សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្មករក្រុមហ៊ុន MIZUDA តវ៉ាឱ្យក្រុមហ៊ុនយកបុគ្គលិកចូលធ្វើការវិញ និងគោរពច្បាប់ការងារ

កម្មករប្រមូលសំរាមក្រុមហ៊ុន MIZUDA ធ្វើការតវ៉ាពេលព្រលឹមវេលាម៉ោងប្រហែល៥ នៅមុខក្រុមហ៊ុន នៅជាយរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង
កម្មករប្រមូលសំរាមក្រុមហ៊ុន MIZUDA ធ្វើការតវ៉ាពេលព្រលឹមវេលាម៉ោងប្រហែល៥ នៅមុខក្រុមហ៊ុន នៅជាយរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

កម្មករប្រមូលសំរាមនៃក្រុមហ៊ុន MIZUDA ប្រហែល១០០នាក់ បានតវ៉ានៅមុខក្រុមហ៊ុន​នៅ​ម៉ោង​ប្រាំព្រឹកថ្ងៃទី១៦ ខែមីនា ដើម្បីទាមទារឱ្យក្រុមហ៊ុនទទួលយកលោក ម៊ី ផាន ដែលឈរ​ឈ្មោះ​ជាប្រធានសហជីពចូលធ្វើការវិញ និងប្រគល់លុយដែលយកជាថ្នូរ​ដើម្បីបានការងារ​ឱ្យកម្មករវិញ ពិសេសកុំគាបសង្កត់ម៉ោងការងារដល់កម្មករ។

លោក ម៊ី ផាន គឺជាបេក្ខជនឈរឈ្មោះជាប្រធានសហជីព បន្ទាប់ពីបោះឆ្នោតជ្រើសរើសរួច និងបានជូនដំណឹងទៅក្រុមហ៊ុន ក៏ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ។ បើតាមលោក ផាន ក្រុមហ៊ុនបញ្ឈប់រូបលោកពីការងារកំឡុងខែមករា ដោយបានចោទថា​លោកបានប្រព្រឹត្ត​កំហុស​មិនគោរពបទបញ្ជាផ្ទៃក្នុង។

លោកផាន និយាយថា៖ «ខ្ញុំជូនដំណឹងបោះឆ្នោតបង្កើតសហជីពហើយត្រូវក្រុមហ៊ុនបញ្ឈប់ គេរើសអើងសហជីព គេបញ្ឈប់រូបខ្ញុំ ក្រុមហ៊ុនគេទម្លាក់កំហុសលើ[ខ្ញុំ]​ ថា[ខ្ញុំ]មិនគោរព​បទ​បញ្ជាផ្ទៃក្នុង»។

លោក ផាន បន្តថា ការតវ៉ាដោយមានលើកបដានៅមុខក្រុមហ៊ុនប្រមូលសំរាម Mizuda គឺមាន​អ្នកចូលរួមដំបូងឡើយ២០នាក់ និងបន្តបន្ទាប់ទៀតជិត១០០នាក់ ប៉ុន្តែអ្នកដែល​ចូលរួម​ទាំង​នោះ​បានថមថយទៅវិញដោយសារតែខ្លាចអាជ្ញាធរដេញ។

បន្ទាប់ពីបញ្ឈប់លោក ផាន ពីការងារ វិវាទនេះបានបន្តទៅក្រសួងការងារ ប៉ុន្តែត្រូវបាន​ក្រសួង​សម្រេចឱ្យរូបលោកចាញ់បើទោះបីជារូបលោកគ្មានកំហុសក៏ដោយ។ លោក ផាន ចាត់ទុកថា ការបញ្ឈប់រូបលោកពីការងារនេះ គឺជាការរើសអើងមកលើសហជីព។

លោក ផាន លើកឡើងថា៖ «អាហ្នឹងគឺជាការរើសអើងសហជីព [ខ្ញុំ]គ្មានកំហុសអីទេ គេរើសអើង ហើយការតវ៉ាព្រឹកមិញអត់បានផលអីទេ គេលើកហេតុផលថាក្រសួងចេញ​សេចក្ដី​សម្រេច​បញ្ឈប់ខ្ញុំ គេអត់ឱ្យសិទ្ធិខ្ញុំចរចានៅហ្នឹងទេ»។

អាជីពជាកម្មករផ្នែកប្រមូលសំរាម ប្រឈមនឹងគ្រោះថ្នាក់បញ្ហាសុខភាពហើយមិនមាន​ប្រាក់​ខែ​​ច្រើន​លើសលប់ឡើយ អ្វីដែលលោក ផាន និងកម្មករដទៃទៀតចង់បាន គឺឱ្យក្រុមហ៊ុន​បញ្ឈប់​ការចាប់កំហុសកម្មករនិយោជិតដោយគ្មានហេតុផលត្រឹមត្រូវ និងយកលុយ​ជាថ្នូរផ្តល់​ការងារជូនកម្មករនិយោជិតវិញ ទាមទារយកលុយ ដែលកម្មករបានបង់​ឱ្យទៅ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ដែលបានបង់កន្លងមក កុំឱ្យផ្លាស់ប្តូរការងារកម្មករនិយោជិតខុសជំនាញ និងការងារ​ដែលធ្លាប់ធ្វើ ពិសេសស្នើឱ្យក្រុមហ៊ុនអនុវត្តតាមច្បាប់ស្តីពីការងារ គឺធ្វើការ៨ម៉ោងក្នុង១ថ្ងៃ។

លោក ផាន និយាយថា៖‍ «ជាទូទៅក្រុមហ៊ុនសំរាមអត់ធ្វើការគិតម៉ោងតាមច្បាប់ការងារទេ ធ្វើការ​លើសម៉ោង»។

ដោយសារតែបាត់បង់ការងារ គ្មានចំណូលផ្គត់ផ្គង់គ្រួសារ លោក ផាន កំពុងប្រទះនឹងបញ្ហា​ជីវភាព​គ្រួសារយ៉ាងធ្ងន់ធ្ងរ ខណៈរូបលោកកំពុងជំពាក់បំណុលធនាគារផងដែរ។

មានកូន៤នាក់ក្នុងបន្ទុក លោក ផាន និយាយថា៖‍ «បញ្ហាគឺជំពាក់លុយធនាគារហ្នឹងហើយ ខ្ញុំសង្ឃឹមថាក្រសួងឱ្យយើងឈ្នះ តែសម្រេចចេញមកធ្វើឱ្យខ្ញុំខកចិត្តយ៉ាងខ្លាំង»។

កម្មករប្រមូលសំរាមក្រុមហ៊ុន MIZUDA ធ្វើការតវ៉ាពេលព្រលឹមវេលាម៉ោងប្រហែល៥​ នៅមុខក្រុមហ៊ុន នៅជាយរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

ចំណែកលោក ថា វាសនា អាយុ២៩ឆ្នាំ ជាបុគ្គលិកផ្នែកបើកឡានដឹកសំរាម កំពុងបម្រើការងារ​នៅក្រុមហ៊ុន MIZUDA រយៈពេលជិត២ឆ្នាំ បានប្រាប់ឱ្យដឹងថា រូបលោកត្រូវបាន​ក្រុមហ៊ុន​ធ្វើ​ទុក្ខ​បុកម្នេញ ផ្លាស់ប្ដូរការងារពីអ្នកបើកឡាន ទៅជាអ្នកស្ដារលូ និងជាអ្នកប៉ះកង់ បន្ទាប់ពី​រូប​លោក​បានចូលជាសមាជិករបស់សហជីពហើយបានតវ៉ាបញ្ហារបស់កម្មករ។

លោក វាសនា និយាយថា៖ «មុនខ្ញុំចូលសហជីពខ្ញុំបើកឡាន តែក្រោយចូលសហជីព​គេប្ដូរ​ខ្ញុំទៅបារលូ គេរើសអើងពួកខ្ញុំដែលបង្កើតសហជីព បានគេបញ្ឈប់គាត់[លោក ម៊ី ផាន]។​វាមិនយូរមិនឆាប់ទេដឹងតែគេបញ្ឈប់ពួកខ្ញុំបួនដប់នាក់ហ្នឹង ដឹងតែគេដកមួយម្ដងៗហើយ»។

លោក វាសនា បន្តថា ក្រៅពីទាមទារឱ្យលោកផាន ចូលធ្វើការវិញ លោកនិងកម្មករផ្សេងទៀត​ ទាមទារឱ្យបុគ្គលិកក្រុមហ៊ុនដែលរើសបុគ្គលិកឱ្យចូលធ្វើការ ប្រគល់លុយដែលយកពីកម្មករ​ជាថ្នូរ​ដើម្បីបានចូលធ្វើការក្នុងម្នាក់៥០០ដុល្លារ និងកម្មករខ្លះទៀតខ្ទង់១ពាន់ដុល្លារ។

លោក វាសនា បញ្ជាក់ថា៖ «មុនចូលធ្វើការទាល់បង់លុយទើបបានចូលធ្វើការ អ្នកខ្លះ៥០០ អ្នកខ្លះ៨០០ និងអ្នកខ្លះ១ពាន់ដុល្លារជាង។ មិនមែនខាងក្រុមហ៊ុនអ្នកឱ្យយកទេ គឺបុគ្គលខាង​ធ្វើការ​នៅក្រុមហ៊ុនហ្នឹងយក»។

លោក ចាង ស៊ាវចុង ជាជនជាតិចិនតំណាងឱ្យក្រុមហ៊ុនប្រមូលសំរាម MIZUDA ថ្លែងប្រាប់​ខេមបូចា តាមរយៈអ្នកបកប្រែភាសាចិន ដោយឆ្លើយឆ្លងតាមទូរសព្ទថា ពិតជាមាន​ការតវ៉ា​នៅខាងមុខក្រុមហ៊ុនពិតមែន ប៉ុន្តែលោក​បាន​ហៅ​អ្នកតវ៉ាទាំងនោះមកសម្របសម្រួល​គ្នារួច​ហើយ។​ ចំណែករណីលោក ម៊ី ផាន ដែលអះអាងថា​ក្រុមហ៊ុនបញ្ឈប់ដោយរើសអើង​សហជីព​នោះ លោក ស៊ាវចុង បដិសេធថាមិនមានរឿងរ៉ាវដូច្នេះឡើយ។

លោក ស៊ាវចុង ថ្លែងថា៖ «ការទាមទាររបស់កម្មករមួយចំនួន​ បានដោះស្រាយរួចហើយ ថ្ងៃ​នេះ​ក៏មានប្រជុំជាមួយកម្មករម្នាក់ទៀត ព្រោះវាទាក់ទងនឹងការទាមទាររបស់កម្មករ​ដែល​អត់​សូវត្រូវនឹងលក្ខខណ្ឌអ៊ីចឹង តែខាងក្រសួងការងារគេចេញមុខ​ដោះស្រាយ​ហើយ​អស់ហើយ»។

លោក ស៊ាវចុង បញ្ជាក់ថា បុគ្គលិកឈ្មោះ ម៊ី ផាន ត្រូវបានបញ្ឈប់ពីការងារក្រោមហេតុផល មិនគោរពបទបញ្ជាផ្ទៃក្នុង និងគេចវេះម៉ោងការងារជាដើម ហើយបន្តទៀតថា ការបង្កើត​សហជីពគ្រាន់តែជាចេតនាអ្វីផ្សេងប៉ុណ្ណោះ។

លោក ស៊ាវចុង ឱ្យដឹងថា៖ «ខាងក្រសួងការងារគេមិនទទួលស្គាល់សហជីពរបស់គាត់ផង គាត់មិនមែនជាបុគ្គលិកក្រុមហ៊ុនទេ។ ក្រុមហ៊ុនបញ្ឈប់ដោយសារតែគាត់​អត់គោរព​បទ​បញ្ជា​ផ្ទៃ​ក្នុង​ គាត់យកលេសបង្កើតសហជីពចង់ទាមទារអ្វីពីក្រុមហ៊ុនលក្ខខណ្ឌវាអត់សូវ​សម​ស្រប»។

ជុំវិញការយកប្រាក់ពីបុគ្គលិកដើម្បីជាថ្នូរដោះដូរចូលធ្វើការនៅតាមផ្នែកណាមួយក្នុង​ក្រុមហ៊ុន MIZUDA មិនមែនជាការពិតឡើយ ហើយក្រុមហ៊ុនគឺមានគោលការណ៍​ច្បាស់​លាស់​ក្នុងការជ្រើសរើសកម្មករ នេះបើតាមការបញ្ជាក់ពីលោក ស៊ាវចុង អ្នកតំណាង ក្រុមហ៊ុន។

លោក ស៊ាវចុង បន្ថែមថា៖ «ចំពោះកម្មករដែលចូលមកធ្វើការនៅក្រុមហ៊ុនទាំងអស់​គឺអត់​មានទទួលលុយពីកម្មករទេ»។

កម្មករប្រមូលសំរាមក្រុមហ៊ុន MIZUDA ធ្វើការតវ៉ាពេលព្រលឹមវេលាម៉ោងប្រហែល៥​ នៅមុខក្រុមហ៊ុន នៅជាយរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

អ្នកនាំពាក្យក្រសួងការងារ និងវិជ្ជាជីវៈ លោក ហេង សួរ បានឆ្លើយតបតាមរយៈ​សារអេឡិច ត្រូនិក តេឡេក្រាម យ៉ាងខ្លីថា វិវាទការងារនៅក្រុមហ៊ុន MIZUDA «ក្រសួងបានកំពុងដោះ​ស្រាយ»

ប្រធាន​សហព័ន្ធ​សហជីពកម្មករ​​និយោជិក​វិស័យ​ទេសចរណ៍​កម្ពុជា ​លោក ទូច កុសល លើកឡើងថា លោក ម៊ី ផាន ត្រូវបានក្រុមហ៊ុនបញ្ឈប់ការងារ បន្ទាប់ពី​គាត់​បង្កើត​សហជីពនៅកន្លែងធ្វើការ ត្បិតគាត់ឃើញមានការរំលោភសិទ្ធិកម្មករនៅកន្លែងធ្វើការ។

លោក កុសល បន្ថែមថា ការបញ្ឈប់ការងារលោក ផាន បានប្ដឹងទៅដល់ក្រសួងការងារ ប៉ុន្តែមិនមានភស្តុតាងគ្រប់គ្រាន់ឡើយដែលចោទថា លោក ផាន បានប្រព្រឹត្ត​កំហុស​ផ្ទុយ​នឹងបទបញ្ជាផ្ទៃក្នុងក្រុមហ៊ុន។

លោក កុសល ថ្លែងថា៖ «ជារឿងគួរឱ្យសោកស្ដាយដែលនាយកដ្ឋានដោះស្រាយវិវាទ បាន​ចេញ​លិខិតថាគាត់ត្រូវបានក្រុមហ៊ុនបញ្ឈប់ដោយសារតែប្រព្រឹត្តកំហុសធ្ងន់ វាមិន​មាន​លិខិតស្នាម អត់មានភស្ដុតាង»

លោក កុសល យល់ឃើញថា ការសម្រេចរបស់ក្រសួងការងារមិនត្រឹមត្រូវ ប្រសិន​បើ​មិន​មាន​ការដោះស្រាយឱ្យលោកផាន បានចូលធ្វើការវិញទេវាជារឿងអយុត្តិធម៌សម្រាប់រូបគាត់ និង​កម្មករដទៃទៀតផងដែរ ព្រោះការបំបិទមិនឱ្យមានសហជីពនៅកន្លែងការងារ នឹងធ្វើឱ្យមាន​ការរំលោភសិទ្ធិកម្មករកាន់តែច្រើន។

លោក កុសល បន្ថែមថា៖‍ «ឃើញថាការសម្រេចរបស់នាយកដ្ឋានវិវាទមិនត្រឹមត្រូវ ហើយនៅក្រុមហ៊ុននៅមានការរំលោភលក្ខខណ្ឌការងារច្រើន»។

សូមជម្រាបជូនថា ក្រុមហ៊ុនប្រមូលសំរាម MIZUDA បានទទួលសិទ្ធិប្រមូលសំរាម​នៅក្រុង​ភ្នំពេញ​ក្នុងខណ្ឌចំនួន៥ និងបានចេញ​ប្រតិបត្តិការ​លើ​ការប្រមូល​និង​ដឹកជញ្ជូន​សំរាម នៅក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២១ មកម៉្លេះ៕

460 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម