ពលរដ្ឋជាម្ចាស់ដីប៉ះគម្រោងប្រឡាយពង្វៀងទឹកនៅភូមិព្រែកតាគង់១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ អះអាងថា មានជីវភាពលំបាក និងជួបការលំបាកនានា ដោយសារតែត្រូវជួលផ្ទះស្នាក់នៅ ខណៈអាជ្ញាធរនៅមិនទាន់ប្រគល់ដីឲ្យពួកគេសង់ផ្ទះវិញ ទោះបីជាហួសកិច្ចសន្យាជួលដីហើយក៏ដោយ។
ពលរដ្ឋម្ចាស់ដី លើកឡើងថា ទោះបីជាហួសកិច្ចសន្យាជួលដីក៏ពិតមែន តែអាជ្ញាធរខណ្ឌគ្មានគោលជំហរច្បាស់លាស់ក្នុងការកំណត់ពេលវេលាបញ្ចប់គម្រោង។ ពួកគេត្រូវការដីរបស់គេមកវិញ ដើម្បីសង់ផ្ទះរស់នៅ និងប្រើប្រាស់តាមតម្រូវការផ្សេងៗ ខណៈរស់នៅផ្ទះជួលប្រឈមនឹងការចំណាយច្រើន ហើយប៉ះពាល់ជីវភាពពួកគេ។
យោងតាមមាត្រា៣៥នៃរដ្ឋធម្មនុញ្ញ កឋាខណ្ឌទី២ចែងថា សេចក្តីស្នើទាំងឡាយណារបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអាជ្ញាធររដ្ឋ។
ពលរដ្ឋដែលជាម្ចាស់ដី គឺលោក មុំ សាវុធ ថ្លែងឲ្យដឹងថា លោកមានការខកចិត្ត និងបាត់បង់ទំនុកចិត្តជាមួយអាជ្ញាធរភូមិឃុំ និងអាជ្ញាធរខណ្ឌ ដោយសារតែមិនមានឆន្ទៈក្នុងការដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់វិញ។ អ្វីដែលលោកសាវុធចង់បាន គឺយកដីរបស់លោកមកវិញ ដើម្បីធ្វើផ្ទះរស់នៅ ព្រោះការជួលផ្ទះគេទាំងក្រុមគ្រួសារមានការលំបាកសម្រាប់គ្រួសារលោក ហើយក៏ចំណាយប្រាក់ច្រើនផងដែរ។
ពលរដ្ឋរូបនេះបន្តថា ប្រសិនបើគម្រោងមិនទាន់បញ្ចប់ អាជ្ញាធរគប្បីជូនដំណឹងដល់ពលរដ្ឋ និងធ្វើកិច្ចសន្យាជួលដីកំណត់ពេលវេលាច្បាស់លាស់។ ប៉ុន្តែរហូតមកដល់ពេលនេះ រូបលោកមិនទាន់ទទួលព័ត៌មានបន្ថែមឡើយ ដែលជាហេតុធ្វើឲ្យលោក និងម្ចាស់ដីផ្សេងទៀតមានកង្វល់ និងសម្រេចចិត្តលុបប្រឡាយតែត្រូវអាជ្ញាធរហាមឃាត់។
លោក សាវុធ លើកឡើងថា៖«ពេលចាក់ដីដំបូងមិនហាមឃាត់ទេ តែថ្ងៃអាទិត្យអាជ្ញាធរភូមិឃាត់ឡានដឹកដីមិនឲ្យចូលក្នុងភូមិ។ គាត់មិនប្រាប់ពលរដ្ឋថាគម្រោងចប់ខែណា ឆ្នាំណាផងហ្នឹង។ ខ្ញុំចង់ឲ្យខណ្ឌពន្លឿនដំណោះស្រាយព្រោះវាយូរខែទៅហើយ»។ លោកបន្តថា៖ «វាប៉ះពាល់ច្រើនណាស់ ព្រោះពលរដ្ឋបារម្ភបាត់បង់ដីព្រោះគាត់ធ្វើការអត់មានភាពជាក់លាក់។ កន្លងមកនេះខ្ញុំទុកចិត្តលើអាជ្ញាធរ តែពេលនេះគាត់គ្មានទំនួលខុសត្រូវជាមួយប្រជាជន ខ្ញុំអស់ជំនឿលើអាជ្ញាធរហើយ»។
ដោយសារតែអាជ្ញាធរបានហាមឃាត់ឡានដឹកដីមិនឲ្យចូលចាក់បំពេញផ្ទៃប្រឡាយ ពលរដ្ឋម្ចាស់ដីបានសម្រេចចិត្តរើសកំទេចថ្មចាក់ចូលប្រឡាយបន្តិចម្ដងៗ។ បើតាមលោក សាវុធ និយាយថា៖«ខ្ញុំធ្លាប់ដាក់ញត្តិទៅសាលាក្រុងអីហើយ ព្រោះខណ្ឌអត់ដោះស្រាយសមស្រប មានការគំរាមកំហែង ហើយពួកខ្ញុំកាយដីព្រោះតែអាជ្ញាធរឃាត់ឡានមិនឲ្យចូលក្នុងភូមិ»។
អ្នកស្រី ស្វាយ សុគន្ធី ពលរដ្ឋម្ចាស់ដីមួយរូបទៀតលើកឡើងថា អ្នកស្រីចង់បានកិច្ចសន្យាជួលបន្តឲ្យច្បាស់លាស់ និងមានពេលវេលាកំណត់ត្រឹមត្រូវ ត្បិតថាក្នុងនាមជាម្ចាស់ដីចង់បានដីរបស់គាត់មកវិញដើម្បីសង់ផ្ទះរស់នៅ។ ម្យ៉ាងវិញទៀត អ្នកស្រីចង់ឃើញអាជ្ញាធរមានទំនួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ ព្រោះកិច្ចសន្យាជួលដីបានហួសទៅច្រើនខែមកហើយ។
អ្នកស្រី សុគន្ធី និយាយថា៖ «គាត់និយាយថាបើមួយឆ្នាំមិនចប់ មួយឆ្នាំទៀតទៅ! គាត់និយាយធ្វើដូចដីរបស់គាត់»។
ពលរដ្ឋម្ចាស់ដីរូបនេះ បន្តថាពេលដែលប្រជាពលរដ្ឋចូលរួមសហការណ៍ក្នុងការអភិវឌ្ឍ តែអាជ្ញាធរហាក់មិនរកដំណោះស្រាយសមរម្យតាមសំណូមពរប្រជាជនទៅវិញ។ អ្នកស្រីថា សព្វថ្ងៃនេះមានជីវភាពខ្វះខាតរកមួយថ្ងៃសម្រាប់តែរស់មួយថ្ងៃ ហើយទោះបីចង់ខ្ចីធនាគារក៏មិនបានព្រោះដីប៉ះគម្រោងប្រឡាយបាត់ទៅហើយ។
អ្នកស្រីបន្ថែមថា៖ «ហេតុអ្វីគាត់ដាក់បន្ទុកមកលើប្រជាជនបែបហ្នឹង ទាំងដែលក្រុមហ៊ុនដែលធ្វើហ្នឹងអត់មានសិក្សាអ្វីច្បាស់លាស់ ពួកខ្ញុំក៏ត្រូវការរកស៊ី ត្រូវការដីដើម្បីដោះស្រាយជីវភាពគ្រួសារ ពួកខ្ញុំអត់ចង់នៅផ្ទះជួលគេរហូតទេ»។
សហគមន៍ព្រែកតាគង់១ ស្ថិតនៅខាងត្បូងរាជធានីភ្នំពេញ គឺជាសហគមន៍ក្រីក្រមួយដែលមានពលរដ្ឋប្រមាណ២០០គ្រួសារកំពុងរស់នៅ។
ពលរដ្ឋមួយរូបទៀត គឺអ្នកស្រី សូ រីនី បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យកន្លងទៅ អាជ្ញាធរបានចុះឃាត់ឡានដឹកំទេចថ្មមិនឲ្យចូលក្នុងភូមិរហូតមានវត្តមានអភិបាលរងខណ្ឌមានជ័យចុះមកផ្ទាល់ ប៉ុន្តែគ្មានដំណោះស្រាយជាក់លាក់ណាមួយជូនពលរដ្ឋនោះទេ។
អ្នកស្រី រីនី អះអាងថា អាជ្ញាធរគ្មានគោលជំហដោះស្រាយជាមួយពលរដ្ឋដែលរងផលប៉ះពាល់គម្រោងសា្ដរប្រឡាយរំដោះទឹកបឹងជើងឯកឡើយ។
អ្នកស្រីបញ្ជាក់ថា៖ «អ្នកថ្មីគាត់មក[អភិបាលរងខណ្ឌមានជ័យ] គាត់ឆ្លើយស្អីក៏អត់ដឹងៗ ខ្ញុំមើលទៅគាត់អត់ហ្មង៎[ដំណោះស្រាយ] ចេញមកមិនដឹងយ៉ាងម៉េច»។
មេភូមិព្រែកតាគង់១ គឺលោក ឡុង ហឿន ទទួលទូរសព្ទតែប្រាប់ថាកំពុងប្រជុំ រួចក៏ចុចបិទ។
អភិបាលរងខណ្ឌមានជ័យ លោក កែវ សំណាង ថ្លែងប្រាប់ ខេមបូចា ថា លោកបានចុះជួបប្រជាពលរដ្ឋកាលពីថ្ងៃអាទិត្យ និងបានរាយការណ៍ជូនអភិបាលខណ្ឌរួចហើយ ប៉ុន្តែពេលខេមបូចា សួរថានឹងមានដំណោះស្រាយជូនពលរដ្ឋបែបណា លោកមិនបានបញ្ជាក់ឲ្យច្បាស់នោះទេ។
លោក សំណាង ថ្លែងថា៖ «កន្លងមកខ្ញុំបានរាយការណ៍ជូនលោកអភិបាលហើយ គាត់ថានឹងរាយការណ៍ដើម្បីរកដំណោះស្រាយជាមួយពលរដ្ឋនៅសាលារាជធានីភ្នំពេញ»។
នាយកទីចាត់ការច្បាប់នៃរដ្ឋបាលក្រុងភ្នំពេញលោក ក្រាំង លៀងគ្រី បដិសេធមិនឆ្លើយសំណួរ ដោយណែនាំឲ្យទាក់ទងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ប៉ុន្តែពេលទូរសព្ទទៅលោក មេត មាសភក្ដី មិនទទួលទូរសព្ទឡើយ។
របាយការណ៍របស់អង្គការធាងត្នោតដែលមានចំណងជើងថា «បញ្ហាបរិស្ថាន និងសហគមន៍ក្រីក្រក្នុងទីក្រុងភ្នំពេញ ការសិក្សាប្រៀបធៀប ការយល់ដឹង ការយល់ឃើញ និងដំណោះស្រាយ» កាលពីខែធ្នូ រកឃើញថា មានបញ្ហាប្រឈមមួយចំនួនទៅលើសហគមន៍ក្រីក្រដូចជា បញ្ហាសិទ្ធិចូលរួមវាយតម្លៃលើបញ្ហាបរិស្ថាន បម្រែបម្រួលអាកាសធាតុ ការគ្រប់គ្រងសំរាម និងការរំខានដោយសំឡេង។
មន្ត្រីទទួលបន្ទុកសិទ្ធិមនុស្ស និងធុរកិច្ច នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត យល់ឃើញថា អាជ្ញាធរគប្បីដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋទៅតាមកិច្ចសន្យានៃការជួលដី ហើយក្នុងករណីដែលល្មើសកិច្ចសន្យាជួលអាជ្ញាធរត្រូវតែអនុវត្តទៅតាមច្បាប់រវាងភាគីក្រុមហ៊ុន និងពលរដ្ឋ។
លោកសូផាត ថ្លែងថា៖ «អាជ្ញាធរ និងក្រុមហ៊ុនត្រូវតែទទួលខុសត្រូវ ហើយក្នុងករណីដែលមិនគោរពពាក្យសន្យា ពលរដ្ឋមានសិទ្ធិដាក់ពាក្យបណ្ដឹង។ ហើយវិធីសាស្រ្តមួយទៀតគឺដោះស្រាយក្រៅប្រព័ន្ធតុលាការ»។
បើតាមកិច្ចព្រមព្រៀងជួលដីពីប្រជាពលរដ្ឋដែលបានបញ្ជាក់ថា គម្រោងស្ដារប្រឡាយប្រវែងសរុប ៨ ៦៦៨ម៉ែត្រ និងស្ដារអាងស្តុកទឹកបឹងជើងឯកទំហំ៦៥៦ ០៦៥ម៉ែត្រ គឺជាគម្រោងសហការជាមួយអង្គការចៃកា (JICA)។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនអ៊ែកធីវ ប្រផឹធី(ខេមបូឌា) ខូ អិលធីឌី គឺជាអ្នកទទួលអនុវត្តគម្រោងនេះនៅលើផ្ទៃដីទំហំ១៩ហិកតា។
អង្គការចៃកា(JICA) ដែលជាអ្នកសហការ គម្រោងនេះ មិនបានឆ្លើយតបសំណួរតាមរយៈអ៊ីមែលឡើយជុំវិញបញ្ហាខាងលើរហូតដល់វេលាម៉ោង៥និង៣០នាទី ថ្ងៃទី២៤ ខែមករានេះ។
យ៉ាងណាមិញ លោក សូផាត យល់ឃើញថា អាជ្ញាធររដ្ឋគួរតែសកម្មក្នុងការដោះស្រាយវិវាទ ឬបញ្ហានានាដែលពលរដ្ឋស្នើសុំឲ្យមានការដោះស្រាយ បើពុំដូច្នេះទេចំណាត់ថ្នាក់អភិបាលកិច្ចល្អនឹងធ្លាក់ចុះ ខណៈយន្តការជាច្រើនបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាតែហាក់មិនមានប្រសិទ្ធិភាព។
លោកថ្លែងថា៖ «បច្ចុប្បន្ននេះយន្តការដោះស្រាយទំនាស់ដីធ្លី និងអភិបាលកិច្ចដីធ្លីហ្នឹងមានភាពច្របូកច្របល់ដូចគ្មានអ្នកគ្រប់គ្រងអ៊ីចឹង។ អ៊ីចឹងពលរដ្ឋរាល់ថ្ងៃហ្នឹងគាត់សឹងតែអស់ជម្រើសទៅហើយពិបាកក្នុងការរកជំនួយពីអាជ្ញាធរ»។
កាលពីឆ្នាំ២០១៨ រដ្ឋាភិបាលបានធ្វើប្រទានកម្មផ្ទៃដីទំហំ ៥៦ ២៥៨ម៉ែត្រការ៉េ ជូនប្រជាពលរដ្ឋចំនួន២៤០គ្រួសារ និងលើកលែងការអនុវត្តលិខិតលេខ ៨២០ សជណ ចុះថ្ងៃទី២៤ ខែតុលាឆ្នាំ២០០៦របស់ទីស្ដីការគណរដ្ឋមន្រ្តីលើផ្ទៃដី ៣៤ ៣០៥ម៉ែត្រការ៉េ ស្នើនឹង១៤០គ្រួសារ។ ការផ្ដល់កម្មសិទ្ធិដីធ្លីនេះ គឺផ្អែកលើការពិនិត្យមើលជាក់ស្ដែងលើខ្នងផ្ទះដែលប្រជាពលរដ្ឋកំពុងស្នាក់នៅ និងកាន់កាប់ក្រោយឆ្នាំ១៩៧៩៕