សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់មេដឹកនាំសហជីព និងបុគ្គលិកម្តងមួយៗតាមការបញ្ជូនសារ

អគារកាស៊ីណូ និងសណ្ឋាគារណាហ្គាវើលដ៍ នៅទីក្រុងភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង
អគារកាស៊ីណូ និងសណ្ឋាគារណាហ្គាវើលដ៍ នៅទីក្រុងភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង

ការ​បញ្ឈប់​​បុគ្គលិកប្រមាណ​១៣០០​នាក់ រួម​ទាំងមេ​ដឹក​នាំ​សហជីពរបស់​ក្រុម​ហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ បាន​លេច​ចេញ​ជា​រូប​រាង​ហើយ​នៅ​សប្ដាហ៍​នេះ ខណៈ​ថ្នាក់​គ្រប់​គ្រង​បដិសេធ​ជួប​ចរចា​ជា​មួយ​សហជីព ជំនួស​មក​វិញ​ដោយ​ជួប​ចរចា​ផ្ទាល់​ជាមួយ​បុគ្គលិក​​ម្តងមួយៗ។​

ដូច​ដែល​ក្រុមណាហ្គា​វើល​ដ៍បន្ត​ផែនកា​រ​កាត់​បន្ថយ​ចំនួន​បុគ្គលិក​ស្ទើរ​តែ​មួយ​ភាគ​ប្រាំ​មួយ​នៃ​បុគ្គលិក​សរុ​ប​ប្រហែល​៨ ០០០​នាក់ សមាជិក​សហជីព​បានប្រឆាំង​នឹង​ការ​សម្រេច​បញ្ឈប់​បុគ្គលិក​នេះ និង​បាន​ផ្ដិត​មេដៃ​ដាក់​ពាក្យ​បណ្ដឹង​ទៅកាន់​ក្រ​សួង​ការងារ​ផង​។​​

សមាជិក​សហជីព​ដែល​មាន​គ្នា​ប្រ​ហែលជា​៦០០​នាក់ ដែល​កំពុង​ប្រ​ឈម​នឹង​ការ​បញ្ឈប់​ពី​ការ​ងារ ត្រូវ​បាន​តំណាង​ក្រុម​ហ៊ុន​ស្នើ​ឲ្យ​បញ្ចប់​កិច្ច​សន្យា​ការ​ងារ​ដោយ​ខ្លួន​ឯង​ដោយ​គ្មាន​តំណាង​របស់​សហជីព ឬ​មិន​ដូច​នោះ​ទេ​នឹង​ត្រូវ​បញ្ឈប់​ដោយ​ស្វ័យ​ប្រវត្តិ​ និង​ទទួល​បាន​ប្រាក់​បំណាច់​តិច​តួច​។​ យុទ្ធនាការ​ប្រមូល​ស្នាម​មេ​ដៃនេះ ធ្វើ​ឡើង​បន្ទាប់​ពី​ថ្នាក់​គ្រប់​គ្រង​​ក្រុម​ហ៊ុន​បាន​​ជូន​ដំណឹង​ពី​ការ​បញ្ឈប់​មេ​ដឹក​នាំ​សហជីព​ចំនួន​បី​នាក់ រួម​មាន​អ្នកស្រី​ឈឹម ស៊ីថរ​ ប្រធាន​និង​អ្នកស្រី ឈឹម សុខុន លេខាសហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើល​ដ៍ផង​ដែរ​។

អ្នកស្រី ឈុន សុខា អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​​ឲ្យ​ដឹង​ថា​ ​បុគ្គលិក​មួយ​ចំនួន​បាន​យល់​ព្រម​ទទួល​យកលក្ខខណ្ឌ​បញ្ឈប់​ការងារ​របស់ក្រុម​ហ៊ុន​ហើយ​ដែរ ប៉ុន្តែថា​តាម​អ្វីដែលអ្នក​ស្រីបាន​ដឹង​អ្នក​ទាំង​នោះ​មិន​មែនជា​សមាជិក​សហជីព​នោះទេ​។​

អ្នកស្រី​និយាយថា៖ «[តំណាង​ក្រុម​ហ៊ុន​] បាន​ផ្ញើសារ​ទៅ​កាន់​បុគ្គ​លិក​ម្នាក់ៗ ប៉ុន្តែ​ពួក​គេ​មិន​បញ្ចេញ​ឈ្មោះជា​សាធារណៈ​ថា​អ្នក​ណា​ខ្លះ​ត្រូវ​បញ្ឈប់​នោះទេ»។

បើ​តាម​អ្នកស្រី​ សុខា សមាជិក​របស់​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ ដែល​មាន​ប្រហែល​៤ ៥០០​នាក់​ក្នុង​ក្រុម​ហ៊ុន មិន​ទាន់​បាន​ចរចា​ពី​ការ​បញ្ឈប់​ពួក​គេ​​ជាមួយ​តំណាង​ក្រុម​ហ៊ុន​ណាហ្គាវើល​ដ៍នៅឡើយ។​

អ្នកស្រី​​ឲ្យ​ដឹង​ទៀត​ថា៖ «​[អ្នកគ្រប់​គ្រង​] បាន​ប្រាប់​បុគ្គ​លិក​ថា​អ្នក​ណា​យល់ព្រម​បញ្ចប់​កិច្ច​សន្យាការងារ​ អ្នក​ទាំង​នោះ​នឹង​ទទួល​បាន​អត្ថប្រយោជន៍ប្រាំ​ចំណុច ហើយ​អ្នក​ដែល​មិន​យល់ព្រម​នឹង​ទទួលបាន​តែ​បួន​ចំនុច​ប៉ុណ្ណោះ ដោយ​ដក​ចេញ​សំណង​ជំងឺចិត្តផងដែរ»។ បើ​តាម​អ្នក​ស្រី សុខា អត្ថ​ប្រយោជន៍​ប្រាំចំណុច ​បាន​ន័យ​ថា​ក្រុម​ហ៊ុន​នឹង​សង​ទាំង​សំណងជំងឺចិត្ត និង​ប្រាក់អត្ថប្រយោជន៍ ខណៈ​ដែល​សំណង​នេះ​នឹង​មិន​ផ្ដល់​ជូន​ដល់​បុគ្គលិកណា​​ដែល​មិន​ព្រម​ស្ម័គ្រ​ចិត្ត​ឈប់​នោះទេ​។

​ការ​បញ្ឈប់​បុគ្គលិក​ក្នុង​ចំនួន​ដ៏ច្រើន​នេះ ដែល​ខាង​ក្រុម​ហ៊ុន​ណាហ្គាវើល​ដ៍ថាមក​ពី​បញ្ហា​ហិរញ្ញវត្ថុ​នោះ អ្នកស្រី ជឿ​ថា​នេះ​ជា​ចេតនាពិត​ប្រាកដ​របស់​ក្រុម​ហ៊ុន​ក្នុង​ការ​បំបាត់​សហជីព និង​អង្គការការ​ងារ​នៅ​ក្នុង​អគារកាស៊ីណូ។​

ក្រុម​ហ៊ុន​ណាហ្គាវើល​ដ៍ បាន​ប្រកាស​កាលពី​ថ្ងៃទី​៨ ខែមេសា ថា​ការ​កាត់​បន្ថយ​បុគ្គលិក​ដោយ​សារតែ​បញ្ហា​វិបត្តិកូវីដ១៩ ដែលបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​អាជីវកម្ម​សម្រាប់​រយៈពេល​ជិត​មួយ​ឆ្នាំ​កន្លង​មក​នេះ មុន​ពេល​មាន​ការ​សម្រេច​ផ្អាក​ដំណើរ​ការ​អគារ​ណាហ្គា​វើលដ៍​ជា​បណ្ដោះ​អាសន្ន​កាលពី​ខែមីនា​។​ កាល​ពី​សប្ដាហ៍​មុន បន្ទាប់​ពីបុគ្គ​ជា​ច្រើន​បាន​ទទួល​សារ​ជូន​ដំណឹងពីថ្នាក់​គ្រប់​គ្រង​ បុគ្គលិកជា​ច្រើន​បាន​ចាប់​ផ្ដើម​ចរចា​ជាមួយ​ក្រុម​ហ៊ុន​លើ​ការ​បញ្ចប់​កិច្ច​សន្យា​ការងារ​របស់​ខ្លួន​។​

សហជីព​បាន​ថ្លែង​ថា​​តាំង​ពីខែ​មេសា ឆ្នាំ​២០២០​មក បុគ្គលិក​ណាហ្គាវើលដ៍​បាន​​បាត់​បង់​ប្រាក់​ចំណូល និង​អត្ថ​ប្រយោជន៍​ដោយ​សារ​តែ​បញ្ហា​កូវីដ១៩ ប៉ះពាល់​ដល់​កាស៊ីណូ។ បន្ទាប់​ពី​មួយ​ឆ្នាំ​នៃ​ភាព​មិន​នឹងន​នៅ​កន្លែង​ការងារ មេដឹង​នាំ​សហជីព​ថា ការ​បញ្ឈប់​នេះ​នឹង​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ក្រុម​គ្រួសារ​បុគ្គលិក ដែ​ល​ត្រូវ​គេ​បញ្ឈប់​ភ្លាមៗ​បែប​នេះ។​

កាល​ពី​ឆ្នាំ​កន្លង​ទៅ​ ខណៈ​ដែលបុគ្គលិក​បាន​យល់ព្រម​កាត់​បន្ថយ​ម៉ោង​ធ្វើ​ការងារ និង​កាត់​បន្ថយ​ថ្លៃឈ្នួល​ ក្រុម​ហ៊ុន​នៅ​តែ​បន្ត​ទទួល​បាន​ប្រាក់​ចំណេញ។ ក្នុង​របាយការណ៍​ហិរញ្ញ​វត្ថុ​ចុងក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​បាន​ចំណេញ​ប្រាក់​១០២​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០ ធ្លាក់​ចុះពី​៥២១​​លាន​ធៀប​នឹង​ឆ្នាំ​២០១៩​។

សារ​ដែល​ខេមបូចា បាន​ឃើញ និង​បាន​ផ្ញើ​ចេញ​ដោយ​ថ្នាក់​គ្រប់​គ្រង​ទៅ​កាន់​បុគ្គលិក​ក្រុម​ហ៊ុន​ផ្ទាល់ ខាង​តំណាង​ក្រុម​ហ៊ុន​បាន​សរសេរ​ថា​ក្រុម​ហ៊ុន​ណាហ្គាវើល​ដ៍តែ​ម្នាក់​គត់​នឹង​រៀប​ចំ​លក្ខខណ្ឌ​សម្រាប់​ការ​បញ្ឈប់​បុគ្គលិក​របស់​ខ្លួន​។​

សារ​នោះ​បាន​សរសេរថា៖ «បើ​សិន​ជា​និយោជិតជ្រើសរើសយកគម្រោងក្នុងការបញ្ចប់កិច្ចសន្យាការងារដោយព្រមព្រៀងនេះក្នុងរយៈពេលនៃការបញ្ចប់កិច្ចសន្យាការងារខាងលើ។ យើងខ្ញុំនឹងផ្តល់ប្រាក់បំណាច់កិច្ចសន្យាការងារដែលខ្ពស់បំផុតតាមច្បាប់»។

សារ​ដដែល​សរសេរ​ទៀត​ថា៖ «យើងខ្ញុំសូមធ្វើការសង្កត់ធ្ងន់ថានិយោជិតមានឆន្ទានុសិទ្ធិពេញលេញក្នុងការជ្រើសរើសយកគម្រោងក្នុងការបញ្ចប់កិច្ចសន្យាដោយព្រមព្រៀងនេះ ជាមួយ​នឹង​ការ​យល់ព្រម​ដោយស្ម័គ្រ​ចិត្ត»។

ប្រ​ធាន​ផ្នែក​​ធនធានមនុស្សក្រុម​ហ៊ុន​ណាហ្គាវើល​ដ៍ លោក Hein Dames មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បានទេ និង​មួយ​រយៈ​ចុង​ក្រោយ​នេះ​ក្រុមហ៊ុនមាន​កេរ្ដិ៍​ឈ្មោះមិន​សូវ​ល្អ​​ប៉ុន្មានទេ​លើ​បណ្ដាញ​សារព័ត៌មាន​ចំពោះ​ការ​បញ្ឈប់​បុគ្គលិក​នេះ​​។​

ជាមួយ​គ្នា​នេះដែរ អ្នក​នាំ​ពាក្យ​ក្រ​សួងការងារ លោក ហេង សួរ មាន​ប្រ​សាសន៍​ថា​ការិយាល័យ​​របស់​លោក​នៅ​មិន​ទាន់​បាន​ទទួល​ស្នាម​មេដៃ​ពាក្យ​បណ្ដឹង​ទេ និង​បាន​និយាយក្នុង​លក្ខខណ្ឌ​ទូទៅ​ពី​ស្ថានភាព​នេះ​។​​

លោក​មាន​ប្រ​សាសន៍ថា៖ «ការ​បញ្ឈប់​បុគ្គលិក​ដោយ​សារ​តែ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​មិន​ត្រូវ​បាន​ហាម​ឃាត់​ដោយ​ច្បាប់​នោះទេ»។ លោក​បាន​ញ្ជាក់ទៅ​នឹង​នីតិវិធី​ច្បាប់​ដែល​មាន​ចែង​ពី​ការ​កាត់​បន្ថយ​ចំនួន​បុគ្គលិក​។ លោក​បន្ថែមថា៖ «ក្នុង​សម័យ​កូវីដ១៩ ក្រុម​ហ៊ុន​ជា​ច្រើន​បាន​បង្ខំ​ចិត្ត​បញ្ឈប់​បុគ្គលិក»។​

លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារ​ របស់អង្គការសង់ត្រាល់ បាន​បង្ហាញ​ការ​ខក​ចិត្ត​ចំពោះ​ស្ថាន​ភា​ពនេះ ដែល​លោក​ថា​ការដែល​ណាហ្គាវើល​​ធ្វើ​ដូច​នេះ​ដើម្បី​ឆ្លៀត​ឱកាស​ក្នុង​ពេល​មាន​វិបត្តិ​ដើម្បី​កាត់​បន្ថយ​បុគ្គលិក និង​មេដឹក​នាំសហជីព​។​

លោក​និយាយថា៖ «​ការ​បញ្ឈប់​បុគ្គ​លិក​ចំនួន​ច្រើន​បែបនេះ បង្ហាញ​ពី​ការ​រើសអើង​នឹង​មេ​ដឹក​នាំ​សហជីព ពីព្រោះ​ក្រុ​ម​ហ៊ុន​គ្មាន​ចេតនា​ចរចាជាមួយសហជីព»។

លោក​ឲ្យ​ដឹ​ងទៀត​ថា អ្នក​គ្រប់​គ្រង​ណាហ្គា​វើលដ៍ ​​កន្លង​ទៅ​បាន​ឃើញ​ពី​អំណាច​របស់​មេដឹក​នាំ​សហជីព​ក្នុង​ការ​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​គោរពសិទ្ធិ​​បុគ្គលិក។ លោក ថារ៉ូ បាន​លើ​កពី​ចំណុច​ដែល​សហជីព​បាន​រៀប​ចំការ​តវ៉ា​ឲ្យក្រុម​ហ៊ុន​​ទទួល​មេ​ដឹក​នាំ​សហជីពចូល​ធ្វើ​ការ​វិញ ដែល​មេ​សហជី​ព​ទាំង​នោះ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ ឬសហជីព​បាន​តវ៉ា​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​ជា​ដើម​។ ក្នុង​ឆ្នាំ​២០១៩ សមាជិកសហជីព បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​ខាង​ក្រៅ​អគារ​ណាហ្គាវើលដ៍​​ដើម្បី​ទាមទារ​ឲ្យ​ក្រុ​ម​ហ៊ុន​ទទួល​ប្រធាន​សហជីព អ្នក​ស្រី ឈឹម ស៊ីថរ ចូល​ធ្វើ​ការ​វិញ និង​ក្រោយ​មក​ទៀត​អ្នក​ស្រី​ត្រូវ​បាន​ក្រុមហ៊ុន​ដាក់ចូល​ក្នុង​បញ្ជី​អ្ន​ក​ត្រូវ​បញ្ចប់​កិច្ច​សន្យាការងារ​ជា​ថ្មី ក្នុង​គម្រោង​បញ្ចប់​កិច្ចសន្យាការងារ​នាពេល​ថ្មីៗ​នេះទៀត​។​

លោក​បន្តថា៖ «​ក្រុម​ហ៊ុន​មាន​បំណង​កាត់​បន្ថយ​ឥទ្ធិ​ពល​ហសជីព ពីព្រោះ​ថា​កម្មករ​ភាគ​ច្រើន​ជា​សមាជិក​សហជីព»។

លោក ថារ៉ូ បន្ថែមថា និយោជក​ក្នុង​វិស័យ​ផ្សេង​ៗទៀត​ដូច​ជា​រោង​ចក្រ​ផលិត​ស្បែក​ជើង ក៏​ធ្វើ​ទុក្ខបុក​ម្នេញ​លើ​សមាជិក​សហជីព និង​មេ​ដឹក​នាំ​សហជីព​ពេល​មាន​ការ​បញ្ឈប់ការងារ។ លោក​ពន្យល់ទៀតថា នៅពេល​ដែល​កម្មករ​កំពុង​ជួប​ការ​លំបាក​លើ​បញ្ហា​ប្រាក់ចំណូល ថ្នាក់​គ្រប់​គ្រង​​កាន់តែ​អាច​ដាក់​សម្ពាធ​យ៉ាងមាន​ប្រសិទ្ធភាព​​ឲ្យ​កម្មករ​ព្រម​ទទួល​យក​កញ្ចប់​សំណង​។​

លោក សុខ គង្គារ វ័យ​៣៧​ឆ្នាំ បានធ្វើ​ការ​ជា​ជំនួយ​ការ​អ្នក​គ្រប់​គ្រង​អស់​ពេល​ប្រាំបី​ឆ្នាំ​នៅ​​ភោជនីដ្ឋាន​ណាហ្គាវើលដ៍​។ លោក​បាន​ប្រាប់​ខេមបូចាថា លោក​មិន​ជឿ​ថា​ថ្នាក់​ដឹក​នាំ​ណាហ្គាវើលដ៍ នឹង​​ផ្ដល់​​លក្ខខណ្ឌ​សមរម្យ​សម្រាប់​បុគ្គ​លិក​ដែល​ត្រូវ​បញ្ឈប់​នោះទេ។ លោក គង្គារ ក៏​បាន​ទទួល​សារជូន​ដំណឹង​នេះ​ដែរ បន្ទាប់ពី​លោក​ត្រូវ​បាន​ផ្អាកការ​ងារ​តាំងពី​ខែមីនា ក្នុង​ឆ្នាំ​នេះ។​

លោក គង្គារ បាន​បដិសេធ​ជួប​ជាមួយ​តំណាង​ក្រុ​ម​ហ៊ុន​​កាលពី​ថ្ងៃសៅរ៍​កន្លង​ទៅ​ដើម្បីពិភាក្សា​លើ​ការ​បញ្ចប់​កិច្ច​សន្យា​ការ​ងារ​របស់​លោក​។ ជា​សមាជិក​សហជីព​ម្នាក់ លោក​ក៏​ជា​ម្នាក់​ក្នុង​ចំណោម​​បុគ្គ​លិក​ប្រហែល​៦០០​នាក់​របស់​ណាហ្គា​វើលដ៍​ ដែល​បាន​ផ្ដិត​មេដៃ​ដាក់ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​ការងារ​ទាក់​ទង​នឹង​ការ​បញ្ឈប់​បុគ្គលិក​ដ៏​ច្រើននេះ​។​

លោក គង្គារ ជឿថា គោល​បំណង​របស់​ក្រុម​ហ៊ុនណាហ្គាវើល​ដ៍គឺ​ចង់​កម្ចាត់​មេដឹក​នាំ​សហជីព និង​បុគ្គលិក​ផ្សេង​ទៀត ក្នុង​វិបត្តិ​កូវីដ១៩ នេះ។​​

លោក និយាយថា៖ «វាមិន​មាន​ហេតុ​ផល​​ត្រូវ​បញ្ឈប់​បុគ្គលិក​ទេ​ខណៈ​ដែល​ក្រុម​ហ៊ុន​នៅ​តែ​អាច​រក​ប្រាក់ចំណូល​បាន…​ខ្ញុំ​ឃើញ​ថា​គម្រោង​នៃការ​បញ្ឈប់​បុគ្គលិក​នេះ ក្រុម​ហ៊ុន​ចង់​ដក​មេដឹក​នាំ​សហជីព»។​

ចំណែក​បុគ្គលិក​ត្រូវ​បញ្ឈប់​ពី​ការងារ​ផ្សេង​ទៀត​របស់​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ ​បានត្រឹម​​ព្យាយាម​បញ្ចប់​ដំណើរ​ការ​នៃ​ការ​បញ្ឈប់​ការ​ងារ​នេះឲ្យ​បាន​ឆាប់​។​

បន្ទាប់ពី​បាន​ធ្វើ​ការ​នៅ​កាស៊ីណូ​អស់ពេល​២១​ឆ្នាំ លោក ឆាត ស៊ិនឆៃ បាន​យល់​ព្រម​ទទួល​យកគម្រោង​​​បញ្ឈប់​ការងារ​នេះ និង​បានឈប់​ពីការងារ​កាលពី​ថ្ងៃទី​៥ ខែឧសភា។ លោក​បាន​ព្រម​ទទួល​ប្រាក់​បំណាច់​​សរុប​ជាង​១៦ ០០០​ដុល្លារ​។​

លោក​លើក​ឡើ​ថា៖ «ខ្ញុំ​ព្រម​ទទួល​យក​ការ​បញ្ឈប់​នេះ ព្រោះ​​ខ្ញុំ​មាន​ការងារ​ថ្មី ខ្ញុំ​ចង់​ឈប់​ធ្វើ​ការ ខ្ញុំ​មិន​ចង់​ខាត​ពេល​វេលា​ទេ»។

យ៉ាងណា លោក ឲ្យ​ដឹង​ដែរថា កញ្ចប់​ប្រាក់​បំណាច់​ដែល​លោក​ទទួល​បាន​គឺតិច​ជាង​អ្វី​ដែល​ក្រុម​ហ៊ុនណាហ្គាដ៍​ត្រូវ​ផ្ដល់​ឲ្យ​លោក។ លោកអះអាង​ថា ការ​​គណនា​លើ​​ប្រាក់​សំណង និង​ប្រាក់​អតីតភាព​ការងារ គឺ​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​ស្ដីពី​ការងារ​ទេ ដោយ​ថា​លោកបាន​ធ្វើ​ការ​តាំងពី​ឆ្នាំ​២០០០ ប៉ុន្តែ​ក្រុម​ហ៊ុន​បាន​គិត​ប្រាក់​សំណង និង​ប្រាក់អតីតភាព​ការងារ​ឲ្យ​លោក​ត្រឹម​ឆ្នាំ​២០០៨មក​។​

លោក​បន្ថែម​ថា៖ «វា​ជា​កញ្ចប់​ថវិកាតិចតួច បន្ទាប់ពី​ខ្ញុំ​បាន​លះបង់​ធ្វើ​ការ​ដើម្បី​ក្រុម​ហ៊ុន​អស់ពេល​ជា​ច្រើនឆ្នាំ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ NagaWorld cuts out union to lay off workers one-by-one

495 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម