ព្រះមហាក្សត្រ នរោត្តម សីហមុនី នៅថ្ងៃចន្ទនេះ បានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
ក្នុងព្រះរាជក្រឹត្យបានបញ្ជាក់ថា៖ «នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលការចាត់តាំងខាងលើ មានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំសេចក្តីអនុម័តទុកចិត្តពីរដ្ឋសភា»។
លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងហ្វេសប៊ុកផ្លូវការរបស់លោក បន្ទាប់ពីការចាត់តាំងថា តបនឹងព្រះរាជក្រឹត្យដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទូលព្រះបង្គំជាខ្ញុំនឹងរៀបចំសមាសភាពរាជរដ្ឋាភិបាល ដើម្បីសុំការផ្តល់សេចក្តីអនុម័តទុកចិត្តពីរដ្ឋសភាដ៏ឧត្តុង្គឧត្តម ដែលគ្រោងនឹងបើកសម័យប្រជុំនាពេលដ៏ខ្លីខាងមុខ ដោយអនុវត្តទៅតាមនីតិវិធីជាធរមានស្របតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «ទូលព្រះបង្គំជាខ្ញុំ រួមជាមួយឥស្សរជនទាំងអស់ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សូមប្តេជ្ញាខិតខំបំពេញបេសកកម្មជាតិដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ប្រកបដោយវីរភាព, សេចក្តីស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា»។ លោកបន្តថា៖ «ពិសេស ការបន្តធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី, ការធានាការពារជាដាច់ខាត់នូវរាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា, ការបន្តធានាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ, ការបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿន និងការបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក៏ដូចជាការបន្តលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់ ខេមបូចា ថា លោក ហ៊ុន សែន ក្នុងនាមគណបក្សប្រជាជនកម្ពុជាដែលឈ្នះសំឡេងឆ្នោតភ្លូកទឹកភ្លូកដីក្នុងសភា បានទួលថ្វាយព្រះមហាក្សត្រ ហើយព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យទៅចាត់តាំងបេក្ខជននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីរៀបចំគណៈរដ្ឋមន្ត្រី។
លោកបន្តថា បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ទទួលយកតំណែងហើយ លោកនឹងដឹកនាំគណៈរដ្ឋមន្ត្រីថ្មីចូលប្រជុំនៅរដ្ឋសភា។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា គណបក្សដែលទទួលបានសំឡេងច្រើនជាងគេក្នុងសភាផ្តល់ឈ្មោះបេក្ខជននាយករដ្ឋមន្ត្រីថ្វាយព្រះមហាក្សត្រ បន្ទាប់មកព្រះមហាក្សត្រចាត់តាំងបេក្ខជននោះជានាយករដ្ឋមន្ត្រី ដើម្បីរៀបចំគណៈរដ្ឋមន្ត្រី ហើយត្រូវការការអនុម័តពីរដ្ឋសភា ហើយស្បថនៅចំពោះមុខព្រះមហាក្សត្រដើម្បីឡើងកាន់តំណែង។
លោកបន្តថា៖ «ឥឡូវចាត់តាំងតែឥស្សរជនតែម្នាក់ដែលមកពីគណបក្សដែលទទួលបានសំឡេងច្រើនជាងគេ ដូច្នេះឥស្សរជននេះនឹងរៀបចំឥស្សរជនផ្សេងទៀត (គណៈរដ្ឋមន្ត្រី)»។
លោកបានបន្ថែមថា ចាប់ពីពេលនេះទៅ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីជាផ្លូវការ ខណៈលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីចាំផ្ទះ។
យ៉ាងណាក៏ដោយ លោកបានបន្តទៀតថា រចនាសម្ព័ន្ធនៃរដ្ឋាភិបាលថ្មី នឹងត្រូវបង្កើតឡើងបន្ទាប់ពីការប្រកាសនៅក្នុងសភា ដោយបន្ថែមថា ពេលខ្លះគណៈរដ្ឋមន្ត្រីនឹងត្រូវផ្លាស់ប្តូរភ្លាមៗ មុននឹងជូនដំណឹងទៅសភា។
តាមការគ្រោងទុក នៅថ្ងៃទី២១ ខែសីហា ព្រះមហាក្សត្រទ្រង់យាងជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋសភាលើកទី១ ហើយនៅថ្ងៃទី២២ ខែសីហា រដ្ឋសភានឹងប្រជុំដើម្បីបង្កើតរដ្ឋសភា និងរចនាសម្ព័ន្ធរដ្ឋាភិបាល។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់ ខេមបូចា ថា កម្ពុជាជារបបរាជានិយមអាស្រ័យធម្មនុញ្ញ មានន័យថា ត្រូវការការអនុម័តពីសភាមុននឹងបញ្ជូនទៅព្រះមហាក្សត្រ ប៉ុន្តែលើកនេះដោយសារតែការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ទើបការតែងតាំងលោក ហ៊ុន ម៉ាណែត ដោយផ្ទាល់ពីព្រះមហាក្សត្រ ដោយស្របតាមវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា១១៩៕