យុទ្ធនាការចុះបង្ក្រាបបទល្មើសទន្ទ្រានដីរដ្ឋនៅខេត្តពោធិ៍សាត់មានការចូលរួមពីក្រុមការងារចំនួន១០ ក្នុងនោះមានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអាជ្ញាធរខេត្តពោធិ៍សាត់។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១៦រូប ដែលពេលនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដើម្បីអនុវត្តនីតិវិធីបន្ត។ ជនសង្ស័យម្នាក់ត្រូវបានចោទប្រកាន់ថាបានចូលកាន់កាប់ដីរដ្ឋខុសច្បាប់។ ការឃាត់ខ្លួន និងការចោទប្រកាន់នេះធ្វើឡើងក្នុងយុទ្ធនាការប្រឆាំងនឹងបទល្មើសធនធានធម្មជាតិដែលត្រូវអនុវត្តក្នុងរយៈពេលមួយខែ។
មាត្រា២៥៩ នៃច្បាប់ស្ដីពីការគ្រប់គ្រងដីធ្លី បានចែងថាបុគ្គលណាដែលរកឃើញថាបានចូលកាន់កាប់ដីរដ្ឋដោយខុសច្បាប់ អាចជាប់ពន្ធនាគារពីមួយឆ្នាំទៅប្រាំឆ្នាំ និងពិន័យជាប្រាក់ពីប្រាំលានទៅ៥០លានរៀល។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មានប្រសាសន៍ថាការចុះបង្ក្រាបនេះធ្វើឡើងដើម្បីការពារការទន្ទ្រានដីរដ្ឋដោយខុសច្បាប់ និងពង្រឹងការអនុវត្តច្បាប់នៅក្នុងតំបន់ការពារឲ្យបានទាន់ពេលវេលា។
បើតាមសេចក្ដីរាយការណ៍របស់ខេមបូចាកាលពីថ្ងៃទី១៩ ខែមីនា ដែលមានរយៈពេលមួយសប្ដាហ៍នៃការចុះអនុវត្តយុទ្ធនាការបង្រ្កាបបទល្មើស លោក អាទិត្យា ឲ្យដឹងថាផ្ទៃដីចំនួន ៤ ៧៤៧,១៤ហិកតា ក្នុងតំបន់ការពារនៅភ្នំក្រវាញ និងស្រុកវាលវែង ក្នុងខេត្តពោធិ៍សាត់ត្រូវបានដកហូត។
លោក អាទិត្យា បានប្រាប់ខេបូចាកាលពីថ្ងៃព្រហស្បតិ៍ថាក្នុងប្រតិបត្តិការកន្លងមកនេះ ក្រុមការងារបានរុះរើខ្ទមចាំដីចំនួន២៥៣ខ្ទម ដែលជនសង្ស័យបានសង់ឡើង និងបានដកហូត រណាយន្តចំនួន១៨គ្រឿង កាំបិតចំនួនប្រាំមួយ ម៉ូតូប្រាំគ្រឿង និងគោយន្តចំនួនមួយ។ ជាមួយមួយគ្នានោះដែរ បង្គោលរបងចំនួន២ ១៧៧ដើមដែលប្រើព័ន្ធដី ក៏ត្រូវបានដកហូតផងដែរ។
ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ លោកស្រី ខាំ វណ្ណមុន្នីរ័ត្ន បានបដិសេធផ្ដល់ព័ត៌មានទាក់ទងនឹងការឃាត់ខ្លួននេះ។ ពេលសួរថាតើតុលាការបានចោទប្រកាន់ និងឃុំខ្លួនអ្នកទាំងនោះពីបទអ្វីខ្លះ លោកស្រី វណ្ណមុនីរ័ត្ន បានប្រាប់ឲ្យសារព័ត៌មានខេមបូចាធ្វើបញ្ជីឈ្មោះជនសង្ស័យ និងសំណុំរឿងមួយៗជាក់លាក់។
លោក អាទិត្យា ឲ្យដឹងទៀតថា ក្រុមការងារក៏បានណែនាំឲ្យអ្នកស៊ីឈ្នួលធ្វើការប្រចាំថ្ងៃនៅលើដីចម្ការរបស់ជនសង្ស័យកុំឲ្យត្រឡប់មកដីដែលដកហូតនោះវិញទៀត និងបានប្រាប់អ្នកទាំងនោះឲ្យត្រឡប់ទៅផ្ទះវិញ។
អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណួររបស់ខេមបូចានោះដែរ។ ក្រោយពីបានទាក់ទងតាមទូរសព្ទជាច្រើនដងតាំងពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ លោកបានឆ្លើយថា «ខ្ញុំមិនអាចនិយាយបានទេ ខ្ញុំកំពុងជាប់ប្រជុំ»។ សំណួរដែលបានផ្ញើជូនលោកតាមតេឡេក្រាម ក៏លោកមិនបានចូលមើល និងឆ្លើយតបដែរ។
គួររំលឹកថា ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ផ្តើមចេញពីកិច្ចប្រជុំរវាងក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងកងរាជអាវុធហត្ថ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងខេត្តពោធិ៍សាត់។ ប្រតិបត្តិការនេះក៏ត្រូវបានអនុវត្តតាមបញ្ជារបស់រដ្ឋាភិបាលឲ្យពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងលុបបំបាត់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅក្នុងតំបន់ការពារ។

លិខិតមួយរបស់ក្រសួងបរិស្ថានបានបង្ហាញពីការតាំងចិត្តរបស់ក្រសួងជាមួយអាជ្ញាធរមូលដ្ឋានក្នុងការពង្រឹងការអនុវត្តច្បាប់។ តាមរយៈលិខិតនេះ ក្រសួងបានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធដែលគ្រប់គ្រងលើតំបន់ការពារ «ពង្រឹងការអនុវត្តច្បាប់ឲ្យបាន១០០ភាគរយ» ដោយមិនមានការលើកលែង និងបញ្ចប់វប្បធម៌ដោះលែងជនប្រព្រឹត្តល្មើស។
លិខិតដដែលសរសេរទៀតថា៖ «ក្នុងន័យនេះ វិធាការតឹងរឹងត្រូវតែអនុវត្តដើម្បីការពារ លុបបំបាត់ និងបង្ក្រាបសកម្មភាពខុសច្បាប់នានានៅក្នុងតំបន់ការពារ ឲ្យស្របទៅតាមច្បាប់ និងបទបញ្ញត្តិនានាជាមួយនឹងការទទួលខុសត្រូវខ្ពស់»។
លោក ខ្វៃ អាទិត្យា មានប្រសាសន៍ទៀតថា ប្រជាសហគមន៍ដែលប្រកបរបរចិញ្ចឹមជីវិតដោយការរកអនុផលព្រៃឈើគឺជា «អ្នកការពារដែលមិនអាចខ្វះបាន» ហើយក៏ត្រូវការសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីការពារព្រៃឈើដែលនៅសេសសល់។
លោកអះអាងថា៖ «នៅតាមតំបន់ការពារនីមួយៗ មានសហគមន៍មួយដែលត្រូវការសហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រោះពួកគាត់ក៏ពឹងផ្អែកលើធនធានធម្មជាតិសម្រាប់ជីវភាពប្រចាំថ្ងៃដែរ។ ធនធានធម្មជាតិមិនត្រឹមតែជាប្រភពនៃស្បៀងអាហារនោះទេ តែក៏ជាប្រភពចំណូលរបស់ហសគមន៍ផងដែរ»។
យ៉ាងណា សកម្មជនបរិស្ថានត្អូញត្អែរថាមន្ត្រីបរិស្ថានមិនសូវផ្ដល់កិច្ចសហការនោះទេ។ ផ្ទុយទៅវិញពួកគេថា ខាងមន្ត្រីតែងព្យាយាមហាមឃាត់សម្មជនក្នុងការចូលល្បាតព្រៃ ខណៈដែលមានសេចក្ដីរាយការណ៍ថាអ្នកកាប់ឈើខុសច្បាប់បានចូលទៅក្នុងព្រៃដើម្បីកាប់ឈើប្រណិត និងដឹកចេញពីតំបន់ដែនជម្រកសត្វព្រៃដោយមិនមានការចាប់ឃាត់ដាក់ទោសទណ្ឌនោះទេ។
ប្រធានរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ លោក ប៊ុន លី មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
ក្រសួងបរិស្ថានបានបង្ហោះផ្សាយរូបថតជាច្រើនសន្លឹកបង្ហាញពីប្រតិបត្តិការដែលមានការឃាត់ខ្លួនមនុស្សបីនាក់ និងដកហូតបានដីបន្ថែមចំនួន១ ៧០០ហិកតា រណាយន្តចំនួនបួនគ្រឿង ម៉ាស៊ីនកាត់ស្មៅចំនួនមួយ និងកាំភ្លើងកែច្នៃចំនួនមួយ កាលពីថ្ងៃពុធ។
លោក អូត ឡាទីន មន្ត្រីសម្របសម្រួលគម្រោងរបស់អង្គការបណ្ដាញយុវជនកម្ពុជា បានប្រាប់ខេមបូចាថាអាជ្ញាធរហាក់បានចាប់ខ្លួនតែប្រជាពលរដ្ឋសាមញ្ញដែលមិនបានកាន់កាប់ដីធំដំនោះទេ ដោយអ្នកទាំងនោះបានកាប់ឆ្ការដីតូចៗសម្រាប់ធ្វើចម្ការដើម្បីផ្គត់ផ្គង់ជីវភាព។
ជាមួយគ្នានេះដែរ លោកបានដាក់ការសង្ស័យថាអាជ្ញាធរបានអនុវត្តសកម្មភាពរបស់ខ្លួននៅមានកម្រិតចំពោះឈ្មួញឈើខុសច្បាប់ធំៗ ដែលគេជឿថាបានធ្វើសកម្មភាពកាប់ឈើខុសច្បាប់ទាំងថ្ងៃទាំងយប់នៅក្នុងតំបន់ការពារ។
លោកលើកឡើងថា៖ «ខ្ញុំមើលឃើញថាការចុះបង្ក្រាបនេះហាក់មិនសូវយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋសាមញ្ញដែលមានដីតិចតួច។ ពួកគាត់ធ្វើដូចនោះ ព្រោះពួកគាត់គ្មានដីសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត។ រដ្ឋាភិបាលថ្មីគួរពិចារណាឆ្វៀលដីទាំងនោះជាដីសង្គមកិច្ចសម្រាប់ប្រជាពលរដ្ឋក្រីក្រ»។
ដើម្បីលុបបំបាត់ការកាប់ឈើខុសច្បាប់ អាជ្ញាធរគួរតែស្វែងរកឈ្មួញឈើខុសច្បាប់ដែលបានធ្វើសកម្មភាពរបស់ខ្លួននៅក្នុងតំបន់ការពារ និងក្នុងដែនជម្រកសត្វព្រៃ ជាជាង «អនុវត្តតែលើជនក្រីក្រ»។
លោកបន្ថែមថា៖ «ពួកគេត្រូវតែដកអាជ្ញាបណ្ណពីក្រុមហ៊ុនឯកជនដែលទទួលបានដីសម្បទានសេដ្ឋកិច្ច ព្រោះថាដូចដែលបានឃើញអីចឹង ពួកគេបានបង្កវិនាសកម្មព្រៃឈើយ៉ាងខ្លាំង។ អ្នកមានអំណាច ឬឧកញ៉ាមួយចំនួន ហាក់បានទទួលប្រយោជន៍យ៉ាងច្រើនពីការកាប់បំផ្លាញព្រៃឈើទាំងនេះ»។
លោកបន្ថែមថារដ្ឋាភិបាលគួរពង្រឹងការអនុវត្តច្បាប់ចំពោះឈ្មួញឈើខុសច្បាប់ ដែលនាំឲ្យមានការកាប់បំផ្លាញព្រៃឈើក្នុងដែកជម្រកសត្វព្រៃ និងតំបន់ការពារជាងមួយទសវត្សន៍ចុងក្រោយនេះ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស Major Natural Resource Crackdown in Pursat Continues To Seize Land, Nab People, Dismantle Huts





