សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គណបក្សតូចបីចងសម្ព័ន្ធគ្នា ដោយរំពឹងថា នឹងក្លាយជាសំឡេងប្រឆាំងចម្បងមួយ

គណបក្សមេដឹកនាំគណបក្សលោក ញឹក ប៊ុនឆៃ លោក ម៉ម សូណង់ដូ និង លោក កែម រិទ្ធិសិត បានបង្កើតជាសម្ព័ន្ធគណបក្សរួមគ្នាមួយមុនការបោះឆ្នោតឆ្នាំ ២០២២ និង២០២៣។
គណបក្សមេដឹកនាំគណបក្សលោក ញឹក ប៊ុនឆៃ លោក ម៉ម សូណង់ដូ និង លោក កែម រិទ្ធិសិត បានបង្កើតជាសម្ព័ន្ធគណបក្សរួមគ្នាមួយមុនការបោះឆ្នោតឆ្នាំ ២០២២ និង២០២៣។

គណបក្ស​នយោបាយ​តូច​ចំនួន​បី​ ដែល​មិនបាន​ឈ្នះ​កៅអី​សភា​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៨ បាន​បង្កើត​ជា​សម្ព័ន្ធ​មួយ​មុន​ការ​បោះឆ្នោត​ឆ្នាំ​ ២០២២ និង​២០២៣ ខាង​មុខ ដោយ​រំពឹង​ថា សេចក្តី​សម្រេច​នេះ​នឹង​ជួយ​ជំរុញ​ដល់​លទ្ធភាព​ទទួល​បាន​​កៅអី​នៅ​​រដ្ឋសភា។

គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​តែ​មួយ​ បាន​រួម​​គ្នា​បង្កើត​ជា «សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ» កាល​ពី​ខែ​តុលា​កន្លង​។ គណបក្ស​នយោបាយ​តូច​ទាំង​បី​នេះ​មានផែន​ការ​ចូលរួម​​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​​ឃុំសង្កាត់​ និង​ការ​បោះឆ្នោត​ជាតិ​ជា​គណបក្ស​​នយោបាយ​ជា​សម្ព័ន្ធ​​មួយ។

សម្ព័ន្ធ​គណបក្ស​នេះ​នឹង​ត្រូវ​ដឹកនាំ​ដោយ​ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ  ជា​ប្រធាន ​លោក​ ញឹក ប៊ុនឆៃ ​ប្រធាន​គណបក្សខែ្មរ​រួបរួម​ជាតិ ជា​អនុប្រធាន និង​ប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ លោក កែម រិទ្ធិសិត​​ ជា​អគ្គលេខាធិការ។ ​

​លោក ម៉ម សូណង់ដូ បាន​មានប្រសាសន៍ថា សម្ព័ន្ធ​គណបក្ស​​ថ្មី​នេះ​នឹង​ចូលរួម​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ មាន​មូលដ្ឋាន​ផ្អែក​លើ​ការ​ប្រឆាំង​អំពើ​ពុករលួយ ដោយ​ផ្តោត​ទៅ​លើ​បញ្ហា​កេងចំណេញ​លើ​ធនធាន​ធម្មជាតិ និង​សេវាកម្មសាធារណៈ។

លោក ម៉ម សូណង់ដូ បាន​ថ្លែង​ប្រាប់ CamboJA ថា៖«យើង​ចង់​កែទម្រង់​សង្គម​មួយ ដែល​មាន​ការ​ប្រព្រឹត្តិ​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​អស់រយៈពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​នេះ ហើយ​យើង​ប្តេជ្ញា​ នឹង​ដោះស្រាយ​បញ្ហា​ទាំង​នេះ»។ ​

លោក​សូណង់ដូ​​បាន​លើកឡើង​ថា មាន​ឱកាស​តិចតួច​ណាស់​ដែល​គណបក្ស​សង្រ្គោះជាតិ​ ដែល​ត្រូវ​បាន​រំលាយ​ អាចវិលមក​វិញ ពីព្រោះ​លោក​កឹម សុខា និង​លោក​សម រង្ស៊ី​បាន​ព្យាយាម​ទម្លាក់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ចេញ​ពី​អំណាច។

លោក​បាន​បន្ថែម​ថា សម្ព័ន្ធ​គណបក្ស​របស់​លោកមិនមាន​បំណង​ឆក់​យក​អំណាច ឬ​ចូល​ទៅ​​ក្តោប​យក​តំណែង​នាយករដ្ឋមន្រ្តី​ដោយ​កម្រោល​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គឺ​ ផ្តោត​ទៅ​លើ​ការ​រួបរួម​ពលរដ្ឋ​ខ្មែរ​ ដើម្បី​ដោះស្រាយ​បញ្ហា​អយុត្តិធម៌​សង្គម។ ​​

គណបក្ស​​នយោបាយ​​ទាំង​បី​ខាង​​លើ​បាន​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​ ២០១៨ និង​បាន​ឈ្នះ​សំឡេង ៣,២​ភាគរយ​នៃ​សំឡេង​ឆ្នោត​សរុប និង​មិនបាន​ទទួល​កៅអី​នៅ​សភា​នោះ​ទេ។ កៅអី​ទាំងអស់​នៅ​ព្រឹទ្ធសភា និង​រដ្ឋសភា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

​លោក ម៉ម សូណង់ដូ បាន​ទទួល​តំណែង​ជា​ប្រធាន​គណបក្ស​សំបុកឃ្មុំ​ប្រជាធិបតេយ្យ​នៅ ឆ្នាំ​ ២០១៨ បន្ទាប់​ពី​លាលែង​ពី​តំណែង​ក្រោយ​ពី​គណបក្ស​​របស់​លោក​មិន​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ក្នុង​ការ​​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ ២០១៧។ លោក​សូណង់ដូ​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​ ២០​ឆ្នាំ​ពាក់ព័ន្ធ​​នឹង​ផែនការ​អបគមន៍​នៅ​ខេត្ត​ក្រចេះ ហើយ​លោក​​ត្រូវ​បាន​គេ​​ឃើញ​ចេញ​មុខ​នៅ​ក្នុង​​បាតុកម្ម​របស់​គណបក្ស​សង្រ្គោះជាតិ​ ក្រោយ​ការ​បោះឆ្នោត​ កាល​ពី​ឆ្នាំ ២០១៣។ ​

​លោក ញឹក ប៊ុន​ឆៃ បាន​ចាកចេញ​ពី​គណបក្ស​នយោបាយ ​រាជានិយម​ហ្វ៊ុនស៊ីនប៉ិច ​កាល​ពី​ឆ្នាំ ២០១៦ ដើម្បី​បង្កើត​គណបក្ស​ខ្មែរ​រួបរួម​ជាតិ។ លោក​ត្រូវ​បាន​ចាប់​ខ្លូន​កាល​ពី​ឆ្នាំ២០១៧ ពាក់ព័ន្ធ​​នឹង​ករណី​គ្រឿងញៀន​កាល​ពី​ឆ្នាំ២០១២ និង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ផលិត​គ្រឿងញៀន។ លោក​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៨។

គណបក្ស​ខ្មែរ​តែ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​មុន​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៨ ដោយ​លោក ​កែម រិទ្ធិសិត​ ប្អូន​ប្រុស​របស់​អ្នកវិភាគ​នយោបាយ ​លោក កែម ឡី​ ដែល​ត្រូវ​បាន​បាញ់​សម្លាប់។ កាល​ពី​ដំបូង​ឡើយ លោក ​រិទ្ធិសិត ​​ចង់​ដាក់​ឈ្មោះ​គណបក្ស​របស់​លោក​ថា «គណបក្ស​កែមឡី» ដើម្បី​ការពារ​ឈ្មោះ​បងប្រុស​របស់​លោក​ពី​ការ​កេងចំណេញ​នយោបាយ​ ប៉ុន្តែ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ស្នើ​ឲ្យ​ផ្លាស់ប្តូរ​ឈ្មោះ​វិញ។

លោក​រិទ្ធិសិត ​បាន​មានប្រសាសន៍ថា ​សម្ព័ន្ធ​គណបក្ស​របស់​លោក​នឹង​នាំ​​ឲ្យ​មាន​សំឡេង និង​​តំណាង​ច្រើន​ជាង​មុន​​នៅ​ក្នុង​រដ្ឋ​សភា។ លោក​រំពឹង​ថា គណបក្ស​ទាំង​បី​នឹង​រួម​គ្នា​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត ប៉ុន្តែ​នឹង​ដាក់​បញ្ជី​បេក្ខភាព​តែ​មួយ​នោះ​ទេ​នៅ​តាម​ខេត្ត​នីមួយៗ។

លោក​បានលើកឡើង​ថា ប្រសិន​បើ​គណបក្ស​ខ្មែរ​តែ​មួយ​ត្រូវ​ប្រជែង​នៅ​ខេត្ត​កំពត តាកែវ និង​ព្រះសីហនុ នោះ​គណបក្ស​​ពីរ​ទៀត​នឹង​មិន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ​ខេត្ត​ទាំងនោះ និង​គាំទ្រ​បេក្ខជន​​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី។ ​

លោក​បាន​មានប្រសាសន៍​​ថា៖ «យើង​បាន​បែងចែក​ [ខេត្ត] ទៅ​តាម​តំបន់​ផ្សេងៗ​ដើម្បី​​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត និង​ជួយ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក»

​លោក​រិទ្ធិសិត​បាន​ច្រាន​ចោល​ការ​បញ្ចូល​គ្នា​​នៃ​គណបក្ស​ទាំង​បី ដោយសារ​តែ​ «ការ​ប្រកាន់​នូវ​គំនិត​ផ្សេងៗ​ពី​​គ្នា» ប៉ុន្តែ​​លោក​បាន​សារភាព​ថា មិន​មែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ដើម្បី​​ប្រជែង​​នឹង​គណបក្ស​ប្រជាជាន​កម្ពុជា​ដ៏​​មាន​ឥទ្ធិពល​​ក្នុង​ឆាក​នយោបាយ។

CamboJA មិន​អាច​ទាក់ទង​សុំ​យោបល់​ពី​លោក ញឹម ប៊ុនឆៃ បាន​នោះ​ទេ។ ​

​កាល​ពី​ឆ្នាំ​ ២០១៣ គណបក្ស​សង្រ្គោះជាតិ​កៀក​នឹង​យក​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ដឹកនាំ​រដ្ឋាភិបាល ដោយ​ទទួល​បាន​​នូវ​កៅ​អី​ ៥៥ នៅ​ក្នុង​ចំណោម​កៅអី​ ១២៣ នៅ​ក្នុង​សភា។ គណបក្ស​សង្រ្គោះជាតិ​ត្រូវ​បាន​រំលោយ​ចោល​កាល​ពី​ឆ្នាំ​ ២០១៧ បន្ទាប់​ពី​ទទួល​បាន​លទ្ធផល​ល្អ​បំផុត​មួយ​នៅ​ក្នុង​​ការ​បោះឆ្នោត​​ក្រុមប្រឹក្សា​ឃុំសង្កាត់​នា​ឆ្នាំ​ដដែល​នេះ ដោយ​ឈ្នះ​បាន​តំណែង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចំនួន ៤៨៩។

ក្រោយ​​ពី​ចាត់តាំង​​តំណែង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ស្ទើរតែ​ទាំងអស់​​មក​ឲ្យ​សមាជិក​ខ្លួន​វិញ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដណ្តើម​យក​កៅអី​ព្រឹទ្ធសភា និង​សភា​ជាតិ​ទាំង​អស់​​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៨ ដោយ​ចំនួន​សំឡេង​ឆ្នោត​មិន​បាន​ការ​មាន​លើស​ពី​សំឡេង​ឆ្នោត​ដែល​គណបក្ស​តូចៗ​ដទៃ​ទៀត​ទទួល​បាន​នៅ​ក្នុង​ការ​​បោះឆ្នោត​ជាតិ​គ្រា​នោះ។

លោក​ ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ បាន​មានប្រសាសន៍​ថា ​វា​ជា​រឿងធម្មតា​ សម្រាប់​គណបក្ស​តូចៗ​នៅ​ក្នុង​ការ​រួម​កម្លាំង​គ្នា​អំឡុងពេល​ការ​បោះឆ្នោត គណបក្ស​ទាំង​នោះ​មិនមាន​​ទំនោរ​អាច​ប្រជែង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​នោះ​ទេ។

​លោក​បាន​មានប្រសាសន៍​ថា៖«ប្រសិន​បើ​យើង​ពិនិត្យ​លើ​បោះឆ្នោត​​​កាល​ពី​ពេល​កន្លង​ទៅ គណបក្ស​ទាំង​បី​មិន​ទទួល​បាន​ការ​គាំទ្រ​គ្រប់គ្រាន់​ដើម្បី​ឈ្នះ​កៅអី​​នៅ​សភា​នោះ​ទេ»

លោក​បាន​បន្ថែម​ថា អវត្តមាន​គណបក្ស​សង្រ្គោះជាតិ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​​កាល​ពី​ឆ្នាំ ២០១៨ បាន​នាំ​ឲ្យ​មាន​ការ​បែងចែក​សំឡេង​ឆ្នោត​ទៅ​កាន់​គណបក្ស​តូចៗ​ និង​ថា អ្នក​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង​​កាល​ពី​គ្រា​នោះ​មាន​ការ​ប្រុងប្រយ័ត្ន​​ពី​គណបក្ស​តូចៗ​ទាំង​នេះ។ ​

​អតីត​មន្រ្តី​គណបក្ស​សង្រ្គោះជាតិ​លោក មាជ សុវណ្ណារ៉ា បាន​និយាយ​ថា សមាជិក​នៃ​​សម្ព័ន្ធ​គណបក្ស​ថ្មី​​នេះ​មិន​មាន​ភាព​ជឿទុក​ចិត្ត​ដូចជា គណបក្ស​សង្រ្គោះជាតិ​នោះ​ទេ ដោយ​​លោក​លើកឡើង​​ពី​ការ​ចូលរួម​របស់​គណបក្ស​ទាំង​​នោះ​នៅ​ក្នុង​​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់។

ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់​ពី​ការ​បោះឆ្នោត​ជាតិ​​ឆ្នាំ ២០១៨ ដោយ​ក្រុម​អ្នក​រិះគន់​និយាយ​ថា​ជា អង្គភាព​គ្មាន​អំណាច​មួយ បង្កើត​ឡើង​ដើម្បី​គ្រាន់​តែ​បំពេញ​ចិត្ត​គណបក្ស​នយោបាយ​​តូចៗ និង​ផ្តល់​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ឲ្យ​ពួកគេ។

លោក ​សុវណ្ណារ៉ា ​បាន​និយាយ​ថា«ជា​លំបាក​សម្រាប់​ពួកគេ​ដើម្បី​បង្ហាញ​ទៅ​កាន់​សារធាណជន​ថា សម្ព័ន្ធ​របស់​ពួកគេ​អាច​ក្លាយ​ជា​គណបក្ស​ប្រឆាំង​​មួយ​ ពីព្រោះ​ពួកគេ​ស្ថិតនៅ​ក្រោម​ចំណង​នយោបាយ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កាន់​អំណាច»។​

​លោក​ សុខ ឥសាន អ្នកនាំពាក្យ​​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍​ថា​ ​ជា​ការ​ល្អ​សម្រាប់​គណបក្ស​តូចៗ​នៅ​ក្នុង​ការ​រៀបចំ​ជា​សម្ព័ន្ធ ប៉ុន្តែ​លោក​បាន​ច្រាន​ចោល​ការ​គំរាមកំហែង​​ពី​ការ​រៀបចំ​ជា​សម្ព័ន្ធ​គណបក្ស​នេះ​ទៅ​លើ​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​រដ្ឋសភា។

លោក​ សុខ ឥសាន​បាន​បន្ត​ថា៖«ពួកគាត់​នឹង​ទទួល​បាន​សំឡេង​ឆ្នោត​បន្ទាប់​ពី​ការ​បង្កើត​សម្ព័ន្ធ ប៉ុន្តែ​ប្រសិន​បើ​ពួកគាត់​សង្ឃឹម​ថា នឹង​ឈ្នះ​ការ​បោះឆ្នោត​ និង​ដឹកនាំ​រដ្ឋាភិបាល គឺ​ថាមិន​អាច​ទៅ​រួច​​នោះ​ទេ ព្រោះ​គណបក្ស​របស់​ពួកគាត់​តូចណាស់»

1,260 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម