អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានចេញលិខិតកោះហៅ លោក កឹម ជាតិ ជាអនុរដ្ឋលេខាធិការក្រសួងឱ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងបទល្មើសជំរិតទារបា្រក់ចំនួន១០ម៉ឺនដុល្លារនិងស្រា៤៨ដបពីក្រុមហ៊ុន ឈីវ ទីម៉ីច គ្រុប យោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃលើកឡើង។
យោងតាមលិខិតកោះហភមួយដែល ខេមបូចា ទទួលបានបង្ហាញថា អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃបានចេញលិខិតកោះហៅលោក កឹម ជាតិ អនុរដ្ឋលេខាធិការឱ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣វេលាម៉ោង៨និង៣០នាទីព្រឹក នៅអគ្គស្នងការដ្ឋាននគរបាលជាតិ តាមបណ្ដឹងរបស់ក្រុមហ៊ុន ឈីវ ទីម៉ីច គ្រុប ពាក់ព័ន្ធនឹងការជំរិតទារប្រាក់១០ម៉ឺនដុល្លារ និងស្រា៤៨ដបពីក្រុមហ៊ុន។
បើតាម លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងប្រាប់តាមប្រព័ន្ធតេឡេក្រាមថា លោក កឹម ជាតិ ពិតជាត្រូវបានព្រះអង្គមហាក្សត្រចេញអនុក្រឹត្យបញ្ចប់តំណែងពិតមែន ក្រោយពីលោក កឹម ជាតិ បានប្រព្រឹត្ដបញ្ហាជាមួយក្រុមហ៊ុន ឈីវ ទីម៉ីច និងបានទារលុយ១០ម៉ឺនដុល្លារ និងស្រាជាង៤០ដប។ លោកបន្ដថា ករណីលោក កឹម ជាតិ នេះក្រសួងបានចេញលិខិតកោះហៅឱ្យចូលខ្លួនបំភ្លឺនៅអគ្គស្នងការនគរបាលជាតិ។
លោកបានបញ្ជាក់ថា ក្នុងករណីសាមីខ្លួនមិនចូលបំភ្លឺ ក្រសួងនឹងបន្ដនីតិវិធីតាមផ្លូវច្បាប់ ប៉ុន្តែយ៉ាងណាលោកសង្ឃឹមថា លោក កឹម ជាតិ នឹងចូលខ្លួនតាមលិខិតកោះហៅរបស់ក្រសួង។ លោកបានបញ្ជាក់បន្ថែមថា ក្នុងអាណត្ដិនេះទាំងរដ្ឋាភិបាល និងក្រសួងបានកែទម្រង់ និងមានវិធានការច្រើន ក្នុងការប្រឆាំងអំពើពុករលួយក្នុងស្ថាប័នរដ្ឋក្រោមក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យរូបនេះបន្តថា៖ «ឥឡូវស្ថិតក្នុងដៃអគ្គស្នងការនគរបាលជាតិ។ ហើយនាយកដ្ឋានព្រហ្មទណ្ឌបានចេញលិខិតកោះហៅគាត់ឱ្យចូលបំភ្លឺចំពោះបណ្ដឹងរបស់ក្រុមហ៊ុនមួយ ពាក់ព័ន្ធការយកលុយ១០ម៉ឺនដុល្លារជាថ្នូរនឹងដំណើរការក្រុមហ៊ុនវិញ»។ លោកបន្ថែមថា៖ «ក្នុងករណីគាត់មិនចូលបំភ្លឺយើងរងចាំបន្ដ។ ក្រសួងនឹងព្យាយាមលុបបំបាត់បាតុភាពមិនល្អឱ្យអស់ពីលទ្ធភាព ក្រសួងនឹងរឹតបន្ដឹងគ្រប់ផ្នែកដើម្បីធានាបាននូវភាពស្អាតស្អំ»។
កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យមួយ ដោយត្រាស់បង្គាប់បញ្ចប់មុខតំណែង លោក កឹម ជាតិ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃឡាយព្រះហត្ថលេខាតទៅ និងមានការយល់ព្រមពីលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីផងដែរ។
ចំណែកឯ លោក សយ ច័ន្ទវិចិត្ដ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា ការដកតំណែងរបស់មន្រ្ដីរាជការដែលប្រព្រឹត្ដអំពើពុករលួយនេះគឺជាគោលការថ្មីរបស់រដ្ឋាភិបាល ហើយអង្គភាពប្រឆាំងអំពើពុករលួយកំពុងតែមមាញឹកធ្វើកិច្ចការងារនេះ។ លោកបន្ដថា ករណីលោក កឹម ជាតិ លោកថា ក្រសួងមហាផ្ទៃកំពុងមានចំណាត់ការ ដូច្នេះហើយអង្គភាពលោករង់ចាំមើលការដោះស្រាយរបស់ក្រសួងសិន ប៉ុន្ដែយ៉ាងណាលោកថា អង្គភាពលោកគឺមិនគាំទ្រមន្ដ្រីណាប្រពឹ្រត្ដអំពើពុករលួយឡើយ។
លោក ច័ន្ធវិចិត្ត ថ្លែងថា៖ «យើងចាំមើលចំណាត់ការក្រសួងមហាផ្ទៃសិនថាមានចំណាត់ការយ៉ាងណាលើករណីនេះ។អង្គភាពបានប្រមូលព័ត៌មានអស់ហើយ ដើម្បីយើងពិនិត្យមើលថាតើបទល្មើសហ្នឹងជាបទល្មើសអ្វី?។ បើវាជាបទល្មើសអំពើពុករលួយលោកនឹងបញ្ជូនមកអង្គភាពពួកខ្ញុំហើយ»។
កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ លោក កឹម ជាតិ ត្រូវបានក្រុមហ៊ុន ឈីវ ទីម៉ីចគ្រុប បានដាក់បណ្ដឹងមកក្រសួងមហាផ្ទៃ ដោយមានលោក អ៊ូច សុភត្រា មេធាវីជាអ្នកតំណាង។ ក្នុងពាក្យបណ្ដឹងនោះបានរៀបរាប់ថា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ក្រុមប្រតិបត្ដិការរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដឹកនាំដោយ លោក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានចុះមកទីតាំងផ្ទាល់ និងបានចោទថា លក់ផលិតផលក្លែងក្លាយនិងតម្រូវឱ្យបិទទា្វរទីតាំង។
ក្នុងលិខិតដដែលបន្ដថា លោក កឹម ជាតិ បានទារប្រាក់ពីក្រុមហ៊ុនចំនួន១០ម៉ឺនដុល្លារ និងស្រា៤៨ដប ជាថ្នូរនឹងការឱ្យបើកដំណើរការអាជីវកម្មឡើងវិញ។ ក្នុងពាក្យបណ្ដឹងបានស្នើឱ្យលោក កឹម ជាតិ ប្រគល់ស្រា៤៨ដប និងលុយចំនួន១០ម៉ឺនដុល្លារមកឱ្យកូនក្ដីលោកវិញ។
លោក អ៊ូច សុភត្រា មេធាវីតំណាងឱ្យក្រុមហ៊ុន ឈីវ ទីម៉ីច គ្រុប បានឱ្យដឹងនៅថ្ងៃទី២០ ខែធ្នូ ថា ក្នុងនាមលោកជាមេធាវី លោកមិនមានអ្វីបន្ថែមនោះទេ កិច្ចការនេះលោកទទួលបានសិទ្ធិពីកូនក្ដីដើម្បីឱ្យលោកចាត់ចែងតាមផ្លូវច្បាប់។ តែយ៉ាងណាលោកសង្ឃឹមថា សំណុំរឿងរបស់លោកនឹងទទួលបាននូវយុត្ដិធម៌ពីការដោះស្រាយរបស់ក្រសួងមហាផ្ទៃ។
លោក សុភាត្រា ថ្លែងថា៖ «ខ្ញុំអត់មានអីយល់ឃើញដូចក្រុមហ៊ុនយល់ឃើញទេ។ ធម្មតាយើងតែងសង្ឃឹមលើចំណុចយើងទាមទារទាំងអស់ហ្នឹងចឹងបង»។
នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរដល់ទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ៩ធ្នូ។ លោកបានណែនាំឱ្យបន្តពង្រឹង និងពង្រីកលើការងារអប់រំ បង្ការ និងទប់ស្កាត់ជាចម្បង ព្រមទាំងការពង្រឹង ការអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ ដើម្បីបង្ក្រាបបទល្មើសអំពើពុករលួយ។ ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នសាធារណៈ ជាពិសេសតាមរយៈយន្តការជនបង្គោល ទាំងការងារអប់រំ និងការងារបង្ការទប់ស្កាត់ ដើម្បី រៀបចំដាក់ឱ្យអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការយុទ្ធសាស្ត្រ និងលើកកម្ពស់ភាពស្អាតស្អំ នៅតាមសា្ថប័នសាធារណៈ។
ជុំវិញរឿងនេះត្រូវបានលោក ប៉ិច ពិសី នាយកប្រតិបត្ដិនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងថា លោកបានមើលឃើញឆន្ទៈនយោបាយរបស់រដ្ឋាភិបាលថ្មី ក្នុងការកំចាត់អំពើពុករលួយ។ លោកបន្ដថា មួយរយៈនេះលោកថា មានការប្រែប្រួលច្រើនលើកិច្ចការកែទម្រង់ ជាពិសេសលើមន្ដ្រីសាធារណៈក្រោមក្រសួងមហាផ្ទៃគឺមានការដកតំណែងច្រើន។ យ៉ាងណាក្ដីលោកសង្ឃឹមថា រដ្ឋាភិបាលថ្មីនឹងបន្ដយន្ដការនេះបន្ថែមទៀត ដើម្បីស្ថាប័នរដ្ឋលែងមានអំពើពុករលួយ។
លោក ពិសី ថ្លែងថា៖ «ពលរដ្ឋចង់ឃើញការអនុវត្ដយ៉ាងមោះមុតប្រកបដោយតម្លាភាពទាក់ទងនឹងការធានាថាយើងអាចកាត់បន្ថយមន្រ្ដីដែលស្អុយ មន្រ្ដីដែលនាំបញ្ហាជូនរដ្ឋាភិបាល។ ខ្ញុំគិតថាដល់ពេលដែលរដ្ឋាភិបាលត្រូវត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដការងាររបស់មន្រ្ដី។ ការដកអនុរដ្ឋលេខាធិការនេះចាប់ជំរិតទារប្រាក់ពីក្រុមហ៊ុនឯកជនគឺជាចំណាត់ការវិជ្ជមានមួយដែលយើងចង់ឃើញក្នុងនាមជាសង្គមស៊ីវិល»។
តាមច្បាប់ក្រមព្រហ្មទណ្ឌ មាត្រា៣៨ ចែងថា អំពើពុករលួយគឺជាបទល្មើសដែលដាក់ទោសទណ្ឌទៅលើអំពើពុករលួយ ឬប៉ុនប៉ងពុករលួយ ប្រព្រឹត្ដដោយមន្ដ្រីនយោបាយ អ្នករាជការ យោធា ឬភ្នាក់ងាររបស់គណបក្សនយោបាយ។ អំពើពុករលួយទោះធ្វើឡើងក្រោមទម្រង់សកម្ម ឬអកម្ម ដូចជាការសូកប៉ាន់ ការរំលោភមុខងារ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងការជំរិតទារប្រាក់ ត្រូវបានកំណត់ថាជាបទល្មើសនៅក្រោមបទបញ្ញត្ដរបស់ក្រមព្រហ្មទណ្ឌ។
លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ បានលើកឡើងថា លោកមានការសាទរ ចំពោះចំណាត់ការរបស់ក្រសួងមហាផ្ទៃ ព្រោះលោកថា ក្នុងនាមជាអង្គការសង្គមស៊ីវិលចង់ឃើញកម្ពុជាមិនមានការប្រព្រឹត្ដបទល្មើសដោយយកតួនាទីរដ្ឋទៅបង្កភាពវឹកវរដល់សង្គម។ លោកបន្ដថា កន្លងមកពលរដ្ឋតែងតែព្រួយបារម្ភសម្រាប់សកម្មភាពមន្រ្ដីដែលយកតួនាទីគំរាមកំហែងពួកគាត់។ លោកបន្ដថា ដើម្បីអភិវឌ្ឍន៍ប្រទេសបានទាល់តែលែងមានអំពើពុករលួយ ហើយចំណាត់ការរបស់ក្រសួងមហាផ្ទៃនេះគឺវាត្រឹមត្រូវណាស់។
លោក សំអាត បញ្ជាក់ថាថា៖ «សង្គមមួយរីកចម្រើនបានទាល់តែមិនមានអំពើពុករលួយ ព្រោះសង្គមយើងនេះអំពើពុករលួយចាក់ឫសជ្រៅ។ មន្រ្ដីណាប្រព្រឹត្ដអំពើពុករលួយត្រូវដកចេញបែបហ្នឹង។ យើងគាំទ្រលើសកម្មភាពរបស់ក្រសួង»។
ករណីមួយទៀតក្នុងថ្ងៃដដែល លោក ប៉ិ វ៉ាន់ ឧត្តមសេនីយ៍ទោ ត្រូវកម្លាំងនគរបាលចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅស្រុកសំឡូត ខេត្តបាត់ដំបង។ ការឃាត់ខ្លួននេះ យោងតាមសាលដីកាបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួន របស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ភ្នំពេញ ពីបទ «រំលោភលើទំនុកចិត្ត» ហើយបញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ក្រោយប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។
បើតាមសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ ២០២១ ដែលទើបចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ (Transparency International) នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ បានបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១៥៧ ក្នុងចំណោមប្រទេសចំនួន ១៨០ នៅលើពិភពលោក។ ចំណាត់ថ្នាក់នេះថយជាងឆ្នាំមុនបន្តិច ដែលមានចំណាត់ថ្នាក់ ១៦០។ យ៉ាងណាក្តី ចំណាត់ថ្នាក់នេះបង្ហាញថា កម្ពុជានៅតែជាប្រទេសដែលមានកម្រិតពុករលួយអាក្រក់ជាងគេបំផុតក្នុងចំណោមប្រទេសទាំង១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន៕