បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលកំពុងធ្វើកូដកម្មទាមទារសិទ្ធិការងារ បានបញ្ជាក់ពីជំហរបស់ពួកគេយ៉ាងដាច់ខាតថា ពួកគេនឹងមិនបញ្ឈប់ការធ្វើកូដកម្មឡើយ បើតុលាការមិនព្រមទម្លាក់បទចោទប្រកាន់មកលើតំណាងរបស់ពួកគេ។
អ្នកស្រី សៀក កញ្ញា ជាកូដករមួយរូបដែលមិនទាន់មានឈ្មោះកាត់ អាយុ៣៤ឆ្នាំ បម្រើការផ្នែកកាស៊ីណូរយៈពេល១២ឆ្នាំ បានឱ្យដឹងថា ដើម្បីឱ្យមានការចរចាប្រកបដោយតម្លាភាព តុលាការត្រូវតែទម្លាក់បទចោទប្រកាន់មកលើថ្នាក់ដឹកនាំសហជីពទាំង៨រូប និងសមាជិកចំនួន៧នាក់ទៀត។
អ្នកស្រី កញ្ញា បានប្រាប់ថា៖«ខ្ញុំសូមឱ្យតុលាការទម្លាក់បទចោទ មកលើតំណាងរបស់ពួកខ្ញុំទាំង៨នាក់ និងកូដករទាំង៧នាក់ទៀត ដោះលែងឱ្យពួកគាត់មានសិទ្ធិសេរីភាព ដើម្បីចូលតុចរចា»។
កូដករវ័យ៣៤ឆ្នាំរូបនេះ បន្តទៀតថា រូបនាងមិនអាចបញ្ឈប់ការធ្វើកូដកម្មបានឡើយ ប្រសិនបើតុលាការមិនទាន់ទម្លាក់បទចោទ ដោយគ្រាន់តែដោះលែងតំណាងសហជីពឱ្យនៅក្រៅឃុំ ដើម្បីតែទៅចរចា ព្រោះវាមិនបានបង្ហាញពីតម្លាភាព និងយុត្តិធម៌ឡើយ។
ស្រ្តីរូបនេះអះអាងថា៖«បើអត់មានការទម្លាក់បទចោទទេ ហើយហៅពួកគាត់ទៅចរចា ចឹងពួកខ្ញុំក៍ទទួលយកមិនបានដែរ ពួកខ្ញុំនៅតែរក្សាគោលជំហរទាមទារសិទ្ធិសេរីភាពការងារ ធ្វើកូដកម្មដោយសន្តិវិធីទាល់តែមានដំណោះស្រាយ និងទម្លាក់បទចោទ»។
អ្នកស្រី កញ្ញា បញ្ជាក់ទៀតថា រាល់ការធ្វើកូដកម្មទាមទារកន្លងមក គឺជាការសម្រេចចិត្តរបស់កូដករទាំងអស់ មិនមែនជាការញុះញង់ពីមេដឹកនាំសហជីព ឬបុគ្គលណាឡើយ ហើយមេដឹកនាំសហជីពក៍មិនអាចបញ្ឈប់ការធ្វើកូដកម្មនេះបានដែរ គឺមានសិទ្ធិពាំនាំការសម្រេចចិត្តរបស់កូដករតែប៉ុណ្ណោះ។
ចំណែកកញ្ញា មៀច ស្រីអូន ដែលជាកូដករមួយរូបដែរ ក៍បានលើកឡើងស្រដៀងគ្នាថា រូបនាងក៍ដូចជាកូដករផ្សេងទៀត នៅតែបន្តធ្វើកូដកម្មដោយអហិង្សា ទាល់តែតុលាការទម្លាក់បទចោទប្រកាន់មកលើមេដឹកនាំសហជីព និងសមាជិកទាំង១៥នាក់ជាផ្លូវការ។
កញ្ញា ស្រីអូន បានឱ្យដឹងថា៖« តំណាងរបស់ពួកខ្ញុំចូលតុចរចា តែខ្សែនៅជាប់កចឹង តើសួរថាការចរចានឹងមានតម្លាភាពអត់? គឺមិនមានទេ ទាល់តែដោះខ្សែនៅជាប់កចេញសិន បានខ្ញុំទទួលស្គាល់ថាជាភាពយុត្តិធម៌សម្រាប់កូដករ»។
កញ្ញា ស្រីអូន បន្តថា បច្ចុប្បន្ននេះ រូបនាងនិងកូដករប្រមាណ១៩៩នាក់ផ្សេងទៀត ដែលកំពុងចេញធ្វើកូដកម្មទាមទារដំណោះស្រាយ កំពុងរងការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញ ពីសំណាក់អាជ្ញាធរ ក្រោមរូបភាពថាចាប់ពួកគេមកធ្វើចត្តាឡីស័កនៅខណ្ឌព្រែកព្នៅ។
ស្រីអូន បន្ថែមថា៖«តាំងពីម្សិលមិញគ្នាខ្ញុំនៅនេះ១៩៩នាក់ គឺអាជ្ញាធរចាប់មកកុំឱ្យខ្ញុំស្រែកទាមទាររកសិទ្ធិការងារនៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍ ចាប់មកគឺចាប់រារាំងមិនឱ្យទៅក្បែរណាហ្គាតែម្ដង»។
ចំណែកអ្នកស្រី ឈឹម សុខន ជាអគ្គលេខាសហជីព ដែលទើបតែត្រូវបានដោះលែងឱ្យនៅក្រៅឃុំ បានឱ្យដឹងថា រដ្ឋាភិបាលមេត្តាយកចិត្តខ្លួនដាក់លើបញ្ហាកម្មករផង ព្រោះរាល់ការតវ៉ារបស់កម្មករគឺមិនមែនជារឿងសម្ដែងទេ។
អ្នកស្រី សុខន បន្តថា៖« រដ្ឋាភិបាលសូមដោះស្រាយ និងយកចិត្តទុកដាក់លើកម្មករផង កុំយកចិត្តទុកដាក់តែលើនិយោជក គ្មានកម្មករណាចង់ឱ្យគេចាប់យកទៅឃុំទេ»។
ទន្ទឹមនឹងនេះ កញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ រំពឹងថាការចរចានេះ នឹងទទួលបានដំណោះស្រាយឈ្នះៗទាំងអស់គ្នា ដោយមិនមានភាគីខាងណាមួយជាអ្នកខាតបង់ឡើយ ដរាបណាមានការដោះលែងសមាជិក និងទម្លាក់បទចោទប្រកាន់មកលើពួកគេ។
កញ្ញ ស៊ីថរ បញ្ជាក់ថា៖« កម្មករចង់បានបែបណា ខ្ញុំទៅចរចាបែបនោះ នេះគឺជាជំហរដែលពួកយើងចង់បាន ទាល់តែគ្នាយើងមានសេរីភាព ទើបយើងអាចទៅចរចាបាន យើងមិនអាចសម្បទានច្រើនជាងនេះបានទៀតទេ»។
យ៉ាងណាមិញ កញ្ញា ស៊ីថរ អះអាងថា បើទោះបីជា៩ចំណុចត្រូវបានដោះស្រាយក៍ដោយ បើតុលាការមិនព្រមទម្លាក់បទចោទមកលើថ្នាក់ដឹកនាំសហជីពទេ ក៍កម្មករដែលជាសមាជិកសហជីពទាំងអស់មិនយល់ព្រមដែរ។
ជុំវិញបញ្ហានេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ មិនអាចសុំការបកស្រាយបានឡើយ ដោយអ្នកសារព័ត៌មានធ្វើការទំនាក់ទំនងទៅតែលោកចុចបិទមិនទទួល។
ចំណែក លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា ការទាមទាររបស់កូដករ គឺអាស្រ័យលើអំណាចឆន្ទានុសិទ្ធិរបស់តុលាការតែប៉ុណ្ណោះ ហើយប្រសិនបើអ្នកនៅក្រៅឃុំ នៅតែធ្វើសកម្មភាពបំពានច្បាប់គឺអាជ្ញាធរអាចយកមកឃុំវិញបាន។
លោកថ្លែងថា៖«ការសម្រេចយ៉ាងណាជាអំណាចឆន្ទានុសិទ្ធិរបស់តុលាការ ហើយគោលការណ៍ច្បាប់ អ្នកនៅក្រៅឃុំ បើនៅតែធ្វើសកម្មភាពបំពានច្បាប់គឺគេអាចយកមកឃុំវិញបាន។»។
ដោយឡែក លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូ លើកឡើងថា ដើម្បីឱ្យការចរចានេះប្រព្រឹត្តទៅដោយយុត្តិធម៌ ខាងសង្គមស៊ីវិល នៅតែទទូចដល់តុលាការ ឱ្យទម្លាក់បទចោទប្រកាន់មកលើមេដឹកសហជីព និងសមាជិករបស់ពួកគេ ទោះបីការដោះលែងឱ្យនៅក្រៅឃុំនេះ ជាជំហានវិជ្ជមានមួយក្ដី តែតំណាងសហជីពនៅតែមានសម្ពាធពីផ្លូវច្បាប់នៅឡើយ។
លោក សំអាត បញ្ជាក់ថា៖«យើងឃើញថាថ្ងៃនេះតំណាងកូដករ៣នាក់ទៀត ត្រូវបានដោះលែងហើយ ចឹងការដោះលែងនៅក្រៅឃុំនេះជាគម្លាតមួយឈានទៅរកភាពវិជ្ជមានក្នុងការចរចា»។ លោកបន្តថា ៖«ទិដ្ឋភាពជាក់ស្ដែង អ្នកទាំង១១នាក់នោះត្រូវជាប់ពន្ធនាគារដោយសារតែធ្វើកូដកម្មស្របច្បាប់ការងារ ទោះបីដោះលែងឱ្យនៅក្រៅឃុំតែគាត់ហាក់ដូចជាមានកំាបិតមួយផ្ជង់កដោយសារតែតុលាការនៅតែចោទប្រកាន់នៅលើករណីរបស់គាត់នៅឡើយ»។
ជុំវិញបញ្ហាវិបតិ្តការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃទី១៥ ខែមីនា កន្លងទៅ លោក ស ខេង បានលើកឡើងនៅលើទំព័រហ្វេសប៊ុកលោកថា លោកតែងអំពាវនាវ និងជំរុញឱ្យភាគីពាក់ព័ន្ធប្រកាន់យកការចរចាដើម្បីឈានទៅរកដំណោះស្រាយ ដោយមានការដោះលែងអ្នកពាក់ព័ន្ធមួយចំនួនឱ្យនៅក្រៅឃុំ។
លោក ស ខេង មានប្រសាសន៍ថា៖«ពេលនេះមានការដោះលែងអ្នកពាក់ព័ន្ធមួយចំនួនឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីស្វែងរកការចរចារបន្តក្រោមការសម្របសម្រួលពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយខ្ញុំក៍នៅតែបន្តលើកទឹកចិត្តនិងជំរុញឱ្យមានការចរចាដើម្បីឈានទៅបញ្ចប់បញ្ហានេះឱ្យបានឆាប់ដែរ»។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនៅថ្ងៃទី១៧ ខែមិនានេះ បានអំពាវនាវឱ្យតំណាងសហជីពចូលប្រជុំដោះស្រាយជាមួយភាគីនិយោជកនៅក្រសួងការងារនៅថ្ងៃសុក្រ តាមការសន្យារបស់ខ្លួនដែលស្នើសុំកិច្ចអន្តរាគមន៍ឱ្យខ្លួនបាននៅក្រៅឃុំបណ្តោះអាសន្ន៕