សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋជាង៧លាននាក់ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ខណៈបក្សនយោបាយរង់ចាំលទ្ធផលពី គ.ជ.ប

មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាប់ផ្តើមរាប់សន្លឹកឆ្នោតនៅមណ្ឌលវត្តចាក់អង្រែលើ ក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាប់ផ្តើមរាប់សន្លឹកឆ្នោតនៅមណ្ឌលវត្តចាក់អង្រែលើ ក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ភ្នំពេញៈ ប្រជាពលរដ្ឋ​ជាង​៧លាននាក់បាន​ចេញទៅបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី៥ នៅថ្ងៃអាទិត្យទី​៥ ខែមិថុនា ឆ្នាំ​២០២២​ ក្នុង​ចំណោម​អ្នកមាន​ឈ្មោះបោះឆ្នោត​សរុបជាង​៩លាន​នាក់ ខណៈបក្សនយោបាយនីមួយៗកំពុង​រង់ចាំ​លទ្ធផលពី​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត។

លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍​នៅក្នុងសន្និសីទសារព័ត៌មានដែលចាប់ផ្តើមនៅវេលាម៉ោង៥រសៀលថ្ងៃអាទិត្យ បានឲ្យដឹងថា ព័ត៌មានជាបឋម មានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណជាង៧លាននាក់​ក្នុងចំណោម​ប្រជាពលរដ្ឋដែលចុះឈ្មោះបោះឆ្នោតសរុបជាង៩លាននាក់ បានចូលរួមបោះឆ្នោត​ជ្រើសរើស​សមាជិកក្រុមប្រឹក្សាឃុំសង្កាត់។

លោក ប្រាជ្ញ ចន្ទ​ បានមានប្រសាសន៍ថា៖ «តាមតួរលេខបណ្ដោះអាសន្នដែល​គណៈកម្មការជាតិរៀបចំការបោះឆ្នោះទទួលបាន អ្នកបោះឆ្នោតសរុបមានចំនួន ៧ ១៧២ ៤៤៨នាក់នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប ៩ ២៥០ ៦៨១ នាក់ ស្មើនឹង ៧៧,៩១ ភាគរយ»

លោក ទេព នីថា អគ្គលេខាធិការ គជប បានលើកឡើងថា ខេត្តដែលមានអ្នកទៅចូលរួម​បោះឆ្នោតតិចជាងគេ គឺខេត្តបន្ទាយមានជ័យ ដែលមានចំនួន ៦៧.៤៩% ចំណែកឯខេត្តធំ និងខ្ពស់ជាងគេ ដែលមានប្រជាពលរដ្ឋទៅបោះឆ្នោតច្រើនជាងគេ គឺខេត្តកណ្ដាលដែល​មានចំនួន ៨៥.៤៦%។ ចំណែកឯខេត្តដែលមានអ្នកចូលរួមច្រើនជាងគេ គឺខេត្តកែបចំនួន ៨៧.២៥ %។

មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាប់ផ្តើមរាប់សន្លឹកឆ្នោតនៅមណ្ឌលវត្ត​ចាក់អង្រែលើ ក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

នៅក្នុងចំណោមគណបក្សទាំង១៧នេះ មានតែគណបក្សប្រជាជនកម្ពុជា​ដែលជា​បក្ស​កាន់អំណាចតាំងពីពន្លត់ភ្លើងសង្រ្គាមនៅកម្ពុជាដែលមានលទ្ធភាពដាក់បេក្ខជន​ឈរ​ឈ្មោះ​បានទូទាំងប្រទេសដែលមានចំនួនសរុប១៦៥២ឃុំ-សង្កាត់។ បន្ទាប់ពីគណបក្សកាន់​អំណាចមួយនេះ គឺគណបក្សភ្លើងទៀន បានដាក់បេក្ខជនឈរឈ្មោះចំនួន១៦២៣ឃុំ-សង្កាត់។

លោក សុខ​ ឥសាន្ត អ្នក​នាំពាក្យគណបក្ស​ប្រជាជន​កម្ពុជា​បដិសេធមិនផ្តល់​លទ្ធផល​បណ្តោះ​អាសន្នណាមួយចេញពីគណបក្សនោះទេ ដោយ​​អះអាង​រង់ចាំ​ការប្រកាស់ពី គជប។

លោក​ថ្លែងថា៖ «ពេលនេះយើង​ដឹង​តែ​តួលេខសរុបរបស់​ប្រជាជន​ដែលបាន​បោះឆ្នោត​ប៉ុណ្ណោះ យើង​ដើរក្រោយ គជប មួយ​ជំហាន»

លោក សុខ ឥសាន្ត​ បានច្រានចោល​នូវការ​លើក​ឡើង​ពីគណបក្ស​នយោបាយមួយចំនួន​អំពីភាពមិនប្រក្រតី។

លោក​ឱ្យដឹងថា៖ «អាហ្នឹង[ការលើកឡើងពីភាពមិនប្រក្រតី] មាន​តាំងពីមុនការបោះឆ្នោត​មក​ម៉្លេះ ចឹងទេនេះជាចេតនាទុច្ចរិតមួយដែលចង់បដិសេធ ចង់ឡាំប៉ាលទ្ធផលបោះឆ្នោត»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ រូបថតថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ទោះបីយ៉ាងនេះក៏តាមការអង្កេតនៅតាម​ការិយាល័យបោះឆ្នោតមួយចំនួន​នៅទីក្រុងភ្នំពេញ សំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា​ហាក់​កំពុង​នាំមុខ​។

លោក ចេប គឹមអ៊ាង អនុប្រធានគណបក្សភ្លើងទៀន បានថ្លែងប្រាប់ខេមបូចានៅម៉ោងប្រមាណ​៥រសៀល​ថា តាមការស្ទាបស្ទង់លទ្ធផល គណបក្សប្រជាជនហាក់កំពុងនាំមុខ ប៉ុន្តែ​នៅ​តាម​តំបន់ខ្លះ​ក៏​គណបក្សភ្លើងទៀនបាននាំមុខ។ ទោះបីយ៉ាងនេះក្តីលោក​មិនទាន់អាច​សន្និដ្ឋាន​បានឡើយ ដោយកំពុងរង់ចាំលទ្ធផលជាផ្លូវការពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

លោកមានប្រសាសន៍ថា៖ «ទោះបី​ឥឡូវនេះលទ្ធផលបឋមគណបក្សប្រជាជននាំមុខ​តែ​ប៉ុណ្ណឹង វាទើបដឹងតិចៗទេ ប៉ុន្តែកន្លែងខ្លះគណបក្សភ្លើងទៀននាំមុខដែរ វាអត់ទាន់ច្បាស់ទេ កំពុងតែចាប់ផ្ដើមដំណើរការ យើងមិនអាចនិយាយបានទេ»

លោក គឹមអ៊ាង ក៏បានលើក​ឡើង​​ពីភាពមិនប្រក្រតីមួយចំនួនកំឡុងពេលបោះឆ្នោត នៅតាម​មណ្ឌលនានាទូទាំងខេត្តក្រុងផងដែរ រួមមានការដាក់ពង្រាយកម្លាំងសមត្ថកិច្ច​ក្នុងមណ្ឌល ការគំរាមកំហែងបេក្ខជនជាដើម។

លោកថ្លែងថា៖ «លោកដឹងតាំងពីដំបូង ពីព្រោះមានការ​គំរាមកំហែង បំភិតបំភ័យបេក្ខជន ភ្នាក់ងារតាំងពីអីសព្វបែបយ៉ាង គណបក្សភ្លើងទៀន​បាន​ដាក់ភ្នាក់ងារច្រើនណាស់ មាន​បញ្ហាច្រើនណាស់»

ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល លើកបង្ហាញម្រាមដៃដែលមានស្នាមទឹកខ្មៅ បន្ទាប់ពីលោកបានចូលរួមបោះឆ្នោតឃុំ-សង្កាត់ នៅរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

លោក  ញឿន  រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងថា សម្រាប់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ស្ថានភាពទូទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​ប្រព្រឹត្តដោយរលូន។ លោកបន្ត​គណបក្សលោកកំពុង​រង់ចំាលទ្ធផល​ពី​ គជប។

អ្នកនាំពាក្យរូបនេះថ្លែងថា៖ «ពេលនេះព្រះនរោត្តម ចក្រាវុធ នឹងបើកការប្រជុំជាបន្ទាន់ ដើម្បីពិនិត្យបញ្ហាមួយចំនួន»

លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានឱ្យដឹងថា គិតត្រឹម​ម៉ោង៥រសៀលថ្ងៃទី៥ ខែមិថុនានេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបាន​ទទួលព័ត៌មាន​ជាបណ្ដើរៗពីអ្នកសង្កេតការរបស់ខ្លួននៅតាមមូលដ្ឋានហើយ ហើយ​ថាលទ្ធផលបណ្ដោះ​អាសន្ន​របស់​គណបក្ស នៅឃុំសង្គ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ហាក់មានសញ្ញាណល្អជាងគេ។

លោកបានបន្តថា៖ «តំបន់ដែលអាច​មានការរំពឹងឈ្នះហ្នឹង គឺនៅឃុំសង្គ្រាមហ្នឹង ប៉ុន្តែយើង​ត្រូវការព័ត៌មានប្រមាណ៨ទៅ៩​ការិ​យាល័យ​ទៀត»

លោកបន្ថែមថា សង្កាត់ដោះដាច់ ហាក់មិនមានសញ្ញាណល្អប្រសើរនៅឡើយទេ ខណៈ ខេត្តផ្សេងៗទៀត ​មិនទាន់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនៅឡើយទេ។

ប្រជាពលរដ្ឋបានថតម្រាមដៃខ្លួនឯងដែលមានស្នាមទឹកខ្មៅ បន្ទាប់ពីបានចូលរួមបោះឆ្នោតឃុំ-សង្កាត់ នៅរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

លោក ប្រាជ្ញ ចន្ទ​ បានថ្លែងបន្តទៀត​ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​អាណត្តិទី៥ ​គឺបានប្រព្រឹត្តទៅ​យ៉ាងរលូន និងគ្មាន​ការ​គំរាមកំហែង។ លោកយល់​ថា ការ​ដែលអាជ្ញាធរ​មូលដ្ឋាន​ដើរប្រាប់​ប្រជាពលរដ្ឋ​តាម​ផ្ទះ​ឲ្យ​ទៅបោះឆ្នោតដោយ​សារតែ​អាជ្ញាធរ​គិតគូរដល់​ប្រជាជន​ប៉ុណ្ណោះ។

លោកបាន​បន្ថែមថា៖ «តាម​ខ្ញុំយល់​​ប្រហែលជា​​អាជ្ញាធរ​ទៅរម្លឹក ឬដាស់តឿន​ឲ្យ​​ប្រជាជន​ទៅបោះឆ្នោត ព្រោះថ្ងៃនេះជាថ្ងៃបោះឆ្នោត ដូច្នេះអាជ្ញាធរមូលដ្ឋាន​ក៏គាត់គិតគូរដែរ នេះបើ​តាម​ខ្ញុំយល់»

លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខមហ្វ្រែល ប្រាប់​ខេមបូចា​ថា អ្វីដែលជាព័ត៌មានបឋម ដែលអង្គការខមហ្វ្រែលបានទទួល គឺឃើញមាន​ភាពមិនប្រក្រតីទាក់ទងទៅ​នឹងដំណើរការបោះឆ្នោត ទាក់ទងនឹងអាជ្ញាធរមូលដ្ឋាន មានធ្វើការកត់ឈ្មោះប្រជាពលរដ្ឋ និងចូលទៅក្នុង​បរិវេណ​ការិយាល័យបោះឆ្នោត។

សកម្មភាពនៃការកត់ឈ្មោះ និងការចូលតាមការិយាល័យបោះឆ្នោតរបស់​អាជ្ញាធរ​មូលដ្ឋាន លោក សាវាង្ស យល់ឃើញថា ជាសកម្មភាព​ធ្វើ​ឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងព្រួយបារម្ភ។  

លោកថ្លែងថា៖ «វាពាក់ព័ន្ធនឹងការភ័យខ្លាច ការព្រួយបារម្ភ ពីព្រោះនៅក្នុងនីតិវិធី គឺមិនបាន​ចែងអំពីតួនាទីភារកិច្ចរបស់​អាជ្ញាធរមូលដ្ឋាន មេភូមិ សមាជិកភូមិ សមាជិកក្រុមប្រឹក្សាឃុំ ឬក៏មេឃុំណាមួយ នៅក្នុងការចុះ​ឈ្មោះប្រជាពលរដ្ឋណាមួយ មក ឬក៏មិនមក គឺមិនមែនជា​តួនាទីរបស់ពួកគាត់ទេ»។

មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាប់ផ្តើមរាប់សន្លឹកឆ្នោតនៅមណ្ឌលវត្ត​ចាក់អង្រែលើ ក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

អ្នក​យក​ព័ត៌មាន​ខេមបូចា ដែលបាន​ចូល​យកព័ត៌មាន​នៅមណ្ឌលបោះឆ្នោត​សាលាបឋម​សិក្សា​វាលស្បូវ ត្រូវបានប៉ូលិសដែលមាន​តួនាទីជាសន្តិសុខសណ្តាប់ធ្នាប់ និង​ប្រធានមណ្ឌល​បាន​ហៅសាកសួរ និង​មិនអនុញ្ញាតឲ្យ​ចូល​ទៅជិតការិយាល័យ​រាប់សន្លឹកឆ្នោតដើម្បី​ផ្តិត​យក​រូបភាព​នោះទេ ដោយ​លើក​ហេតុផល​ថា ជាបទបញ្ញាដែល​កំណត់​​ដោយ​​គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត។ ទោះបីយ៉ាងនេះក្តី​នៅតាមការិយាល័យបោះឆ្នោត​ផ្សេងទៀត​ក៏មិនមាន​ការរឹតត្បិត​ដូច្នេះឡើយ៕ (រាយការណ៍ដោយ ស៊ន សារ៉ាត/ សុវណ្ណ ស្រីពេជ្រ/ ស៊ើង និមល់/ ឃាង សុខមាន/ ទ្រី ថានី)

558 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម