ប្រាក់ឈ្នួលអប្បបរមាប្រចាំខែរបស់កម្មករកាត់ដេរនឹងទ្បើងដល់២០៨ដុល្លារសម្រាប់ឆ្នាំ២០២៥ បន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបោះឆ្នោតដំឡើង២ដុល្លារ និងលោកនាយករដ្ឋមន្ត្រីសម្រេចបន្ថែម២ដុល្លារទៀតលើប្រាក់ឈ្នួលបច្ចុប្បន្ននៅថ្ងៃទី១៩ ខែកញ្ញា ខណៈកម្មករ និងសហជីពឯករាជ្យមិនទាន់ពេញចិត្តតួលេខនេះនៅឡើយ។
តាមរយៈកិច្ចប្រជុំចុងក្រោយរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលមានសមាសភាពត្រីភាគី រួមមានមន្ត្រីក្រសួងការងារ តំណាងមកពីសហជីព និងនិយោជក នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ សំឡេងភាគច្រើនក្នុងចំណោម៥១សំឡេងគាំទ្រតួលេខ២០៦ដុល្លារដែលភាគីនិយោជកបានដាក់បន្ថែមលើប្រាក់ឈ្នូលអប្បបរមាបច្ចុប្បន្ន។
ក្នុងចំណោមសមាជិក៥១រូប រួមមានសមាជិក៤៦រូបបានបោះឆ្នោតគាំទ្រតួលេខប្រាក់ឈ្នួលអប្បបរមាចំនួន២០៦ដុល្លារ និង១សំឡេងគាំទ្រចំនួន២០៨ដុល្លារ និង៤សំឡេងគាំទ្រតួលេខរបស់សហជីពចំនួន២១៤ដុល្លារ។
បន្ទាប់ពីបោះឆ្នោតរួច លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចផ្តល់ឱ្យចំនួន២ដុលារបន្ថែមលើតួលេខ២០៦ដុល្លារដូច្នេះសរុបប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរសម្រាប់ឆ្នាំ២០២៥ មានចំនួន២០៨ដុល្លារ។
រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា លោកនាយករដ្ឋមន្រ្តីបន្ថែមចំនួន២ដុល្លារ លើតួរលេខ២០៦ដុល្លារ ដូច្នេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តួរលេខប្រាក់ឈ្នួល គឺមានចំនួន២០៨ដុល្លារក្នុងមួយខែ។ ចំណែកអត្ថប្រយោជន៍ផ្សេងៗទៀត គឺនៅរក្សាដដែលសម្រាប់កម្មករ ចន្លោះពី២២៥ដុល្លារយ៉ាងតិច។
លោក ហេង សួរ ថ្លែងថា៖ «[…] រដ្ឋាភិបាលបន្តឲ្យមានកំណើនប្រាក់ឈ្នួលអប្បបរមាជាបន្តទៀត។ មុននេះដែរសម្ដេចធិបតីក៏បានបញ្ជាក់ដែរថា ក្រៅពីតំឡើងប្រាក់ឈ្នួលរដ្ឋាភិបាលនឹងបន្តអន្តរាគមន៍ដើម្បីរក្សានូវស្ថិរភាពតម្លៃ ដើម្បីធ្វើម៉េចឲ្យចំណាយការរស់នៅរបស់កម្មករដូចជាចំណាយផ្ទះជួល គឺយើងនឹងបន្តតាមដានដើម្បីធ្វើម៉េចឲ្យសមស្រប កុំឲ្យឡើងថ្លៃហួសហេតុពេក ប៉ះពាល់ដល់បងប្អូនកម្មករ»។
ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរនឹងត្រូវចាប់អនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ចំពោះកម្មករនិយោជិតពេញសិទ្ធិ ។ និងចំនួន២០៦ ដុល្លារក្នុងមួយខែ ចំពោះកម្មករនិយោជិតសាកល្បង។
ទន្ទឹមនឹងនេះប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបាន ត្រូវរក្សាទុកដដែល ដូចជាប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន៧ដុល្លារក្នុងមួយខែ។ ក្នុងនោះប្រាក់រង្វាន់ធ្វើការបន្ថែមទៀងទាត់ចំនួន១០ដុល្លារក្នុងមួយខែ ប្រាក់ថ្លៃបាយសម្រាប់ធ្វើការបន្ថែមម៉ោងដោយស្មគ្រចិត្តចំនួន ២០០០រៀល ក្នុងមួយថ្ងៃ និងប្រាក់រង្វាន់អតីតភាពការងារចំនួន២ដុល្លារដល់១១ដុល្លារក្នុងមួយខែសម្រាប់កម្មករនិយោជិត ដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។
ក្រសួងការងារបានបញ្ជាក់ថា ជាមធ្យមកម្មករនិយោជិតម្នាក់ៗ នឹងទទួលបានប្រាក់យ៉ាងតិចចំនួន២២៥ដុល្លារដល់២៣៦ដុល្លារក្នុងមួយខែ។ ក្រៅពីដំឡើងប្រាក់ឈ្នួលអប្បបរមា រដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ នឹងបន្តខិតខំសហការគ្នាដើម្បីកាត់បន្ថយបន្ទុកចំណាយនានារបស់កម្មករនិយោជិតជាបន្តបន្ទាប់។
លោក ហោ ចម្រើន ជាកម្មករមួយរូបបម្រើការនៅរោងចក្រវីងស្ដារស៊ូ បានឱ្យដឹងថា ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៥ នៅមិនទាន់សមរម្យនៅឡើយទេសម្រាប់ការទ្រទ្រង់ជីវភាពរស់នៅរបស់កម្មករ ត្បិតថាតម្លៃទំនិញនៅលើទីផ្សារមានការកើនឡើងខ្ពស់ បូករួមទាំងការចំណាយផ្សេងៗរបស់កម្មករផងដែរ។
ចម្រើននិយាយថា៖ «រដ្ឋាភិបាលឡើងឲ្យ៤ដុល្លារក្នុងមួយឆ្នាំ បើទូទាត់ជាមួយទំនិញក្នុងទីផ្សារគឺមិនសមទេ។ សម្រាប់ខ្ញុំបើប្រាក់ខែត្រឹម២២០ ទៅ២៣០ ទើបអាចទប់ជាប់ជាមួយការចាយវាយប្រចាំថ្ងៃ និងបង់ធនាគារ»។
កម្មកររោងចក្ររូបនេះបន្ថែមទៀតថា ប្រសិនបើនិយាយអំពីប្រាក់ខែកម្មករនៅប្រទេសដទៃទាបជាងកម្ពុជា គឺមិនខុសនោះទេ ប៉ុន្តែនៅប្រទេសទាំងនោះតម្លៃទំនិញធូរថ្លៃ បើប្រៀបជាមួយប្រទេសកម្ពុជាតម្លៃទំនិញមានការឡើងថ្លៃ ដូច្នេះប្រាក់ឈ្នួលកម្មករចំនួន២០៨ដុល្លារក្នុងមួយខែមិនទាន់សមរម្យនោះទេ។
ចម្រើននិយាយថា៖ «ប្រាក់ខែប្រទេសជិតខាងតិចមែន តែទំនិញស្រុកគេថោក ដូច្នេះកម្មករគេអាចរស់នៅបានសមរម្យ និងទទួលយកបាន។ ដូច្នេះខ្ញុំរំពឹងថា រដ្ឋាភិបាលនឹងដំឡើងប្រាក់ឈ្នួលចន្លោះពី៨ដុល្លារទៅ១០ដុល្លារ ហើយជួយទម្លាក់ទំនិញនៅតាមទីផ្សារផង»។
លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា ថ្លែងប្រាប់ ខេមបូចា ថា ប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរឆ្នាំ២០២៥ នៅមិនទាន់សមស្របសម្រាប់ការរស់នៅរបស់កម្មករនិយោជិតឡើយ ខណៈតម្លៃទំនិញ បន្ទុកនិងការចំណាយផ្សេងៗនៅលើទីផ្សារគឺមានការកើនឡើងខ្ពស់ ដូច្នេះអ្នកស្រីមិនពេញចិត្តចំពោះតួរលេខនៃប្រាក់ឈ្នួលនេះឡើយ។ ដើម្បីឲ្យសមស្របទៅហ្នឹងអតិផរណានៃតម្លៃទំនិញនៅតាមទីផ្សារ យ៉ាងហោចណាស់ប្រាក់ឈ្នួលកម្មករ គួរតែកើនឡើងចំនួន៥ទៅ៦ដុល្លារ។
លោកស្រី សុភ័ណ្ឌ លើកឡើងថា៖ «តួរលេខឆ្នាំនេះហាក់ដូចជាឡើងបានតិចមែនទែន បើយើងមើលទៅលើអតិផរណានៅលើទីផ្សារ គឺ២,៧ភាគរយ ប៉ុន្តែតួរលេខឡើងគឺបានត្រឹមតែ៤ដុល្លារតែប៉ុណ្ណោះ ដូច្នេះខ្ញុំមានអារម្មណ៍ថាពិបាកចិត្តដែរ»។
យ៉ាងណាមិញ សុភ័ណ្ឌ រំពឹងថា ប្រាក់ឈ្នួលកម្មករគួរតែដំឡើងទៅរកចំណុចណាមួយដែលសមស្រប ត្បិតថាប្រាក់ឈ្នួលត្រឹមតែ២០៨ដុល្លារក្នុងមួយខែ មិនទាន់អាចធានាបានចំពោះការរស់នៅរបស់កម្មករឡើយ។ ដូច្នេះអ្នកស្រីចង់ឲ្យមានការសិក្សាស្រាវជ្រាវពីកត្តាសេដ្ឋកិច្ច និងសង្គមឲ្យច្បាស់លាស់ ហើយយល់ពីតម្រូវការក្នុងការចំណាយរបស់កម្មករ។
លោកស្រីបន្ថែមថា៖ «ខ្ញុំចង់ឲ្យមានការសិក្សាស្រាវជ្រាវរួមគ្នារវាងភាគីរដ្ឋាភិបាល ភាគីនិយោជិត និងភាគីនិយោជក ដើម្បីឲ្យមានការសិក្សាស្រាវជ្រាវរួមគ្នា និងដំឡើងឲ្យនិយោជិត។ បើមិនធ្វើដូច្នេះទេ ខ្ញុំគិតថាយើងនៅតែពិបាកក្នុងការជជែកគ្នាដោយសមស្របទទួលយកបាន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោកថា ទោះក្នុងកាលៈទេសៈលំបាកនៃសេដ្ឋកិច្ចសកលក៏ដោយ ក៏រាជរដ្ឋាភិបាលមិនភ្លេចយកចិត្តទុកដាក់ដល់ការលើកកម្ពស់ជីវភាពរស់នៅ មុខរបរ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ជាក់ស្តែង ការដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ ទោះតិចក្តីច្រើនក្តី គឺដើម្បីជួយសម្រួលដល់ការលំបាកខ្លះរបស់បងប្អូនកម្មករនិយោជិត។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «ខ្ញុំបានផ្ដល់គោលការណ៍ទៅឯកឧត្តម ហេង សួរ ឱ្យបន្ថែម ២ដុល្លារ លើតួលេខ២០៦ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៥ គឺ២០៨ដុល្លារក្នុង១ខែ កើនឡើង៤ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ២០៤ដុល្លារ»។
លោកនាយរដ្ឋមន្រ្តីបន្តថា ក្នុងឆ្នាំ២០២៤នេះ ប្រទេសជាច្រើននៅក្នុងតំបន់មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមាទេ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនទាន់ល្អប្រសើរ ហើយប្រាក់ឈ្នួលអប្បបរមា ដែលគិតជាប្រាក់ដុល្លារអាមេរិកនៃប្រទេសមួយចំនួនមិនត្រឹមតែមិនកើនទេ គឺថែមទាំងចុះទាបជាងចុងឆ្នាំ២០២៣ទៅវិញ ដោយសារតែការប្រែប្រួលនៃអត្រាប្តូរប្រាក់នៃប្រទេសទាំងនោះ។
លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖ «ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ ខ្ញុំសូមជម្រាបជូនបងប្អូនកម្មករនិយោជិត និងសាធារណជនថា ខ្ញុំនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យ តាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត»។
លោក ណាង សុធី អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្ពុជា ដែលតំណាងឱ្យនិយោជកថ្លែងថា ភាគីនិយោជកមានការសប្បាយចិត្តចំពោះលទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥នេះ ដោយសារតែតួរលេខនេះអាចទទួលយកបាន និងសមរម្យ។
លោក សុធី ថ្លែងថា៖ «យើងពេញចិត្តមែនទែន ដែលបងប្អូនកម្មករទាំង១៧ភាគីបង្ហាញអារម្មណ៍ស្និទ្ធស្នាល ខុសពីឆ្នាំមុនៗដែលពេលប្រជុំម្ដងៗមួម៉ៅដាក់គ្នា តែឆ្នាំនេះទន់ភ្លន់ និងអាចយកការពិភាក្សាទៅវិញទៅមក»។
គូសបញ្ជាក់ផងដែរថា តាមរយៈកិច្ចពិភាក្សាត្រីភាគី កាលពីរសៀលថ្ងៃនេះ ខាងភាគីនិយោជកដំឡើងប្រាក់ឈ្នូលបន្ថែមចំនួន២ដុល្លារ (២០៦ដុល្លារ) ចំណែកឯខាងភាគីរាជរដ្ឋាភិបាលដំឡើងឱ្យត្រឹម២ដុល្លារ (២០៨ដុល្លារ) ខណៈពេលខាងភាគីសហជីពឯករាជ្យស្នើ១០ (២១៤ដុល្លារ) និងសហជីពផ្សេងទៀតស្នើដំឡើងត្រឹម៤ដុល្លារ (២០៨ដុល្លារ)៕