ក្នុងថ្ងៃទី២នៃការជំនុំជម្រះក្ដីសម្រាប់សមាជិកសហជីពណាហ្គាវើលដ៍ប្រាំបួនរូប ដែលរងការចោទពីបទញុះញង់ ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញបានអះអាងថាប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ បានពាក់ព័ន្ធដោយផ្ទាល់ក្នុងការធ្វើកូដកម្មខុសច្បាប់ ខណៈដែលកញ្ញា ឈឹម ស៊ីថរ នៅរក្សាជំហរថាខ្លួនបានចូលរួមធ្វើកូដកម្មស្របទៅតាមច្បាប់ស្ដីពីការងារ។
ព្រះរាជអាជ្ញារងលោក សេង ហៀង បានដាក់បន្ទុកថាការធ្វើបាតុកម្មគឺជាជម្លោះបុគ្គលផ្ទាល់ខ្លួនរវាងកញ្ញា ឈឹម ស៊ីថរ និងក្រុមហ៊ុន។ លោកអះអាងថាសកម្មភាពរបស់កញ្ញា ឈឹម ស៊ីថរ បានយក «ក្រុមហ៊ុនជាចំណាប់ខ្មាំង» ក្នុងគោលបំណងទាមទារឲ្យក្រុមហ៊ុនទទួលបុគ្គលិកជាច្រើនរយនាក់ដែលត្រូវបញ្ឈប់ពីការងារឲ្យចូលធ្វើការវិញ និងទទួលបានសំណងផ្សេងៗ។ លោកបានចោទប្រកាន់កញ្ញា ឈឹម ស៊ីថរ ថាបានបញ្ជាឲ្យសមាជិកធ្វើបាតុកម្មដោយខុសច្បាប់ និងថាពួកគេលែងជាបុគ្គលិករបស់ក្រុមហ៊ុនទៀតហើយ ដែលមិនអាចចាត់ទុកថាជាបាតុកម្មស្របច្បាប់នោះទេ។
លោកលើកឡើងថា៖ «ពួកគេ[ណាហ្គាវើលដ៍]មករកស៊ីនៅក្នុងប្រទេសយើង ហើយខ្លួន [ជាសហជីព] បែរជាបង្ខំពួកគេ [ឲ្យទទួលយកការទាមទាររបស់ខ្លួន]»។
ពាក់ឯកសណ្ឋានពណ៌ទឹកក្រូចរបស់ពន្ធនាគារ កញ្ញា ឈឹម ស៊ីថរ បានឆ្លើយតបទៅនឹងសំណួរដែលបានធ្វើឡើងជិតបីម៉ោង និងបានជំទាស់ទៅនឹងអ្វីដែលខាងព្រះរាជអាជ្ញាបានឡើកឡើង។ កញ្ញា និយាយថាគ្រប់មធ្យោបាយផ្លូវច្បាប់សម្រាប់ដោះស្រាយវិវាទការងារត្រូវបានរិតត្បឹត និងថាកញ្ញាគឺជាអ្នកចូលរួមម្នាក់ក្នុងកូដកម្មដែលរៀបចំដោយសហជីព។
កញ្ញាបញ្ជាក់ថា៖ «មុនមានកូដកម្ម គឺមិនមានដំណោះស្រាយណាមួយបានធ្វើឡើងសម្រាប់វិវាទការងារនេះទេ ហើយខ្ញុំក៏មិនអាចទទួលយកពាក្យ ចំណាប់ខ្មាំងដែរ»។ កញ្ញាបន្ថែមថា៖ «ខ្ញុំនៅតែជាបុគ្គលិក ពីព្រោះថាបុគ្គលិកអាចប្រើវិធីស្របច្បាប់នានាដើម្បីដោះស្រាយវិវាទ ខ្ញុំសូមច្រានចោលការចោទប្រកាន់[របស់ព្រះរាជអាជ្ញា]»។
ចៅក្រមជំនុំជម្រះ សឿង ចរិយា បានលើកយកភស្តុតាងនៃកិច្ចប្រជុំតាមរយៈZoom របស់សហជីព និងបានសួរទៅកញ្ញា ឈឹម ស៊ីថរ អំពីមូលនិធិរបស់សហជីព ការដឹកនាំ និងមូលហេតុនានា។ សវនាការជំនុំជម្រះលើកដំបូងកាលពីសប្ដាហ៍មុន តុលាការបានសួរ កញ្ញា ឈឹម ស៊ីថរ អំពីរម្ចាស់ជំនួយអន្តរជាតិមួយចំនួនដែលបានគាំទ្រដល់សហជីព។
កញ្ញា ឈឹម ស៊ីថរ បានបដិសេធការដែលថាកញ្ញាជាមេដឹកនាំធ្វើបាតុកម្ម ដោយបានលើកឡើងថាក្នុងនាមជាប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ខ្លួនបានដើរតួជាអ្នកសម្របសម្រួលលើការសម្រេចចិត្តរួមរបស់បុគ្គលិក។
កញ្ញាបញ្ជាក់ថា៖ «ខ្ញុំគ្រាន់តែធ្វើការជាអ្នកសម្របសម្រួលលើកិច្ចប្រជុំ ខ្ញុំមិនបានដឹកនាំធ្វើកូដកម្មទេ…គ្មាននរណាម្នាក់ផ្ដល់គំនិតឲ្យដឹកនាំកូដកម្មទេ ប៉ុន្តែ គឺធ្វើតាមច្បាប់ស្ដីពីការងារ»។
កញ្ញាឲ្យដឹងថាសមាជិកសហជីពភាគច្រើនបានបោះឆ្នោតឲ្យមានការធ្វើកូដកម្មស្របតាមច្បាប់ស្ដីពីការងារ។ កញ្ញាក៏បញ្ជាក់ដែរថាសហជីពតស៊ូដោយអហិង្សា។
មេធាវីការពារឲ្យជនជាប់ចោទ លោក ហុង សម្បត្តិ បានបង្ហាញការខកចិត្តនៅក្នុងសវនាការចំពោះព្រះរាជអាជ្ញារង សេង ហៀង ដែលចាត់ទុកសកម្មភាពកូនក្ដីលោកថាជាជម្លោះបុគ្គល មិនជាប់ពាក់ព័ន្ធដំណើរការផ្លូវច្បាប់ក្នុងវិវាទការងារ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមានការសោកស្ដាយ [ការលើកឡើងរបស់ព្រះរាជអាជ្ញា] ពីព្រោះថាវាមិនមែនជាជម្លោះបុគ្គលនឹងបុគ្គលទេ»។ លោកថា បាតុករគួរតែត្រូវនៅតែចាត់ទុកថាជាបុគ្គលិករបស់ក្រុមហ៊ុន ព្រោះថាពួកគេមិនដែលយល់ព្រមនឹងការបញ្ឈប់ពីការងារនោះទេ។
អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា ប្រាប់ខេមបូចាថា សមាជិកសហជីពណាហ្គាវើលដ៍ ធ្វើសកម្មភាពដោយគ្រាន់តែទាមទារដំណោះស្រាយលើវិវាទការងារ ដោយមិនមានចេតនាណាមួយបង្កឲ្យមានការរំខាន ឬប៉ះពាល់សង្គមនោះទេ។
អ្នកស្រីបន្ថែមទៀតថា៖ «ស៊ីថរ បានព្យាយាមលើកពីបញ្ហាច្បាប់ស្ដីពីការងារពីព្រោះតែជាវិវាទការងាររវាងនិយោជក និងបុគ្គលិក ក៏ដូចជាថ្នាក់ដឹកនាំសហជីព»។ អ្នកស្រីបានលើកឡើងសំដៅដល់ការចោទប្រកាន់របស់ណាហ្គាវើលដ៍លើការដឹកនាំរបស់សហជីពក្នុងអំឡុងពេលមានការបញ្ឈប់ការងារទ្រង់ទ្រាយធំ។ អ្នកស្រីថា៖ «គ្មានជម្លោះណាដែលនាំទៅដល់ការញុះញង់នោះទេ«។
សមាជិកមួយចំនួនរបស់សហជីពដែលមានវត្តមាននៅក្នុងសវនាការបាននិយាយថាពួកគេនៅតែចាត់ទុកខ្លួនឯងថាជាបុគ្គលិកពីព្រោះពួកគេមិនបានទទួលយកលក្ខខណ្ឌនៃការបញ្ឈប់ពីការងាររបស់ក្រុមហ៊ុននៅឡើយ។ អ្នកទាំងនោះបានអះអាងដែរថាការបញ្ឈប់បុគ្គលិក ១ ៣២៩នាក់ក្នុងឆ្នាំ២០២១ ដែលរួមទាំងមេដឹកនាំសហជីព និងសមាជិក១ ១០០នាក់ ថាជាអំពើខុសច្បាប់ ពីព្រោះថាចំនួននេះបានប៉ះពាល់ដល់សមាជិកសហជីពជាខ្លាំង។
កញ្ញា ស្រីរ័ត្ន ជាកូដករម្នាក់បានលើកឡើងថា៖ «យើងនៅតែជាបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ពីព្រោះថាការបញ្ឈប់បុគ្គិលគឺពិតជាការរើសអើស[លើសមាជិកសហជីព]។ កញ្ញាបន្ថែមថា៖ «ក្រុមហ៊ុនបានបញ្ឈប់…សមាជិកសហជីពដោយប្រើហេតុផលវិបត្តិកូវីដ–១៩»។
អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ប្រាប់ខេមបូចាតាមប្រព័ន្ធតេឡេក្រាមថា នីតិវិធីដោះស្រាយវិវាទនេះបានបញ្ចប់ហើយ រួមទាំងនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលផងដែរ។
លោកអះអាងថា៖ «បុគ្គលិកបានបដិសេធបញ្ជារបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ហើយភាគីទាំងពីរបានបន្តវិវាទនៅតុលាការ»។
លោក ហេង សួរ បញ្ជាក់ថាក្រសួងនៅតែបើកទទួលធ្វើជាអ្នកសម្របសម្រួលបើសិនជាភាគីទាំងពីរមានបំណងវិលចូលតុចរចា ប៉ុន្តែសមាជិកសហជីពណាហ្គាវើលដ៍បាននិយាយថាពួកគេមិនជឿក្រុមហ៊ុន ឬក្រសួងធ្វើការដោយសុទ្ធចិត្ត។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូ អំពាវនាវឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់បទញុះញង់លើសហជីពទាំងប្រាំបួនរូប។ លោកថា កិច្ចខិតខំប្រឹងប្រែងដោះស្រាយវិវវាទការងារនេះគួរតែត្រូវធ្វើឡើង ជាជាងការដាក់ទោសទណ្ឌលើសមាជិកសហជីព។
លោកបន្ថែមថា៖ «[យើង]បានឃើញថាជម្លោះនេះកើតចេញពីវិវាទការងារ វាមិនមែនជាបទល្មើសព្រហ្មទណ្ឌទេ»។ លោកថា៖ «ឫសគល់នៃបញ្ហា គឺការបញ្ចប់វិវាទការងារ និងចៀសវាងការចោទប្រកាន់គ្នា»៕
(រាយការណ៍បន្ថែមដោយ ឃួន ណារីម)
អត្ថបទប្រែសម្រួលពីភាសាអង់គ្លេស៖ NagaWorld Union Leader Defends Strike’s Legality on Day Two of Trial