សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោក គង់ រ៉ៃយ៉ា ស្នើសុំលាលែងពីជំទប់ឃុំទី២​ដោយសារកត្ដាជីវភាព និងបញ្ហាសុវត្ថិភាព

អតីតសកម្មជនលោក គង់ រ៉ៃយ៉ា បេក្ខជនមេឃុំនៃគណបក្សភ្លើងទៀន នៅតាមដងផ្លូវនៃយុទ្ធនាការឃោសនាបោះឆ្នោត នៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។ រូបថតនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ ឃួន ណារីម
អតីតសកម្មជនលោក គង់ រ៉ៃយ៉ា បេក្ខជនមេឃុំនៃគណបក្សភ្លើងទៀន នៅតាមដងផ្លូវនៃយុទ្ធនាការឃោសនាបោះឆ្នោត នៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។ រូបថតនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ ឃួន ណារីម

លោក គង់ រ៉ៃយ៉ា​ ជំទប់ឃុំទី២មកពីគណបក្សភ្លើងទៀន​ បានសម្រេចស្នើសុំលាលែង​ពីជំទប់​ទី២ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម ដោយសារតែកត្តាជីវភាព និងការងារ ព្រមទាំង​បញ្ហា​សុវត្ថិភាពផ្ទាល់​ខ្លួន​។

លោក រ៉ៃយ៉ា បានលើកឡើងថា លោកមានការ​ព្រួយបារម្ភ​ពីសុវត្ថិភាពផ្ទាល់​ខ្លួន​​ពេលទៅ​ធ្វើការដោយលោកថា កាលពីចុងឆ្នាំ២០២០ លោកត្រូវបានគេលួចវាយ​ប្រហារ​២លើក ហើយ​ទិដ្ឋភាពទាំងអស់ហ្នឹងវានៅតែដក់ជាប់ក្នុងអារម្មណ៍លោក។ ម៉្យាងវិញទៀត លោកថា កត្ដា​ជីវភាព​ក៍គួបផ្សំផងដែរ​ដោយសារប្រាក់ខែដែលលោកទទួលបានមិនគ្រប់គ្រាន់​នឹងថ្លៃចំណាយ ទើបលោកសម្រេចចិត្ដលាលែងតែម្ដង។

លោក រ៉ៃយ៉ា ថ្លែងថា៖ «ខ្ញុំត្រូវទៅធ្វើការរាល់ថ្ងៃ ហើយការចំណាយវាលើសប្រាក់ខែ​ដែលខ្ញុំ​ទទួលត្រឹមតែ៨៧ម៉ឺនទេ​ ហើយចំណូលផ្សេងៗក៏មិនអាចរកបាន ដូច្នេះខ្ញុំមានបញ្ហាជីវភាព​ដែល​ត្រូវដោះដែរ។ ចឹងហើយបានជាខ្ញុំលាលែងឈប់ ហើយខ្ញុំទុកឱ្យអ្នកដែលគាត់នៅ​ឃុំស្ដៅ​ជាអ្នកបន្ដធ្វើកិច្ចការងារហ្នឹង»

​លោកបានបន្តថា កត្តាផ្សេងទៀត ដោយសារតែការងារជាជំទប់ទី២​គ្មានសិទ្ធិអ្វីក្នុងការ​ចាត់ចែង​ការងារក្នុងឃុំបាន។ លោកលើកឡើងថា នៅពេលលោកទាមទាររបាយការណ៍​ពី​កញ្ចប់ថវិកា និងរបាយការណ៍ផ្សេងៗទៀត ខាងឃុំហាក់មិនសហការជាមួយលោកដែលជា​ហេតុ​ធ្វើឱ្យ​លោក​ពិបាកក្នុងការធ្វើការ និងដោយសារតែខាងលោកមានសម្លេងតិចពេក ពេល​លោក​លើក​ជាយោបល់អីទៅ ខាងមេឃុំហាក់មិនសូវស្ដាប់។

លោកឱ្យដឹងថា៖ «ខ្ញុំពិបាកទទួលព័ត៌មានពីពួកគាត់[មេឃុំ និងស្មៀន]។ បញ្ហាក្នុងឃុំ​ពួកគាត់​ខាងគណបក្សប្រជាជនគាត់អាចដឹងបាន ដោយសារតែពួកគាត់មានទំនាក់ទំនងល្អ​ជាមួយ​មេភូមិ អនុភូមិ សមាជិកភូមិ គ្រូបង្រៀន និងមេប៉ុស្ដិ៍ ដែលពួកគាត់ទទួលបានព័ត៌មាន។ គ្រប់​រឿងទាល់តែខ្ញុំទៅសួរបានពួកគាត់ប្រាប់ តែមិនដែលឱ្យជាលិខិតបញ្ជាក់ការងារ​ណាដល់​ខ្ញុំ​ឡើយ»

លោកថ្លែងទៀតថា លោកបានដាក់លិខិតសុំលាលែងពីជំទប់ទី២ទៅ​ក្រសួងមហាផ្ទៃ​ជិត២​ខែមកហើយ ប៉ុន្ដែមិនទាន់ឃើញសេចក្ដីសម្រេចណាមួយនោះទេ ដោយលោកថា ការងារ​របស់ក្រសួងមហាផ្ទៃហាក់បង្កភាពស្រពេចស្រពិលដល់រូបលោកជាខ្លាំង។

លោក រ៉ៃយ៉ា បន្ថែមថា៖ «ជារឿងស្រពេចស្រពិលមែនទែន ខ្ញុំមិនយល់ទេថា ហេតុអ្វីនីតិវិធី​របស់​ក្រសួងមហាផ្ទៃមានការយឺតយ៉ាវចឹង។ ខ្ញុំមិនដឹងថាលិខិតហ្នឹងទៅដល់ណាទេ ខ្ញុំតែងតែ​សួរមេឃុំថាលិខិតហ្នឹងទៅដល់ណាហើយ»

លោក រ៉ៃយ៉ា ក៍បានបញ្ជាក់បន្ថែមថា លោកលាលែងតែពីកិច្ចការនៅឃុំស្ដៅទេ ហើយការងារ​ក្នុងគណបក្សភ្លើងទៀន លោកមិនបានលាឈប់នោះទេ។

លោក គង់ រ៉ៃយ៉ា ត្រូវបានជាប់ជាជំទប់ទី២ក្នុងឃុំស្ដៅ ស្រុកកងមាស ខេត្ដកំពង់ចាម កាលពី​បោះឆ្នោតឃុំសង្កាត់អាណត្ដិទី៥ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ហើយបានបម្រើការងារ​បាន​ជាង​៤ខែ លោកក៏បានសម្រេចចិត្ដលាលែងពីតំណែង ដោយសារកត្ដាជីវភាព និងសុវត្ថិភាព ព្រម​ទាំង​កត្តាការងារ ដោយលោកអះអាងថា មិនសូវទទួលបានព័ត៌មាន និងកិច្ចសហការពីមេឃុំ ក៏ដូចជាក្រុមប្រឹក្សា។

ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ២០២២ អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើងទៀន ខណ្ឌ​ពោធិ៍សែនជ័យ លោក លន់ ពង្សធិរិទ្ធ ត្រូវបាន​ក្រុម​ជនល្មើស​ជិះ​ម៉ូតូ​​វាយ​ត្រង់​ក្បាល​ឱ្យ​របួស​ធ្ងន់ នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​ភ្លើងទៀន​ខណ្ឌ ស្រប​ពេល​លោក​ជិះ​ម៉ូតូ​ទៅ​ចូលរួម​ប្រជុំ​គណបក្ស​។

ជុំវិញរឿងនេះការលាឈប់នេះ លោក ចេប គឹមអ៊ាង​ អនុប្រធានគណបក្សភ្លើងទៀន បាន​ប្រាប់​ខេមបូចាថា ការលាលែងឈប់ពីជំទប់ទី២របស់គណបក្សភ្លើងទៀននៅឃុំស្ដៅ​ មិន​បាន​ប៉ះដល់គណបក្ស ឬនយោបាយនោះទេ តែវាជាសិទ្ធិបុគ្គល។ លោកថា កន្លង​មក ករណី​មួយ​ចំនួន​ក៏តែងតែកើតលើមន្ដ្រីគណបក្សភ្លើងទៀនច្រើនដែរ ជាពិសេសការ​ធ្វើ​ទុក្ខម្នេញ​ដោយ​មិន​សូវសហការ និងអ្នកខ្លះក៏នៅតែរងបណ្ដឹងជាច្រើនផ្សេងទៀត ទាំងនេះសុទ្ធតែជាបញ្ហាដែល​ធ្វើ​ឱ្យមន្ដ្រីឃុំសង្កាត់របស់គណបក្សភ្លើងទៀនពិបាកធ្វើការ។

លោក គឹមអ៊ាង បន្ដថា៖ «ការលាលែងរបស់គាត់មិនធ្វើឱ្យប៉ះពាល់ដល់​គណបក្ស ឬ​នយោបាយ​ឡើយ វាជាសិទ្ធិបុគ្គលទេ»។ លោកបន្ថែមថា៖ «មេឃុំ និងក្រុមប្រឹក្សា​គឺ​មាន​តួនាទី​ធ្វើយ៉ាងណាឱ្យភូមិឃុំមានការអភិវឌ្ឍ ប៉ុន្ដែមានចំណុចខ្លះនូវមិនទាន់បាន​ធ្វើពេញលេញ​នោះ​ទេ។ ខ្ញុំជឿថា នៅមូលដ្ឋាននៅតែមានបញ្ហាមិនយោគយល់គ្នា ហើយបញ្ហាទាំងអស់នេះ​មន្ដ្រី​របស់គណបក្សភ្លើងទៀនតែងតែជួប»

ចាប់តាំងពីគណបក្សភ្លើងទៀនចាប់ផ្តើមធ្វើសកម្មភាពកាលពីដើមឆ្នាំ២០២២នេះ មាន​សកម្មជន​គណបក្សភ្លើងទៀនមិនតិចជាង៣០នាក់ទេ ដែលកំពុងជាប់ពាក់ព័ន្ធនឹង​នីតិវីធី​តុលាការ ក្នុងនោះមានសកម្មជន​អតីតគណបក្សសង្គ្រោះជាតិ​ដែលចង់ចូលមក​គណបក្ស​ភ្លើងទៀន ហើយរងការកាត់ទោសដាក់ពន្ធនាគារ អ្នកដែលរងការចោទប្រកាន់ពីការក្លែង​ឯកសារ និងអ្នកដែលមានដីកាកោះឱ្យចូលខ្លួន ហើយបានរត់ចោលផ្ទះសម្បែង។

លោក ឡាយ សេងហុង មេឃុំស្ដៅ បានថ្លែងថា លោកសុំបដិសេធការលើកឡើងរបស់លោក  គង់ រ៉ៃយ៉ា ដែលថាលោកមិនសូវសហការ និងមិនផ្ដល់របាយការណ៍ពីកញ្ចប់ថវិកា និង​របាយការណ៍​ផ្សេងៗទៀត។ លោកបន្តថា លោកតែងតែសហការ និងអនុគ្រោះចំពោះលោក គង់ រ៉ៃយ៉ា បើទោះបីជាមិនសូវគោរពពេលវេលា និងច្បាប់រដ្ឋបាល ដោយសារលោកយល់ថា ផ្ទះនៅភ្នំពេញហើយត្រូវមកធ្វើនៅឃុំស្ដៅវាឆ្ងាយ ទើបលោកមិនប្រកាន់ឡើយ។ ​

ទោះយ៉ាងណា លោកមេឃុំក៏បានលើកសរសើរ និងទទួលស្គាល់ថា លោក គង់ រ៉ៃយ៉ា ធ្វើ​ការងារ​បាន​ល្អពាក់ព័ន្ធនឹងការសួរនាំពីកង្វល់ និងបញ្ហាប្រឈម​របស់ប្រជាពលរដ្ឋក្នុងពេល​ដែល​បំពេញ​ការងារ។ លោកថា លោក គង់ រ៉ៃយ៉ា មានចេតនាចង់ទាញរឿងទាំងអស់ហ្នឹងទៅ​ជា​រឿងនយោបាយ ទាំងដែលសកម្មភាពរបស់លោកមិនមែនជារឿងនយោបាយសុទ្ធសាធ។

លោក សេងហុង បានគូសបញ្ជាក់ថា៖ «ពេលដែលគាត់ចូលមកធ្វើការនៅឃុំ គាត់[គង់ រ៉ៃយ៉ា]​សួរយើងមែន សួរយើងពីថវិកា ហើយយើងក៏បានប្រាប់គាត់រួចហើយដែរថា យើងចំណាយ​លើអីខ្លះ ប៉ុន្ដែនៅតែសួរថាឃុំមានលុយអត់ៗ ដែលជាសំណួរដែល​ខុសគោលការណ៍​យើង​ឆ្លើយ»

លោកមេឃុំបន្ថែមទៀតថា៖ «ឯកសារជាលិខិតដូចជាខ្ញុំមិនដែលឃាត់ឃាំងអីទេ គាត់ទៅ​យក​ពីខាងស្មៀន ស្មៀនមានទាំងអស់ ព្រោះមិនមែនខ្ញុំជាអ្នកកាន់របាយការណ៍ទេ។ ចំណូល​ចំណាយ​គេ​មានទាំងអស់ ហើយខ្ញុំសហការជាមួយគាត់រហូត សូម្បីដោះស្រាយទំនាស់​អីក៏​ខ្ញុំ​ឱ្យគាត់ជាអ្នកចេញមុខដែរ»

លោក អែម វាសនា នាយកដ្ឋា​នកិច្ចការសមាគម និងគណបក្សនយោបាយនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លោកមិនអាចឆ្លើយនឹងសំណួរខេមបូចា បានទេ ដោយលោករុញឱ្យ​ទៅសួរ​ខាង​អគ្គឬក៏អ្នកនាំពាក្យក្រសួងមហាផ្ទៃវិញ។

លោកថ្លែងថា៖ «ខ្ញុំឆ្លើយអត់បានទេ! សួរទៅអ្នកនាំពាក្យរបស់អគ្គក៏បាន អ្នកនាំពាក្យ​របស់​ក្រសួងមហាផ្ទៃក៏បាន ខ្ញុំត្រឹមមន្ដ្រីបច្ចេកទេស ខ្ញុំអត់អាចឆ្លើយបាន!»

បើតាមលោក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាន៍ថា ករណីរឿងការ​បញ្ចប់​តំណែង​ជំទប់ទី២នៅឃុំស្ដៅ លោកមិនទាន់ទទួលបានលិខិតរបស់លោក គង់ រ៉ៃយ៉ា នោះទេ។​ តែលោកបានបញ្ជាក់ថា ករណីនេះខាងក្រសួងមហាផ្ទៃ​គ្មានសិទ្ធិអ្វីនឹងត្រូវទទួល​ខុសត្រូវឡើយ វាជាចំណាត់ការរបស់គណបក្សរបស់សាមីខ្លួនផ្ទាល់ និងគជប ដែលជាអ្នក​សម្រេចលើករណីនេះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃបន្ដថា៖ «រឿងបញ្ចប់តំណែង ឬមិនបញ្ចប់តំណែង​មិនមែន​ក្រសួង​មហាផ្ទៃមានសិទ្ធិទេ ព្រោះគាត់ជាប់ដោយសន្លឹកឆ្នោត ដូច្នេះក្រសួងមិនមាន​សិទ្ធិបញ្ចប់​តំណែង​អ្នកណាបានទេ។ គាត់[គង់ រ៉ៃយ៉ា]អាចសុំលាលែងពីគណបក្សគាត់ទៅ»

កាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅសមាជិក​គណបក្ស​ភ្លើង​ទៀន​ពីរ​រូប ម្នាក់​បម្រើ​ការ​ជា​មន្រ្តី​រាជការ​នៅ​ក្រសួង​សុខាភិបាល និង​ម្នាក់​ទៀត​ជាមន្រ្តី​នគរ​បាលត្រូវ​បាន​បណ្តេញ​ចេញ​ពី​ក្រប​ខណ្ឌ ដែល​ការណ៍​នេះ​ពួកគេ​សង្ស័យ​ថា ​បណ្តាល​មក​ពី​សកម្មភាព​នយោបាយ​របស់​ពួក​គេ។

ចំណែកឯ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិ(គជប) បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងករណីរឿងលោក គង់ រ៉ៃយ៉ា លាលែងឈប់នេះ មិន​ប៉ះ​ពាល់​​ដល់ គជប ទេ។ លោកថា បើសិនជាឈប់ គជប នឹងប្ដូរបេក្ខជនបន្ទាប់រូបណា​ដែល​អាច​បន្ដការងារជំនួសបាន។

លោក ពុទ្ធា ថ្លែងថា៖ «បើគាត់លាលែង នោះតួនាទី គជប នឹងរៀបបេក្ខជនបន្ទាប់​ដែលមាន​ឈ្មោះក្នុងបញ្ជីបេក្ខជនហ្នឹង រំកិលឡើងមកលើដើម្បីដាក់ឈ្មោះនោះជំនួស ដោយសហការ និងគណបក្សនយោបាយដែលគាត់ដាក់តាមរយៈហ្នឹង បាទ»

កាលពីខែ​មីនា ឆ្នាំ​២០២២​ មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​ខិត​ជិត​មក​ដល់​សកម្ម​ជន​គណបក្ស​ភ្លើង​ទៀន​យ៉ាង​តិច​១០​នាក់​ ត្រូវ​បាន​ប៉ូលិស​មូលដ្ឋាន​ ហៅ​ទៅ​សួរនាំ​ដោយ​គ្មាន​បង្ហាញ​ដីកា ​ឬ​បញ្ជាក់​មូលហេតុ​អ្វី​ឡើយ។ ​នេះ​បើ​តាម​កំណត់​ហេតុ​របស់​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ។

ទន្ទឹមនឹងនេះ លោក កង សាវាង្ស មន្រ្ដីសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្រ្វែល បាន​មាន​ប្រសាសន៍ថា នៅក្នុងច្បាប់មានចែងអំពីអាណត្ដិ និងការកំណត់របស់ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែលមានចែងនៅក្នុងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ គឺមានចែងនៅក្នុងហ្នឹង ប៉ុន្ដែ​លោកមិនអត្ថាធិប្បាយលម្អិតនោះទេ។

លោកបន្តថា ការឈប់ដោយបុគ្គលខ្លួនឯង ឬក៏​គណបក្ស​ជាអ្នកបញ្ឈប់វាអាស្រ័យ​លើ​អង្គហេតុ តែបើសិនជាពួកគាត់ឈប់ដោយសារតែធ្វើការងារមិនចុះសម្រុងនឹងគ្នា អាហ្នឹង​វាជារឿងដែលគួរតែមានការស៊ើបអង្កេតឱ្យបានច្បាស់លាស់សិន ជាពិសេសក្រសួងមហាផ្ទៃ​ត្រូវពិនិត្យ និងស៊ើបអង្កេតថាតើមានអ្វីនៅពីក្រោយខ្នងរឿងទាំងអស់ហ្នឹង។

លោក សាវាង្ស បន្ថែមថា៖ «ក្រសួងមហាផ្ទៃគួរតែស៊ើបអង្កេត ដើម្បីរកដំណោះស្រាយ​លើ​ករណី​ហ្នឹងបើសិនជាបញ្ហាមិនចុះសម្រុងនឹងគ្នា។ ប៉ុន្ដែបើបុគ្គលជាអ្នកសុំលាលែងទេ អាហ្នឹង​ជាសិទ្ធិ​ហើយ គ្មានអ្នកណាអាចហាមឃាត់បានទេ»

1,183 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម