីតិវិធី​ឱ្យកូនក្ដីទទួលបានយុត្តិធម៌នៅសាលាឧទ្ធរណ៍»

អ្នកស្រី ណាក់ កេន អាយុ៣៧ឆ្នាំ ត្រូវជាប្រពន្ធរបស់លោក រាជ ស៊ីម៉ា រស់នៅឃុំតាជេស ស្រុកកំពង់ត្រាច​ បាននិយាយថា ការក្ដីរបស់តុលាការខេត្តកំពង់ឆ្នាំងឱ្យប្ដីអ្នកស្រី​ជាប់​ពន្ធនាគារ​២ឆ្នាំនិងពិន័យជាប្រាក់៤លានរៀល វាជារឿងអយុត្តិធម៌​ណាស់​សម្រាប់​ប្ដីនិង​ខ្លួនអ្នកស្រី ព្រោះប្ដីអ្នកស្រីមិនប្រព្រឹត្តដូចការចោទរបស់តុលាការទេ។

អ្នកស្រី កេន បន្តថា ជាពិសេសការពិន័យជាប្រាក់គឺអ្នកស្រីមិនមានលទ្ធភាព​ដូចការបង្គាប់​របស់​តុលាការនោះទេ បើរាល់ថ្ងៃជីវភាពកំពុងតែខ្វះខាត ណាមួយប្ដីត្រូវជាប់គុក ហើយខ្លួន​អ្នកស្រីជាស្រីទៀតតើអាចទៅរកចំណូលឯណាបានសម្រាប់ការបង់ពិន័យនេះ។

អ្នកស្រី កេន ប្រាប់ថា៖ «ខ្ញុំពិបាកនិយាយ វាអួលដើមកគ្រាន់តែលឺថាកាត់ប្ដីខ្ញុំជាប់ទោស២ឆ្នាំ ខ្ញុំវាពិបាកចិត្តខ្លាំង ពីព្រោះអីខ្ញុំត្រូវជំពាក់រដ្ឋផង អីផង ហើយសង្ឃឹមថាបានប្ដីឆាប់ចេញ បាន​ជួយរកលុយបង់រដ្ឋបង់អី ដល់ពេលកាត់ជាប់រយៈពេល២ឆ្នាំហើយពិន័យជាប្រាក់ចឹងទៀត ខ្ញុំលឺចឹងខ្ញុំរន្ធត់ ខ្ញុំអស់សង្ឃឹមក្នុងចិត្ត»

អ្នកស្រីបញ្ជាក់ទៀតថា អ្នកស្រីនឹងឱ្យមេធាវីប្តឹងសាលាឧទ្ធរណ៍ក្រែងអាចឱ្យប្ដីអ្នកស្រី​ឆាប់បាន​ចេញមកក្រៅវិញហើយអ្នកស្រីក៏បានអំពាវនាវដល់រាជរដ្ឋាភិបាលមេត្តាចុះស៊ើបអង្កេត​តុលាការ​​ខេត្តកំពង់ឆ្នាំង ដោយអ្នកស្រីអះអាងថាប្ដីអ្នកស្រីគ្មានទោសទេ ប៉ុន្ដែត្រូវបាន​តុលាការ​ខេត្តកំពង់ឆ្នាំងសម្រេចឱ្យជាប់ទោស​ អ្នកស្រីថាតុលាការវាអយុត្តិធម៌ពេក។

អ្នកស្រីបានសង្កត់ធ្ងន់ថា៖ «តុលាការវាអយុត្តិធម៌ពេក  ខ្ញុំសុំអំពាវនាវដល់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ជួយធ្វើអន្ដរាគមន៍ឱ្យឆាប់បានប្ដីខ្ញុំចេញពីពន្ធនាគារវិញផង»

ប្រពន្ធលោក រាជ សីម៉ា និងសកម្មជនដីធ្លីឡពាងបាននាំគ្នាទៅស្ដាប់ការ​ប្រកាសសាលក្រមនៅសាលាដំបូងខេត្ដកំពង់ឆ្នាំង លើសំណុំរឿងរបស់លោក រាជ សីម៉ា។ រូបថតថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យដោយលោក ស្ងួន ញឿន

ចំណែកឯអ្នកស្រី អ៊ុំ សុភី ប្រធាសហគមន៍ដីធ្លីឡពាង បានចាត់ទុកថា ការកាត់ក្ដីរបស់​តុលាការ​នេះ​វាអយុត្តិធម៌ណាស់ ពីព្រោះដើមបណ្ដឹងបានដកពាក្យបណ្ដឹងតាំងពីយូរមកហើយ ហេតុអ្វីបានជាតុលាការមិនព្រមដោះលែងលោក រាជ ស៊ីម៉ា ​ឱ្យមានសេរីភាព បែរជានៅតែ​បន្ដ​នីតិវិធីនិងសម្រេចផ្ដន្ទាទោសរូបលោកឱ្យជាប់ពន្ធនាគារ២ឆ្នាំនិងពិន័យជាប្រាក់៤លានរៀលថែមទៀតទៅវិញ។

ប្រធានសហគមន៍រូបនេះបន្ដថា៖ «ខ្ញុំយល់ឃើញថាការសម្រេចរបស់តុលាការបែរនេះ​ វាជា រឿងអយុត្តិធម៌សម្រាប់លោក[រាជ សីម៉ា]និងក្រុមគ្រួសាររបស់លោកណាស់ ​និយាយរួមទៅ​គាត់​[តុលាការ]មានចេតនាធ្វើឱ្យពួកខ្ញុំហ្នឹងលំបាកហ្មង ពីព្រោះសូម្បីតែកាត់ក្ដី​ហើយត្រូវ​ប្រកាស​សាលក្រមពេលពួកខ្ញុំមកស្ដាប់បែរជាលើកពេលពន្យារហូតដល់១ខែរហូតដល់ថ្ងៃនេះ ដល់ពេលចុងក្រោយចេញសាលក្រមបែរនេះវិញ»

ចំណែកលោក សំ ចាន់គា មន្ត្រីសម្របសម្រួលអង្គការអាដហុក​ប្រចាំខេត្ត​កំពង់ឆ្នាំង មានប្រសាសន៍ថា សេចក្តីសម្រេចរបស់តុលាការហាក់ដូចជាមានចេតនា​ចង់បង្រ្កាបទៅលើតំណាងសហគមន៍ដែលធ្លាប់តវ៉ារឿងដីធ្លីកន្លងមក ពីព្រោះ​អ្វីដែល​លោកដឹង អង្គហេតុនេះវាជាជម្លោះក្នុងគ្រួសារក្នុងនាមជាបងប្រដៅនិងណែនាំទៅ​លើ​ប្អូន ប៉ុន្ដែពេលដែលតុលាការដាក់ទណ្ឌកម្មនេះវាធ្ងន់ពេកហើយ ម្យ៉ាងវិញទៀត ​ការ​ស្វែង​រកយុត្តិធម៌ក្នុងរឿងហ្នឹងគឺតុលាការហាក់ដូចជាព្រងើយកន្ដើយមិនស្វះស្វែង​រកយុត្តិធម៌ថាវាកើតចេញពីអ្វី?

លោក ចាន់គា បន្តថា តុលាការក៏បានពន្យាពេលយ៉ាងយូរក្នុងការប្រកាសសាលក្រម​រឿងនេះដែរ កុំតែបានក្រុមគ្រួសារនិងសហគមន៍នាំគ្នាទៅប្ដឹងនៅក្រសួងយុត្តិធម៌​ កុំអី​មិនដឹងពេលណាតុលាការបានប្រកាសចឹងទេ។

លោកបន្ថែមថា៖ «អ្វីដែលតុលាការសម្រេចនេះវាហាក់ដូចជាមានចេតនា​មួយក្នុង​ការ​បង្រ្កាបទៅលើតំណាងសហគមន៍ដែលធ្លាប់តវ៉ារឿងដីធ្លីទៅវិញទេ»

ដោយឡែក កាលពីថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២២កន្លងទៅ តុលាការកំពូល​ក្រុង​ភ្នំពេញ​បាន​សម្រេចដោះលែងសកម្មជនដីធ្លីឡពាងខេត្តកំពង់ឆ្នាំងគឺអ្នកស្រី ទួន សេង ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នក្រោយពីឃុំខ្លួនអស់រយៈពេល​ជិត​កន្លះឆ្នាំ​បន្ទាប់ពីសាលាដំបូងខេត្ដកំពង់ឆ្នាំងបាន​​ចោទ​ប្រកាន់អ្នកស្រីពី​បទបាន​បំផ្លិច​បំផ្លាញ​​ទ្រព្យសម្បត្តិអ្នកដទៃនិង​ពី​បទ​លួច​ទ្រព្យសម្បត្តិ​អ្នកដទៃ។

កាលពីថ្ងៃទី៨ ខែកក្កដា សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសអ្នកភូមិ៤នាក់រួម ទាំងអ្នកស្រី អ៊ុំ សុភី និងលោក រាជ សីម៉ា ដោយកំបាំងមុខដាក់ពន្ធនាគារ​រយៈពេល​មួយឆ្នាំ​ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ ធ្វើឱ្យខូចខាតដោយចេតនានិង​បទប្រើប្រាស់អំពើហិង្សាលើបុគ្គលជាអ្នកកាន់កាប់អចលនទ្រព្យកាលពីឆ្នាំ២០១២៕

431 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម