សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

តំណាង​រាស្រ្ត​បើកផ្លូវ​ឱ្យមាន​ការ​ដកសញ្ជាតិលើពលរដ្ឋខ្មែរណាដែល​រក​ឃើញ​ថា ក្បត់ជាតិ

ប្រធានរដ្ឋសភា លោកស្រី ឃួន សុដារី និងអនុប្រធានសភាពីររូបបានលើកដៃអនុម័តយល់ព្រមលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឱ្យមានការដកសញ្ជាតិពលរដ្ឋខ្មែរ «ដែលកំណត់ដោយច្បាប់» នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ (រូបភាព៖ សភាជាតិ)
ប្រធានរដ្ឋសភា លោកស្រី ឃួន សុដារី និងអនុប្រធានសភាពីររូបបានលើកដៃអនុម័តយល់ព្រមលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឱ្យមានការដកសញ្ជាតិពលរដ្ឋខ្មែរ «ដែលកំណត់ដោយច្បាប់» នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ (រូបភាព៖ សភាជាតិ)

រដ្ឋសភា ​​នៅ​ថ្ងៃទី១១ ខែកក្កដា ​​បាន​អនុម័ត​លើសេចក្តីស្នើច្បាប់ស្តីពីធ្វើ​​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​បើក​ផ្លូវ​ឲ្យ​មានការ​ដក​សញ្ជាតិ​លើ​ពល​រដ្ឋ​ខ្មែរ​ណា​ដែល​រក​ឃើញ​ថា​ក្បត់​ជាតិ​គប់គិត​ជាមួយ​បរទេស ​ឬការ​ធ្វើ​សកម្មភាព​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់ប្រយោជន៍ជាតិ ខណៈ​មានការ​រិះគន់​ថា ​ការ​ធ្វើ​វិសោធនកម្មនេះ​នឹង​អាច​ប្រើ​សម្រាប់​បំបិទមាត់​អ្នកប្រឆាំង។​

ការ​រៀបចំ​ឱ្យ​មានការ​ធ្វើ​វិសោធនកម្មនេះ គឺ​ក្រោយ​ការ​អំពាវ​នាវ​របស់​ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន ដោយ​លោក​ស្នើ​ឱ្យ​មានការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​ដក​សញ្ជាតិ​ពលរដ្ឋ​កម្ពុជា​ណា «ដែល​គប់គិត​ជាមួយ​បរទេសបំផ្លាញ​ប្រយោជន៍​ប្រទេស​យើង»។​

សំណើរបស់​លោក​ ត្រូវ​បាន​បញ្ជូន​ភ្លាមៗ​ទៅ​កាន់​ព្រឹទ្ធសភា បន្ទាប់​ពី​សកម្មជន​ប្រឆាំង​និរទេសនៅក្រៅប្រទេស​បន្ត​រិះគន់រដ្ឋាភិបាល​ជុំវិញ​ជម្លោះ​ព្រំ​ដែន​ជាមួយ​ប្រទេស​ថៃ​។​

តំណាង​រាស្រ្ត​ទាំង​១២៥​រូប រួមទាំង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ​ដែល​ឡើងជា​នាយក​រដ្ឋ​មន្រ្តី​តពីឪពុក​កាល​ពី​ឆ្នាំ២០២៣ បាន​លើក​ដៃ​យល់​ព្រម​ឲ្យ​ធ្វើ​វិសោធនកម្មមាត្រា​៣៣​នៃ​រដ្ឋធម្មនុញ្ញ​។ កិច្ចពិភាក្សា​នៅក្នុង​រដ្ឋសភា​ធ្វើ​ឡើង​មិន​ដល់​ពីរ​ម៉ោង​ផង​មុន​ពេល​មាន​ការ​បោះ​ឆ្នោត​សម្រេច។​

ខ្លឹម​សារ​ដើម​នៃ​មាត្រា​៣៣​ចែងថា៖ «ប្រជាពលរដ្ឋ​ខ្មែរ​មិន​អាច​ត្រូវ​បាន​ដក​សញ្ជាតិ​ និរទេស​ ឬ​​ ចាប់​បញ្ជូន​ខ្លួន​ទៅ​ឱ្យ​ប្រទេស​ក្រៅ​ណា​មួយ​ឡើយ​» និង​ធានា​ការពារ​ពល​រដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស។ ចំណែក​ខ្លឹមសារថ្មី​​ចែងថា៖ «ការ​ទទួល បាត់​បង់ ឬ​ដក​សញ្ញជាតិ​ខ្មែរ ត្រូវ​កំណត់​ដោយ​ច្បាប់»។​

អង្គការ​លើក​លែង​ទោស​អន្តជាតិ​បាន​ថ្កោល​ទោសភ្លាមៗលើ​ការបើក​ឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​បាន​ហៅ​ការ​ដកសញ្ជាតិ​ខ្មែរនេះថា «រំលោភច្បាប់អន្តរជាតិធ្ងន់ធ្ងរ»។​

Montse Ferrer​ នាយក​ផ្នែក​ស្រាវជ្រាវ​ប្រចាំ​តំបន់​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​បាន​លើក​ឡើងថា៖ «សំណើ​នេះ​កាន់តែខិត​ទៅ​រក​ការពិត​ហើយ​ អ្នក​ណា​ដែល​និយាយ​ប្រឆាំង​នឹង​គណបក្ស​កាន់អំណាច​នឹង​ប្រឈម​​ការ​ដកសញ្ជាតិ…យើង​ពិត​ជា​មាន​កង្វល់​ជា​ខ្លាំង​ថា​រដ្ឋាភិបាល​កម្ពុជា​នឹង​មាន​អំណាច​ក្នុង​ការ​ដក​សញ្ជាតិ​ប្រជា​ពល​រដ្ឋ​របស់​ខ្លួន​ និង​ប្រើ​ដោយ​មិន​ត្រឹម​ត្រូវ​ក្នុង​ការបង្ក្រាប​អ្នក​រិះគន់ខ្លួន និង​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះក្លាយជាមនុស្ស​គ្មាន​រដ្ឋ»។

​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​កាន់អំណាច​ការពារ​ការ​ធ្វើ​វិសោធនកម្ម​នេះ ដោយ​លើក​ឡើង​ថា​វាជា​វិធានការ​ការពារ​បូរណភាព​ជាតិ​។​

តំណាង​រាស្រ្ត​បក្សកាន់អំណាច អ្នកស្រី ឡោក ខេង ប្រាប់​អង្គសភា​ថា ការ​កែប្រែ​នេះ​គឺ «ដើម្បី​ប្រយោជន៍ជាតិ» ដោយ​អះអាង​ថា​ក្រុម​ខ្មែរជ្រុល​និយម​បាន​គប់គិត​ជាមួយ​បរទេស​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិនពិត​ក្នុង​គោល​បំណង​​បំផ្លាញ​ប្រទេសជាតិ​។​

លោក ញឿន រ៉ាដែន តំណាង​រាស្រ្ត​របស់គណបក្សហ្វុន​ស៊ិនប៉ិច បាន​លើក​ឡើងថា ​ការ​ធ្វើ​វិសោធនកម្ម​ គឺ​ជា​ការ​រំឭក​ដល់​ «សារសំខាន់នៃជាតិ​និយម» ជាពិសេស​កម្ពុជា​បាន​រងគ្រោះ​បាត់​បង់ទឹកដី​នាពេល​កន្លង​មក​។

​លោក​មាន​ប្រសាសន៍ថា៖ «​ការ​ធ្វើ​វិសោធនកម្ម​​រដ្ឋធម្មនុញ្ញ​គឺ​មិនមាន​ចេតនា​ធ្វើ​បាប​ប្រជា​ពល​រដ្ឋ​ខ្មែរ ឬ​ដាក់សម្ពាធដល់​បុគ្គល ឬក្រុម​ណាមួយ​នោះទេ​។ គោល​បំណង​សំខាន់របស់វា​គឺ​​ដើម្បី​ការពារ​ជាតិ»។​

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​គាំទ្រ​ចំពោះ​កា​រលើក​ឡើង​របស់​តំណាងរាស្រ្ត និង​បាន​ជម្រះ​កង្វល់​​អំពី​ការ​ធ្វើ​វិសោធនកម្ម​នេះ។

​លោក​មាន​ប្រសាសន៍ថា៖ «​ខ្ញុំ​សូម​បញ្ជា្កក់​ថា​ការ​ធ្វើ​​វិសោធនកម្ម​នេះ​បើកផ្លូវសម្រាប់ការ​ដក​សញ្ញាតិ​ខ្មែរតែពីជនណាដែលក្បត់ជាតិ​របស់​ខ្លួនប៉ុណ្ណោះ»។

​លោក​បន្តថា៖ «ប្រជាពលរដ្ឋដែលស្រលាញ់ជាតិមាន​ភក្ដីភាពស្មោះត្រង់ឥតងាករេ ចំពោះប្រទេស​ជាតិ​មិន​មែនជាកម្មវត្ថុនៃ​ការ​ដក​សញ្ជាតិ​នោះទេ»។ លោក​បន្ថែម​ថា ច្បាប់​មាន​គោល​ដៅ «​លើ​ពល​រដ្ឋ​ណា​ដែល​ចូល​ដៃជាមួយ​​បរទេស​ ប្រព្រឹត្តអំពើ​ក្បត់ជាតិ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​​ប្រយោជន៍ប្រជា​ជន និង​ជាតិ»។​

ប្រហាក់ប្រហែល​នឹង​ការ​លើក​ឡើងរបស់​អ្នកនាំពាក្យ​ក្រសួង​ពី​មុន​ដែរ លោក កើត រិទ្ធ បាន​បង្វែរ​ការរិះគន់ដោយ​បាន​ចង្អុល​បង្ហាញ​ទៅ​នឹង​ច្បាប់​ស្រដៀងគ្នា​នេះ​នៅ​ប្រទេស​ផ្សេង​ទៀត រួម​មាន​ប្រទេស​នៅ​លោក​ខាង​លិច ដែល​អនុញ្ញាត​ឲ្យ​មានការ​ដក​សញ្ជាតិ​សម្រាប់​ហេតុ​ផល​សន្តិសុខជាតិ​ដែរ។​

សារព័ត៌មាន​ AFP បាន​ផ្សាយ​ថា ​បើ​តាម​សេចក្ដី​សង្ខេប​របស់​សភា​អឺរ៉ុប​កាលពី​ខែ​កុម្ភៈ ប្រទេស​ចំនួន​១៥​នៅ​ក្នុង​សហភាព​អឺរ៉ុប​អាច​ដក​សញ្ជាតិ​ពីបុគ្គលណាម្នាក់​ដោយ​អំពើក្បត់ជាតិ ឬ​មិន​ស្មោះត្រង់នឹងជាតិ​ ប៉ុន្តែ​ប្រាំបី​ក្នុង​ចំណោម​នោះ ច្បាប់​នេះ​អនុវត្ត​តែ​ចំពោះ​អ្នក​ចូល​សញ្ជាតិ​តែ​ប៉ុណ្ណោះ​។​​

ដោយសារ​តែការ​ដកសញ្ជាតិ​ជារឿងកម្រ ពេល​ចង់ដក វា​ជារឿង​ពិសេស​មួយ ដោយសារមានភាព​ស្មុគស្មាញ​ផ្នែក​ផ្លូវ​ច្បាប់ និង​តែងមានភាពចម្រូង​ចម្រាស​។​​ ជាការ​កត់សម្គាល់ លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចង់​បញ្ចប់ការ​ផ្ដល់​សញ្ជាតិ​ពីកំណើត ក៏​ត្រូវ​រាំង​ខ្ទប់​ដោយ​តុលាការសហព័ន្ធ​​កាលពីថ្ងៃសុក្រ​។​

អ្នក​វិភាគនយោបាយ លោក មាស នី មានប្រសាសន៍​ថា​ ហានិភ័យ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញលើ​រឿង​ដក​សញ្ជាតិ​ កើតជាក្ដី​បារម្ភ​ដោយសារ​ប្រព័ន្ធ​តុលាការ​កម្ពុជាខ្វះភាព​​ឯករាជ្យ​។​

លោក​ថា៖ «​ក្ដី​បារម្ភ គឺ​ថា​ប្រសិន​អ្នកណា​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់ថាតើ​តុលាការ ឬប្រព័ន្ធយុត្តិធម៌​នឹងបំពេញតួនាទី​ដោយឯករាជ្យឬអត់របស់ខ្លួនដើម្បីធ្វើការស៊ើបអង្កេតប្រាកដថាបុគ្គលហ្នឹងពិតជាបានប្រព្រឹត្តខុសទៅតាមអ្វីដែលចែងនៅក្នុងច្បាប់»។

តុលាការ​កម្ពុជា ត្រូវ​បាន​សកម្មជន អ្នកសង្កេតការជាតិ និង​អន្តរជាតិ​បាន​មើល​ឃើញ​ថា​ស្ថិត​ក្នុង​រូប​ភា​ព​នយោបាយ​ជាយូរ​មក​ហើយ។

​អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន ដែលគណបក្ស​នេះ​ត្រូវ​ហាមឃាត់​មិនឲ្យ​ចូល​ប្រកួត​ប្រជែងការបោះ​ឆ្នោត​កាល​ឆ្នាំ២០២៣ លោក លី សុធារ៉ាយុត្តិ​ បានហៅ​ការ​ធ្វើ​វិសោធនកម្មនេះថា៖ ​«ជារឿង​គួរ​ឲ្យ​សោកស្ដាយ» និង​ថា​គណបក្សមិនគាំទ្រចំពោះការកែប្រែច្បាប់ក្នុងគោលបំណងដកហូតសញ្ជាតិពីកំណើតរបស់ពលរដ្ឋណាម្នាក់​។

​លោក​បានលើកជាសំណូរថា៖ «តើវាមានផលចំណេញអ្វីសម្រាប់ជាតិ ដែលត្រូវតែកែច្បាប់ ឬវិសោធនកម្មនៃរដ្ឋធម្មនុញ្ញនាពេលដែលអ្នកនយោបាយខ្មែរមិនទាន់បានរួបរួម សាមគ្គីភាព និងឯកភាពជាតិតែមួយ?»៕ 

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Lawmakers Clear Path to Strip Citizenship

ព័ត៌មានថ្មី

អត្ថបទពេញនិយម