ក្រុមកូដករណាហ្គាវើលដ៍ប្រមាណ១០០នាក់ នៅរសៀលថ្ងីទី១៧ ខែសីហា បានទៅឈរតវ៉ាដោយលើកបដា និងស្រែកតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដោយគ្មានការរារាំងពីអាជ្ញាធរ និងប្រើហិង្សាដូចសព្វដងឡើយ ខណៈអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាតិបានចុះទៅសង្កេតការណ៍ផ្ទាល់។
កូដករស្រីប្រុសនៃក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណ១០០នាក់ បានជួបជុំគ្នាមកឈរតវ៉ាឱ្យក្រុមហ៊ុនទទួលយកពួកគេឱ្យចូលធ្វើការវិញ ដោយមានការលើកបដាទាមទារ និងស្រែកតវ៉ាទៅតាមទម្លាប់ដូចសព្វដង។
ប៉ុន្តែអ្វីដែលប្លែក នៅថ្ងៃនេះមិនមានការរាំងពីសំណាក់អាជ្ញាធររាជធានីភ្នំពេញឡើយ ខណៈគេឃើញមានវត្តមានលោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាកំពុងឈរសង្កេតការតវ៉ារបស់ក្រុមកូដករ។
ចំណែកនៅតាមផ្លូវមានការជួយសម្រួលចរចាមិនមានការបិទប៉ារាស់ និងឃើញមានក្រុមអាជ្ញាធរជាច្រើនអ្នកស្លៀកពាក់ស៊ីវិលសង្កេតការតវ៉ានោះ ដោយមានការបង្ហោះដ្រូន និងថតរូបផងដែរ។
កញ្ញា ចាន់ ស្រីរត្ន កំពុងកាន់បដាស្រែកតវ៉ានៅមុខក្រុមហ៊ុនដែលបានបញ្ឈប់ការងារកញ្ញា ថ្លែងប្រាប់ ខេមបូចា ថា រូបនាងមិនយល់ពីចេតនាអាជ្ញាធរឡើយ ត្បិតថ្ងៃនេះក្រុមកូដករអាចមកឈរតវ៉ានៅមុខក្រុមហ៊ុន ដោយមិនមានការដាក់ប៉ារាសរារាំងដូចពេលកន្លងទៅ។
កូដកររូបនេះអះអាងថា ទំនងមកពីមានវត្តមានអ្នករាយការណ៍ពិសេសមកសង្កេតការណ៍ដោយផ្ទាល់ទើបអាជ្ញាធរមិនទប់ស្កាត់ដូចពេលកន្លងទៅ។
កញ្ញាឱ្យដឹងថា៖ «ជាក់ស្ដែងថ្ងៃនេះ អាចមកពីគាត់ឃើញអ្នកសង្កេតការណ៍UNច្រើន បានគាត់បន្ទន់ឥរិយាបទឱ្យពួកខ្ញុំមកឈរនៅមុខអគារណាហ្គាវ័នដោយស្រួល»។
កូដកររូបនេះ នៅតែទទូចថាឱ្យអាជ្ញាធររដ្ឋបញ្ឈប់ធ្វើបាបកូដករស្រ្ដី និងស្នើទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អន្តរាគមន៍លើវិវាទការងារមួយនេះផង ត្បិតក្រសួងការងារមិនមានឆន្ទៈដោះស្រាយ។

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ថ្លែងថា អាជ្ញាធរបានរៀបចំសម្ដែង ស្របពេលដែលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិមកសង្កេតការណ៍ដោយផ្ទាល់។ ត្បិតថាកកន្លងមក កូដករមិនដែលបានឈរនៅក្បែរក្រុមហ៊ុនដូច្នេះឡើយ មានតែការរារាំង និងប្រើហិង្សារមកលើក្រុមកូដករស្រ្តី។
កញ្ញា ស៊ីថរ ថ្លែងថា៖ «ខ្ញុំមិនដឹងគាត់រៀបឈុតឆាកទៅណាទេ តែវាខុសប្រក្រតីនៅពេលមានវត្តមានអ្នករាយការណ៍ពិសេសនៅ ព្រោះរាល់ដងកូដករទៅតវ៉ារងអំពើហិង្សា រហូតមានអ្នករលូតកូនក៏មានដែរ តែថ្ងៃនេះទៅជាមានការបើកឱ្យទៅធ្វើកូដកម្ម»។
កញ្ញាបញ្ជាក់ថា កន្លងទៅនៅពេលដែលគ្មានវត្តមានអ្នករាយការណ៍ពិសេស កុំថាឡើយតែកម្មករឈរតវ៉ាក្បែរក្រុមហ៊ុន សូម្បីតែអ្នកសារព័ត៌មាន អ្នកសង្កេតការណ៍ពីក្រុមអង្គការសង្គមស៊ីវិលក៏មិនអាចចូលក្បែរបានដែរ។
ជុំវិញបញ្ហាវិវាទការងារនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីប្រគល់សញ្ញាបត្រ មួយថា អ្នកវិនិយោគមិនខ្វល់រឿងប្រជាធិបតេយ្យនោះទេ ហើយកាន់តែស្អប់រឿងធ្វើបាតុកម្ម គ្មានក្បួនខ្នាត។ ទន្ទឹមនឹងនោះ លោកក៏បានណែនាំឱ្យក្រសួងការងារខិតខំប្រឹងប្រែងដោះស្រាយលើវិវាទការងារ ផងដែរ។
លោក ហ៊ុន សែន បានថ្លែងថា៖ «កម្ពុជាមិនមែនបោះបង់ចោលរឿងការទាមទាររបស់កម្មករ ឬសហជីព ដែលទាមទារត្រឹមត្រូវនោះទេ»។
ជុំវិញករណីនេះ អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងថា លោកស្រីមានការភ្ញាក់ផ្អើលនៅពេលឃើញកូដករអាចទៅឈរតវ៉ាក្បែររបងក្រុមហ៊ុនណាហ្គវើលដ៍ ប៉ុន្តែក្រោយមកទើបដឹងថា មានវត្តមានអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិនៅទីតាំងនោះ ដូច្នេះទើបអាជ្ញាធរមិនមានការរារាំងដូចពេលកន្លងទៅ។
លោកស្រីបន្តថា៖ «នោះអាចជាហេតុផលសំខាន់ ព្រោះខុសសព្វមួយដងគឺ កូដករតែងត្រូវបានរងការទប់ស្កាត់ មិនអាចមកឈរនៅមុខក្រុមហ៊ុនបានពេលមានការប្រើហិង្សាមកលើកូដករថែមទៀត ប៉ុន្តែសភាពនៅថ្ងៃនេះដូចជាអាជ្ញាធរបានបើកឱកាសឱ្យកូដករបានធ្វើកូដកម្មដោយសន្តិវិធីបាន»។
អ្នកស្រីបន្តថា អាជ្ញាធរគួរតែបង្កបរិយាកាសអំណោយផលក្នុងការធ្វើកូដកម្មបែបនេះដល់កូដករតាំងពីដំបូង មិនមែនចាំទាល់តែមានមានវត្តមានអ្នកសង្កេតការណ៍ពិសេសចុះទៅ ទើបមិនរារាំងដូច្នេះទេ។
លោកស្រីបន្ថែមថា៖ «ស្ថានភាពនេះគួរតែបានផ្ដល់ជាភាពអំណោយផលតាំងពីដំបូងម្ល៉េះសម្រាប់កូដករ ព្រោះនេះជាសិទ្ធិក្នុងការធ្វើកូដកម្មដែលកម្ពុជាយើងទទួលស្គាល់នូវអនុសញ្ញាពាក់ព័ន្ធសិទ្ធិការងារ»។

ចំណែកអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី លើកឡើងថា កាលដែលក្រុមកូដករអាចទៅឈរមុខរបងក្រុមហ៊ុនណាហ្គាវើលដ៍បាន មិនមែនដោយសារតែមានវត្តមានអ្នករាយការណ៍ពិសេសឡើយ ហើយលោកនៅតែចាត់ទុកថាជាសកម្មភាពធ្វើបាតុកម្មខុសច្បាប់។
លោកបញ្ជាក់ថា៖ «ដូចជាមិនមានជាការអនុញ្ញាតក្នុងការធ្វើនេះទេ! គ្រាន់តែថាបងប្អូនយើងគាត់នៅតែបន្តល្មើសប៉ារាស់ដែលយើងដាក់ហាមឃាត់មិនឱ្យឆ្លងកាត់ អាហ្នឹងជាប៉ារាស់សមត្ថកិច្ច ប៉ុន្តែនៅតែបងប្អូនយើងលោកបន្តឆ្លងកាត់ទីតាំងទាំងអស់»។
អ្នកនាំពាក្យរូបនេះ អះអាងថា លោកមានការខកចិត្តដែលក្រុមបាតុកម្មខុសច្បាប់ មិនយល់និងមិនអនុវត្តទៅតាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបានប្រកាសឱ្យបញ្ឈប់សកម្មភាពខុសច្បាប់។
លោកថ្លែងថា៖ «មិនគួរនៅតែបន្តធ្វើសកម្មភាព ដូចដែលធ្លាប់បានជូនព័ត៌មានជាញឹកញយ ថាវាជាសកម្មភាពធ្វើបាតុកម្មខុសច្បាប់ ព្រោះបងប្អូនទាំងអស់គ្នានៅតែបន្តដដែលៗចឹង»។
យ៉ាងណាមិញ លោកស្រី ចក់ សុភាព ក៍បានអះអាងថា ស្ថានភាពសិទ្ធិសេរីភាពក្នុងការជួបជុំមានការប្រឈមខ្លាំង ជាក់ស្ដែងករណីណាហ្គាវើលដ៍កូដកររងការប្រឈមទាំងផ្លូវច្បាប់ និងផ្លូវតុលាការ និងការគំរាមកំហែងផ្សេងៗ គឺជាកំណត់ត្រាអាក្រក់សម្រាប់កម្ពុជា ខណៈកម្ពុជាទទួលស្គាល់លិខិតតូបករផង និងការអះអាងថាលុបបំបាត់អំពើហិង្សាផង។
លោកស្រីសង្កត់ធ្ងន់ថា សន្តិភាពមិនមានគុណតម្លៃទេ ប្រសិនបើគាំទ្រការប្រើទម្រង់ហិង្សាពីសំណាក់មន្ត្រីមានសមត្ថកិច្ចមកលើកូដករស្រ្តី។
លោកស្រីបន្ថែមទៀតថា៖ «ក្នុងនាមជាអាជ្ញាធរហ្នឹងត្រូវយកង្វល់ពលរដ្ឋខ្លួនទៅដោះស្រាយ ផ្ដល់នូវដំណោះស្រាយវិជ្ជមាន ដែលភាគីមួយអាចទទួលយកបាន យើងត្រូវមើលអំពីគោលការណ៍ច្បាប់អំពីការរើសអើងសហជីពជាដើម»។
គួររំលឹកថា វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ បានចាប់ផ្ដើមនៅចុងឆ្នាំ២០២១ ក្រោយក្រុមហ៊ុនល្បែងមួយនេះ ប្រកាសបញ្ឈប់បុគ្គលិកក្នុងទ្រង់ទ្រាយធំ ដែលភាគច្រើនជាមេដឹកនាំសហជីព និងសមាជិកសហជីព។
មកទល់ពេលនេះវិវាទនេះ មិនទាន់បញ្ចប់ឡើយ ដោយសារតែក្រុមហ៊ុនមិនព្រមទទួលយកបុគ្គលិកទាំងនោះឱ្យចូលធ្វើការវិញឡើយ។ តែសហជីពថា ទង្វើនេះគឺជាការរើសអើងសហជីពឯករាជ្យ ខណៈក្រុមហ៊ុនកំពុងតែប្រកាសរើសបុគ្គលិកបន្ថែម។
ខេមបូចា ព្យាយាមសុំសម្ភាសលោក វិទិត មុតតាបន នៅកន្លែងកូដកម្ម ប៉ុន្តែលោកបដិសេធ ដោយប្រាប់ថាចាំសួរសរុប នៅថ្ងៃធ្វើសន្និសិទ្ធសារព័ត៌មានថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។
ប៉ុន្តែលោក វិទិត មុតតាបន បានមានប្រសាសន៍នៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោកថា លោកសប្បាយរីករាយដែលបានទៅជួបកម្មករដែលធ្វើកូដកម្មដោយសន្តិវិធី ហើយបានឃើញពួកគេអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។
លោក វិទិត មុតតាបន ថ្លែងថា៖ «ខ្ញុំរីករាយដែលបានទៅជួបកម្មករដែលធ្វើកូដកម្ម ហើយឃើញពួកគេអនុវត្តសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិក្នុងការជួបប្រជុំដោយសន្តិវិធីនៅថ្ងៃនេះ»។