សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ជិតមួយភាគបួននៃបេក្ខជនទាំង១២៥រូបរបស់គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច គឺជាសាច់ញាតិនឹងគ្នា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតនៅរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតនៅរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ក្នុងចំណោមបេក្ខជនទាំង១២៥រូបដែល​ឈរឈ្មោះបោះ​ឆ្នោត​ជ្រើ​សតាំង​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP) ដែលកំ​ពុង​​កាន់អំណាច យ៉ាងហោច​ណាស់​មាន​មនុស្ស​២៨នាក់ស្មើនឹង២២.៤% គឺ​ជា​សាច់ញាតិ​នឹងគ្នា​​ នេះបើ​តាម​ការពិនិត្យមើលបញ្ជីបេក្ខជនឈរ​ឈ្មោះ​។

នេះគឺជាការកើនឡើងគួរឱ្យកត់សម្គាល់ធៀប​នឹង​ការបោះឆ្នោតជ្រើស​តាំង​តំ​ណា​ង​​រាស្ត្រ​ឆ្នាំ២០១៨ នៅ​ពេលដែលបេក្ខជនតែ​១១នាក់ប៉ុណ្ណោះ​ ស្មើនឹង៨.៨% គឺ​ជា​សាច់ញាតិ​នឹង​គ្នា នេះបើតាមការពិនិត្យដោយ​ខេមបូចា​លើ​បញ្ជី​ឈ្មោះ​បេក្ខជន​ឆ្នាំ​​២០១៨​​។ ភាគច្រើន​នៃ​បេក្ខជន​ជំនាន់​ក្រោយ​​ ​ដែល​ឪពុក​របស់​ពួកគេ​កាន់​តំ​ណែងកំពូលៗនៅតាម​​ក្រសួង​កំពុង​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​នៅក្នុង​ការ​បោះឆ្នោត​​ជា​លើក​ដំបូង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋាភិបាលថ្មី និងគណៈរដ្ឋមន្ត្រី​​ដែល​ត្រូវ​បាន​រុះរើ​នោះ នឹងបន្ត​ការ​គ្រប់គ្រងរហូត​ដល់​ដំណាច់​ខែសីហា ដែលអ្នក​​សង្កេតការណ៍​ជា​ច្រើន​រំពឹងថា អាចនាំឱ្យមានការផ្លាស់ប្តូរជំនាន់នៃការដឹកនាំរដ្ឋាភិបាល​ក្រោមកូនប្រុសច្បង​របស់លោកនាយករដ្ឋមន្ត្រី គឺលោក​ ហ៊ុន ម៉ាណែត​ ស្របពេល​រក្សាដែនឥទ្ធិពល​ដែល​មាន​ស្រាប់​របស់​គ្រួសារកំពុង​កាន់អំណាច​សំខាន់ៗ។

លោក ហ៊ុន សែន ដែល​មាន​វ័យ​៦៩ឆ្នាំ​នៅ​ពេល​នោះ ​ត្រូវ​បាន​គេ​ដក​ស្រង់​សម្ដី​ដោយ​លោក​បាន​ថ្លែង​ថា៖​ «យើង​អាយុ៧០និង៨០ឆ្នាំ​នឹង​ដើរ​ចេញ [ពី​គណៈរដ្ឋមន្ត្រី​] យើង​បាន​ឯកភាព​គ្នា​»

ក្នុង​ចំណោម​មនុស្ស២៨​នាក់ដែល​ជា​សាច់ញាតិនឹង​គ្នា​នៅ​ក្នុង​បញ្ជីឈ្មោះ​បេក្ខជន​​ឈរ​ឈ្មោះ​ មាន៥​នាក់​គឺជា​សាច់ញាតិ​របស់​​លោក​ ហ៊ុន សែន។

លោក ហ៊ុន សែន ថ្លែង​ក្នុង​សុន្ទរកថាមួយ​កាលពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ថា៖​ «កុំ​ស្រមៃ​ចង់​កម្ចាត់​គ្រួសារ​ត្រកូល ហ៊ុន ។ យើង​មាន​អ្នក​គាំទ្រ​ពេញ​ប្រទេស​សម្រាប់​គ្រួសារ​​នេះ»

ខណៈពេលដែលសមាជិកគណៈរដ្ឋមន្ត្រីត្រូវបានតែងតាំងដោយផ្ទាល់ដោយនាយករដ្ឋមន្ត្រី ប្រសិនបើរដ្ឋមន្ត្រីដែលមានស្រាប់ត្រូវបានផ្លាស់ប្តូរក្រោយ​ការបោះឆ្នោត ពួកគេអាចផ្លាស់ប្តូរ​ទៅកាន់​តួនាទីនៅ​រដ្ឋសភាវិញ​។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន​កម្ពុជា​ជា​គណបក្ស​កាន់អំ​ណាច​មាន​ប្រសាសន៍​ថា ភាគរយខ្ពស់នៃបេក្ខជន​ដែលជា​សាច់ញាតិ​នឹង​គ្នា​នៅក្នុងការបោះឆ្នោតឆ្នាំនេះ គឺជាការគាប់ជួន​ ហើយបេក្ខជននីមួយៗត្រូវបាន​ជ្រើសរើសដោយសារ​តែលក្ខណៈសម្បត្តិ​របស់​ពួកគេសម្រាប់តំណែង។

លោក​បាន​បញ្ជាក់ថា៖ «បេក្ខជន​តំណាងរាស្រ្ត​មិន​ត្រូវ​បាន​ជ្រើសរើស​ដោយ​សារតែ​​ [ទំនាក់​ទំនង​របស់​ពួកគេជាមួយ​​​] អតីត​បេក្ខជន​តំណាងរាស្រ្ត​នោះ ទេ ប៉ុន្តែ​ត្រូវ​បាន​ជ្រើសរើស​ដោយ​មន្ត្រី​គណបក្ស​ដោយ​ផ្អែក​លើ​​គុណសម្បត្តិនិង​ការងារ​ល្អ​នៅតាម​​មូលដ្ឋាន​របស់​ពួកគេ»

លោក ហ៊ុន សែន បាន​ថ្លែង​ថា គ្រួសារ​​និយម​មិន​ពាក់ព័ន្ធ​​នឹង​​ការ​សម្រេច​ចិត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​តែងតាំង​កូនប្រុស​លោក គឺ​លោក​ ហ៊ុន ម៉ាណែត ជា​អនាគត​នាយករដ្ឋមន្ត្រី និង​ជា​បេក្ខជន​​លេខ​រៀង​ទី១ សម្រាប់​មណ្ឌល​​រាជធានី​ភ្នំពេញ​នោះ​ទេ។  

លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​សុន្ទរកថាកាល​ពី​​ថ្ងៃ​ទី១៦ ខែ​មិថុនា ​ថា​ «បើទោះបីជាមិនមែន​កូនក៏យើងត្រូវរើសយកដែរ ព្រោះមានគ្រប់លក្ខខណ្ឌសម្បត្តិគ្រប់គ្រាន់ ហើយបានជ្រើសរើស​រយៈពេល​២ឆ្នាំមកហើយ»។​

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប មាន​ប្រសាសន៍​ថា គណបក្ស​នយោបាយ​អាច​ដាក់​បេក្ខជន​​ណា​ក៏បាន​ ដែល​ខ្លួន​ចង់​ដាក់​។

លោក មាស នី អ្នកវិភាគនយោបាយបានមានប្រសាសន៍ថា៖ «នៅក្នុងប្រទេសផ្សេង​ៗទៀត នៅពេលដែលរចនាសម្ព័ន្ធគ្រួសារក្លាយ​ជាផ្នែកមួយនៃរចនាសម្ព័ន្ធនយោបាយ ជម្លោះផល​ប្រយោជន៍នឹងកើតឡើងដោយជៀសមិនរួច។  យើងមិនដឹងថា ប្រព័ន្ធនយោបាយក្រោយ​ឆ្នាំ២០២៣ នឹងទៅជាយ៉ាងណានោះទេ ដោយយើង​រង់ចាំមើលថា តើរដ្ឋាភិបាលអាច​គ្រប់គ្រង​ប្រព័ន្ធគ្រប់គ្រងដោយ​គ្រួសារតាម​របៀបណា”។

បញ្ជី​ឈ្មោះផ្លូវ​ការ​នៃ​​បេក្ខជន​តំណាង​រាស្ត្រ​សម្រាប់​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៣ ខែ​កក្កដា ​​ខាង​មុខ​នេះ​មាន​ទំនាក់ទំនង​​គ្រួសារ​ដូច​ខាង​ក្រោម៖

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាបេក្ខជនពេញ​សិទ្ធិ​លេខរៀង​ទី​១ ប្រចាំមណ្ឌល​ខេត្តកណ្តាល។ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក គឺជាបេក្ខជនពេញ​សិទ្ធិ​លេខរៀង​​ទី​១ នៅ​មណ្ឌល​រាជធានីភ្នំពេញ ខណៈកូនប្រុសច្បងទី២របស់​លោក​ គឺលោក ហ៊ុន ម៉ានី ជាបេក្ខជនពេញសិទ្ធិ​លេខរៀង​ទី​២ នៅមណ្ឌល​ខេត្តកំពង់ស្ពឺ។ ​លោក នឹម ច័ន្ទតារា ប្អូនថ្លៃ​របស់​លោក ហ៊ុន សែន ឈរ​ឈ្មោះ​ជា​បេក្ខជនពេញសិទ្ធិ​​លេខ​រៀង​ទី​៤ នៅ​មណ្ឌល​កំពត។

លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងកូនប្រុសលោក គឺ​លោក​ ទៀ សីហា អភិបាលខេត្តសៀមរាប កំពុងឈរឈ្មោះប្រជែង​យក​អាសនៈសភាក្នុងចំណោមអាសនៈចំនួន​ប្រាំមួយ ដើម្បីតំណាងឱ្យខេត្តសៀមរាប។ លោក ទៀ​ បាញ់​ ជា​បេក្ខជនពេញសិទ្ធិ​​​លេខរៀង​ទី​​១ ហើយ​លោក ទៀ សីហា គឺ​ជា​បេក្ខជនពេញ​សិទ្ធិ​​​លេខរៀងទី​​៣។ លោកទាំង​ពីរ​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​​ប្រសាសន៍​ថា លោក ទៀ សីហា ក្នុង​នាម​ជា​អភិបាល​ខេត្ត​បច្ចុប្បន្ន «ដឹង​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប»

លោក កែ សួន សុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ ត្រូវជាកូន​ប្រុស​របស់លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន។ លោក កែ សួន ​សុភាព ជា​បេក្ខជន​បម្រុង​លេខ​រៀង​ទី​៥ នៅ​មណ្ឌល​​ខេត្ត​បន្ទាយមានជ័យ ខណៈ​លោក កែ គឹមយ៉ាន ជា​បេក្ខជនពេញ​សិទ្ធិ​​​លេខ​រៀង​ទី​១។ កូនស្រី​លោក កែ គឹមយ៉ាន បាន​រៀបការ​ជាមួយ​កូនប្រុសរបស់​​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាបេក្ខជនពេញសិទ្ធិ​លេខរៀង​ទី​១ សម្រាប់មណ្ឌល​ខេត្តបាត់ដំបង ខណៈ​កូនប្រុសរបស់លោកគឺ​លោក ស សុខា ជា​រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាគឺ​ជាបេក្ខជនពេញសិទ្ធិ​លេខរៀងទី​២ សម្រាប់មណ្ឌលខេត្តព្រៃវែង។

លោកស្រី​ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម គឺ​ជាកូនស្រីរបស់លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លោកស្រី​ និម្ម​ល ជា​បេក្ខជន​ពេញ​សិទ្ធិលេខ​រៀង​ទី​៥​ប្រចាំ​មណ្ឌល​ខេត្ត​កំពត ចំណែកលោក ចម ប្រសិទ្ធ ជា​បេក្ខជន​ពេញសិទ្ធិ​​លេខ​រៀង​ទី​១​នៅ​មណ្ឌល​​ខេត្ត​កែប។

កូនប្រុសរបស់លោក ហ៊ុន សែន បានរៀបការជាមួយកូនស្រីរបស់លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យ​កសិកម្ម និងជនបទ។ លោក យឹម ឆៃលី ជា​បេក្ខជន​ពេញសិទ្ធិ​​លេខ​រៀង​ទី​១ នៅមណ្ឌល​​ខេត្ត​កំពង់ចាម ហើយ​កូន​ប្រុសរបស់​លោក​​ឈ្មោះ យឹម លាត ជា​បេក្ខជនពេញសិទ្ធិ​​​លេខ​រៀង​ទី​៤ នៅមណ្ឌល​​ខេត្ត​កំពង់ធំ។

លោក ហេង សំរិន ប្រធានរដ្ឋសភាជាបេក្ខជន​ពេញ​សិទ្ធិ​លេខរៀង​ទី​១ ប្រ​ចាំមណ្ឌល​​ខេត្តត្បូងឃ្មុំ ចំណែក​កូន​ប្រសារ​របស់​លោក គឺ​លោក​ វង សូត​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា គឺ​ជា​បេក្ខជន​ពេញ​សិទ្ធិ​​លេខរៀងទី​​៣​ប្រចាំមណ្ឌលខេត្តត្បូង​ឃ្មុំ​ផង​ដែរ​។ លោក វង សូត មាន​ប្រសាសន៍ថា​ លោក​ជាប់​រវល់ហើយ​បាន​ដាក់​ទូរសព្ទចុះ​នៅ​​ពេលខេមបូចា​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​។

លោកស្រី ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី គឺ​ជាបេក្ខជនពេញសិទ្ធិ​លេខ​រៀង​ទី៥ ប្រ​ចាំ​មណ្ឌលកំពង់ស្ពឺ ខណៈស្វាមីរបស់​លោកស្រី ​គឺ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺ​ជាបេក្ខជនពេញសិទ្ធិ​លេខ​រៀងទី៤ នៅ​មណ្ឌល​ខេត្តកណ្តាល។

លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គឺ​ជាបេក្ខជនពេញ​សិទ្ធិ​លេខរៀងទី​២ ប្រចាំមណ្ឌល​ខេត្តព្រះសីហនុ​ ចំណែក​ប្អូនស្រីរបស់​លោក​គឺ​លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្មគឺ​ជាបេក្ខជនពេញសិទ្ធិ​លេខរៀងទី៤ នៅមណ្ឌល​ខេត្តសៀមរាប។

  • លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាបេក្ខជនពេញសិទ្ធិ​លេខរៀងទី​៦ នៅ​មណ្ឌល​ខេត្តត្បូងឃ្មុំ និងជាបងថ្លៃរបស់​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដែល​ជាបេក្ខជនពេញសិទ្ធិ​លេខរៀង​ទី​១ នៅ​មណ្ឌល​ខេត្តព្រះសីហនុ។
  • លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការជាបេក្ខជនពេញសិទ្ធិ​លេខរៀងទី១ មណ្ឌលខេត្ត​កំពង់ស្ពឺ និងកូនប្រុសលោកគឺលោក​ ឆាយ ឫទ្ធីសែន អគ្គនា​យក​នៃអគ្គនាយកដ្ឋានរៀបចំ​ដែនដី និងនគរូបនីយកម្ម គឺ​ជាបេក្ខជនពេញ​សិទ្ធិ​លេខរៀងទី​៨ នៅមណ្ឌល​ខេត្តត្បូងឃ្មុំ។
  • នៅខេត្តកំពង់ឆ្នាំងឯណោះវិញ​ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ គឺ​ជា​បេក្ខជន​ពេញសិទ្ធិ​លេខរៀងទី​២ ចំណែក​កូនប្រុសលោកគឺ​លោក​ អ៊ុក ពញ្ញា​ រដ្ឋលេខាធិការ​នៅ​ក្រសួងតែមួយ គឺជាបេក្ខជនបម្រុងលេខ​រៀងទី៤។

នៅខេត្តត្បូងឃ្មុំ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាបេក្ខជនពេញសិទ្ធិ​លេខរៀងទី​២ ចំណែកកូនប្រសាររបស់​លោក គឺ​លោក អ៊ាង សុផល្លែត ជា​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាននិង​ជា​​ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ​ជា​បេក្ខជន​ពេញសិទ្ធិ​លេខរៀង​ទី​​៤​។ លោក សុផល្លែត បដិសេធមិនឆ្លើយសំណួរអំពី​បេក្ខភាពរបស់​លោក នៅពេលអ្នកយកព័ត៌មានខេមបូចា​ទាក់ទងទៅ​ ប៉ុន្តែលោកបាននិយាយថា លោកនឹង​ផ្តល់​ការអត្ថាធិប្បាយក្រោយការបោះឆ្នោត។

នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រឆ្នាំ២០១៨​ មានបេក្ខជន១១រូប​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​​គឺជា​សាច់ញាតិ​នឹងគ្នា​ជាមួយ​បេក្ខជនផ្សេងទៀតនៅលើបញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​​បោះ​ឆ្នោត។ លោក ហ៊ុន សែន ប្អូនថ្លៃរបស់លោកគឺ​លោក​ នឹម ច័ន្ទតារា លោក ហ៊ុន ម៉ានី ជាកូនប្រុសទី៣។ លោក យឹម ឆៃលី ជាឪពុក​ក្មេក​របស់​លោក ហ៊ុន ​ម៉ានី និងលោក យឹម លាត​ ប្អូនថ្លៃរបស់លោក ហ៊ុន ម៉ានី សុទ្ធតែជាបេក្ខជន​ឈរឈ្មោះ​។ លោក ហេង សំរិន និង​លោក វង សូត ជា​កូន​ប្រសារ​​​ក៏​ឈរឈ្មោះសម្រាប់​ការ​បោះ​ឆ្នោត​​ដែរ។ លោក ស ខេង និង​លោក ស សុខា ជាកូនប្រុស​របស់​លោកក៏ជាបេក្ខជនដែរ​។

លោក សុខ សូកាន​ និងលោក សុខ ផេង ដែលត្រូវ​ជា​កូនប្រុសនិងប្អូនប្រុសរបស់លោក សុខ អាន ​អតីតសមាជិករដ្ឋសភា គឺជាបេក្ខជនបម្រុងនៅក្នុងការបោះឆ្នោតឆ្នាំនេះ។ អ្នកទាំងពីរ គឺជាបេក្ខជនពេញ​សិទ្ធិនៅមណ្ឌល​ខេត្តតាកែវក្នុងការ​បោះ​ឆ្នោត​ឆ្នាំ២០១៨​ ប៉ុន្តែត្រូវបាន​ចុះ​បញ្ជី​​ជាបេក្ខជនបម្រុងសម្រាប់​ការ​បោះ​ឆ្នោត​នៅឆ្នាំនេះ។ នៅ​ពេល​សួរ​ថា ហេតុ​អ្វី​បាន​ជា​មាន​ការ​ផ្លាស់​ប្តូរបែប​​នេះ លោក សុខ ឥសាន បាន​មាន​ប្រសាសន៍​​ថា៖ «វា​កើត​ចេញ​​ពី​ការ​សម្រេច​ចិត្ត​របស់​គណបក្ស»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Nearly One Quarter of Ruling CPP’s 125 Candidates Are Related

433 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម