សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រធានគណបក្សខ្មែរឈ្នះត្រូវបានចាប់ខ្លួន ខណៈដែលសកម្មជនពីរនាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទញុះញង់

ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ចូលរួមតវ៉ាគាំទ្រឲ្យដោះលែង លោក រ៉ុង ឈុន នៅមុខតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា។ បញ្ញា ឆព័ណ្ណ
ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ចូលរួមតវ៉ាគាំទ្រឲ្យដោះលែង លោក រ៉ុង ឈុន នៅមុខតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា។ បញ្ញា ឆព័ណ្ណ

កម្លាំងនគរបាលរាជធានីភ្នំពេញ​បាន​ឃុំខ្លួន​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ កាលពីថ្ងៃទី១៤ សីហា ដោយ​ចោទ​ប្រកាន់ថា​បំភ្លៃព័ត៌មានទាក់ទងនឹង​បញ្ហា​ព្រំដែន ដែលនាំ​ឲ្យ​ចំនួន​សកម្មជនដែលត្រូវបានចាប់ខ្លួន​ខណៈដែល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព​កម្មករ លោក រ៉ុង ឈុន កើនឡើងដល់ ១៣នាក់ហើយ ។

សកម្មជនពីរនាក់ផ្សេងទៀតបានត្រូវចោទប្រកាន់ពីបទ​ញុះញង់ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន​ រួមជាមួយនឹង​មនុស្ស​៤នាក់ផ្សេងទៀត ដោយសារ​នាំគ្នាធ្វើការតវ៉ាគាំទ្រ​លោក រ៉ុង ឈុន នៅខាងក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៣ សីហា ដែលនៅក្នុងព្រឹត្តិការណ៍នោះ លោក សួង សុភ័ណ្ឌ ក៏មានវត្តមានចូលរួម​ដែរ ។

កាលពីថ្ងៃទី១០ សីហា លោក សុភ័ណ្ឌ និង​សមាជិក​ ៨រូបផ្សេងទៀត​នៃ​គណបក្ស​របស់​លោក បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ត្បូងឃ្មុំ ចុះទៅជួប​ជាមួយ​អ្នកភូមិ​ជាង ៣០នាក់ ហើយអ្នកភូមិទាំងនោះ​បាន​នាំ​ពួកគេ​ទៅកាន់​បង្គោល​ព្រំដែន​ដែលមានជម្លោះ ដែលលោក រ៉ុង ឈុន បានចុះ​ទៅ​មើល​កាលពីខែកក្កដា ។

លោក ឈុន ត្រូវបានចាប់ខ្លួននៅថ្ងៃទី៣១ ខែកក្កដា និងត្រូវបានចោទប្រកាន់ពីបទ​ញុះ​ញង់ឲ្យមានវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គម​ នៅថ្ងៃបន្ទាប់ ដោយសារតែការអត្ថាធិប្បាយរបស់លោកនៅក្នុង​បទសម្ភាសន៍មួយជាមួយ​វិទ្យ​អាស៊ីសេរី ដែលក្នុងនោះ លោកបាននិយាយថា ទាហាន​វៀតណាម​បានបោះបង្គោល​ព្រំដែន​ចូលក្នុង​ដី​កម្ពុជា ៥០០ម៉ែត្រ និង​បាន​បណ្ដេញ​អ្នកភូមិ​ចេញពី​ដីធ្លីរបស់​ពួកគេ ។

នៅក្នុង​គ្លីបវីដេអូមួយ​ដែលបង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាលពីថ្ងៃទី១០ ខែសីហា លោក សុភ័ណ្ឌ បានថ្លែង​ការពារ​សកម្មភាព​របស់​លោក ។

លោក សុភ័ណ្ឌ បាននិយាយ​ដូច្នេះថា៖ «ទីមួយ ខ្ញុំ​បាន​ចុះ​ទៅជួប​ប្រជាពលរដ្ឋ​ក្នុងនាម​ខ្ញុំជា​អ្នក​នយោបាយ ។
ទីពីរ ខ្ញុំ​បានចុះ​ទៅ​ពិនិត្យ​មើល​អធិបតេយ្យ​ដែនដី ដើម្បី​មើលថាតើ​គេ​គោរព ឬ​អត់ និងថាតើ​​
[តាម​អ្វី​ដែល​អ្នកភូមិ​]​បាន​និយាយ​ មាន​ការ​បាត់ដីពិតមែន ឬអត់»

លោក សុភ័ណ្ឌ និយាយ​នៅ​ក្នុង​គ្លីបវីដេអូដែលបាន​បង្ហោះ​លើ​ហ្វេសប៊ុក យ៉ាង​ដូច្នេះថា៖ «ដូច​ដែលខ្ញុំបាន​និយាយ​រួចហើយ ប្រសិនបើ​វា​ទាក់ទងនឹង​អធិបតេយ្យ ខ្ញុំ​មិនមាន​យោបល់អ្វីទេ ហើយ​យើងឆ្ងល់ថា តើយើង​គួរ​ចាត់វិធានការជជែកជាមួយរដ្ឋាភិបាល ឬ​ក្រសួង​ពាក់ព័ន្ធ​ ឬអត់ និងថាតើ​យើង​គួរតែពិនិត្យ​ឡើងវិញ ឬទេ ទៅលើ​បញ្ហា​នោះ [កិច្ចការព្រំដែន] »

​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បាន​មានប្រសាសន៍​នៅថ្ងៃទី១៤ សីហា ថា លោក សុភ័ណ្ឌ ត្រូវបានចាប់ខ្លួន​កាលពីពេលរសៀល ពីបទ​ញុះញង់ ។

លោក គឹមខឿន មានប្រសាសន៍ថា៖ «គាត់ [សុភ័ណ្ឌ] ត្រូវបាន​ចាប់ខ្លួន​ដោយសារ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង ដោយសារ​គាត់​ផ្សព្វផ្សាយ​ព័ត៌មាន​ដែលមាន​លក្ខណៈញុះញង់ទាក់ទិននឹង​បញ្ហា​ព្រំដែន »។ លោក​បានបន្ត​ទៀត​ថា លោក សុភ័ណ្ឌ កំពុង​ស្ថិតក្នុងការសាកសួរ​នៅឯ​ស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ ។

អ្នកនាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹមឡុង បានបញ្ជាក់ថា លោក សុភ័ណ្ឌ កំពុងត្រូវ​បាន​ឃុំ​ខ្លួន​ដើម្បីសាកសួរ​ ។

លោក គឹមឡុង បាន​ឆ្លើយនៅក្នុង​សារ​តេឡេក្រាម ដូច្នេះថា៖ «សួង សុភ័ណ្ឌ ត្រូវបានចាប់ខ្លួនពីបទ​ល្មើស​ជាក់ស្ដែង ដោយ​ញុះញង់​បំភ្លៃ​ព័ត៌មានស្ដីពីបញ្ហា​ព្រំដែន ហើយ​លោក​បាន​ចោទប្រកាន់​គណៈកម្មាធិការ​កិច្ច​ព្រំដែន​កម្ពុជា ថាបានប្រព្រឹត្ត​អំពើ​ក្បត់ជាតិ»

អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​ឈ្នះ លោក យិន ឈឿន បានមានប្រសាសន៍ថា ការចាប់ខ្លួន​លោក សុភ័ណ្ឌ គឺ​«ក្រោម​ហេតុផលនយោបាយ» ដោយ​លោក​កត់សម្គាល់ថា មន្ត្រីនគរបាល​បាន​ចាប់ខ្លួន​គាត់​ដោយ​មិន​បាន​បង្ហាញ​ដីកាឡើយ ។

លោក ​ឈឿន មានប្រសាសន៍ថា៖ «លោក សួង សុភ័ណ្ឌ មិនបានចោទ​ប្រកាន់​អ្នកណា​ម្នាក់​ថា​ធ្វើ​ឲ្យ​បាត់បង់ទឹក​ដី​ទេ ពីព្រោះគាត់គ្រាន់តែ​ចោទ​ជាសំណួរ​[អំពីការអះអាងនោះ] និង​ចាំបាច់​ត្រូវ​តែ​ផ្ទៀងផ្ទាត់ព័ត៌មាន​ពីអាជ្ញាធរ​[ថ្នាក់​ជាតិ] »។​

លោក​ ឈឿន បាន​​បន្ត​ទៀត​ថា៖ «ការចាប់ខ្លួន​នេះ គឺ​ជារឿង​នយោបាយ​សុទ្ធសាធ ។ [ពួកគេ​]បំបាក់​ស្មារតី​នរណាម្នាក់​ដែលមាន​ក្ដីកង្វល់​អំពី​ព្រំដែន និង​បាន​តវ៉ា​ប្រឆាំងនឹងរដ្ឋាភិបាល»

លោក ឈឿន បាន​មានប្រសាសន៍ថា លោក សុភ័ណ្ឌ មិនបាន​បំភ្លៃការពិតទេ ពីព្រោះ​គាត់បាន​ទទួល​ព័ត៌មាន​លម្អិត​ជាច្រើន​ដោយ​ផ្ទាល់ ពីអ្នកភូមិ​ដែល​បាន​និយាយ​ថា កាលពីមុន ពួកគេ​ធ្លាប់​ដាំដុះ​នៅលើដីមួយកន្លែង ដែល​ឥឡូវ ពួកគាត់​មិនអាចចូលទៅធ្វើស្រែចម្ការនៅលើដីនោះ​បានទៀត​ហើយ បន្ទាប់ពី​បង្គោល​កំណត់​ព្រំដែន​ជាច្រើន​ត្រូវ​បាន​គេចោទប្រកាន់ថា​ ត្រូវគេរំកិល ។

លោក ឈឿន បានមានប្រសាសន៍ដូច្នេះថា៖ «គាត់ [លោក សុភ័ណ្ឌ] គ្រាន់តែលើកឡើងអំពីអ្វីដែល​អ្នក​ភូមិ​បាន​និយាយ​ប៉ុណ្ណោះ ។ វាជាជម្លោះរបស់​អ្នកភូមិ​ដែល​អ្នកនយោបាយ​ត្រូវតែដោះស្រាយ​ ប៉ុន្តែ គាត់​បែរ​ជាត្រូវរដ្ឋាភិបាល​ចាប់ខ្លួន​ទៅវិញ ។ យើងសោកស្ដាយចំពោះការចាប់ខ្លួននេះ»

នៅមុននេះ​មួយថ្ងៃ នគរបាល​បាន​ចាប់ខ្លួន​បាតុករ​ ៦រូបផ្សេងទៀត ដែល​ស្ថិតក្នុងចំណោមក្រុម​មនុស្ស ៣០នាក់ ដែល​បាន​ធ្វើការតវ៉ា​នៅខាងក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែលនៅទីនោះលោក រ៉ុង ឈុន កំពុងស្ថិតក្រោម​ការ​សាកសួរ​របស់​ចៅក្រម​ស៊ើបសួរ ពាក់ព័ន្ធនឹង​សកម្មភាពរបស់​លោក​នៅ​ឯព្រំដែន ។

លោក សុភ័ណ្ឌ ក៏បានចូលរួមនៅក្នុង​ការតវ៉ានេះដែរ ដែល​ក្រោយមក ការតវ៉ាក៏បានក្លាយជា​ហិង្សានៅពេល​ដែល​មានការប្រតាយប្រតប់គ្នា​ជាមួយ​កម្លាំងសន្តិសុខ​ខណ្ឌ ដែលបណ្ដាល​ឲ្យ​អ្នកតវ៉ា​មួយចំនួនរងរបួស​ស្រាល ។

លោក សុភ័ណ្ឌ បាន​និយាយ​នៅ​ខាងក្រៅ​តុលាការ​នាថ្ងៃ​នោះ នៅមុនពេល​ការចាប់ខ្លួនលោក​ យ៉ាងដូច្នេះ៖ «វាជា​សិទ្ធិរបស់​យើង​ដែល​ផ្ដល់​ដោយ​ច្បាប់ ដែល​​ចែងថា ពលរដ្ឋ​ទូទៅ និង​អ្នកគាំទ្រ​មានសិទ្ធិតាមដាន ។ យើង​ត្រូវតែ​ក្រោកឈរ​ឡើង និង​តស៊ូ​ដើម្បី​អ្វី​ដែល​ច្បាប់​ផ្ដល់​ឲ្យ​យើង»

អ្នក​នាំពាក្យ​សាលាដំបូង​រាជធានីភ្នំពេញ លោក គឹមឡុង បាន​និយាយថា មនុស្ស​ពីរនាក់​ក្នុងចំណោម​អ្នកដែល​ត្រូវ​បាន​ចាប់ខ្លួន ម្នាក់ឈ្មោះ ឈឿន ដារ៉ាវី និងម្នាក់ទៀត​ឈ្មោះ ហ៊ុន វណ្ណៈ ត្រូវ​បាន​ចោទប្រកាន់​នៅថ្ងៃទី១៤ ខែ​សីហា ពីបទ​ញុះ​ញង់ឲ្យមានវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គម​ ក្រោម​មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ និង​ត្រូវបានដាក់​ឲ្យ​ស្ថិតក្នុងការ​ឃុំខ្លួននៅមុនពេល​បើកសវនាការជំនុំជម្រះក្ដី ។

នគរបាល​បាន​ឲ្យ​ដឹងថា មនុស្ស​៤នាក់​ដែលមិនត្រូវបានចោទប្រកាន់ដោយតុលាការ ត្រូវ​បាន​គេដោះ​លែង​វិញហើយ បន្ទាប់ពីពួកគេត្រូវបាន «អប់រំ» និង​ចុះហត្ថលេខា​លើកិច្ចសន្យា​ដែល​សន្យាថា ឈប់​តវ៉ា​គាំទ្រ​លោក រ៉ុង ឈុន ទៀត ។

សូ មេត្តា ជា​សកម្មជនមួយរូបទៀត​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការតវ៉ា​កាលពីថ្ងៃទី១៣ ខែសីហា បាន​និយាយថា នាង​បាន​ឃើញ​មន្ត្រី​ស្លៀកពាក់ស៊ីវិល​ ៥នាក់ ចាប់​បោច​សក់​ ដារ៉ាវី និងវាយរូបនាង នៅ​មុនពេល​ចាប់រុញ​នាង​បញ្ចូល​ទៅ​ក្នុង​រថយន្ត​ប្រភេទ SUV នៅវេលាម៉ោង ៣រសៀល ។ ក្រោយ​ពេល​ការតវ៉ាបានបញ្ចប់ មេត្តា និង​សកម្មជនដទៃទៀត បានត្រឡប់ទៅផ្ទះរបស់ ដារ៉ាវី នៅសង្កាត់សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ ដែលនៅ​ទីនោះ ពួកគេ​បាន​ជួប​​នគរបាល​ប្រហែល ៥០នាក់​ នៅវេលាម៉ោង ៤រសៀល ហើយ​នៅចំណុច​នេះ​ហើយ ដែល​
វណ្ណៈ និង​សកម្មជន ៤នាក់​ផ្សេង​ទៀត ត្រូវបានចាប់ខ្លួន ។ 

មេត្តា បាន​និយាយ​យ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា វា​ជា​ការរំលោភ​សិទ្ធិមនុស្ស​ ដែល​គេចាប់​មនុស្ស​ដែល​ពុំ​បាន​ធ្វើ​អ្វី​ដែល​ខុស​ច្បាប់សោះ»

អ្នក​នាំពាក្យ​នគរបាលជាតិ លោក គឹមខឿន បាន​មានប្រសាសន៍ថា មន្ត្រីនគរបាល​បាន​ដោះលែង​សកម្មជន​ ៤នាក់​ផ្សេង​ទៀតនោះហើយ ។

លោក គឹមខឿន មានប្រសាសន៍ថា៖ «យើង​ពុំមានភ័ស្តុតាង​ចោទប្រកាន់ពួកគេទេ យើងគ្រាន់តែអប់រំ​ពួកគេ និង​សុំ​ឲ្យ​ពួកគេ​បញ្ឈប់​ការតវ៉ា»

អ្នកនាំពាក្យ​នគរបាលជាតិ បាន​បន្ថែមថា ដារ៉ាវី ត្រូវបានចាប់ខ្លួន​បន្ទាប់ពីមានដីកាពីតុលាការ ហើយ​ វណ្ណៈ ត្រូវបាន​ចាប់ខ្លួន ខណៈដែល​មន្ត្រីតុលាការកំពុងធ្វើការអនុវត្ត​ដីកា​ឆែកឆេរ​ទៅលើ​ផ្ទះ​របស់ ដារ៉ាវី ។

លោកស្រី ចក់​ សុភាព នាយិកាប្រតិបត្តិ​នៃ​មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា បាន​មានប្រសាសន៍ថា ការឆ្លើយតប​របស់​កងកម្លាំងនគរបាល​ទៅលើ​ការតវ៉ា​គាំទ្រ​លោក រ៉ុង ឈុន គឺ​ពុំ​មាន​ហេតុផលសមស្រប​នោះ​ទេ ។

លោកស្រីមានប្រសាសន៍ថា៖ «អាជ្ញាធរបាន​ឆ្លើយតប​ដោយ​អំពើហិង្សា និង​ការបំភិតបំភ័យ ដែល​ជាការរំលោភ​ដោយ​ឥតខ្មាសអៀន​ទៅ​លើសិទ្ធិ​សេរីភាពក្នុងការប្រមូលផ្ដុំ​ដោយសន្តិវិធី ដែល​មានចែង​នៅក្នុង​ទាំង​ច្បាប់​សិទ្ធិ​មនុស្ស​ជាតិ និងអន្តរជាតិ»

លោកស្រីបានបន្ថែមថា ការឆែកឆេរ​ផ្ទះរបស់​សកម្មជន គឺ​ជា​ទង្វើ​បំភិតបំភ័យ ។

លោកស្រី ចក់ សុភាព បានថ្លែងយ៉ាងដូច្នេះថា៖ «ចៅក្រម​ស៊ើបសួរ​បាន​ចេញដីកា​ឆែកឆេរ​ផ្ទះ​របស់​ ឈឿន ដារ៉ាវី ដើម្បី​ប្រមូលភ័ស្តុតាង​បន្ថែមទៀត ដែល​វា​ហាក់ដូចជា​ពុំពាក់ព័ន្ធគ្នានឹង​បទ​ចោទ​ប្រកាន់​ទៅ​លើ​រូបនាងឡើយ ហើយ​វា​ជាការ​បំភិតបំភ័យ​ទៅលើរូបនាង គ្រួសាររបស់​នាង និង​សកម្មជន​ដទៃទៀត»

លោកស្រីបន្ថែមថា៖ «ការរំលោភ​សិទ្ធិសេរីភាព​នៃ​ការប្រមូលផ្ដុំ​នេះ ឆ្លុះបញ្ចាំង​អំពីការមិនគោរពសិទ្ធិមនុស្ស​ជាបន្តបន្ទាប់​និង​ដោយ​ចំហ​របស់រដ្ឋាភិបាល​កម្ពុជា»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Khmer Win Party leader arrested, two more charged with incitement

77 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម