សមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ប្រហែល៤០នាក់បានប្រមូលផ្ដុំគ្នានៅមុខក្រសួងការងារ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីតាមដានលើបណ្ដឹងរបស់ខ្លួនដែលបានដាក់កាលពីខែមករា កម្លងមក។
វិវាទការងាររវាងបុគ្គលិក និងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍បានអូសបន្លាយបីឆ្នាំហើយគិតមកដល់ពេលនេះ និងកំពុងរង់ចាំដំណោះស្រាយពីក្រសួងការងារ។ សមាជិកសហជីពចង់ឲ្យលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារជួយដោះស្រាយវិវាទដោយយុត្តិធម៌ និងតម្លាភាព ដោយជំរុញឲ្យថ្នាក់គ្រប់គ្រងក្រុមហ៊ុនណាហ្គារវើលដ៍គោរពលក្ខខណ្ឌការងារ ស្របទៅតាមសិទ្ធិរបស់សហជីពដែលមានចែងក្នុងច្បាប់ស្ដីពីការងារ និងអនុសញ្ញារបស់អង្គារអន្តរជាតិខាងការងារ ឬ ILO។
ក្រោយប្រមូលផ្ដុំបានប្រមាណ៣០នាទី មន្ត្រី និងអាជ្ញាធរបានមកឃ្លាំមើល និងសួរនាំសមាជិកសហជីបទាំងនោះ។ តំណាងកម្មករត្រូវបានហៅឲ្យចូលទៅក្នុងអគារ និងបានប្រគល់លិខិតមួយច្បាប់ទៅកាន់មន្ត្រី ដោយជំរុញឲ្យមានការផ្លាស់ប្តូរដំណោះស្រាយ។ យ៉ាងណា មន្ត្រីដែលទទួលលិខិតមិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់ក្នុងការឆ្លើយតបនោះទេ។
កញ្ញា ណុប ទិតបូរ៉ាវី សមាជិកសហជីព និងជាអតីតបុគ្គលិកណាហ្គាវើលដ៍ បានប្រាប់ខេមបូចាថា កញ្ញា និងសមាជិកសហជីពផ្សេងទៀតមកតាមដានបណ្ដឹងរបស់ខ្លួនដែលបានដាក់ទៅក្រសួងកាលពីខែមុន។
កញ្ញាឲ្យដឹងថា បើទោះបីជាជម្លោះបានកើតឡើងជិតបីឆ្នាំមកហើយក្ដី ប៉ុន្តែបុគ្គលិកមិនទាន់បានទទួលយុត្តិធម៌ ឬដំណោះស្រាយដែលស្របទៅតាមច្បាប់ស្ដីពីការងារនៅឡើយ។ កញ្ញាបន្តថា សមាជិកសហជីពបានទាមទារបីចំណុចសំខាន់ពីក្រុមហ៊ុនណាហ្គាវើលដ៍ ដែលថាបីចំណុចនេះជាអ្វីដែលសមាជិកសហជីពចង់ឲ្យក្រសួងដោះស្រាយ។
កញ្ញាបញ្ជាក់ថា សហជីពទាមទារឲ្យក្រុមហ៊ុនណាហ្គាវើលដ៍ទទួលបុគ្គលិកចំនួន២៩នាក់ឲ្យចូលបម្រើការនៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលណាហ្គាវើលដ៍វិញ និងបុគ្គលិក២៨១នាក់ ព្រមជាមួយនឹងសមាជិកនៃកម្មវិធីបណ្ដុះបណ្ដាលចំនួន១១នាក់ដែលបានចូលរួមតវ៉ាកន្លងមកឲ្យចូលធ្វើការវិញដូចគ្នា។ ក្រៅពីនេះ បុគ្គលិកចំនួន៨៥នាក់ដែលត្រូវក្រុមហ៊ុនបញ្ឈប់ដោយខុសច្បាប់ ក៏ត្រូវទទួលឲ្យចូលធ្វើការវិញដែរ។ កញ្ញាបន្តថា អ្នកទាំងនេះក៏ត្រូវទទួលបានប្រាក់បំណាច់អតីតភាពការងារគិតពីថ្ងៃដែលត្រូវបានបញ្ឈប់ រហូតដល់ថ្ងៃចូលធ្វើការវិញផងដែរ។
កញ្ញាឲ្យដឹងទៀតថា៖ «ខ្ញុំសង្ឃឹមថារដ្ឋមន្ត្រីថ្មីនឹងជួយដោះស្រាយវិវាទនេះ ព្រោះវាបានអូសបន្លាយជាយូរមកហើយ។ បើសិនជាគាត់ពិតជាចង់ដោះស្រាយមែន ខ្ញុំគិតថាមិនស៊ីពេលយូរទេ»។
កញ្ញាបានបន្ថែមថា ក្រុមហ៊ុនណាហ្គាវើលដ៍បានប្រើប្រាស់ហេតុផលវិបត្តិកូវីដ-១៩ ជាលេសដើម្បីបញ្ឈប់បុគ្គលិកជាង ១ ០០០នាក់ ហើយភាគច្រើនជាសមាជិករបស់ហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍។ ហេតុនេះហើយ បានជាសមាជិកទាមទារសិទ្ធិពួកគេតាមរយៈច្បាប់ ដើម្បីបានការងារ និងអត្ថប្រយោជន៍មកវិញ។
សមាជិកសហជីបពម្នាក់ទៀត គឺលោក ណាំ ទីវ័ន្ត ប្រាប់ សារព័ត៌មានខេមបូចា ថា វិវាទបានកើតឡើងចំនួន ១ ១២៧ថ្ងៃមកហើយគិតតាំងពីថ្ងៃតវ៉ាដំបូងមក។
លោកបានច្រានចោលនូវពាក្យចចាមអារ៉ាមថា បុគ្គលិកបានទទួលយកដំណោះស្រាយ ដោយបញ្ជាក់ថាមិនទាន់មានដំណោះស្រាយណាមួយសមស្រមតាមច្បាប់នៅឡើយ។
លោកបន្តថា៖ «វាគ្រាន់តែជាពាក្យចចាមអារ៉ាមបំភាន់មតិសាធារណជន ហើយវាមិនយុត្តិធម៌ទេសម្រាប់បុគ្គលិកដែលជាជនរងគ្រោះ»។
លោកបានរិះគន់ថា៖ «អ្នកដែលបណ្ដោយឲ្យវិវាទបន្តអូសបន្លាយ» ដោយថានេះមិនបង្ហាញពីការគោរពដល់ច្បាប់កម្ពុជា និងបណ្តាឱ្យជនបរទេសមើលងាយកម្មករម្ចាស់ស្រុក និងធ្វើឲ្យប៉ះពាល់មុខមាត់រដ្ឋាភិបាល។
លោកបន្តថា៖ «ក្រសួងមិនត្រូវអនុញ្ញាតឲ្យម្ចាស់ណាហ្គាវើលដ៍មិនគោរពច្បាប់កម្ពុជាបែបនេះទេ។ យើងចង់ឲ្យក្រុមហ៊ុនណាហ្គាវើលដ៍ដោះស្រាយវិវាទដោយផ្អែកលើច្បាប់ មិនមែនប្រើប្រាស់លុយដើម្បីបញ្ឈប់ការតវ៉ានោះទេ»។

លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ប្រាប់ សសារព័ត៌មានខេមបូចា ថា ជម្លោះដែលកើតមានរយៈពេលបីឆ្នាំដោយមិនមានដំណោះស្រាយបែបនេះ បានធ្វើឲ្យអតីតបុគ្គលិករងទុក្ខជាច្រើន។
លោកស្រីបន្តថា៖ «សម្រាប់ខ្ញុំ បើសិនជាយើងមើលលើសិទ្ធិកម្មករ ពេលដែលមានជម្លោះ វាមានន័យថាពួកគាត់ស្នើឲ្យមានដំណោះស្រាយ ឬមានកិច្ចអន្តរាគមន៍ពីក្រសួង ប៉ុន្តែករណីនេះបានអូសបន្លាយយូរពេកហើយ ហើយពួកគាត់មិនទាន់បានដំណោះស្រាយទៀត»។
គិតមកដល់ពេលនេះ ក្រសួងបានជួយរកដំណោះស្រាយចំនួន២១ដងមកហើយ ប៉ុន្តែនៅមិនទាន់អាចឈានដល់ការព្រមព្រៀងរវាងភាគីទាំងពីរនៅឡើយ។ លោកស្រីយល់ថាការទាមទាររបស់បុគ្គលិកគឺនៅ «ឆ្ងាយ» ពីអ្វីដែលក្រុមហ៊ុន និងក្រសួងស្នើឡើង។ ដូចនេះ អតីតបុគ្គលិកទាំងនេះមានតែជ្រើសរើសយកការទាមទារសិទ្ធិតាមរយៈការតវ៉ា ដើម្បីបានទទួលសិទ្ធិដែលផ្ដល់ដោយច្បាប់។
លោកស្រីបន្តថា៖ «ពួកគាត់គ្រាន់តែចង់ទាមទារសិទ្ធិរបស់សហជីពនៅកន្លែងការងារ។ ដូចនេះ ឆន្ទៈរបស់បុគ្គលិកគឺច្បាស់លាស់ ប៉ុន្តែបើមើលលើដំណោះស្រាយវិញ គឺឲ្យពួកគាត់ទទួលលុយ និងឈប់ពីការងារ»។
ចំណែកអ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន មានប្រសាសន៍ថា ក្រសួងបានព្យាយាម រកដំណោះស្រាយលើជម្លោះនេះជាច្រើនដងសម្រាប់អតីតបុគ្គលិកណាហ្គាវើលដ៍ ដោយផ្អែកតាមនីតិវិធីដោះស្រាយជម្លោះស្របទៅតាមច្បាប់ស្ដីពីការងារ។
លោកបន្តថា៖ «ដូចនេះ សូមបញ្ជាក់ថាក្រសួងលែងមានសមត្ថកិច្ចដោះស្រាយករណីនេះហើយ។ បើសិនជាពួកគាត់មិនពេញចិត្តនឹងដំណោះស្រាយ ពួកគាត់អាចដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ ដែលជាកន្លែងអាចបញ្ចប់ជម្លោះនេះបាន»។
លោកឲ្យដឹងទៀតថា អតីតបុគ្គលិក២៩៣នាក់ក្នុងចំណោម៣៧៨នាក់បានព្រមទទួលយកដំណោះស្រាយ ដោយបានទទួលយកប្រាក់បំណាច់អតីតភាពការងារ និងនៅសល់៨០នាក់ផ្សេងទៀតនៅមិនទាន់យល់ព្រម។ ដូចគ្នាដែរ ភាគច្រើននៃអ្នកទាំង៨០នាក់ដែលនៅសល់នោះ ក៏មានការងារផ្សេងធ្វើហើយដែរ និងនៅមានប្រហែល២០នាក់ប៉ុណ្ណោះដែលនៅបន្តតវ៉ា។
លោកបន្ថែមថា៖ «រឿងដែលសំខាន់បុគ្គលិកយល់ពីនីតិវិធីដោះស្រាយជម្លោះ។ គេមិនអាចវិលទៅរករឿងតាំងពីដើមមកវិញទេ ដូចនេះមានមធ្យោបាយតែមួយដែលបន្តនីតិវិធី គឺដាក់បណ្ដឹងទៅតុលាការដើម្បីរកដំណោះស្រាយ»។
សមាជិកហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍បានចាប់ផ្ដើមតវ៉ាកាលពីខែធ្នូ ឆ្នាំ២០២១ លើការសម្រេចបញ្ឈប់បុគ្គលិកជាលក្ខខណៈទ្រង់ទ្រាយធំចំពេលមានវិបត្តិកូវីដ-១៩។ ការបញ្ឈប់នេះរួមមានប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីពសំខាន់ៗជាច្រើនរួបផ្សេងទៀត។
កញ្ញា ឈឹម ស៊ីថរ ក្រោយមកត្រូវបានចោទប្រកាន់ពីបទញុះញង់ ឬបង្កភាពវឹកវដល់សន្តិសុខសង្គម និងបានកាត់ទោសឲ្យជាប់ពន្ធនាគារពីរឆ្នាំកាលពីឆ្នាំ២០២៣។ កញ្ញាត្រូវបានដោះលែងវិញនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
បើតាមអង្គការ លីកាដូ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ និងកាត់ទោសមនុស្សប្រាំបីនាក់ផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍កាលពីឆ្នាំ២០២៣។ ចាប់តាំងពីផ្ទុះការតវ៉ាមក អតីតបុគ្គលិកទាំងនោះត្រូវបានរាយការណ៍ថាបានរងនូវអំពើហិង្សាលើរាងកាយ និងពាក្យសម្ដី ព្រមទាំងមានការបៀតបៀនលើរាងកាយពីអាជ្ញាធរមូលដ្ឋាន និងក្រុមសន្តិសុខក្រុមហ៊ុនផងដែរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ LRSU Members Gather to Urge Labor Ministry to Expedite Resolution to Three-Year Labor Dispute