សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋសហគមន៍ឡកំបោរព្រួយបារម្ភពីការឈូសឆាយ​ផ្ទះទាំងមិនទាន់ទទួលបានសំណង

ពលរដ្ឋម្នាក់ជិះម៉ូតូឆ្លងកាត់មុខហាងកាហ្វេរបស់កញ្ញា ប៉ូគឹមថេង សុតធីតា ដែលរបង​ហាងកាហ្វេព័ណខៀវត្រូវបានអាជ្ញាធរជាន់កំទេច ដោយឡែក ទីតាំងខាងក្រោយហាងកាហ្វេ​គឺជាបុរី​អង្គរភ្នំពេញ។ រូបថតនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ វ៉ា សុភានុត
ពលរដ្ឋម្នាក់ជិះម៉ូតូឆ្លងកាត់មុខហាងកាហ្វេរបស់កញ្ញា ប៉ូគឹមថេង សុតធីតា ដែលរបង​ហាងកាហ្វេព័ណខៀវត្រូវបានអាជ្ញាធរជាន់កំទេច ដោយឡែក ទីតាំងខាងក្រោយហាងកាហ្វេ​គឺជាបុរី​អង្គរភ្នំពេញ។ រូបថតនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ វ៉ា សុភានុត

ប្រជាពលរដ្ឋសហគមន៍ឡកំបោរ រស់នៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ កំពុងមានការព្រួយបារម្ភថាថ្ងៃណាមួយអាជ្ញាធរនឹងយកគ្រឿងចក្រ​មក​ឈូសឆាយផ្ទះ របស់ពួកគាត់ទាំងមិនទាន់ទទួលបានសំណង ខណៈពួកគាត់រងផលប៉ះពាល់ពីគម្រោងពង្រីក​ផ្លូវ​៣០ម៉ែត្រ និងត្រូវបានចោទ​ប្រកាន់​ថា​រស់​នៅ​ខុស​ច្បាប់លើមាត់បឹង។

កញ្ញា ប៉ូគឹមថេង សុតធីតា ដែលត្រូវបានគេស្គាល់ថាជា Miss Grand Cambodia ឆ្នាំ២០២១ បានបង្ហោះវីដេអូមួយក្នុងគណនីហ្វេសបុករបស់ខ្លួន ដែលបាន​បង្ហាញ​អំពីសកម្មភាព​របស់​អាជ្ញាធរ​កំពុងវាយកំទេចរបងហាងកាហ្វេរបស់គាត់​ នៅដើមខែកក្កដានេះ ។

នៅក្នុងវីដេអូនោះ កញ្ញា សុតធីតា បានស្រែកថា៖ «ពួកខ្ញុំខុសអី ពួកខ្ញុំសាងសង់លើដីរបស់​ពួកខ្ញុំ ខ្ញុំអត់មានប៉ះពាល់លើដីរដ្ឋទេ។ អ្នកទាំងអស់គ្នាជួយមើលយុត្តិធម៌នៅកន្លែងណា មក​បំផ្លាញទ្រព្យសម្បត្តិរបស់ខ្ញុំ ខ្ញុំជាប្រជាពលរដ្ឋធម្មតា អាចនិយាយជាមួយខ្ញុំបាន។ ហេតុអ្វី​បាន​បំផ្លាញទ្រព្យសម្បត្តិឯកជនរបស់ពួកខ្ញុំ សងអ្វីដែលជារបស់ខ្ញុំវិញ ខ្ញុំសង់ដោយញើសឈាមខ្ញុំ លុយកាក់ខ្ញុំ»។

សារព័ត៌មានខេមបូចាពុំអាចសូមការអត្ថាធិប្បាយបន្ថែមពីកញ្ញា ប៉ូគឹមថេង សុតធីតា បានទេ ដោយខលពុំមានអ្នកលើកទូរសព្ទ។

ចំណែកអ្នកស្រី ហ៊ី សុខហុយ វ័យ២៧ឆ្នាំ មានផ្ទះថ្មនៅជាប់មាត់ផ្លូវចាក់បេតុង បាននិយាយថា អ្នកស្រី កំពុងមានការព្រួយបារម្ភថាថ្ងៃណាមួយករណី​វាយកំទេចផ្ទះឬរបងនឹង​ធ្លាក់លើគ្រួសារ​របស់គាត់។

អ្នកស្រី ហ៊ុយ​ ឱ្យដឹងថា៖ «ថ្ងៃហ្នឹងផ្ទះគេ តិចថ្ងៃក្រោយផ្ទះឯង ពីរនាក់ប្ដីប្រពន្ធចេះតែភ័យ ដេកៗគេមកវាយផ្ទះម៉េចដឹង»។

អ្នកស្រី ហ៊ុយ បានបដិសេធក្នុងការដោះដូរដី ដែលមានទីតាំងនៅខាងក្រោយវត្តទួលសន្តិវ័ន្ត ហៅវត្តទួលអស់លោក ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដែល​ស្នើ​ឡើងដោយអាជ្ញាធរ។ អ្នកស្រី ឱ្យដឹងថា ទីតាំងដីដែលដោះដូរនោះ គឺស្ថិតនៅក្បែរលូ ព្រម​ទាំងមានក្លិនស្អុយទៀត។

អ្នកស្រី ហ៊ុយ បន្ថែមថា៖ «ការដោះស្រាយវារញ៉េរញ៉ៃ ហើយអាជ្ញាធរធ្វើមកលើយើង​វាដូច​ឃោរ​ឃៅ។ ចេញមកសុទ្ធយកគ្រឿងចក្រមកវាយ ហើយមិនមែនតែម្ដងហ្នឹង ច្រើនលើក​ច្រើន​សារ សុទ្ធគំរាម ដូចយើងទៅតវ៉ា សុទ្ធគំរាមចង់វាយខ្នោះវាយអីយើង»។

ស្រ្តីមានកូនស្រី២នាក់នៅក្នុងបន្ទុករូបនេះ បន្ថែមថា ទីលំនៅបច្ចុប្បន្នបានបង្កឱ្យមានអំណោយ​ផល​សម្រាប់អ្នកស្រី ក្នុងការប្រកបរបររកស៊ី ដោយសារនៅមុខផ្លូវធំ។ អ្នកស្រីស្នើសុំឱ្យមាន​ការ​អភិវឌ្ឍនៅហ្នឹងកន្លែងដោយចេញជាប្លង់កម្មសិទ្ធិ ឬផ្ដល់សំណងសមរម្យតាមតម្លៃទីផ្សារ។

អ្នកស្រី ហ៊ុយ អះអាងទៀតថា ផ្ទះថ្មដែលកំពុងស្នាក់នៅ បានសាងសង់អស់ថវិកាជិត៣​ម៉ឺន​ដុល្លារ ហើយការប្រកបរបរបើកវីងនៅពីមុខផ្ទះ បានជួយឱ្យគ្រួសាររបស់គាត់ អាចរក​ប្រាក់​ចំណូលបានចន្លោះ២ពាន់់ដុល្លារទៅ៣ពាន់ដុល្លារក្នុង១ខែទៀតផង។

អ្នកស្រី ស៊ន ង៉ែត អាយុ៥៤ឆ្នាំ រស់នៅភូមិឡកំបោរ អស់រយៈពេល២៧ឆ្នាំ​ តាំងពីមិន​ទាន់​មាន​ផ្លូវបេតុង ទឹងស្អាតនិងភ្លើងសម្រាប់ប្រើប្រាស់ បានលើកឡើងថា សកម្មភាពរបស់​អាជ្ញាធរ ​គឺ​ជា​ការ​ធ្វើបាបប្រជាពលរដ្ឋ ហើយគេចវេះមិនរកដំណោះស្រាយ។ 

អ្នកស្រី ង៉ែត បន្តថា៖ «មានអារម្មថា គាត់ធ្វើចឹងធ្វើបាបប្រជាពលរដ្ឋ ធ្វើបាបប្រជាពលរដ្ឋចឹង ពលរដ្ឋអាចនាំគ្នាស្រុះគ្នានាំគ្នាតវ៉ាមិនឱ្យធ្វើចឹងទេ[វាយកំទេចផ្ទះ] ត្រូវសួរពលរដ្ឋ ពួកគាត់ចង់បានអី»។

អ្នកស្រី ង៉ែត ឱ្យដឹងថា ផ្ទះអ្នកស្រីនៅផ្លូវលំខាងក្នុង បើទោះបីជាពង្រីកផ្លូវ៣០ម៉ែត្ររួចរាល់ក្ដី ក៏មិនប៉ះពាល់ឡើយ​ ដូច្នេះអ្នកស្រីទាមទារឱ្យអាជ្ញាធរផ្ដល់ប្លង់កម្មសិទ្ធិ។

អ្នកស្រី ង៉ែត បន្ថែមថា៖ «ខ្ញុំជំរាបទៅអភិបាលខណ្ឌថា ដីខ្ញុំទោះបីធ្វើផ្លូវ៣០ម៉ែត្រហើយក៏​ខ្ញុំ​អត់ប៉ះពាល់ដែរ នៅ១០ម៉ែត្រទៀត។ គាត់(អភិបាលខណ្ឌឫស្សីកែវ)ថាចាំមើលធ្វើផ្លូវហើយ ស្នើទៅសាលាក្រុងរកដំណោះស្រាយថាយើងនៅហ្នឹងបានមិនបាន ដីយើងនៅសល់ហ្នឹង»។

ប្រជាពលរដ្ឋសហគមន៍ឡកំបោរកំពុងពិភាក្សាគ្នាដើម្បីឆ្លើយតបទៅនឹងការស្នើសុំរបស់អាជ្ញាធរដែលស្នើឱ្យដោះដូរដីនៅក្រោយវត្តទួលសន្តិវ័ន្ត ហៅវត្តទួលអស់លោក ក្នុងខណ្ឌឫស្សីកែវ។ រូបថតនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ វ៉ា សុភានុត

កាលពីថ្ងៃចន្ទសប្ដាហ៍មុន ពលរដ្ឋសហគមន៍ឡកំបោរ​ប្រមាណ៤០នាក់​បានជួបជុំគ្នា​ដើម្បី​ពិភាក្សា និងឆ្លើយតបទៅនឹងការស្នើសុំរបស់អាជ្ញាធរក្នុងការដោះដូរដី ទៅនៅខាង​ក្រោយវត្ត​ទួលសន្តិវ័ន្ត ហៅវត្តទួលអស់លោក ក្នុងខណ្ឌឫស្សីកែវ ក្រោយការប្រជុំរួច តំណាងពលរដ្ឋ​អ្នកស្រី រឿង អូន ថ្លែងថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំងអស់ បានសម្រេចចិត្ត​ពុំ​ព្រម​ធ្វើការដោះដូរដីតាមការស្នើសុំរបស់អាជ្ញាធរឡើយ។

អ្នកស្រី អូន បានថ្លែងថា៖ «ពួកខ្ញុំប្រជុំគឺសម្រេចគ្នាមិនដូរ ហើយសូមឱ្យអាជ្ញាធរគាត់ទិញ ចង់ថាលក់ទៅខ្ញុំយកលុយទៅទិញដីនៅជិតបងប្អូនចឹង។ ការលក់តាមម្ចាស់រៀងខ្លួន»។

បើតាមតំណាងពលរដ្ឋរូបនេះ បានឱ្យដឹងថា ក្រុមហ៊ុនបុរីដែលសាងសង់ផ្ទះ បានទិញ​ផ្ទះប្រជាពលរដ្ឋអស់ចំនួន១២៦ផ្ទះ ខណៈផ្ទះពលរដ្ឋនៅសល់សរុបចំនួន២៤៤ទៀត។

រយៈពេល២ឆ្នាំចុងក្រោយនេះ​ ពេលដែលផ្លូវកប់ស្រូវ ក្នុងសង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ត្រូវបានពង្រីកនិងចាក់បេតុង អាជ្ញាធរក៏ចាប់ផ្ដើមជំរុញប្រជាពលរដ្ឋសហគមន៍ឡកំបោរ ឱ្យធ្វើការដោះដូរដីទៅនៅតំបន់ផ្សេងទៀត ដោយមន្រ្តីរដ្ឋាភិបាល អះអាងថា ដីដែល​ប្រជាពលរដ្ឋកំពុងរស់នៅនេះ គឺស្ថិតនៅលើមាត់បឹងដែលខុសទៅនឹងច្បាប់ ហើយរដ្ឋត្រូវ​ធ្វើការពង្រីកផ្លូវនោះឱ្យដល់៣០ម៉ែត្រផងដែរ ប៉ុន្តែបើតាមការអះអាងរបស់ប្រជាពលរដ្ឋ ក្រុមហ៊ុនបុរីដែលកំពុងសាងសង់ផ្ទះនៅជុំវិញនោះសុទ្ធតែមានប្លង់កម្មសិទ្ធិ ខណៈដីនោះពី​មុន​មកគឺស្ថិតនៅលើផ្ទៃបឹងដូចគ្នាទៅនឹងផ្ទះប្រជាពលរដ្ឋផងដែរ។

លោក ផាន ហួត ចៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានប្រសាសន៍ថា អាជ្ញាធរសម្រេចវាយកំទេចរបងហាងកាហ្វេរបស់ប្រជាពលរដ្ឋកាលពីដើមខែនេះ ដោយ​សារ​តែបានណែនាំច្រើនលើករួចមកហើយថា កុំឱ្យមានការសាងសង់អ្វីបន្ថែម​លើដី​កំពុង​មាន​វិវាទ​នោះ។

លោក ហួត ថ្លែងថា៖ «យើងបានណែនាំគាត់ច្រើនលើកហើយ បានរុះរើពីរដងហើយ គាត់នៅ​តែនេះ[បន្តសាងសង់]បានយើងរុះរើថែមទៀត។ កាលមុនរើម្ដងហើយ ហើយយើងសុំ​គាត់ថា​ឱ្យនៅប៉ុណ្ណឹងសិនចុះ  យើងសូមគាត់ចឹងកុំឱ្យប៉ះពាល់អី ឧបមាផ្ទះយើងនៅប៉ុន្មាន នៅប៉ុណ្ណឹង​សិនទៅ កុំអាលរុះរើធ្វើថ្មធ្វើអី»។

ទាក់ទិននឹងទីតាំងដីដែលដោះដូរនៅក្បែរលូនិងមានក្លិនស្អុយនោះ ចៅសង្កាត់ថ្មីរូបនេះថា លោកពុំទាន់ស្គាល់ទីតាំងដីនោះនៅឡើយទេ ហើយគ្រាន់តែជាការ​ជំរាបជូនប្រជាពលរដ្ឋ​ប៉ុណ្ណោះ នៅពុំទាន់មានការជូនដំណឹងជាផ្លូវការឡើយ។

លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិ​មនុស្សនៅមជ្ឈមណ្ឌល​សិទ្ធិ​មនុស្សកម្ពុជា ថ្លែងថា វិវាទដីធ្លីនេះ គឺទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវមានឆន្ទៈ​ពិតប្រាកដ​ក្នុង​ការដោះស្រាយ បើពុំដូច្នេះទេប្រជាពលរដ្ឋនឹងខាតបង់នូវអត្ថប្រយោជន៍។

លោក សុផាត មានប្រសាសន៍ថា៖ «បើសិនជាមានឆន្ទៈដោះស្រាយពិតប្រាកដអាចចេញ​ប្លង់​កម្មសិទ្ធិនៅកន្លែងឬក៏អាចដោះដូរនៅទីតាំងណាមួយដែលនៅជិតកន្លែងរបស់គាត់ ទំហំដី​គាត់​អាចទទួលបាន។ ប៉ុន្តែបើសិនជាទុកដីហ្នឹងទៅឱ្យក្រុមហ៊ុន ឱ្យបុគ្គលឯកជន បើគិតចឹង​អ្នកដែលរងគ្រោះគឺប្រជាពលរដ្ឋនោះហើយ»។

ពាក់ព័ន្ធនឹងរឿងវិវាទដីធ្លីស្រដៀងគ្នានេះដែរ កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២២ នេះ​តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅតំណាងពលរដ្ឋ​សហគមន៍សំរោងត្បូងចំនួន៧នាក់ ឱ្យចូលទៅបំភ្លឺនៅដើមខែសីហា ឆ្នាំ២០២២ ​ពាក់ព័ន្ធ​នឹងការចោទប្រកាន់ពីបទ រារាំង ញុះញង់ បង្កើតសកម្មភាព​អនាធិបតេយ្យតាមដងផ្លូវ​សាធារណៈ។

កាលពីចុងឆ្នាំ២០២១នេះ អង្គការលីកាដូ បានចេញផ្សាយរបាយការណ៍មួយថា រយៈ​ពេល​ពីរឆ្នាំចុងក្រោយ ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ អង្គការសិទ្ធិមនុស្សមួយនេះ បាន​រកឃើញថា ប្រជាពលរដ្ឋជាង៥០០០ គ្រួសារ រងនូវការរំលោភបំពានដីធ្លី និង​លំនៅ​ដ្ឋាន។ របាយការណ៍ដដែលបន្តថា សមាជិកសហគមន៍ និងសកម្មជនដីធ្លីចំនួន ២១នាក់ ត្រូវបាន​ឃាត់ខ្លួន ក្នុងនោះមាន ១០នាក់កំពុងជាប់ពន្ធនាគារផងដែរ៕

281 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម