សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រសួងសង្គមកិច្ចនឹងដោះស្រាយបញ្ហាបណ្ណសមធម៌ជូនពលរដ្ឋ​រុនតាឯក​តាមការស្នើសុំក្រោយពីតវ៉ា

ពលរដ្ឋរាប់រយនាក់កំពុងអង្គុយចាំស្ដាប់ដំណោះស្រាយបញ្ហាបណ្ណសមធម៌ពីមន្ដ្រីក្រសួងសង្គមកិច្ច និងអាជ្ញាធរខេត្ដសៀមរាបនៅសាលាឃុំរុនតាឯក កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)
ពលរដ្ឋរាប់រយនាក់កំពុងអង្គុយចាំស្ដាប់ដំណោះស្រាយបញ្ហាបណ្ណសមធម៌ពីមន្ដ្រីក្រសួងសង្គមកិច្ច និងអាជ្ញាធរខេត្ដសៀមរាបនៅសាលាឃុំរុនតាឯក កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ក្រសួងសង្គមកិច្ចនឹងដោះស្រាយបញ្ហាបណ្ណសមធម៌ជូនពលរដ្ឋរុនតាឯកតាមការស្នើសុំ​ក្រោយពីផ្ទុះការតវ៉ានៅចុងសប្ដាហ៍មុនដោយមានពលរដ្ឋជិត៤០០នាក់បានផ្ដុំគ្នានៅមុខសាលាឃុំរុនតាឯក និងសាលាខេត្ដសៀមរាប ដោយសារតែបណ្ណសមធម៌ពួកគាត់ត្រូវបានកាត់​បន្ថយ​លុយ​មិនដូចខែមុនៗ។

លោក ស៊ឹម សុធន ប្រធានមូលនិធិជនពិការនៃសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៃ​ក្រសួងសង្គមកិច្ចបានបញ្ជាក់នៅព្រឹកថ្ងៃចន្ទទី២៩ ខែមករា ថា លោកបានសន្យានឹងពលរដ្ឋ​រុនតាឯក​ត្រឹម១អាទិត្យដើម្បីដោះស្រាយជូន ខណៈលោកថាការដោះស្រាយនេះ​មិន​យោង​តាម​អនុក្រឹត្យលោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ដែលបានចេញកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣​នោះទេ។

លោកលើកឡើងបន្តថា ករណីពលរដ្ឋរុនតាឯកគឺករណីពិសេស​ដែលអាចនឹង​ផ្ដល់ជូន​ក្រោយ​ពី​ថ្នាក់​លើឆ្លើយតប។ តែយ៉ាងណាលោកថា មូលហេតុនៃការកាត់ទឹកប្រាក់ពលរដ្ឋ​នៅ​តំបន់​រុនតាឯក​ដោយយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលទើបមានកាត់ដូច្នេះ។

លោកថ្លែងថា៖ «បាទបង យើងសន្យានឹងពួកគាត់១អាទិត្យក្រោយ​ពីថ្នាក់លើទម្លាក់​ការដោះ​ស្រាយ​មក។ យើងធ្វើតែករណីពលរដ្ឋនៅរុនតាឯក១ម៉ឺនគ្រួសារទេ មិនទូទាំងប្រទេសទេ​បង»

កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្ដសៀមរាប​បានចេញសេចក្ដីប្រកាសព័ត៌មាន​មួយជុំវិញរឿងបណ្ណសមធម៌រុនតាឯកដោយក្នុងលិខិតនោះបានបញ្ជាក់ថា ក្រោយមាន​ការចុះ​សម្របសម្រួល​ពីក្រុមការងារចម្រុះរបស់តំណាងក្រសួងសង្គមកិច្ចរួច រដ្ឋបាលបាន​សរសេរ​របាយការណ៍​ជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យលើសំណូមពររបស់ប្រជាពលរដ្ឋ ហើយនឹង​ជូន​ដំណឹងមកកាន់ប្រជាពលរដ្ឋវិញឱ្យឆាប់រហ័សក្រោយទទួលដំណឹងពីរាជរដ្ឋាភិបាល។

ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋដែលទើបបានផ្លាស់ប្ដូរពីតំបន់អង្គរ គឺលោក ជា គ្រក អាយុ​៤៤ឆ្នាំ បានប្រាប់ ខេមបូចា ថា ក្រោយពីចុះ​សម្របសម្រួលរបស់ក្រសួងសង្គមកិច្ច​ដែលបាន​សន្យានឹងពលរដ្ឋថា នឹងផ្ដល់ដំណឹងឱ្យពលរដ្ឋត្រឹមតែ១អាទិត្យវិញ។ លោកបានបញ្ជាក់ថា កាត់​លុយនេះគឺជារឿងមិនត្រឹមត្រូវនោះទេ ដោយលោករំពឹងថា រដ្ឋាភិបាលនឹងផ្ដល់លុយនោះ​ឱ្យលោកវិញ ដើម្បីអាចមានលទ្ធភាពបង់កម្ចីដែលលោកបានខ្ចីមកធ្វើផ្ទះ។

លោកបន្ដថា៖ «គេ[មន្រ្ដីក្រសួងសង្គមកិច្ច]ចុះមក គេសន្យា១អាទិត្យថា​នឹងដោះស្រាយ​ឱ្យពួក​ខ្ញុំ។ខ្ញុំពឹងតែលុយហ្នឹងទេបងអើយ ព្រោះតាំងពីផ្លាស់ប្ដូរមកគឺគ្មានលុយធ្វើផ្ទះទេ។ ខ្ញុំបាន​លុយ​ហ្នឹងអាចខ្ចីលុយគេបានមកធ្វើផ្ទះខ្លះ បើគាត់កាត់ទៀតខ្ញុំមិនដឹងរំពឹងអីទេ»

នៅព្រឹកថ្ងៃសុក្រទី២៦ ខែមករាសប្ដាហ៍មុននេះ ពលរដ្ឋជិត៤០០នាក់បាននាំគ្នាផ្ទុះការ​តវ៉ា​នៅ​មុខ​​សាលាខេត្ដ​សៀមរាប និងមុខសាលាឃុំរុនតាឯកដើម្បីស្នើឱ្យអាជ្ញាធរជួយដោះស្រាយ​លើ​បញ្ហាបណ្ណ​សមធម៌ដែលរដ្ឋាភិបាលបានផ្ដល់រយៈពេល១០ឆ្នាំ​ដែលមានទឹកប្រាក់​ក្នុងមួយ​គ្រួសារ​ជាង៤០ម៉ឺនរៀល តែបែរជាទទួលបានត្រឹមតែជាង១០ម៉ឺនរៀលទៅវិញ ខណៈ​អ្នកនាំ​ពាក្យ​​​មូលនិធិ​ជនពិការ​នៃសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាថា នឹងចុះដោះស្រាយ​ជូនពលរដ្ឋ។

ពលរដ្ឋម្នាក់ទៀតលោក​ ខន ចម្រើន រំពឹងថា រដ្ឋាភិបាលអាចផ្ដល់ជូនការ​ឧបត្ថម្ភ​ដដែល​ឱ្យ​ពួក​លោកវិញដោយលោកថា លោកមានសង្ឃឹមច្រើនក្រោយពីមន្រ្ដីក្រសួងសង្គមកិច្ច និង​អាជ្ញាធរ​ខេត្ដចុះសម្របសម្រួលជាមួយពួកគាត់កាលពីថ្ងៃសៅរ៍ទី២៧ ខែមករា។

លោកថា៖ «ខ្ញុំសង្ឃឹមបង ព្រោះពួកគាត់បានចុះមកឃើញផ្ទាល់ថា​ពួកខ្ញុំលំបាកយ៉ាងណា​ហើយ។ រដ្ឋាភិបាលនឹងឱ្យពួកខ្ញុំវិញបង ខ្ញុំរំពឹងតែលុយហ្នឹងទេ»

មន្រ្ដីក្រសួងសង្គមកិច្ច និងអាជ្ញាធរខេត្ដសៀមរាបចុះជួបពលរដ្ឋ​នៅរុនតាឯក​ ក្រោយ​ពីផ្ទុះការតវ៉ាជុំវិញបញ្ហាបណ្ណសមធម៌ នៅសាលាឃុំរុនតាឯក កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

លោក អ៊ិន គង់ជិត អ្នកគ្រប់គ្រង​របស់អង្គការសិទ្ធិមនុស្ស​ លីកាដូ ប្រចាំខេត្ត​បន្ទាយមានជ័យ និង​ខេត្ដសៀមរាបបានចូលរួមសង្កេតការណ៍​ បានថ្លែងថា លោកសង្ឃឹមថារដ្ឋាភិបាល​នឹង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ឱ្យពលរដ្ឋឡើងវិញ តាមសំណើររបស់ពលរដ្ឋរស់នៅរុនតាឯក និងរបាយការណ៍​របស់ក្រសួងសង្គមកិច្ច។ លោកថាក្នុងករណីរដ្ឋាភិបាលមិនគិតគូរទេ វាកាន់តែបង្កការ​លំបាក​ដល់ពលរដ្ឋថែមទៀត ដោយលោកថា ពលរដ្ឋដែលព្រមចាកចេញរដ្ឋាភិបាល​គួរតែលើក​ទឹក​ចិត្ដ។

លោកបន្ដ៖«ខ្ញុំគិតថារដ្ឋាភិបាលនឹងផ្ដល់ជូនពួកគាត់វិញ។ពួកគាត់ព្រមចាកចេញហើយដូច្នេះខ្ញុំគិតថាគួរតែមានលក្ខខណ្ឌល្អសម្រាប់ពួកគាត់»

កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ លោក នាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានចេញ​អនុក្រឹត្យ​ស្ដីពី​ការអនុវត្ដកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ​ក្នុងអំឡុង​ពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ដោយកែសម្រួល។ ក្នុងអនុក្រឹត្យនោះដែរបានបញ្ជាក់ថា ពលរដ្ឋ​ក្រីក្រ១ និងក្រីក្រ២ក្នុងរាជធានីភ្នំពេញទទួលប្រាក់ឧបត្ថម្ភចំនួន១២ម៉ឺនរៀល។ ចំណែកពលរដ្ឋ​នៅ​ទីជនបទទទួលបាន៨ម៉ឺនរៀល។

កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្រុមការងារនៃក្រសួងផែនការ បានធ្វើបណ្ណសមធម៌ដល់​ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ដ ចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅ​ភូមិ​ធម្មជាតិ​រុនតាឯក ស្រុកបន្ទាយស្រី និងភូមិពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប។ យុទ្ធនាការ​នេះធ្វើ​ឡើង​នៅខាងមុខអង្គរវត្ដ ចាប់ពីថ្ងៃទី១៧ ខែតុលា រហូតដល់គ្រប់ចំនួន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ផ្ដល់បណ្ណសមធម៌។

ក្រសួងផែនការ បើកយុទ្ធនាការកំណត់ និងផ្ដល់បណ្ណសមធម៌ ជូនប្រជាពលរដ្ឋ​នៅ​តំបន់​អង្គរ​ដល់​​ពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប លើក​ទី១ មានប្រជាពលរដ្ឋទៅទទួលបណ្ណសមធម៌ ចំនួន ៤ ២២៩គ្រួសារ និង​យុទ្ធនាការ​លើកទី២ មានប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ដប្ដូរទីលំនៅទៅទាំងពីរទីតាំងនេះ ពួកគាត់បាន​ទទួល​បណ្ណសមធម៌ចំនួន ៤ ៧៩៣គ្រួសារ ដែលមកដល់ពេលនេះ ប្រជាពលរដ្ឋដែលបាន​ស្ម័គ្រចិត្ដ​ចាកចេញមាត់ស្ទឹង តំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅភូមិពាក់ស្នែង និងទៅរស់នៅ​រុនតាឯក​ថ្មីៗ និងកាលពី២ឆ្នាំមុន បានទទួលប័ណ្ណសមធម៌​ប្រមាណជិត១ម៉ឺនគ្រួសារ។

ប្រជាជនចំនួន ៤ ៧៣០គ្រួសារមកពីតំបន់ប្រាសាទអង្គរវត្តបានផ្លាស់ប្តូរទៅរស់នៅលើតំបន់​តាំងលំនៅឋានថ្មី រុនតាឯក ។ នេះ បើយោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ដែល តួលេខនេះ ផ្ទុយ ពី តួលេខ  ៩០០០គ្រួសារ ដែលត្រូវបានរាយការណ៍ថា​បាន​ផ្លាស់ទីលំនៅទៅកាន់ទីតាំងថ្មី នៅក្នុង របាយការណ៍ខែកញ្ញា របស់អង្គការ យូណេស្កូ។ ការ​ស៊ើប​អង្កេតមួយរបស់ ខេមបូចា ញូវស៍ បានរកឃើញថា គ្រួសារជាច្រើនត្រូវបានជម្លៀស​ចេញ​ដោយបង្ខំ បើទោះបីរដ្ឋាភិបាលបានពណ៌នាថា ការតាំងទីលំនៅថ្មីទាំងនោះ គឺជា​ការ​ស្ម័គ្រ​ចិត្តក្ដី។

បើតាមលោក សន ជ័យ ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជាបានថ្លែងថា រដ្ឋាភិបាល​គួរតែផ្ដល់ជូនពួកគាត់តាមការស្នើសុំដើម្បីជាការលើកចិត្ដទឹក។ លោកថា ការ​ដែលពួកគាត់ព្រមចាកចេញហើយតែបែរមិនទទួលបានការគាំទ្រទេ លោកថា​វាជារឿង​មិន​ល្អនោះទេ។

លោកថាបន្ថែមថា៖ «ខ្ញុំយល់ថារដ្ឋាភិបាលគួរផ្ដល់ជូនពួកគាត់វិញ​ទម្រាំតែពួកគាត់​អាចរឹងមាំ​ក្រោយ​ពីចាកចេញពីតំបន់អង្គរ»។​

យោងតាមរបាយការណ៍ស៊ើបអង្កេតមួយពីសំណាក់អង្គការ Amnesty International (កាលពី​ឆ្នាំ​២០២២ ការចុះបញ្ជីដីធ្លី«បានកើនឡើងយ៉ាងគំហុក»នៅក្នុងតំបន់អង្គរ ហើយអាជ្ញាធរ​ត្រូវ​បាន​គេរាយការណ៍ថា បានចាប់ផ្ដើមជម្លៀសប្រជាជន ១០ ០០០គ្រួសារ​ចេញពីតំបន់​នោះ។ អាជ្ញាធរបានលើកឡើងពីភាពចាំបាច់ក្នុងការការពារតំបន់ប្រាសាទអង្គរពីការខូចខាត​ដែល​អាច​ប៉ះពាល់ដល់ឋានៈជាបេតិកភណ្ឌពិភពលោករបស់យូណេស្កូរបស់ទីតាំងនោះ៕

636 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម