សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

តំណាងសហជីពកម្មករស្នើដំឡើងប្រាក់ឈ្នួល១៥ដុល្លារបន្ថែម សម្រាប់ឆ្នាំ២០២៤ ខណៈនិយោជកអាចដំឡើងត្រឹមតែ១ដុល្លារ

កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលចូលរួមពីត្រីភាគី រួមមានភាគីសហជីព ភាគីនិយោជក និងភាគីរដ្ឋាភិបាល នៅទីស្តីការក្រសួងការងារ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ (រូបភាព៖ ផេកហ្វេសប៊ុកក្រសួងការងារ)
កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលចូលរួមពីត្រីភាគី រួមមានភាគីសហជីព ភាគីនិយោជក និងភាគីរដ្ឋាភិបាល នៅទីស្តីការក្រសួងការងារ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ (រូបភាព៖ ផេកហ្វេសប៊ុកក្រសួងការងារ)

ភាគីសហជីពបានដាក់ស្នើដំឡើងប្រាក់ឈ្នួលបន្ថែម១៥ដុល្លារលើប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្ន​២០០ដុល្លារទៅកាន់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រាប់ប្រាក់ឈ្នួលឆ្នាំ២០២៤  ខណៈភាគីនិយោជកអាចផ្តល់ឱ្យ​ត្រឹម​តែ​១ដុល្លារបន្ថែម យោងតាមកិច្ចប្រជុំនៅក្រសួងការងារកាលពីថ្ងៃចន្ទ។

លោក ​អាត់​ ​ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា បញ្ជាក់ថា​ខាងភាគីសហជីពបានរកឃើញ​តួលេខចំនួនពីរ​សម្រាប់ដាក់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា គឺទី១តួលេខ២១២ដុល្លារ និងទី២ តួលេខ​២២០,២​ដុល្លារ ខណៈប្រាក់ឈ្នួលអប្បបរមារបស់កម្មករ​និយោជិតឆ្នាំ២០២៣​មានចំនួន២០០ដុល្លារ​ក្នុងមួយ​ខែ។

លោកបន្តថា មូលហេតុដែលយើងស្នើតំឡើងប្រាក់ឈ្នួល ព្រោះអតិផរណាសេដ្ឋកិច្ចឡើងខ្ពស់ ដូច្នេះទំនិញ និងអាហារហូបចុកផ្សេងៗក៏ឡើងថ្លៃតាមហ្នឹងដែរ ដែលធ្វើឱ្យជីវភាពរបស់កម្មករកាន់តែលំបាក។ ខណៈ​ពេល​ចំណូលរបស់កម្មករបច្ចុប្បន្ននេះនៅតិចតួចនៅឡើយ ហើយពួកគាត់ត្រូវការចំណាយច្រើន ដែលមិន​អាច​ឆ្លើយ​តបជាមួយស្ថានភាពទំនិញកំពុងឡើងថ្លៃបាន។

លោកបន្ថែមថា៖ «យើងចុះជិត២ខែ បានចុះស្ទង់មតិ និងស្ថានភាពរោងចក្រ ស្ថានភាពកម្មករ និងការ​ចំណាយ ការរស់នៅ រួមទាំងការជំពាក់បំណុល និងបញ្ហាប្រឈមផ្សេងៗរបស់គាត់(កម្មករ)។ អ៊ីចឹងហើយ​បាន​នៅពេលចរចា យើងបានជជែកគ្នា យើងបានដាក់ស្នើ១៥ដុល្លារនេះឡើង ដើម្បីចរចា»។

ទន្ទឹងនឹងនេះលោកយល់ឃើញថានៅក្នុងវិស័យកាត់ដេនេះ ខាងភាគីនិយោជក ក៏មានកម្រិតនៃផល​ចំណេញ​ច្រើន ដែលមានខ្ទង់៧០០ទៅ៨០០លានដុល្លារក្នុងមួយឆ្នាំៗ។ យ៉ាងណាមិញ​លោកក៏ស្នើ​ឱ្យរដ្ឋាភិបាលថ្មី និងនិយោជកដំឡើងប្រាក់ឈ្នួលឱ្យបានសមរម្យជូនកម្មករ ថែរក្សាសេ្ថរភាពការងារ និងបញ្ចុះតម្លៃទំនិញជាដើម។

ជុំវិញបញ្ហានេះ លោក ណាង សុធី អនុប្រធានសហព័ន្ធនិយោជក និងសមាគម​ពាណិជ្ជ​កម្ពុជា ដែល​តំណាង​ឱ្យ​​និយោជក ឆ្លើយតបថា អាស្រ័យលើច្បាប់ប្រាក់ឈ្នួលអប្បបរមា និងលក្ខខណ្ឌវិនិច្ឆ័យ៧យ៉ាង មាន​សង្គម​៤ និងបច្ចេកទេស៣ ដោយគណនាមានចំណូល ចំណាយ ចំណេញ និងខាតជាដើម។ ខាងនិយោកជករក​ឃើញ​ថា​ មិន​មាន​តួលេខណា ដែលត្រូវឡើងប្រាក់ឈ្នួលឱ្យកម្មករទេ។

លោក សុធី បញ្ជាក់ថា៖ «មានការនាំចេញទំនិញថយចុះ មានការព្យួរការងារ និងការបញ្ជាទិញពីក្រៅមិន​ច្រើន ហើយក៏មានកាត់បន្ថយការងាររបស់កម្មករ»។

ខណៈពេលកន្លងមក មានក្រុមហ៊ុននិយោជនមួយចំនួន ប្រឈមនឹងបញ្ហាខ្វះការបញ្ជាទិញពីភាគី ហើយ​ក៏​នាំចេញមិនមានច្រើនដូចមុន តែយ៉ាងណាលោកនៅតែប្តេជ្ញាចិត្ត និងអនុវត្តតាមសំណើររបស់រដ្ឋាភិបាល ថាត្រូវតែដំឡើងទោះបីតិច ឬច្រើនក្តី។

លោកអះអាងថា៖ «យើងសុំរក្សាតម្លៃដូចឆ្នាំចាស់២០០ដុល្លារគត់ តែដោយសារមានការសំណូមពរ​របស់​ថ្នាក់នាំជាតិនោះ បានពិចារណាគួរបន្ថែម១ដុល្លារ បាន២០១ដុល្លារ»។

កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលចូលរួមពីត្រីភាគី រួមមានភាគីសហជីព ភាគីនិយោជក និងភាគីរដ្ឋាភិបាល នៅទីស្តីការក្រសួងការងារ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ (រូបភាព៖ ផេកហ្វេសប៊ុកក្រសួងការងារ)

លោក ឃន រិទ្ធិ ជាកម្មកររោងចក្រស្រោមដៃមួយកន្លែង ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌ​ពោធិសែនជ័យ បញ្ជាក់ថា ចង់បានដំឡើងប្រាក់ឈ្នួល២១៥ដុល្លារ ក្នុងឆ្នាំ២០២៤ ខាងមុខនេះ ដោយសារតម្លៃទីផ្សារឡើងថ្លៃ ដូចជាសាំង ការចំណាយលើសម្ភារៈផ្សេងៗក៏ថ្លៃ ផ្ទះជួលក៏ឡើងថ្លៃ ហើយទឹកភ្លើងក៏ថ្លៃ។ លោកបន្តថា នៅការចំណាយលើថ្លៃកូនរៀនសូត្របន្ថែម ហើយបើថ្ងៃណាមួយធ្លាក់ខ្លួន​ឈឺ គឺមិនអាចមានលុយបង់ថ្លៃពេទ្យទេ។

លោកសំណូមពរថា៖ «សុំឱ្យគាត់ (និយោជក ឬរដ្ឋាភិបាល) ដំឡើងប្រាក់ខែនូវឆ្នាំ២០២៤ខាងមុខនេះ។ សុំឱ្យឡើង២១៥ដុល្លារ ហើយសុំឱ្យគាត់ចុះថ្លៃសាំង ហើយថ្លៃម្ហូបអាហារ ហើយឱ្យសេដ្ឋកិច្ចដើរវិញ»។

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី បានលើកឡើងថា នឹងដំឡើងប្រាក់ឈ្នួលអប្បបរ​​មា​លើប្រាក់ខែ​បច្ចុប្បន្ន​២០០ដុល្លារក្នុង​មួយខែ​ សម្រាប់វិស័យកាត់ដេរ វាយនភណ្ឌ និងផលិត​​​ស្បែក​ជើងនៅឆ្នាំក្រោយ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ​ជិត​២ម៉ឺននាក់ នៅ​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែសីហា។

លោក ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់កម្មករថា៖ «បងប្អូន​គិតថា វាមិនគ្រប់គ្រាន់ទេ [២០០​ដុល្លារ]​។ នេះ​គឺ​ជាការ​ត្រឹមត្រូវ ហើយ​រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​បញ្ហា​នេះ​ ​ជា​មូលហេតុ​​ដែល​យើង​ខិតខំ​បង្កើន​វា​ជា​បណ្តើរៗ ប៉ុន្តែ​យើង​ត្រូវតែ​ធ្វើយ៉ាងណាជាជំហាន ដើម្បី​ធានា​ដល់​ការ​ប្រកួតប្រជែង និងរក្សា​កំណើន​របស់​យើង​»។

លោក​បាន​បន្ថែម​ថា៖ «តិចឬច្រើន ប្រាក់​ឈ្នួល​អប្បបរមា​ត្រូវ​តែ​ដំឡើង​»។

គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសម្រេចរៀបចំកិច្ចប្រជុំកំណត់ប្រាក់ឈ្នួល​ចំនួន៧លើក គឺនៅថ្ងៃទី១៦ និងថ្ងៃទី២៨ ហើយថ្ងៃទី៤ ថ្ងៃទី១១ ថ្ងៃទី១៨ និងថ្ងៃទី២៥ ខែកញ្ញា និងចុង​ក្រោយ​នៅ​ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។

លោក ហេង សួរ​ រដ្ឋមន្ត្រីក្រសួងការងារ បានបដិសេធធ្វើអត្ថាធិប្បាយលើបញ្ហានេះ ខណៈលោក សោម អូន រដ្ឋលេខាធិការក្រសួងការងារ​ គ្រាន់តែឆ្លើយតបថា លោកមិន​មានភារកិច្ចដើម្បីឆ្លើយតបទេ លោកបានបង្វែរ​សំនួរឱ្យទៅសួរអ្នកនាំពាក្យវិញ ហើយលោកបានបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការងារថី្មនឹងតែងតាំង​នៅ​សប្តាហ៍​ក្រោយ៕

ព័ត៌មានថ្មី

រូបភាពសម្រាប់ពន្យល់ (ខេមបូចា /ស៊ើង និមល់)
របាយការណ៍​៖ កាស៊ីណូមួយ​ចំនួន​នៅក្រុងព្រះសីហនុ ដែល​ពាក់​ព័ន្ធ​នឹង​ទណ្ឌកម្ម ទទួលបាន​ទឹកប្រាក់​ភាគ​ច្រើន​​ នៃ​​រូបិយប័​ណ្ណ​គ្រីបតូ ដែល​មាន​តម្លៃ​​ជា​ង​១ពាន់លានដុល្លារ

អត្ថបទពេញនិយម