គណបក្សកម្ពុជានិយម (KNP) បានច្របាច់បញ្ចូលគ្នាក្រោមឈ្មោះគណបក្សខ្មែររួបរួមជាតិ (KNUP) កាលពីថ្ងៃចន្ទ តាមរយៈសម្ព័ន្ធភាពថ្មីបំផុតនៃគណបក្សប្រឆាំងតូចៗ ដែលស្វះស្វែងពង្រឹងការគាំទ្រសម្រាប់ការបោះឆ្នោតជាតិឆ្នាំ ២០២៣។
ប៉ុន្តែក្រុមអ្នកវិភាគយល់ថា គណបក្សប្រឆាំងនៅតែបែកបាក់គ្នាក្នុងការប្រជែងគ្នា ទៅលើគណបក្សកាន់អំណាច ដែលឈ្នះអាសនៈស្ទើរតែទាំងអស់ ក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២។
លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយមនិងលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ថា សម្ព័ន្ធភាពរបស់បក្សទាំងពីរនឹងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងរក្សាតុល្យភាពជាមួយគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងឈានមុខគេ ដោយលោកទាំងពីរបានលើកឡើងថា ជាបក្សគាំទ្រលោកខាងលិចនិងប្រឆាំងកុម្មុយនិស្ត ឬស្តាំនិយម។
លោក ញឹក ប៊ុនឆៃ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារ Sunway រាជធានីភ្នំពេញថា៖ «គោលនយោបាយថ្មីរបស់យើង គឺជាអ្នកនិយមកណ្តាល ដោយយើងមិនគាំទ្រខាងណាមួយទាំងស្រុងទេ។ យើងសហការជាមួយគ្រប់គណបក្សនយោបាយទាំងអស់ និងមានទំនាក់ទំនងជាមួយបណ្តាប្រទេសទាំងអស់»។
លោក បុញ្ញឫទ្ធិ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានចាប់ផ្តើមដំណើរការគណបក្ស KNP នៅឆ្នាំ២០២១ បន្ទាប់ពីបម្រាមមិនឲ្យលោកធ្វើនយោបាយកាលពីឆ្នាំ២០១៧ ត្រូវបានដកចេញកាលពីឆ្នាំមុន។
លោក ញឹក ប៊ុនឆៃ ជាអតីតមេទ័ពនៃគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានបង្កើត គណបក្ស KNUP ក្នុងឆ្នាំ២០១៦។ លោកត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១៧ ពីបទផលិតគ្រឿងញៀន។ លោកបានរួចផុតបទចោទកាលខែមីនា ឆ្នាំ២០២២ មុនការបោះឆ្នោតឃុំសង្កាត់ខែមិថុនា។
គណបក្សទាំងពីរបានប្រកាសពីជំហរដែលលើកឡើងពីភាពចំបាច់ក្នុងការពង្រឹងសិទ្ធិមនុស្ស។ បក្សនីមួយៗបានចូលរួមប្រកួតប្រជែងប្រហែលមួយភាគបីនៃអាសនៈឃុំ-សង្កាត់ចំនួន១.៦៥២ ក្នុងការបោះឆ្នោតឆ្នាំ២០២២ ប៉ុន្តែមិនបានឈ្នះតំណែងមេឃុំណាមួយឡើយ។
លោក ឯម សុវណ្ណារ៉ា ជាអ្នកវិភាគនយោបាយមានប្រសាសន៍ថា ភាគច្រើននៃគណបក្សតូចៗនៅកម្ពុជាមិនមានប្រជាប្រិយភាពគ្រប់គ្រាន់ទេ ហើយនឹងមិនអាចទទួលបានអាសនៈក្នុងរដ្ឋសភាទេ។ លោកបានបន្ថែមថា សម្ព័ន្ធភាពនៃគណបក្សតូចៗផ្សេងៗគ្នាច្រើន បានធ្វើឲ្យសំឡេងប្រឆាំងបែកខ្ញែក។
លោកបានមានប្រសាសន៍ថា៖ «ប៉ុន្តែប្រសិនបើគណបក្សតូចៗទាំងអស់រួមបញ្ចូលគ្នាជាគណបក្សតែមួយជាមួយគណបក្សភ្លើងទៀននោះ វាគឺជាអំណាចប្រជាធិបតេយ្យដ៏ធំមួយ ដែលអាចប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា »។
កាលពីដើមខែតុលា គណបក្សឆន្ទៈខ្មែរបានប្រកាសបង្កើតសម្ព័ន្ធភាពជាមួយគណបក្សភ្លើងទៀន ដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា។ គណបក្សភ្លើងទៀន ជាគណបក្សប្រឆាំងតែមួយគត់ដែលឈ្នះអាសនៈមេឃុំដោយទទួលបាន៤អាសនៈ។ យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា អាសនៈដែលនៅសល់ចំនួន១.៦៤៨ ត្រូវបានកាន់កាប់ដោយ គណបក្សប្រជាជនកម្ពុជា (CPP)។
ទោះបីជាយ៉ាងណា លោក មាស នី ជាអ្នកស្រាវជ្រាវសង្គម និងជាអ្នកវិភាគនយោបាយ បានសាទរចំពោះគណបក្សនយោបាយតូចៗ ដែលបានចងសម្ព័ន្ធភាពជាមួយគ្នា ដោយកត់សម្គាល់ថា វាជាការបោះជំហានឆ្ពោះទៅរកការបង្រួបបង្រួមប្រជាពលរដ្ឋក្នុងចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីតុលាការកំពូលសម្រេចរំលាយគណបក្សសង្រ្គោះជាតិកាលពីឆ្នាំ២០១៧។
លោកបានមានប្រសាសន៍ថា៖ «ដូចយើងដឹងហើយថា ក្រុមអ្នកកគាំទ្រលទ្ធិប្រជាធិបតេយ្យត្រូវបានបំបែក ហើយការរួមបញ្ចូលគ្នាដើម្បីធ្វើការជាមួយគ្នា គឺជាជំហានវិជ្ជមានសម្រាប់គណបក្សគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងការកសាងអំណាចរបស់ពួកគេឡើងវិញ»។
លោក មាស នី បានបន្ថែមថា បក្សប្រឆាំងកាន់តែខ្លាំងនឹងមានភាពប្រសើរឡើងសម្រាប់សង្គមនិងអភិបាលកិច្ច។
លោកមានប្រសាសន៍ថា៖ «មានការប្រកួតប្រជែងក្នុងសង្គមប្រជាធិបតេយ្យ ហើយពេលមានគណបក្សមួយ ដែលមានសក្ដានុពលអាចប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា វានឹងធ្វើឲ្យគណបក្សកាន់អំណាចខំធ្វើការងារកាន់តែច្រើនជាងមុន»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា លោកមិនបារម្ភចំពោះសម្ព័ន្ធភាពនយោបាយថ្មីរវាង KNP និង KNUP នេះទេ ដោយសារតែគណបក្សទាំងពីរមិនបានឈ្នះអាសនៈនៅក្នុងការបោះឆ្នោតឃុំសង្កាត់។
លោកបានមានប្រសាសន៍ថា៖ «សម្ព័ន្ធភាពនយោបាយឬការបំបែកចេញពីគ្នា វាជាសិទ្ធិនយោបាយរបស់ពួកគេ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Newfound Political Alliances Seek to Contest CPP in 2023 Elections