សមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅតែជួបបញ្ហាប្រឈម ជាពិសេសការរើសអើងផ្នែកនយោបាយ ដែលធ្វើឱ្យគ្រូមួយចំនួនត្រូវរត់ទៅជ្រកកោននៅបរទេសនិងមួយចំនួនទៀតត្រូវបានក្រសួងអប់រំបញ្ឈប់ពីក្របខណ្ឌដោយអះអាងថាមិនគោរពតាមវិជ្ជាជីវៈគ្រូបង្រៀន ខណៈសមាគមគ្រូបង្រៀថានេះជាការគំរាមកំហែងនិងបំបិទសិទ្ធិការបញ្ចេញមតិ។
អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងថា កន្លងមកបញ្ហាធំគឺការគំរាមកំហែងពីថ្នាក់ដឹកនាំសាលានិងខាងក្រសួងអប់រំ ជាពិសេសការរើសអើងផ្នែកនយោបាយតែម្ដងរហូតមានគ្រូបង្រៀនខ្លះត្រូវបានរត់គេចខ្លួនពីការតាមចាប់របស់អាជ្ញាធរ ក្នុងនោះមានគ្រូបង្រៀន៥នាក់កំពុងរត់គេចខ្លួននៅបរទេសនិងរកទីកន្លែងសុវត្ថិភាព។
អ្នកស្រីបន្ដថា៖ «លោកគ្រូអ្នកគ្រូដែលជាសមាជិក សមាជិការបស់សមាគមត្រូវខ្លាច ត្រូវគេហៅ ភាសាឱ្យងាយស្ដាប់ហើយទាន់សម័យ ទសវត្សរ៍២០២១នេះគឺលោកគ្រូអ្នកគ្រូយើងដែលចូលជាសមាជិកជាច្រើនគេហៅទៅផឹកទឹកតែ ទៅនិយាយឬក៏គំរាមកំហែងទោះបីជាមិនប្រើអំពើផ្ដាច់ការពេក តែភាសាផ្អែមល្ហែមក្នុងនាមឱ្យលោកគ្រូអ្នកគ្រូយើងឈឺចាប់ គឺឱ្យពួកគាត់ខ្លាច ភាសាប្រយ័ត្នលុបក្របខណ្ឌដូច រ៉ុង ឈុន អ៊ីចឹងទៅ នេះជាសារមួយក្នុងន័យគំរាមកំហែងពួកគាត់»។
ប្រធានសមាគមរូបនេះបន្ដថា បញ្ហាប្រឈមរបស់គ្រូបង្រៀនមិនអាចលុបបំបាត់នោះទេ ដរាបណាក្រសួងអប់រំស្ថិតនៅក្រោមនិន្នាការគណបក្សនយោបាយឬក៏គណបក្សកាន់អំណាចប៉ះឥទ្ធិពលហ្នឹងគឺនៅតែមានការគំរាមកំហែង នៅតែមានការបំភិតបំភ័យទៅលើលោកគ្រូអ្នកគ្រូ អត់អាចកាត់បន្ថយបានទេ។
អ្នកស្រី ឆាយ៉ាវី បន្ដថា៖ «យើងឃើញហើយករណីចុងក្រោយនេះមានការចាប់ខ្លួនរបស់លោកគ្រូ៥នាក់ ហីនិងការផ្ដាច់ក្របខណ្ឌពីក្រសួងអប់រំចំនួន១១នាក់ នេះហើយដែលយើងថាយើងមិនទាន់ចចារ មិនអាចទទួលការដោះស្រាយបាននៅឡើយជាមួយក្រសួង»។
អ្នកស្រី ឆាយ៉ាវី បន្ដថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅតែទទួលបានការរើសអើងពីក្រសួងអប់រំ បើទោះបីមានអង្គការអប់រំអន្ដរជាតិដែលមកជួយឃ្លាំមើលក្នុងស្រុកក្ដី ប៉ុន្ដែអ្នកស្រីថាខាងក្រសួងនៅតែបន្ដរើសអើង។
អ្នកស្រីឱ្យដឹងថា «អ្វីដែលយើងឃើញសុំឱ្យក្រសួងអប់រំកែប្រែនូវបញ្ហារើសអើង ដើម្បីឱ្យវិស័យអប់រំប្រសើរឡើងលុះត្រាតែក្រសួងព្រមកែប្រែនិងទទួលយកនូវអ្វីដែលជាការឆកល្វែង»។
អ្នកស្រីបានបញ្ជាក់ថា សម្រាប់ករណីលោកគ្រូដែលរត់ភៀសខ្លួនទៅស្រុកក្រៅ ពួកគាត់បានទៅទាំងគ្រួសារដូច្នេះខាងសមាគមអ្នកស្រីមិនបានដាក់សំណើណាមួយដើម្បីជួយអន្ដរាគមន៍នោះទេ ពីព្រោះក្របខណ្ឌរបស់ពួកគាត់ត្រូវបានកាត់ជាស្ថាពរដោយសារតែពួកគាត់គេចពីការចាប់ខ្លួននិងការគំរាមកំហែងផ្សេងៗ។
អ្នកស្រី ឆាយ៉ាវី លើកឡើងទៀតថា កន្លងទៅសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានចេញសេចក្ដីប្រកាសព័ត៌មានមួយបង្ហាញលទ្ធផលនៃការអង្កេតថ្នាក់ជាតិ ទៅលើវិស័យអប់រំឆ្នាំ២០១១ ចំនួន១៧ខេត្ដក្រុង បានរកឃើញបញ្ហាធំៗបី ដែលគ្រូបង្រៀននៅទូទាំងប្រទេសកំពុងប្រឈមមុខ គឺបញ្ហាប្រាក់ខែ អំពើពុករលួយ ខ្វះខាតការផ្គត់ផ្គង់ ការបណ្ដុះបណ្ដាល និងសម្ភារៈសិក្សា។
ចំណែកឯអ្នកស្រី វង រុន្នី អាយុ៤៨ឆ្នាំ ជាគ្រូបង្រៀនគរុកោសល្យប្រចាំខេត្តព្រះសីហនុដែលត្រូវបានគេបញ្ឈប់ពីក្រមខណ្ឌ បានឱ្យដឹងថា មុននឹងក្រសួងអប់រំបានបញ្ចប់ក្របខណ្ឌអ្នកស្រីដោយសារកាលពីមុនអ្នកស្រីបានឈរឈ្មោះជាប្រធានខេត្តឱ្យគណបក្សសង្រ្គោះជាតិ និងបានជាតំណាងប្រចាំខេត្តព្រះសីហនុ បន្ទាប់ពីជាប់អ្នកស្រីបានជាប់លក្ខណៈពិសេសដោយអាចព្យួរឈ្មោះបាន៥ឆ្នាំ តែក្រោយមកគណបក្សសង្រ្គោះជាតិរំលាយទៅ អ្នកស្រីបានទៅសួរមន្ទីរអប់រំ ខាងមន្ទីរថាមិនអីទេ ប៉ុន្ដែក្រោយពីអ្នកស្រីចូលបង្រៀនបានមួយអាទិត្យស្រាប់តែឈ្មោះអ្នកស្រីត្រូវបានដកចេញពីក្របខណ្ឌ ទាំងអ្នកស្រីមិនដឹងខ្លួន។
អ្នកស្រីបានចាត់ទុកថា៖ «ខ្ញុំគិតថាការបញ្ចប់ក្របខណ្ឌខ្ញុំជាគ្រូបង្រៀនហ្នឹង ខ្ញុំដឹងថាវាគឺមានភាពអយុត្ដិធម៌ចំពោះខ្ញុំ ខ្ញុំគិតថាការបញ្ចប់ក្របខណ្ឌខ្ញុំ គឺជាការរើសអើងផ្នែកនយោបាយ ដោយសារខ្ញុំជាអតីតសមាជិករបស់គណបក្សសង្រ្គោះជាតិ ហើយខ្ញុំបានជាប់ជាក្រុមប្រឹក្សាក្រុង»។
អ្នកស្រីបន្ថែមទៀតថា ចំពោះអ្នកស្រីមិនថាក្រសួងអប់រំឬក៏ក្រសួងផ្សេងទេ ជាពិសេសរដ្ឋាភិបាលគួរតែពិនិត្យឡើងវិញលើការរើសអើងផ្នែកនយោបាយចំពោះអ្នកធ្វើការឬក៏គាំទ្រគណបក្សផ្សេងដែលផ្ទុយពីគណបក្សប្រជាជន អ្នកស្រីថាគួរតែមានការអនុវត្តច្បាប់ឱ្យស្មើភាពគ្នា ពីព្រោះនៅក្នុងច្បាប់ចែងថាពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងការចូលរួមនិងបញ្ចេញមតិទៅតាមការយល់របស់ខ្លួន។
ជាមួយគ្នានេះលោក ហ៊ី សម្បត្ដិ អាយុ៤៤ឆ្នាំ ជាគ្រូបង្រៀនគរុកោសល្យប្រចាំខេត្តសៀមរាបនិងជាសមាជិកសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា បានប្រាប់ថា គ្រូបង្រៀនបច្ចុប្បន្ននេះកំពុងតែជួបបញ្ហាប្រឈមជាច្រើនដែលត្រូវបានក្រសួងអប់រំបញ្ឈប់ពីក្របខណ្ឌរដ្ឋដោយសារបញ្ហានយោបាយនេះជាបញ្ហាធំបំផុត និងជាចំណុចដែលខាងក្រសួងដាក់ជាបញ្ហាចម្បងក្នុងការបញ្ឈប់គ្រូបង្រៀន។
លោក សម្បត្តិ បន្តថា តាមដែលលោកដឹងមានគ្រូបង្រៀន២១នាក់ហើយក្នុងនោះមានគ្រូក្នុងខេត្តសៀមរាបចំនួន៤នាក់ដែលត្រូវបានក្រសួងដកចេញ លោកថាបើពាក់ព័ន្ធនិងការបង្រៀនដូចជាមិនអីទេ បញ្ហាធំគឺរឿងនយោបាយតែម្ដង។
លោក សម្បត្តិ បញ្ជាក់ថា៖ «គ្រូបង្រៀននៅសៀមរាបដែលគេដក និយាយឱ្យចំទាក់ទងនឹងស្ថានភាពនយោបាយ គេថាយើងមិនគោរពទៅតាមក្រសួងអប់រំ ប៉ុន្ដែគ្រូដែលគេដកហ្នឹងពួកគាត់គឺគោរពណាស់។ មួយទៀតដោយសារតែគេយល់ថាជាគណបក្សប្រឆាំង គណបក្សដែលគេមិនប្រកាន់អាហ្នឹងអត់អីទេ តែគណបក្សដែលគេប្រកាន់គឺគេដកក្របខណ្ឌទាំង៤នាក់ អានេះយើងមើលឃើញជាក់ស្ដែង»។
លោកថ្លែងទៀតថា កន្លងមកគ្រូបង្រៀនដែលក្រសួងបានដកចេញពីក្របខណ្ឌបាននាំគ្នាប្ដឹងតវ៉ាដើម្បីបានចូលបង្រៀនវិញ ប៉ុន្ដែមកដល់ពេលនេះការទាមទាររបស់ពួកគាត់មិនទាន់មានដំណោះស្រាយនោះទេ។
លោកបន្ថែមថា៖ «ក្រសួងគួរតែគិតគូរកុំយកបញ្ហានយោបាយដាក់បន្ទុកឬក៏បញ្ឈប់គ្រូបង្រៀនទៀតអី និងស្នើឱ្យក្រសួងមេត្តាផ្ដល់ក្របខណ្ឌឱ្យគ្រូៗដែលបានដកចេញមកឱ្យពួកគាត់វិញ»។
ជុំវិញការចោទប្រកាន់ថាក្រសួងអប់រំយុវជននិងកីឡាស្ថិតនៅក្រោមឥទ្ធិពលរបស់គណបក្សកាន់អំណាចត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោលនិងបានលើកឡើងថា គ្រូបង្រៀនជាមន្ដ្រីរាជការស្ថិតនៅក្រោមអាណាព្យាបាលរបស់រាជរដ្ឋាភិបាល មិនមែនក្រោមគណបក្សប្រជាជនកម្ពុជាទេ លោកថាការដាក់ទណ្ឌកម្មឬមួយវិវាទអីផ្សេងៗដែលពាក់ព័ន្ធនឹងគ្រូបង្រៀនកន្លងមកវាជាការដោះស្រាយតាមផ្លូវច្បាប់។
លោក ឥសាន ថ្លែងថា៖ «មានតែរាជរដ្ឋាភិបាលនិងក្រសួងអ់រំទេ ដែលលោកមានតួនាទីភារកិច្ចសម្រេចលើករណីរបស់លោកគ្រូអ្នកគ្រូមួយចំនួនដែលពាក់ព័ន្ធហ្នឹង មិនមែនគណបក្សប្រជាជនកម្ពុជាទេ សុំកុំឱ្យច្រឡំ គ្រាន់តែថា រាជរដ្ឋាភិបាលជារាជរដ្ឋាភិបាលរបស់គណបក្សឈ្នះឆ្នោតគឺគណបក្សប្រជាជនកម្ពុជាហ្នឹងឯង»។
អ្នកនាំពាក្យរូបនេះបន្ដថា ការលើកឡើងរបស់សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាមិនត្រឹមត្រូវនិងគ្រាន់តែវាយប្រហារដើម្បីយកប្រជាប្រិយភាពដោយសារតែជិតដល់ថ្ងៃបោះឆ្នោតខាងមុខ ហើយគណបក្សប្រជាជនដឹងតួនាទីខ្លួនឯងច្បាស់មិនមែនចេះតែលូកដៃការងាររបស់រាជរដ្ឋាភិបាលនោះទេ ដូច្នេះសុំកុំមានការយល់ច្រលំ។
ពាក់ព័ន្ធបញ្ហានេះលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ មិនបានឆ្លើយនឹងសំណួរអ្នកសារព័ត៌មានយើងដែលបានសួរពីការប្រឈមរបស់គ្រូបង្រៀននោះទេ លោកបែរជាឆ្លើយពាក់ព័ន្ធនិងទិវាគ្រូបង្រៀន ៥ តុលា ២០២២ ប្រព្រឹត្តទៅក្រោមប្រធានបទ «គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើងវិញ»។
លោកបន្ដថា ក្រសួងអប់រំ ផ្តោតលើការលើកកម្ពស់ជីវភាព និងគុណវុឌ្ឍិរបស់គ្រូបង្រៀនសម្រាប់ចូលរួមចំណែកពង្រឹងគុណភាពអប់រំដូចមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០១៩-២០២៣ ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្សសម្រាប់ប្រែក្លាយសេដ្ឋកិច្ចកម្ពុជាឱ្យមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
លោកបន្ដថា៖ «ក្នុងបរិការណ៍នេះ គ្រូបង្រៀនបន្តដើរតួនាទីសំខាន់មួយក្នុងការលើកកម្ពស់គុណភាពរៀន និងបង្រៀន»។
ជុំវិញបញ្ហានេះ ខេមបូចា មិនអាចសុំការបំភ្លឺពីលោកបណ្ឌិត ឈត ប៊ុនថង ជាមន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិត្យសភាកម្ពុជាបានទេ ប៉ុន្ដែលោកធ្លាប់បានលើកឡើងជាកាសែតក្នុងស្រុកថានៅក្នុងសង្គមកម្ពុជាមិនបានបង្ហាញច្បាស់ថាជាការរើសអើង ឬការប្រកាន់និន្នាការនយោបាយចំពោះគ្រូបង្រៀននោះទេ ពោលគឺត្រូវការការសិក្សាស្រាវជ្រាវច្បាស់លាស់ជាមុនសិន។
លោក ប៊ុនថង លើកឡើងថា៖ «ជាក់ស្តែងដូចជាករណីដែលមានការប៉ុនប៉ងរឹតត្បិត ឬប្រើហិង្សាផ្សេងៗលើគ្រូបង្រៀន ក៏មិនអាចចាត់ទុកជាការរើសអើង ឬការប្រកាន់និន្នាការនយោបាយចំពោះគ្រូបង្រៀនដែរ ព្រោះវាក៏អាចជាបញ្ហារវាងបុគ្គលនិងបុគ្គល»។
កាលពីខែសីហាឆ្នាំ២០២២កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការទាំងអស់ ដោយក្នុងនោះគ្រូបង្រៀន ត្រូវបានចាត់ទុកជាគោលដៅសំខាន់ដែលនឹងត្រូវបានដំឡើងច្រើនជាងគេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជា អ្នកចូលនិវត្តន៍ ឬតួអង្គដែលធ្វើការឱ្យរដ្ឋ សុទ្ធតែត្រូវទទួលបានការដំឡើងបៀវត្សនៅឆ្នាំ២០២៣ខាងមុខនេះ។ ប៉ុន្តែលោកថា គ្រូពេទ្យ និងគ្រូបង្រៀននឹងទទួលបានការដំឡើងច្រើនជាងមន្ដ្រីរាជការផ្សេងៗ។ លោកនាយករដ្ឋមន្ត្រីចាត់ទុកដែរថា ប្រាក់ខែគ្រូបង្រៀនមិនអាចធ្វើអ្នកមានបានឡើយ ប៉ុន្ដែគ្រូបង្រៀនអាចជួយសិស្សធ្វើជាអ្នកមានបាន ដូច្នេះត្រូវតែយកចិត្ដទុកដាក់ចំពោះគ្រូបង្រៀន។
បើតាមឯកសាររបស់ក្រសួងអប់រំធ្លាប់បានបង្ហាញកាលពីឆ្នាំ២០១៩ថា ប្រាក់ខែគ្រូបង្រៀន សម្រាប់ក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តមឬហៅថាប្រភេទ (ក) ទទួលបានប្រាក់បៀវត្សអតិបរមាជាង២,១លានរៀល (២,១៦៥,០០០រៀល) និងអប្បបរមាជាង ១,៤លានរៀល (១,៤៦២,៥០០រៀល)។ ដោយឡែក សម្រាប់គ្រូកម្រិតបឋមឬប្រភេទ (គ) ទទួលបានប្រាក់បៀវត្សពីជាង ១,២លានរៀល (១,២៤២,៥០០ រៀល) ទៅជាង ១,៦លានរៀល (១,៦២៥,០០០ រៀល)។
លោកបានសង្កត់ធ្ងន់ថា៖ «ខ្ញុំយល់ឃើញថាគ្រូបង្រៀនទាំងអស់មានសេរីភាពេញលេញនៅក្នុងសេរីភាពជាមូលដ្ឋាន ដូច្នេះពួកគាត់មិនត្រូវបានមានការគំរាមកំហែងណាមួយនោះទេ ហើយយើងឃើញក្នុងមាត្រា៣៥នៃរដ្ឋធម្មនុញ្ញចែងយ៉ាងច្បាស់ថាពលរដ្ឋខ្មែរទាំង២ភេទមានសិទ្ធិយ៉ាងសកម្មចូលរួមក្នុងជីវភាពនយោបាយ សេដកិច្ច សង្គមនិងវប្បធម៌»។
លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គ លីកាដូ បានមើលឃើញថា បញ្ហារបស់លោកគ្រូអ្នកគ្រូដែលកំពុងប្រឈមនិងទទួលការរឹតត្បិត គួរតែផ្អែកលើសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ដូចជាគ្រូបង្រៀនសុទ្ធសឹងតែជាពលរដ្ឋ ទោះបីពួកគាត់ជាមន្ដ្រីរាជការក៏ដោយក៏ពួកគាត់ស្រលាញ់និងគាំទ្រជាមួយគណក្សនយោបាយណាមួយក៏មិនមានបញ្ហាអីដែរ។
លោក សំអាត បន្តថា «កុំឱ្យតែពួកគាត់យកការងារទៅបម្រើផលប្រយោជន៍គណបក្សនយោបាយបានវាខុសហើយការគំរាមកំហែងឬការរឹតត្បិតណាមួយវាជាការរំលោភច្បាប់ដែលមានចែងហើយ»។
មានករណីដោយឡែក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ កន្លងមក គ្រូបង្រៀននិងសិស្សវិទ្យាល័យទួលប្រាសាទសែនសុខ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននាំគ្នាដាក់ញត្ដិទៅក្រសួងអប់រំយុវជននិងកីឡា ដើម្បីឱ្យក្រសួងដកនាយកសាលាឈ្មោះ អ៊ុំ សុកំ ចេញ ក្រោយពីនាយកសាលាបានប្រព្រឹត្ដអំពើពុករលួយនិងភាពមិនប្រក្រតីជាច្រើន។
នៅក្នុងលិខិតមួយដែល ខេមបូចា ទទួលបានបញ្ជាក់ថា លោកគ្រូអ្នកគ្រូនិងសិស្សនៃវិទ្យាល័យទួលប្រាសាទសែនសុខបានដាក់ទៅរដ្ឋមន្ដ្រីក្រសួងអប់រំ លោក ហង់ ជូនណារ៉ុន ដើម្បីស្នើឱ្យក្រសួងផ្លាស់ប្ដូរនាយកសាលាចេញដោយសារនាយករូបនេះបានប្រព្រឹត្តអំពើពុករលួយជាច្រើន។
លិខិតដដែលបានថ្លែងថា អំពើពុករលួយដែលនាយកសាលាវិទ្យាល័យទួលប្រាសាទបានប្រព្រឹត្តមានដូចជា ទី១ មិនបង្ហាញតម្លាភាពថវិកាក្នុងការចំណាយផ្សេងៗ។ ទី២ ថវិកាចំណូលដែលសាលាទទួលបានពីការដេញថ្លៃ ភាស៊ីកង់និងតូបផ្សារ មិនដែលបានប្រកាសប្រាប់បុគ្គលិកពីការចំណាយផ្សេងៗឡើយ។ ទី៣ គប់គិតគ្នាលាក់បុគ្គលិកអសកម្ម ដែលមិនបានបំពេញការងារដោយប្រើពាក្យសម្ដីថា ខ្លួនមានឆន្ទានុសិទ្ធិ។ ទី៤ យកកូនប្រុសរបស់ខ្លួនដែលគ្មានវិជ្ជាជីវៈជាគ្រូបង្រៀន មកបង្រៀនជំនួសគ្រូដែលអសកម្មជាថ្នូរជាមួយការបើកយកប្រាក់បៀវត្សពីបុគ្គលិកដែលអសកម្មទាំងនោះនិងតែងតែប្រើអំណាច គាបសង្កត់ គំរាមកំហែង អសីលធម៌ ដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ លោកគ្រូ អ្នកគ្រូ ដែលកំពុងបំពេញការងារបង្រៀននិងដល់សិស្សានុសិស្សនិងមានករណីជាច្រើនទៀត។
យ៉ាងណាក្ដីលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៃវិទ្យាល័យទួលប្រាសាទសែនសុខ បាននិយាយក្នុងពាក្យបណ្តឹងថា៖ «យើងខ្ញុំទាំងអស់គ្នា មានការមិនពេញចិត្តជាខ្លាំងចំពោះលោក អ៊ុំ សុកំ ដែលជាមនុស្សអសីលធម៌ដោយគាត់តែងដើរញុះញង់ លាបពណ៌ ឆ្កឹះឆ្កៀល បំបែកបំបាក់សាមគ្គីផ្ទៃក្នុងនៅក្នុងអង្គភាព ខ្វះគុណធម៌ អាត្មានិយម ប្រកាន់បក្សពួក នៅតែផ្ទះ មកធ្វើការមិនដែលទៀងទាត់ឡើយ»។
គោលបំណងក្នុងលិខិតស្នើទៅក្រសួងអប់រំយុវជននិងកីឡា គឺពួកគាត់ស្នើសុំឱ្យរដ្ឋមន្ដ្រីក្រសួង លោក ហង់ ជូនណារ៉ុន មេត្ដាជួយត្រួតពិនិត្យ និងធ្វើការសម្រេចករណីខាងលើជូនពួកលោកដោយសេចក្ដីអនុគ្រោះ(ពីព្រោះលោកគ្រូអ្នកគ្រូមិនអាចធ្វើការងារក្រោមការគាបសង្កត់ផ្លូវចិត្តរបស់លោក អ៊ុំ សុកំ បន្ដទៀតបានឡើយ)។
ពាក់ព័ន្ធនិងរឿងនេះគ្រូបង្រៀននៅក្នុងវិទ្យាល័យទួលប្រាសាទសែនសុខ លោក វិចិត្រ(ឈ្មោះអ្នកសារព័ត៌មានដាក់ឱ្យ)បានប្រាប់ ខេមបូចា ថា ករណីនេះមានភាពអយុត្តិធម៌ខ្លាំងណាស់ចំពោះពួកលោក លោកថាកន្លងមកនាយកសាលារូបនេះតែងតែកោះហៅគ្រូណាដែលមិនព្រមបង់លុយយាមនិងបង្ខំសិស្សសាលាមួយចំនួនឱ្យផ្ដិតមេដៃដើម្បីក្នុងចេតនាប្ដឹងគ្រូបង្រៀនទៅវិញ ហើយពួកលោករងនូវការគំរាមកំហែងពីសកម្មភាពរបស់នាយកសាលានិងបានប្រើពាក្យអសុរសជាច្រើនទៀតដែលនាយកប្រើលើសិស្ស។
លោក វិចិត្រ បន្ដថា៖ «គាត់លាបពណ៌ចោទប្រកាន់គ្រប់បែបយ៉ាង លាបពណ៌គ្រូផ្សេងៗឱ្យពាក់ព័ន្ធនិន្នាការនយោបាយប្រឆាំងអីរបស់គាត់ផ្សេងៗច្រើន»។
លោកគ្រូរូបនេះបន្ដថា រាល់សកម្មភាពរបស់នាយក នាយករងនៃវិទ្យាល័យទួលប្រាសាទសែនសុខគឺបង្ហាញពីការគាបសង្កត់និងគំរាមកំហែងនិងមិនមានតម្លាភាពថវិកាចំពោះការចំណាយអីៗនៅក្នុងសាលា។
មិនខុសគ្នានោះទេ លោកគ្រូបង្រៀនវិទ្យាល័យម្នាក់ទៀត លោក ម៉ឺន ហាន បានចាត់ទុកថា វាជាអំពើពុករលួយ ជាបក្សជាពួក ដែលមិនគួរកើតមាន លោកថាកន្លងមកបុគ្គលិកម្នាក់គ្នាសកម្ម គ្រាន់តែគ្នាសុំឈប់៣ថ្ងៃបែរជាបង្កកប្រាក់ខែគ្នាទុកមិនព្រមបើកឱ្យគ្នា លោកថារឿងមួយទៀត គឺបុគ្គលិកមិនដែលឃើញមុខរាប់ខែបែរជាបានប្រាក់ខែ តែអ្នកធ្វើការប្រចាំតែងតែរងនូវការគំរាមកំហែងវិញ។
លោកថ្លែងយ៉ាងខ្លីថា៖ «សុំក្រសួងមេត្ដាជួយដោះស្រាយបញ្ហាហ្នឹងផង ពួកខ្ញុំមិនពេញចិត្តនាយកសាលាចឹងទេ»។
កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២កន្លងមក លោក អ៊ុំ សុកំ ក៏ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់បានអញ្ជើញដើម្បីដោះស្រាយបញ្ហាមិនប្រក្រតីមួយចំនួនទៅតាមការចោទប្រកាន់បណ្ដឹងរបស់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៃវិទ្យាល័យទួលប្រាសាទសែនសុខបានដាក់កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ប៉ុន្ដែនៅមិនទាន់បានសម្រេចជាផ្លូវការណាមួយទើបពួកគាត់បន្ដប្ដឹងទៅរដ្ឋមន្ដ្រីក្រសួងអប់រំបន្ថែមទៀត។
ជុំវិញរឿងនេះនាយកសាលានៃវិទ្យាល័យទួលប្រាសាទសែនសុខ លោក អ៊ុំ សុកំ បានឆ្លើយបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ចំពោះរូបលោក ដោយឆ្លើយតបថា រឿងរបស់លោកគឺកំពុងស្ថិតនៅដែនសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលក្នុងសេចក្ដីប្រកាសគឺបានបិទពេញក្នុងសាលា លោកថាមិនទាន់បានដល់ការសម្រេចរបស់ACUផង បែរជាពួកគាត់ដើរប្ដឹងគ្រប់កន្លែង ទៅសាលាក្រុងផង ទៅក្រសួងអប់រំ មន្ទីរអប់រំ។
លោកនាយកបន្ដថា៖ «ខ្ញុំបានឆ្លើយបំភ្លឺនៅACUហើយ ហើយបិទសេចក្ដីប្រកាសពេញសាលាតែពួកគាត់មិនមើល ហើយចេះតែដើរប្ដឹងខ្ញុំ វាអាចខូចកិត្ដិយសខ្ញុំដែរបង ទម្រាំរកខុសរកត្រូវឃើញបានត្រឹមតែម៉ាស្អុយឈ្មោះ ធ្វើឱ្យអង្គភាពខ្ញុំវាអាក្រក់ឈ្មោះចឹងឯង»។
លោកបានចាត់ទុកថា រឿងដែលលោកគ្រូអ្នកគ្រូដើរប្ដឹងលោកបានបង្កភាពរញ៉េរញ៉ៃនៅក្នុងអង្គភាពនិងមិនគួរកើតមាននោះទេ យ៉ាងណាលោកក៏បានស្នើឱ្យមហាជនធ្វើវិនិច្ឆ័យផង កុំចេះតែជឿតែម្ខាងនិងទុកឱ្យម្ខាងទៀតរងគ្រោះ លោកថារឿងវាមានហេតុ មិនមែននៅសុខៗបែរជាកើតរឿងពីម្ខាងបាននោះទេ។
បើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍ថា គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវដោះស្រាយករណីបាតុភាពផ្សេងៗនៅតាមគ្រឹះស្ថានសិក្សា ដោយចាត់វិធានការតាមទិដ្ឋភាពជាក់ស្តែង។ បើចាំបាច់ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ខេត្ត រាជធានី ដែលជាសេនាធិការតាមឋានានុក្រមនៃក្រសួងអប់រំ។
លោក សុវាចា បន្ថែមថា៖ «គុណភាពគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា និងគុណភាពគ្រូបង្រៀន អាចជះផលវិជ្ជមានលើគុណភាពអប់រំនៅទូទាំងប្រទេសកម្ពុជា។ ជាក់ស្តែង ការដំឡើងឋានៈវិជ្ជាជីវៈដល់បុគ្គលិកអប់រំជា «នាយកល្អ» និងជា «គ្រូល្អ» ជាកិច្ចការមួយក្នុងចំណោមកិច្ចការផ្សេងទៀតរបស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការបន្តលើកកម្ពស់គុណភាពគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា និងគុណភាពគ្រូបង្រៀន»។
ចំណែកឯអ្នកស្រី អ៊ុក ឆាយ៉ាវី ក៏បានបញ្ជាក់បញ្ហានេះថា អ្នកស្រីសប្បាយចិត្តនិងគាំទ្រចំពោះលោកគ្រូ អ្នកគ្រូដែលពួកគាត់ហ៊ានក្នុងការរើបម្រះពីការគំរាមកំហែង ជាពិសេសបានប្ដឹងតវ៉ាជនផ្ដាច់ការ អ្នកស្រីថា អ្នកស្រីចង់ឃើញវិស័យអប់រំឱ្យមានតម្លាភាពនិងកុំឱ្យអ្នកដឹកនាំផ្ដាច់ការ គាបសង្កត់ទាំងស្មារតីទាំងផ្លូវចិត្តរបស់លោកគ្រូអ្នកគ្រូ។
អ្នកស្រីបន្ថែមទៀតថា៖ «ខ្ញុំបើឃើញមានសាលាដែលគេហ៊ានប្ដឹងដើម្បីលុបបំបាត់អំពើពុករលួយ អាលួយនេះខ្ញុំអត់គាំទ្រ ខ្ញុំលើកទឹកចិត្តគាត់ឱ្យក្លាហានបែបនេះតទៅទៀត»។
អ្នកស្រី ឆាយ៉ាវី ក៏បានស្នើទៅក្រសួងអប់រំ យុវជន និងកីឡា គួរតែកុំបន្ដឱ្យសកម្មភាពអំពើពុករលួយបែបនេះបន្ដទៀត ពីព្រោះវាបានប៉ះពាល់ខ្លាំងដល់វិស័យអប់រំ ជាពិសេសដល់សិស្សានុសិស្សជាដើម ហើយអ្នកស្រីចង់ឃើញសាលាផ្សេងទៀតមានភាពក្លាហានក្នុងចូលរួមកំចាត់អំពើពុករលួយឬក៏បញ្ឈប់ការគំរាមកំហែងពីថ្នាក់ដឹងនាំទាំងឡាយ៕