សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

តំណាងសហជីពចូលធ្វើការវិញជាមួយលក្ខខណ្ឌប្រសើរជាងមុន បន្ទាប់ពីកម្មករប្រមូលសំរាមតវ៉ា និងសុំអន្តរាគមន៍ពីក្រសួង

រូបទី១៖ កម្មករប្រមូលសំរាមតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
រូបទី១៖ កម្មករប្រមូលសំរាមតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

​កម្មករប្រមាណ២០០នាក់នៃក្រុមហ៊ុន 800 Super-GAEA (Cambodia) Co., Ltd. បានតវ៉ាបន្ទាប់ពីក្រុមហ៊ុនប្រមូលសំរាមនេះបាន​បញ្ឈប់មេដឹកនាំសហជីពរបស់ពួកគេ បន្ទាប់ពីការបង្កើតសហជីពនៅកន្លែងធ្វើការ។​​​ កម្មករ​បាន​ទាមទារ​ឲ្យ​ទទួលយក​មេ​សហជីព​ចំនួន​បួន​នាក់​វិញ ​ជាមួយការគោរព​សិទ្ធិ ​និងអត្ថប្រយោជន៍​តាមច្បាប់​ការងារ។

ឆ្លើយតបនឹងការតវ៉ារបស់កម្មករ និងបណ្តឹងផ្លូវការដាក់ទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទីបំផុតក្រុមហ៊ុនបានយល់ព្រមទទួលតំណាងសហជីពឱ្យចូលធ្វើការ និងផ្តល់អត្ថប្រយោជន៍ស្របតាមច្បាប់។

នៅវេលាម៉ោង៩យប់ ថ្ងៃទី១៩ ខែមករា សារព័ត៌មានក្នុងស្រុកមួយបានផ្សាយបន្តផ្ទាល់លើ​បណ្តាញទំនាក់ទំនងសង្គម Facebook អំពីការតវ៉ារបស់កម្មករប្រមូលសំរាម និងអ្នកបើកបរដែលធ្វើការឱ្យក្រុមហ៊ុន 800 Super-GAEA  នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ​។ ពួក​គេ​បាន​តវ៉ា​តាំង​ពី​ម៉ោង​៥​ល្ងាច។ កម្មករ​វេន​យប់​មិន​ព្រម​ចូល​ធ្វើ​ការ​វិញ​ទេ រហូត​ទាល់​តែ​ក្រុមហ៊ុន​ដាក់​តំណាង​សហជីព​ឡើង​វិញ។

កម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករជាច្រើន​បាន​និយាយ​ថា៖ «ទាំង​អ្នក​បើក​បរ និង​អ្នក​ប្រមូល​សំរាម​ចង់​បង្កើត​សហជីព ប៉ុន្តែ​ក្រុមហ៊ុន​បាន​បញ្ឈប់​តំណាង​របស់​យើង​មិន​ឲ្យ​ធ្វើ​ការ»។ លោកបន្តថា៖«​ពួកគេ​បណ្តេញ​តំណាង​សហជីព​បួន​នាក់​ចេញ​ពី​ព្រោះ​ពួកគេ​មិន​ចង់​ឲ្យ​យើង​បង្កើត​សហជីព»

កម្មករ​ក៏​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ឲ្យ​ទាន់​ពេល​វេលា។

ប្រធាន​ក្រុម​រថយន្ត​ដឹក​សំរាម លោក រ៉ង សារ៉ាយ បាន​ថ្លែង​ថា ក្រុមហ៊ុន​បាន​បញ្ឈប់ ​លោក និង​តំណាង​សហជីព​បី​នាក់​ផ្សេង​ទៀត បន្ទាប់​ពី​ពួក​គេ​បាន​ជូន​ដំណឹងទៅ​ក្រុមហ៊ុន​អំពី​ការ​បង្កើត​សហជីព​នៅ​កន្លែង​ធ្វើការ។

លោក សារ៉ាយ បាននិយាយថា ពួកគេបានបង្កើតសហជីពនៅពេលដែលក្រុមហ៊ុនបានរំលោភសិទ្ធិការងាររបស់ពួកគេ ហើយមិនបានផ្តល់អត្ថប្រយោជន៍ រួមទាំងការមិនផ្តល់ថ្ងៃឈប់សម្រាកស្របតាមច្បាប់ការងារ កាត់បន្ថយចំនួនបុគ្គលិកធ្វើការថ្ងៃបុណ្យ និងការមិនបើកប្រាក់អតីតភាពការងារ។

ទោះ​ជា​យ៉ាង​ណា លោក​ត្រូវ​បាន​បណ្តេញ​ចេញ​នៅ​ពេល​និយោជក​បាន​ដឹង​ថា​នឹង​បង្កើត​សហជីព ដោយលើកហេតុផលបន្ថយចំនួនបុគ្គលិក។ លោក សារ៉ាយ​ បាន​និយាយ​ថា​ អាកប្បកិរិយា​របស់​ក្រុមហ៊ុន​បង្កើត​ជា​ការ​រើសអើង ​និង​ការ​បំពាន​លើ​សហជីព​ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់។

លោក សារ៉ាយ បាននិយាយថា៖ «ក្រុមហ៊ុន​បាន​បញ្ចប់​កិច្ចសន្យា​ការងារ​របស់​យើង។ មុននឹងបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនបានផ្លាស់ប្តូរការងាររបស់យើង បន្ទាប់ពីយើងបានជូនដំណឹងដល់ក្រុមហ៊ុនអំពីការបង្កើតសហជីព»។

លោក​បន្ត​ថា​៖ «​បើ​តាម​ច្បាប់​សហជីព ពេល​ក្រុមហ៊ុន​ធ្វើ​បែប​នេះ​វា​មាន​ន័យ​ថា​ក្រុមហ៊ុន​កំពុង​មាន​ការ​រើសអើង។ យើងកំពុងតស៊ូដើម្បីការបញ្ចប់ភាពអយុត្តិធម៌នៃពួកយើងទាំងបួន​។ ពួកយើង​ទទួល​រង​នូវ​ភាព​អយុត្តិធម៌​ជា​ច្រើន»។

បន្ទាប់ពីការតវ៉ារបស់និយោជិត ដែលទាមទារឱ្យតំណាងសហជីពទាំងបួនចូលធ្វើការវិញ ក្រសួង សហព័ន្ធសហជីពកម្មករទេសចរណ៍កម្ពុជា (CTWUF) និងតំណាងក្រុមហ៊ុនបានជួបប្រជុំគ្នា ដែលនាំឱ្យក្រុមហ៊ុនយល់ព្រមលើលក្ខខណ្ឌចំនួនបួន។

កម្មករប្រមូលសំរាមនៃក្រុមហ៊ុន៨០០ ស៊ូភើហ្គា (ខេមបូឌា) តវ៉ាសុំឱ្យក្រុមហ៊ុនទទួលតំណាងសហជីព៤នាក់ចូលធ្វើការវិញ កាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដែលផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ CTWUF Cambodia នៅថ្ងៃទី២០ ខែមករា។

លោក ទូច កុសល ប្រធាន​សហព័ន្ធ​សហជីពកម្មករ​​និយោជិក​វិស័យ​ទេសចរណ៍​កម្ពុជា (CTWUF) បានលើកឡើងថា ក្រុមហ៊ុន 800 Super-GAEA បានរើសអើងនឹងការបង្កើតសហជីពនៅកន្លែងធ្វើការ។ ទោះ​បី​ជា​សហជីព​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ការពារ​ពិសេសក៏ដោយ​ ​ក្រុមហ៊ុន​បាន​បំពាន​ច្បាប់​ការងារ។

លោក កុសល ជឿជាក់ថា សាមគ្គីភាពរបស់និយោជិតបានបង្ខំឱ្យអាជ្ញាធរពាក់ព័ន្ធឈានជើងចូល និងដោះស្រាយដោយជោគជ័យនូវបញ្ហាពាក់ព័ន្ធនឹងមេដឹកនាំសហជីពទាំងបួន។ លោក​បាន​ចាត់​ទុក​កិច្ច​អន្តរាគមន៍​របស់​ក្រសួង​ដើម្បី​ធានា​យុត្តិធម៌​ជូន​កម្មករ​ជា​វិធានការ​ដ៏​ល្អ។

បើ​តាម​លោក កុសល ក្រុមហ៊ុន​បាន​ទទួល​យក​លក្ខខណ្ឌ​ទាំង៤ ដែល​កម្មករ​ស្នើ​ឡើង​ក្នុង​ពេល​ប្រជុំ។ ក្រុមហ៊ុនបានអនុញ្ញាតឱ្យមេដឹកនាំសហជីពចូលធ្វើការវិញ និងយល់ព្រមទូទាត់ប្រាក់អតីតភាពការងារអំឡុងពេលឈប់សម្រាក និងជូនកម្មករផ្សេងទៀតនៅថ្ងៃទី២៥ ខែមករា​។

ក្រុមហ៊ុនក៏បានយល់ព្រមផ្ដល់ថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍ ហើយប្រសិនបើកម្មករមកធ្វើការនៅថ្ងៃឈប់សម្រាក ពួកគេនឹងទទួលបានការកម្រៃ២០០ភាគរយនៃប្រាក់ខែ។ កម្មករ​ទទួល​បាន​ការ​ឈប់​សម្រាក​ប្រចាំឆ្នាំចំនួន​១៨ ​ថ្ងៃ​ដូច​មាន​ចែង​ក្នុង​ច្បាប់។ ប្រសិនបើកម្មករធ្វើការ​​​រយៈ​ពេលបីឆ្នាំជាប់ៗគ្នា ក្រុមហ៊ុននឹងបន្ថែមមួយថ្ងៃបន្ថែមទៀតដល់ការឈប់សម្រាកប្រចាំឆ្នាំ។

លោក​ថា ​អ្វី​ដែល​ក្រុមហ៊ុន​ធ្វើ​គឺ​រើសអើង​ព្រោះ​កម្មករ​ធ្វើ​ការបាន​ល្អ។ លោក​បន្ត​ថា​៖ «​បន្ទាប់​ពី​ការ​បោះ​ឆ្នោត [​សហជីព​] នៅ​ថ្ងៃ​ទី៣ ខែ​មករា ក្រុមហ៊ុន​បាន​ហៅ​ថ្នាក់​ដឹកនាំ​ដើម្បី​ពិភាក្សា​អំពី​ការ​បោះបង់​ចោល​សហជីព។ បន្ទាប់​មក​ពួកគេ​គំរាម​បណ្តេញ​ពួកគេ ឬ​ផ្លាស់ប្តូរ​ជំនាញ​ការងារ​ដែលនេះគឺ​ជា​ទម្រង់​នៃ​ការ​រើសអើង​»។

បញ្ហាស្រដៀងគ្នានេះបានកើតឡើងជាមួយក្រុមហ៊ុនប្រមូលសំរាមមួយផ្សេងទៀតក្នុងឆ្នាំ២០២៤ នៅពេលដែលបុគ្គលិករបស់ពួកគេបានចងក្រងសហជីពមួយ។ ទោះជាយ៉ាងណាក៏ដោយ ថៅកែបានបណ្តេញនិយោជិតដោយមិនបានធ្វើការស៊ើបអង្កេត ឬធានាយុត្តិធម៌ ដោយលើកឡើងពី «និយោជិតមិនគោរពចំពោះការដឹកនាំរបស់ក្រុមហ៊ុន»។ 

លោក កុសល បន្តថា៖«ដំណោះស្រាយសម្រាប់ករណីបច្ចុប្បន្ននេះ [800 Super-GAEA] គឺអាចទទួលយកបាន។ បើ​យើង​ពិនិត្យ​ទៅ​លើ​ករណី​មុន​គឺ​មាន​បញ្ហា​ដល់​ការ​បញ្ចប់​សហជីព ប៉ុន្តែ​មិន​បាន​ដោះស្រាយ​ទេ។ ក្រុមហ៊ុនមិនគួររើសអើងសហជីពទេ ហើយក្រសួងគួរតែពិនិត្យឱ្យបានដិតដល់ និងមិនគួរទទួលយកការសម្រេចចិត្តរបស់ក្រុមហ៊ុន។ ក្រសួង​ត្រូវ​តែ​អនុវត្ត​វា [ដំណោះស្រាយ] ទៅ​តាម​ច្បាប់»

ទន្ទឹមនឹងនោះ សារ៉ាយ បានកោតសរសើរចំពោះកិច្ចអន្តរាគមន៍របស់ក្រសួង និង CTWUF ក្នុងការស្វែងរកយុត្តិធម៍ ដែលអាចឱ្យគាត់អាចចុះបញ្ជីសហជីពបានភ្លាមៗ និងត្រឡប់ទៅធ្វើការវិញក្រោមលក្ខខណ្ឌការងារដែលគោរពតាមច្បាប់ការងារ។

បុគ្គលិកក្រុមហ៊ុន 800 Super-GAEA  លោក ស្វាយ ឡាំវិច្ឆិកា ជាប្រធានក្រុម គ្រប់គ្រងរថយន្តសំរាមក្នុងខណ្ឌព្រែកព្នៅ និងជាអនុប្រធានសហជីព បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកទទួលយកសំណើទាំងបួនចំណុច បន្ទាប់ពីមានការអន្តរាគមន៍ពីក្រសួង និងស្ថាប័នផ្សេងៗ។

លោក ឡាំវិច្ឆិកា លើកឡើងថា៖ «ការ​រំលាយ​សហជីព​គឺ​ខុស​ច្បាប់ និង​រើសអើង។ ខ្ញុំ​យល់​ស្រប​នឹង​ដំណោះស្រាយ​នេះ»

យោងតាមសាលារាជធានីភ្នំពេញ ក្រុមហ៊ុនសំរាម 800 Super-GAEA ត្រួតពិនិត្យការគ្រប់គ្រងសំរាមក្នុងខណ្ឌចំនួន៥ ដូចជា ខណ្ឌទួលគោក ឫស្សីកែវ សែនសុខ ជ្រោយចង្វា និងព្រែកព្នៅ។

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ កម្មករប្រមូលសំរាមប្រមាណ ១០០នាក់ មកពីក្រុមហ៊ុន MIZUDA បានតវ៉ានៅមុខក្រុមហ៊ុន ដោយទាមទារឱ្យលោក ម៊ី ផាន ដែលកំពុងឈរឈ្មោះជាប្រធានសហជីពមកធ្វើការវិញ។ ពួកគេក៏បានអំពាវនាវឱ្យប្រគល់ប្រាក់មកពួកគេវិញ ដែលជាថ្នូរនឹងការងាររបស់ពួកគេ និងបានជំរុញឱ្យក្រុមហ៊ុនកុំឱ្យគាបសង្កត់ម៉ោងធ្វើការរបស់ពួកគេ។

ក្រុមហ៊ុន 800 Super-GAEA មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា វិវាទជាច្រើនត្រូវបានដោះស្រាយតាមរយៈយន្តការចរចាទ្វេភាគីរវាងនិយោជក និងតំណាងនិយោជិត។ មួយចំនួនតូចបានដោះស្រាយតាមក្របខណ្ឌដោះស្រាយវិវាទរបស់ក្រសួង ខណៈមួយចំនួនបានឆ្លងកាត់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ គ្មានភាគីត្រូវបានបញ្ជូនទៅតុលាការទេ។

លោកមានប្រសាសន៍ថា៖ «ក្រសួង​ខិតខំ​ពង្រឹង​អធិការកិច្ច​ដើម្បី​កាត់បន្ថយ​វិវាទ និង​ពង្រឹង​សិទ្ធិ​ការងារ និង​លក្ខខណ្ឌ​ការងារ ដោយ​ធានា​ថា​សហគ្រាស​ជា​សហគមន៍​សុវត្ថិភាព​»​៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Union Reps Reinstated with Better Terms After Garbage Collection Company Workers’ Protest, Ministry Intervention

264 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម