ផ្លូវជាតិលេខ៧៦ មណ្ឌលគិរី-ភ្នំពេញ ត្រូវបានបិទជាបណ្ដោះអាសន្នតាំងពីថ្ងៃអង្គារ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងជំនន់ទឹកភ្លៀងភ្លាមៗបណ្ដាលឱ្យផ្លូវបាក់ស្រុតផ្លូវ។ យោងតាមរដ្ឋបាលខេត្តមណ្ឌលគិរីបានឲ្យដឹងថា យានយន្តទាំងអស់ដែលធ្វើដំណើរចេញនិងចូលខេត្តមណ្ឌលគិរីមករាជធានីភ្នំពេញ ឥឡូវនេះ ត្រូវធ្វើដំណើរឆ្លងកាត់តាមខេត្តក្រចេះ ស្ទឹងត្រែង និងរតនគិរី។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី និងមន្ទីរអភិវឌ្ឍន៍ជនបទបានចាប់ផ្តើមឈូសឆាយផ្លូវវាងបណ្តោះអាសន្ននៅថ្ងៃពុធនេះ។
លោក រស់ គឹមធន ប្រធានមន្ទីរសាធារណការខេត្តមណ្ឌលគិរី ប្រាប់ខេមបូចាថា ផ្លូវនេះបានបាក់ស្រុតកាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃអង្គារ ហើយបណ្តាលឲ្យខូចខាតប្រហែល១០ម៉ែត្រ។
លោកបានមានប្រសាសន៍ថា៖ «ការបាក់ស្រុតផ្លូវភ្នំនៅរដូវវស្សា គឺជៀសមិនរួចទេ” ដោយលោកបានកត់សម្គាល់ថា នេះជាលើកទីមួយហើយដែលផ្លូវនេះបាក់ស្រុតចាប់តាំងពីផ្លូវនេះត្រូវបានសាងសង់។ លោកបន្ថែមថា “នៅប្រទេសគេក៏មានផ្លូវភ្នំបាក់ស្រុតដែរ»។
លោកមិនផ្តល់ចម្លើយទេនៅពេលអ្នកសារព័ត៌មានខេមបូចា សួរថា តើអ្នកណាបញ្ចប់គម្រោងសាងសង់ផ្លូវនេះ?
យោងតាមសារព័ត៌មានក្នុងស្រុក Post News បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៧៦ ប្រវែង១៧២គីឡូម៉ែត្រ ចន្លោះក្រុងសែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី និងតាអង្គ ក្នុងខេត្តរតនគិរី ត្រូវបានសាងសង់រួចរាល់កាលពីខែវិច្ឆិកា ឆ្នាំ២០១៦។ គម្រោងនេះបានពង្រីកផ្លូវដល់៩ម៉ែត្រ។ ផ្លូវក្រាលកៅស៊ូពីរជាន់នេះចំណាយអស់៩២លានដុល្លារ និងចំណាយពេលប្រមាណ៣ឆ្នាំកន្លះដើម្បីបញ្ចប់ការសាងសង់។
លោក ព្រើង តុលា ជាប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី បានប្រាប់ ខេមបូចា ថា ផ្លូវនេះ បានបាក់ស្រុត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅកំណាត់ផ្លូវដែលគ្មានដើមឈើនៅអមតាមផ្លូវ។
លោកបានបញ្ជាក់ថា៖ «ផ្លូវលេខ៧៦ យប់មិញមិនអាចធ្វើដំណើរទៅភ្នំពេញបានទេ។ មិនមានទឹកជន់លិចទេ ប៉ុន្តែផ្លូវបានបាក់ព្រោះគ្មានដើមឈើ [នៅក្នុងតំបន់] សម្រាប់ទប់ដី [ផ្លូវ]»។
លោក ប៊ី វ៉ាន់នី អ្នកសម្របសម្រួលគម្រោងសមាគមសិទ្ធិមនុស្សអាដហុក ខេត្តមណ្ឌលគិរី ប្រាប់ ខេមបូចា ថា ទឹកភ្លៀងហូរចុះពីភ្នំដែលអាចបង្កើនហានិភ័យនៃបាក់ស្រុតផ្លូវ។ លោកបញ្ជាក់ថា ការបាក់ស្រុតផ្លូវនេះមិនមានគ្រោះថ្នាក់ដល់អ្នកណាទេ ប៉ុន្តែការផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្នបានជួយប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះថ្នាក់ជាយថាហេតុ។
លោក វ៉ាស៊ឹម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបដិសេធមិនធ្វើ អត្ថាធិប្បាយទេ ដោយបង្វែរសំណួររបស់អ្នកយកព័ត៌មានខេមបូចា ទៅកាន់លោក ហ៊ាង សុធាយុទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ។ លោក សុធាយុទ្ធ មិនអាចទាក់ទងបានទេ។
ក្នុងសប្តាហ៍នេះ ខេត្តចំនួនប្រាំបីមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ ការជម្លៀសចេញ និងបានបំផ្លាញដំណាំផងដែរ។ ស្រុកចំនួនពីរក្នុងខេត្តមណ្ឌលគិរី គឺស្រុកកោះញែក និងស្រុងកែវសីមា ក៏បានរងផលប៉ះពាល់ផងដែរ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា (NCDM) បានឲ្យដឹងថា ទឹកជំនន់ភ្លាមៗនៅក្នុងស្រុកទាំងពីរនេះ បានប៉ះពាល់ប្រជាពលរដ្ឋចំនួន១១៥គ្រួសារ ផ្ទះចំនួន៨១ខ្នង និងដីស្រែចំនួន៨២ហិកតា។
យោងតាមការបង្ហោះតាមទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពតកាលពីថ្ងៃពុធបានឲ្យដឹងថា សាកសពស្ត្រីបាត់ខ្លួនម្នាក់ ដែលតង់របស់នាងត្រូវជន់លិចកាលពីល្ងាចថ្ងៃទី២៩ ខែកក្កដា ខណៈពេលកំពុងបោះតង់នៅរមណីយដ្ឋានទឹកធ្លាក់ឱម៉ាល់ក្នុងឃុំម៉ាក់ប្រាំង ត្រូវបានរកឃើញហើយ ។ អ្នកនាំពាក្យ NCDM បានប្រាប់ខេមបូចាកាលពីថ្ងៃអង្គារថា សាកសពមិត្តភក្តិរបស់នាងក៏ត្រូវបានរកឃើញដែរ។
អ្នកស្រី ឃន ផល្លា ប្រជាពលរដ្ឋម្នាក់ទៀតនៅខេត្តមណ្ឌលគិរីបាននិយាយថា ភ្លៀងធ្លាក់មួយខែចុងក្រោយនេះ ធ្វើឲ្យគាត់ពិបាកធ្វើស្រែចម្ការ។ បើទោះបីជាមិនទាន់មានគ្រោះទឹកជំនន់នៅក្នុងតំបន់នោះ ប៉ុន្តែអ្នកស្រីព្រួយបារម្ភថា ដំណាំរបស់គាត់ដូចជា ពោត ស្រូវ ដំឡូងមី និងល្ពៅ នឹងត្រូវបំផ្លាញ។
អ្នកស្រីឱ្យដឹងថា៖ «នៅតំបន់របស់ខ្ញុំមិនមានទឹកជំនន់ទេ ប៉ុន្តែមានខ្យល់បក់ខ្លាំង និងភ្លៀងរាល់ថ្ងៃ។ ភ្លៀងធ្លាក់ខ្លាំងណាស់ ដូច្នេះវានឹងធ្វើឲ្យរលួយគល់ដំណាំ»។
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់ប្រជាពលរដ្ឋពីការព្យាករណ៍ពីភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ដោយមានផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី០៨ ខែសីហា។
លោក អាន សុឃីម ប្រធានកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ក្រុមការងាររបស់លោកកំពុងចុះជួយប្រជាពលរដ្ឋនៅស្រុកកោះញែក និងស្រុកកែវសីមា តាមរយៈការផ្តល់គ្រឿងទេស និងសម្ភារៈប្រើប្រាស់ផ្សេងៗ។
យោងតាមរបាយការណ៍ NCDM បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣នេះ រន្ទះបាញ់ ខ្យល់កន្ត្រាក់ និងអគ្គីភ័យបានបណ្តាលឱ្យមនុស្ស៩០នាក់ស្លាប់ និង២១៧នាក់រងរបួស។ ខេត្តចំនួនពីរដែលរងគ្រោះញឹកញាប់បំផុតដោយរន្ទះបាញ់ គឺខេត្តកំពង់ធំ និងបាត់ដំបង ទីដែលមនុស្សចំនួន៥៩នាក់បានស្លាប់។ រន្ទះបាញ់ក៏បានបណ្តាលឱ្យសត្វចំនួន៨៧ក្បាលស្លាប់ក្នុងនោះមានគោ និងក្របី។
ខ្យល់បក់ខ្លាំងដែលបានកើតឡើង២២១លើកនៅទូទាំងខេត្តទាំងអស់បានបង្កឲ្យមានមនុស្ស៨នាក់ស្លាប់៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ National Road 76 Mondulkiri – Phnom Penh Collapsed After Heavy Rain