សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋ២ភូមិមានចំនួនជាង២០០​គ្រួសារ​ក្នុងស្រុកស្អាងស្នើអាជ្ញាធរចេញបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់

ប្រជាពលរដ្ឋជិត២០០នាក់តវ៉ាទាមទារឱ្យអាជ្ញាធរចេញបណ្ណកម្មសិទ្ធិស្របច្បាប់ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល។ (រូបថតផ្ដល់ឱ្យ)
ប្រជាពលរដ្ឋជិត២០០នាក់តវ៉ាទាមទារឱ្យអាជ្ញាធរចេញបណ្ណកម្មសិទ្ធិស្របច្បាប់ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល។ (រូបថតផ្ដល់ឱ្យ)

ពលរដ្ឋ២ភូមិចំនួន២៥២គ្រួសារនៅឃុំទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល ស្នើអាជ្ញាធរចេញ​ប្លង់​កម្មសិទ្ធិ ដោយពួកគាត់អះអាងថា បានកាន់កាប់​តាំង​ពីឆ្នាំ​១៩៧៩ និងមានលិខិតកាន់កាប់ ប៉ុន្តែ​​អាជ្ញាធរនៅតែមិនព្រមចេញប្លង់ជូនពួកគាត់ ខណៈ​អាជ្ញាធរ​បញ្ជាក់ថា ដី​៩០​ហិកតា​​ដែល​ពលរដ្ឋទាមទារនោះជាដីរបស់រដ្ឋ។

ស្រ្ដីវ័យចំណាស់ម្នាក់ឈរចង្អុលទៅកាន់ដីដែលបានបាត់បង់ក្រោមកម្ដៅថ្ងៃ និងជាតំណាង​ពលរដ្ឋ អ្នកស្រី ឆុំ សុធី អាយុ៥០ឆ្នាំ រស់នៅភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល បានផ្ដល់បទសម្ភាសន៍ជាមួយ ខេមបូចា ទាំងទឹកមុខក្រៀមក្រំថា ដីក្នុងឃុំមាន​ចំនួន​៩០​ហិកតា​​​ដែល​​​​មានប្រជាពលរដ្ឋ២៥២គ្រួសារតែងតែអាស្រ័យផល ដោយក្នុងនោះមាន២ភូមិ គឺភូមិទួល​ខ្មួញ និងភូមិព្រែករាំង ខណៈដីទាំងនោះគឺពលរដ្ឋបានកាន់កាប់តាំងពី១៩៧៩​មក​ម្ល៉េះ ប៉ុន្ដែបែរជាមានជម្លោះជាមួយក្រុមហ៊ុនឯកជនមួយឈ្មោះថា កែវ សុជាតា អំឡុង​ឆ្នាំ២០២០។

ស្រី្ដស្លៀករ៉ូបព៌ណខ្មៅ លាយសបន្ដិចៗ បានឈរបន្ដរៀបរាប់ថា នៅខែកក្កដាឆ្នាំ២០១៩​ពលរដ្ឋ​​​មានការសាទរដោយមានខាងមន្ទីរសុរិយោដីស្រុកស្អាងបានចុះវាស់វែងថា ចេញ​បណ្ណ​កម្មសិទ្ធិស្របច្បាប់ឱ្យពលរដ្ឋ ប៉ុន្ដែនៅចុងខែសីហាឆ្នាំ២០២០ ស្រាប់តែមានក្រុមហ៊ុនឯកជន​មួយ​​មកកាយដីដែលពលរដ្ឋកំពុងអាស្រ័យផល ដោយអះអាងថា ទទួលបានសិទ្ធិពីរដ្ឋដើម្បី​កាយអាចម៍ដី។

អ្នកស្រីបន្តថា៖ «ខ្ញុំខំតែអរ ឃើញខាងមន្ទីរសុរិយោដីស្រុកចុះវាស់ដីថាចេញប្លង់ឱ្យ តែបែរជា​ឱ្យ​ក្រុមហ៊ុន កែវ សុជាតា មកកាយដីពួកខ្ញុំវិញ។ ខ្ញុំឈឺចាប់ណាស់»

ស្រ្ដីពាក់វ៉ែនតា សម្បុរខ្មៅស្រអែម បានលើកឡើងថា ចាប់តាំងពីមានជម្លោះមក ក្រុមអ្នកស្រី​បានដាក់ញត្ដិទៅសាលាខេត្ដកណ្ដាល និងស្ថាប័នពាក់ព័ន្ធឱ្យជួយអន្ដរាគមន៍ ប៉ុន្ដែនៅគ្មាន​ដំណោះ​ស្រាយឱ្យពួកអ្នកស្រី។ អ្នកស្រីបន្ដថា ក្រោយពីដាក់ញត្ដិទៅស្ថាប័ននានា ឃើញមាន​កិច្ចអន្ដរាគមន៍ពីលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តម្រូវឱ្យរដ្ឋបាល​ខេត្ដកណ្ដាលចេញបំភ្លឺពាក់ព័ន្ធនឹងជម្លោះដីកាលពីថ្ងៃទី១០ខែឧសភាឆ្នាំ២០២៣ ប៉ុន្ដែខាង​រដ្ឋបាល​ខេត្ដកណ្ដាល​មិនបានចេញបំភ្លឺឡើយ។

យ៉ាងណាមិញអ្នកស្រី សុធី បន្ដថា គិតមក​ដល់ពេលនេះរយៈពេលជាង៣ឆ្នាំហើយ ដែល​ពលរដ្ឋ​ចំនួន២៥២គ្រួសារតែងតែតវ៉ា និង​ស្នើ​សុំទៅអាជ្ញាធរឱ្យចេញបណ្ណកម្មសិទ្ធិស្របច្បាប់ ដើម្បីឱ្យពលរដ្ឋទាំងអស់អាច​អាស្រ័យ​ផល​ដើម្បីមានលទ្ធភាពសងទៅធនាគារ ខណៈ​អ្នកស្រី​បានបញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋ​៩៥%​​ហើយដែលជំពាក់ធនាគារ និងមិនមានលទ្ធភាព​សង។

ស្រ្ដីវ័យ៥០រូបនេះបានត្អូញត្អែរពីទុក្ខលំបាកដោយផ្ទាល់ថា៖ «ចាប់តាំងពីមានជម្លោះដីធ្លី​មក​ពួកខ្ញុំម្នាក់ៗ៩៥%ហើយជំពាក់ធនាគារ។ ដីពួកខ្ញុំធ្វើសុខៗបែរជាអាជ្ញាធរយកឱ្យ​ក្រុមហ៊ុន​ឯកជនមកកាយ និងចាក់សំរាមចូល ពេលខ្ញុំសួរគេថា អភិបាលខេត្ដកណ្ដាលឱ្យគេមកចាក់។ ខ្ញុំស្នើដល់អាជ្ញាធរមេត្ដាជួយចេញប្លង់រឹងឱ្យពួកខ្ញុំមក ពួកខ្ញុំគ្មានអីរំពឹងទេ មានតែដីម្នាក់តិចតួច​ហ្នឹងទេ។សម្ដេចពុក និងសម្ដេច ហ៊ុន ម៉ាណែត មេត្ដាជួយរកយុត្ដិធម៌ឱ្យកូនចៅផង»

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ប្រជាពលរដ្ឋជិត២០០នាក់បាននាំគ្នា​​តវ៉ា​នៅ​លើ​ដី​របស់ពួកគេដែលមានទំហំ៩០ហិកតា ស្ថិតនៅភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង ដើម្បី​ឱ្យ​អាជ្ញាធរ​ចេញប្លង់រឹង។ ក្នុងអំឡុងពេលតវ៉ាក៏ត្រូវបានលោក​  ជី គឹមហៃ អភិបាលស្រុងស្អាង​ចុះ​អន្ដរាគមន៍ដោយឱ្យពលរដ្ឋរំសាយសិន រង់ចាំការដោះស្រាយពីថ្នាក់លើ។ ប៉ុន្ដែមកដល់​ពេល​នេះ ពលរដ្ឋអះអាងថា មិនមានការឆ្លើយតបណាមួយនៅឡើយទេ។

ហាក់មិនខុសគ្នាទេស្រ្ដីវ័យ៦៤ឆ្នាំមា្នក់ដែលក្នុងដៃមានកាន់លិខិតបញ្ជាក់ពីអាជ្ញាធរភូមិឃុំ​លើដី​របស់អ្នកស្រី នោះគឺអ្នកស្រី អាង ថារិន រស់នៅភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង ដោយបាន​ថ្លែងថា ដីដែលអ្នកស្រីកាន់កាប់មានចំនួន២ហិកតាដែលជាដី​អ្នកស្រីអាស្រ័យ​ផល​ទាំងពី​១៩៧៩​មក ហើយនៅឆ្នាំ២០១០ អាជ្ញាធរភូមិ និងឃុំបានចេញលិខិត​បញ្ជាក់​ដើម្បីឱ្យអ្នកស្រី​ដាក់​កម្ចីធនាគារបាន។​

អ្នកស្រី ថារិន ឱ្យដឹងថា នៅឆ្នាំ២០១៩ អ្នកស្រីឮថា អាជ្ញាធរចុះវាស់វែងដើម្បីចេញប្លង់រឹង​ឱ្យ​អ្នកស្រី ខណៈអ្នកស្រីកើតបានចៅម្នាក់ អ្នកស្រីថា វាជារឿងសំណាងណាស់ ប៉ុន្ដែបែរ​ជា​ផ្ទុយ​ស្រឡះទៅវិញ។ អ្នកស្រីបន្ដថា ចាប់តាំងពីដីរបស់អ្នកស្រីមានជម្លោះមក​អ្នកស្រីគ្មានអ្វី​អាស្រ័យ​​ផល​ ហើយជួបការលំបាកជាច្រើន ខណៈអ្នកស្រីរំពឹងប្លង់រឹងពីអាជ្ញាធរ។

អ្នកស្រីបន្ថែមថា៖ «ថ្ងៃគេចុះវាស់វែងចំថ្ងៃកូនខ្ញុំកើតកូន​នៅពេទ្យថាខ្ញុំអរអើយអរ! ខ្ញុំថាអញអត់​នៅទេ អញទៅផ្ដិតមេដៃប្លង់រឹង ដីខ្ញុំ​២​ហិកតា។ ស្រាប់តែមិនបានប៉ុន្មានគេចុះ​បោះបង្គោលើដី​ខ្ញុំ ខ្ញុំថាហ្អាក! ក្រែងចុះវាស់ចេញប្លង់ ម៉េចទៅជាថាដីខ្ញុំគេយកលក់ឱ្យអ្នកនេះ អ្នកនោះវិញ។ ខ្ញុំ​ចង់បានប្លង់រឹងកម្មសិទ្ធិ ស្រណុកពួកប្រជាពលរដ្ឋខ្ញុំយកលុយរដ្ឋ គ្រាន់ចឹញ្ចឹមក្រពះតទៅ​ទៀត»

តំណាងប្រជាពលរដ្ឋឈរបង្ហាញលិខិតបញ្ជាក់ពីអាជ្ញាធរភូមិឃុំ នៅលើដីមានទំនាស់ ស្ថិតនៅភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល កាលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។  (ខេមបូចា/ ឃាង សុខមាន)

ក្នុងលិខិតមួយដែលខេមបូចាទទួលបានពីពលរដ្ឋក្នុងនោះបានបញ្ជាក់ថា ពលរដ្ឋជាម្ចាស់​កម្មសិទ្ធិ​ស្របដែលចេញដោយអាជ្ញាធរឃុំមានបោះត្រាដោយលោក ជ្រិន ស្រៀង មេឃុំ​ទឹកវិល និងចុះហត្ថលេខាដោយលោក លុយ ហៀក ជាមេភូមិព្រែករាំងនៅឆ្នាំ២០១០។ ក្នុង​លិខិត​ដដែលបន្ដថា ការចេញលិខិតបញ្ជាក់នេះឱ្យអ្នកស្រី អាង ថារិន អាចយកទៅប្រើប្រាស់​នឹងអាស្រ័យផលចាប់ពីថ្ងៃបោះត្រា និងហត្ថលេខា។

ពេលអ្នកសារព័ត៌មានខេមបូចាចុះទៅផ្ទាល់គេអង្កេតឃើញថា ដីដែលពលរដ្ឋកំពុងតវ៉ាមាន​បោះបង្គោលដូចពលរដ្ឋលើកឡើងថា អាជ្ញាធរ​ស្រុកអ្នកចុះបោះ​ និងមានរណ្ដៅដីមួយយ៉ាងធំ ទំហំប្រហែល១០ហិកតា និងមានគ្រឿងចក្រដូចជា អាអិច២គ្រឿង និង​ឡាន​ដឹក​ដី១គ្រឿង និង​អាប៊ុលឈូសដី១គ្រឿងនៅជាប់រណ្ដៅដី។ គ្រឿងចក្រដែល​នៅ​ជាប់រណ្ដៅដី ពលរដ្ឋ​អះ​អាង​ថា ជាគ្រឿងចក្ររបស់ក្រុមហ៊ុន កែវ​ សុជាតា។

ខេមបូចា មិនអាចសុំការបំភ្លឺពីក្រុមហ៊ុន​ កែវ សុជាតា បានទេជុំវិញរឿងជម្លោះដីធ្លីនេះ កាល​ពី​សប្តាហ៍ទី២នៃខែនេះ។

ស្រដៀងគ្នានេះដែរ លោក រឿង សារ៉ុម អាយុ៥៤ឆ្នាំ រស់នៅភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង បានឱ្យដឹងថា លោកមានដី៧០អា ទាំងដីកេរ្ដិ៍ និងដីទិញអ្នកជិតខាងមានទំហំតូចៗ ដើម្បីយកមកអាស្រ័យផល ត្បិតលោកមិនមានមុខរបរផ្សេងទេ គឺពឹងផ្អែកទាំងស្រុងលើការ​ធ្វើ​ស្រែ។

លោកបន្ដថា​ ពលរដ្ឋទាំង២ភូមិ គឺរស់ពឹងផ្អែកលើដីដែលកំពុងមានជម្លោះទាំងស្រុង ប៉ុន្តែ​អ្នកភូមិ​ព្រែករាំង មិនសូវជាមានដីច្រើនទេ មានតែអ្នកភូមិទួលខ្មួញ​ប៉ុណ្ណោះ​មាន​ដី​ប៉ះពាល់​ច្រើន​។ ហើយកន្លងមកក្រុមហ៊ុនដែលអះអាងថា​អាជ្ញាធរឱ្យចុះមកកាយដី​ពលរដ្ឋ​​តែងតែង​ធ្វើ​ទុក្ខបុកម្នេញពួកលោក អស់ពីរឿងមួយចូលរឿងមួយ​លោកថា ពេល​លោក​សាក​សួរទៅ​អាជ្ញាធរ​មូលដ្ឋានបែរជាថា មិនដឹងរឿងទាំងអស់។

លោក សារ៉ុម ឱ្យដឹងថា លោកបានចាត់ទុកសកម្មភាពរបស់អាជ្ញាធរថា ជាការគប់គិតគ្នាជា​ប្រព័ន្ធ​ដើម្បីធ្វើស៊ីប្រជាពលរដ្ឋ។ លោកបន្តថា ពេលពលរដ្ឋនាំគ្នាតវ៉ានិងទាមទារអ្វីមួយ​គឺ​ពលរដ្ឋ​​តែងតែទទួលបាននូវការគំរាមកំហែងពីអាជ្ញាធរ។

លោកបន្ថែមថា៖ «ផលលំបាកគឺគាត់[អាជ្ញាធរ និងក្រុមហ៊ុន]មកធ្វើទុក្ខបុកម្នេញ​ប្រជាពលរដ្ឋ​អត់ឱ្យបានសុខហ្មង។ ដីខ្ញុំសរុបទាំងអស់​៧០អា។ គប់គិតគ្នាជាប្រព័ន្ធ ចង់យកដី​ប្រជាពលរដ្ឋ អត់មានដោះស្រាយឱ្យប្រជាពលរដ្ឋ។ ចាប់តាំង២០១៩មកពួកខ្ញុំដើរដាក់លិខិត​រហូត​បែរជា​មិន​មានការឆ្លើយតបទាំងអស់»

ជុំវិញរឿងចេញលិខិតបញ្ជាក់នេះលោក ជ្រិន ស្រៀង មេឃុំទឹកវិល បានបញ្ជាក់ថា សម្រាប់​ចេញលិខិតនេះគឺពលរដ្ឋបានមកពឹងឱ្យរដ្ឋបាលឃុំជួយធ្វើលិខិតដើម្បីឱ្យកម្ចីធនាគារបាន ប៉ុន្ដែ​​លោកក៏បានប្រាប់ពលរដ្ឋថា ការចេញបណ្ណកម្មសិទ្ធិមិនមែនជាដែន​សមត្ថកិច្ច​របស់ឃុំ​ឡើយ។ លោកបានបញ្ជាក់ថា ការចេញលិខិតបញ្ជាក់នេះព្រោះជា​ការយោគយល់​ដល់​ពលរដ្ឋ​ប៉ុណ្ណោះ បើលោកមិនចេញឱ្យទេពលរដ្ឋគ្មានដើមទុនរកស៊ី។

មេឃុំរូបនេះបន្ដថា៖ «វាកំហុសយើងអាជ្ញាធរដែរ។ប្រជាពលរដ្ឋគាត់ត្រូវការ​យកលុយ​ពី​ធនាគារ ហើយគាត់សុំឱ្យយើងជួយតែបញ្ជាក់ធ្វើមិចយកលុយពីធនាគារមករកស៊ី មក​ដោះ​ស្រាយ​ស្ថានភាពគ្រួសារចឹងក្មួយ។ យើងក៏បានប្រាប់គាត់ថាបើយកជាកម្មសិទ្ធិអី​គឺថ្នាក់ឃុំ​អត់មានសិទ្ធិសម្រេចទេ។ យើងជាការយោគយល់ពលរដ្ឋទេ ព្រោះយើងរស់នៅជាមួយ​ពលរដ្ឋ»

លោក ជី​ គឹមហៃ អភិបាលស្រុកស្អាង បានផ្ដល់បទសម្ភាសន៍ដល់ ខេមបូចា ថា ជុំវិញករណី​ជម្លោះដី៩០ហិកតានៅឃុំទឹកវិល ពិតជាមានមែន ប៉ុន្ដែលោកថា ការទាមទាររបស់​ពលរដ្ឋ​ដោយ​ស្នើចេញបណ្ណកម្មសិទ្ធិស្របច្បាប់លោកថា មិនអាចទៅរួចនោះទេ ពីព្រោះ​តែដី​ទាំង​នោះ​គឺដីរដ្ឋ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ដីទាំងអស់មានចំនួន៣ប្លង់ និងមានទំហំជាង​៩០ហិកតា ដែលជាដីរដ្ឋទាំង​ស្រុង។

លោកថ្លែងថា ការទាមទារបស់ពលរដ្ឋ​វាជាសិទ្ធិលោក​មិន​អាច​ហាមឃាត់បាននោះទេ តែ​យ៉ាង​ណា ​លោកសុំបដិសេធចំពោះការចោទ​ប្រកាន់​របស់​ពលរដ្ឋថា អាជ្ញាធរគប់គិតគ្នា​វាជារឿង​មិន​ពិត។ លោកបន្ដថា បើសិនជាពលរដ្ឋនៅតែបន្ដតវ៉ាឱ្យចេញបណ្ណកម្មសិទ្ធិ លោក​ថា មាន​តែ​រង់ចាំចំណាត់ការពីថ្នាក់លើនោះទេ សម្រាប់លោកបានត្រឹមសម្របសម្រួលប៉ុណ្ណោះ។

លោកអភិបាលស្រុកបន្ថែមថា៖ «បាទ! ដីហ្នឹងជាកម្មសិទ្ធិរបស់រដ្ឋ។ ដីហ្នឹងមានប្លង់រឹង​របស់រដ្ឋ​រួចហើយ លើសពីហ្នឹងខ្ញុំមិនអាចឆ្លើយជូនបានទេ ខ្ញុំជម្រាបជូនប៉ុណ្នឹង»

គ្រឿងចក្រក្រុមហ៊ុន កែវ សុជាតា កំពុងនៅក្បែររណ្ដៅដីលើដីមានជម្លោះ ស្ថិតនៅ​ភូមិ​ទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល កាលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។  (ខេមបូចា/ ឃាង សុខមាន)

ខេមបូចា មិនអាចសុំការបំភ្លឺពីលោក គ្រុយ ម៉ាឡែន អ្នកនាំពាក្យរដ្ឋបាល​ខេត្ដកណ្ដាលបានទេ​ដោយទូរសព្ទចូលជាច្រើនដង ប៉ុន្ដែគ្មានអ្នកលើក។

កាលពីថ្ងៃទី២០ ​ខែមិថុនា​ ​ឆ្នាំ​២០២៣​កន្លងប្រជាពលរដ្ឋបាននាំគ្នាដាក់លិខិតសុំ​កិច្ចអន្ដរាគមន៍​ទៅកាន់លោក​ សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីឱ្យជួយអន្ដរាគមន៍ឱ្យចេញប្លង់កម្មសិទ្ធិ​ស្រប​​​ច្បាប់ ហើយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ពលរដ្ឋបាននាំគ្នាដាក់លិខិតស្នើសុំ​កិច្ច​អន្ដរាគមន៍​ទៅកាន់ក្រសួងមហាផ្ទៃផងដែរ។

ក្នុងលិខិតទាំងនោះបានបង្ហាញពីការកាន់កាប់ និងអាស្រ័យផលចាប់តាំងពី១៩៧៩ និងបាន​ស្នើឱ្យជួយចេញបណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់លើទំហំដី៩០ហិកតាស្ថិតនៅភូមិ ទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល។

បើតាមលោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការលីកាដូ បានលើកឡើងថា បើដី​កំពុង​មានជម្លោះជាដីសាធារណៈរបស់រដ្ឋ គឺពលរដ្ឋអាចអាស្រ័យផលបាន ប៉ុន្ដែពេលរដ្ឋ​បំប្លែង​ដី​ទៅ​ជាដីឯកជនរបស់រដ្ឋ ត្រូវប្រគល់ឱ្យប្រជាពលរដ្ឋដែលបានកាន់កាប់ និងប្រើប្រាស់។ លោកថា ជាក់ស្ដែងពលរដ្ឋមានលិខិតបញ្ជាក់ពីភូមិឃុំថា ដីរបស់ពួកគាត់មានទំហំប៉ុណ្ណេះ​ដូច្នេះរដ្ឋ​ត្រូវ​តែ​​ចេញបណ្ណកម្មសិទ្ធិស្របច្បាប់ជូន។

លោកថ្លែងថា ក្នុងករណីដែលរដ្ឋមិនព្រមចេញប្លង់រឹង និងយកដី​ទាំង​នោះទៅលក់ឱ្យ​ក្រុមហ៊ុន​ឯកជនគឺជាការរំលោភសិទ្ធិរបស់ពលរដ្ឋធ្ងន់ធ្ងរហើយ។ លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាល​គួរតែត្រួតពិនិត្យលើចំណុចនេះ ដើម្បីចៀសវាងបង្កបញ្ហាជាច្រើនដល់ពលរដ្ឋ​កំពុង​តែ​​កាន់​កាប់ និងអាស្រ័យផល ព្រោះពលរដ្ឋទាំងអស់រស់ពឹងផ្អែកលើដីហ្នឹង។

លោក សំអាត បន្ថែមថា៖ «បើរដ្ឋបានបំប្លែងដីទាំងអស់ហ្នឹងទៅជាដីឯកជន​របស់រដ្ឋហើយ​គឺត្រូវចេញប្លង់កម្មសិទ្ធិស្របច្បាប់ឱ្យពលរដ្ឋដែលបានកាន់កាប់ជាយូរមកហើយ ជាពិសេស​មានលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានទៀត។ លើកលែងតែដកហូតដីយកមកបម្រើ​ផល​ប្រយោជន៍​សាធារណៈ តែបើអត់ទេគឺរដ្ឋត្រូវចេញប្លង់រឹងឱ្យពលរដ្ឋ»

ចំណែកឯលោក វណ្ណ សូផាត មន្រី្ដសម្របសម្រួល និងធុរៈកិច្ចនៃមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា បានថ្លែងថា ជាទូទៅអាជ្ញាធរថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋានគប់គិតគ្នាជា​ប្រព័ន្ធ​ក្នុងការលក់ដីឯកជនរបស់រដ្ឋទៅឱ្យក្រុមហ៊ុនឯកជន ឬមួយឈ្មួញដី ជាជាងប្រគល់​ឱ្យ​ប្រជាពលរដ្ឋ។​ លោកបានដាក់ជាសំណួរថា បើសិនជាអាជ្ញាធរថ្នាក់ក្រោមជាតិ និងអាជ្ញាធរ​មូលដ្ឋានអាចលក់បាន ហេតុអ្វីមិនអាចចេញប្លង់រឹងឱ្យពលរដ្ឋដែលបានកាន់កាប់ និង​អាស្រ័យ​ផល​ជាយូរមកហើយបាន។ វាជារឿងដដែលៗរបស់អាជ្ញាធរ។

លោកបន្តថា កិច្ចការទាំងអស់នេះ គឺជាការទទួលខុសត្រូវរបស់ក្រសួងដែនដី នគរូបនីកម្ម និងសំណង់ គួរតែចុះពិនិត្យឱ្យ​បាន​ជាក់​​លាក់​ថា​តើដីមានជម្លោះវាជាដីសាធារណៈរបស់រដ្ឋ​ ឬក៏ដីឯកជនរបស់រដ្ឋ ហើយគួរ​ចេញ​ប្លង់​ឱ្យពលរដ្ឋដែរឬទេ។

លោកថា៖ «មួយរយៈកន្លងមកឃើញថាមិនមានការគ្រប់គ្រងដីរដ្ឋឱ្យបានច្បាស់លាស់ទេ ជាពិសេសដីប្រជាពលរដ្ឋបានអាស្រ័យ​ផល​។ បើអាជ្ញាធរអាចលក់ដីហ្នឹងឱ្យក្រុមហ៊ុន ឬ​អ្នក​មាន​​អំណាចបានអាហ្នឹងវាជាការខុសច្បាប់ និងនីតិវិធី។ ការធ្វេប្រហែសរបស់ស្ថាប័នពាក់ព័ន្ធ​មួយចំនួនហ្នឹងហើយដែលធ្វើឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ និងមូលដ្ឋានងាយគប់គិត​គ្នាណាស់ ហើយអ្នករងគ្រោះគឺប្រជាពលរដ្ឋ»

កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ លោក កែវ រ៉េមី រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជា​ប្រធានគណៈកម្មាធិការ​សិទ្ធិមនុស្សនៃក្រសួងមហាផ្ទៃ បានចេញលិខិតផ្លូវការមួយ​ឱ្យទៅ​អភិបាល​ខេត្ដកណ្ដាល​​ក្រោយពីទទួលលិខិតពីប្រជាពលរដ្ឋថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។ ​​

ក្នុងលិខិតសរសេរថា៖ «សូមឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្ដកណ្ដាល និង​ជា​ប្រធាន​គណៈសុរិយោដីថា្នក់ខេត្ដ ជួយបំភ្លឺករណីទំនាស់ដីធ្លីខាងលើមកគណៈកម្មាធិការ​សិទ្ធិ​មនុស្ស មានមូលដ្ឋានគ្រប់គ្រាន់សម្រាប់ចំណាត់ការបន្ដ»

337 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម