សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គមស៊ីវិលចង់ឱ្យរដ្ឋាភិបាលកម្ពុជា និងអ៊ីតាលីផ្អាកការបើកដំណើរការឡើងវិញនៃការស្មុំកូនឆ្លងប្រទេស

ស្រ្តីម្នាក់កំពុងពកូននៅមុខព្រះបរមរាជវាំងក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង
ស្រ្តីម្នាក់កំពុងពកូននៅមុខព្រះបរមរាជវាំងក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

ក្រុម​អង្គការ​សង្គម​ស៊ីវិល​តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍រួម​​របស់​ខ្លួន​ចេញ​កាល​ពី​ថ្ងៃពុធ​ថា​ការ​បើក​ឡើង​វិញ​ឱ្យ​មាន​ការស្មុំ​កូន​​ឆ្លង​ប្រទេស​នឹង​ធ្វើ​ឱ្យ​កុមារកម្ពុជា និង​គ្រួសារ​របស់​ពួក​គេ​ជួប​ហានិភ័យ​ ហើយ​ស្ថាប័ន​ទាំង​នេះ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ដំណើរ​ការ​នេះ។​

កម្ពុជា​បាន​ផ្អាក​ការ​ស្មុំ​កូន​ឆ្លង​ប្រទេស​ក្នុង​ឆ្នាំ​២០០៩ ក្រោយ​ពី​មាន​សេចក្ដី​រាយ​ការណ៍​ជា​ច្រើន​អំពី​អំពើ​​ខុស​ក្រម​សីលធម៌​ជា​ច្រើន​ទាក់ទង​នឹង​ការ​ស្មុំ​កូន។​ ប្រទេស​ជា​ច្រើន​ក៏​បាន​ហាម​ឃាត់​ការ​ស្មុំ​កូន​ពី​កម្ពុជា​ដែរ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​២០០០​។ ប៉ុន្តែ​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ប្រទេស​​អីតាលី និង​កម្ពុជា​បាន​ចាប់​ផ្ដើម​បោះ​ជំហាន​​ទៅ​រក​ការ​បើក​ឱ្យ​មាន​ការ​ស្មុំ​កូន​ពី​កម្ពុជា​ឡើង​វិញ​។​

សង្គមស៊ីវិល​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​មាន​ដូច​ជា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អង្គការ​អាដហុក និង​លីកាដូ​ ព្រម​ជា​មួយ​នឹង​បណ្ដុំ​អង្គការ​អន្តរជាតិ​ Intercountry Adoptee Voices បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​មួយ​ដោយ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា និង​អ៊ីតាលី ផ្អាក​ជា​បន្ទាន់​នូវ​សកម្ម​ភាព​នាំ​ឱ្យ​មាន​ការ​បើក​ឡើង​វិញ​នូវ​ការ​ស្មុំ​កូន​ឆ្លង​ប្រទេស​នេះ។​

របាយការណ៍​របស់​អង្គការ​លីកាដូ​ ឆ្នាំ​២០១៨ បាន​បង្ហាញ​ថា ​កុមារ​កម្ពុជា​ដែល​ត្រូវ​គេ​សុំ​យក ទៅ​ចិញ្ចឹម​នៅ​ក្រៅ​ប្រទេស​រវាង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​២០០៩ មាន​ជា​ច្រើន​ពាន់​នាក់​ ប៉ុន្តែ​ថា​ក្មេង​ជា​ច្រើន​នាក់​ក្នុង​ចំណោម​នោះ​មិន​មែន​ជា​ក្មេង​កំព្រា​នោះ​ទេ​។​ អ្វី​ដែល​គេ​រក​ឃើញ​គឺ​ថា​ក្មេងៗ​ទាំង​នោះ​ត្រូវ​ឪពុក​ម្ដាយ​​​​យក​ទៅ​ដាក់​នៅ​មណ្ឌល​កុមារ​កំព្រា ដោយ​សារ​តែពួកគេ​មាន​ជីវភាព​ក្រី​ក្រ​។​

នាយិកា​អង្គការ​លីកាដូ លោកស្រី ណាលី ពីឡូក មាន​ប្រសាសន៍ថា៖​ «​ការ​បើក​ឱ្យ​មាន​ដំណើរ​ការ​ស្មុំ​កូន​ឆ្លង​ប្រទេស​ជា​ថ្មី​នឹង​ធ្វើ​ឱ្យ​ក្មេង​កម្ពុជា និង​គ្រួសារ​ពួក​គេ​ប្រឈម​ហានិភ័យ​។ ការ​ស្មុំ​កូន​ពី​កម្ពុជា​ពី​ទសវត្សរ៍​ឆ្នាំ​១៩៩០ ដល់​ទសវត្សរ៍​ឆ្នាំ​២០០០ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​បោក​ប្រាស់ ពុក​រលួយ និងការ​​បង្ខិត​បង្ខំ»​។

​លោក​ស្រី​ឱ្យ​ដឹង​ទៀត​ថា ការ​បំពាន​សិទ្ធិ​មនុស្ស​ «គួរឱ្យ​រន្ធត់» នេះ​បាន​ជះ​ផល​អវិជ្ជមាន​ជា​ខ្លាំង។ លោក​ស្រី​បន្ថែម​ថា ទាំង​កម្ពុជា និង​អ៊ីតាលី​មិន​បាន​យក​ចិត្ត​ទុក​ដាក់លើ​ការ​ឈឺ​ចាប់ និង​ទុក្ខវេទនា​ដែល​បង្ក​ឡើង​ដោយ​ការ​ស្មុំ​កូន​ដោយ​ខុស​ច្បាប់ និង​មិន​ទាន់​បាន​ផ្ដល់ជា​ជំនួយ​ដល់​ក្មេងៗ​ទាំង​នោះ និង​ក្រុម​គ្រួសារ​ដែល​បាន​បែក​បាក់គ្នានោះទេ​។​

លោក​ស្រី​លើក​ឡើង​ថា៖ ​«​អ៊ីតាលី​ត្រូវ​ទទួល​ស្គាល់​ការពិត​ពី​ស្ថាន​ភាព​នៅកម្ពុជា។ ច្បាប់​ថ្មី​មិន​បាន​ផ្ដល់​ការ​ធានា​ការពារ​ប្រឆាំង​នឹង​ការ​ឆបោក​ដែល​កើត​មាន​ជា​ប្រព័ន្ធ​ពីអតីត​កាល​លើ​ការ​ស្មុំ​កូននោះទេ ជា​ពិសេស​បាន​ធ្វើ​ឱ្យ​ឃើញ​ថា ​កម្ពុជា​មិនមាន​ឆន្ទៈ​ក្នុង​ការ​បង្ហាញ​ការទទួល​ខុស​ត្រូវ​លើ​ការ​រំលោភ​បំពាន​កាលពី​អតីត​កាល​កន្លង​មក​»។​ លោក​ស្រី​បន្ថែម​ទៀត​ថា៖​ «កម្ពុជា​​ត្រូវយក​ចិត្ត​ទុក​ដាក់​លើ​កុមារ​របស់​ខ្លួន​ឱ្យ​បាន​ច្រើន​ជាង​នេះ​ពេល​នៅ​ក្នុង​ប្រទេស មុន​នឹង​អនុញ្ញាត​ឱ្យមាន​លទ្ធភាព​ក្នុង​ការ​បញ្ជូន​ពួកគេ​ចេញ​ទៅ​បរទេស​»។​

កាលពី​ខែ​ឧសភា ឆ្នាំ​២០២៣ ក្រ​សួង​សង្គម​កិច្ច​កម្ពុជា​បាន​ជួប​ជាមួយ​ប្រតិភូ​​មក​ពី​គណៈកម្មការធិការ​​សម្រាប់​ការ​ស្មុំ​កូន​ឆ្លង​ប្រទេស​របស់​អ៊ីតាលី​។​

ភ្នាក់​ងារ​ស្មុំ​កូន​អ៊ីតាលី​ចំនួន​បី​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរ​ការ​នៅ​កម្ពុជា និង​មាន​ភ្នាក់​ងារ​បី​បន្ថែម​ទៀត​កំពុង​ព្យួរ​អាជ្ញាបណ្ណ​នៅឡើយ​។ នេះ​បើតាម​គណៈកម្មាធិការ​របស់​អ៊ីតាលី​។ នៅ​ចុង​ឆ្នាំ​នេះ អាច​មាន​ក្មេង​ចំនួន​រហូត​ដល់​ពីរ​នាក់​ពី​ភ្នាក់​ងារ​មួយៗ​​អាច​នឹង​ត្រូវ​ផ្គូផ្គង​ត្រូវ​នឹង​គ្រួសារ​​នៅ​អ៊ីតាលី​។​

បើ​តាម​វេប​សាយ​របស់​គណៈកម្មាធិការ​អ៊ីតាលី គណៈកម្មាធិការ​ខ្លួន​ឯង​រំពឹង​ថា​នឹង​បាន​ទទួល​បញ្ជី​ឈ្មោះ​កុមារ​ដែល​​គ្រប់​លក្ខខណ្ឌ​សម្រាប់​ស្មុំ​ទៅ​ចិញ្ចឹម​បាន​ ពី​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ខែ​មិថុនា ឆ្នាំ២០២៣​ នេះ។​ ប្រភព​ដដែល​បន្តថា​ បច្ចុប្បន្ន​មាន «​នីតិវិធី​​មិន​ទាន់​បាន​សម្រេច​» ចំនួន​ប្រាំ​បួនសម្រាប់​ការស្មុំ​កូន​ពី​កម្ពុជា​ទៅ​អ៊ីតាលី​។ ​

មន្ត្រី​ក្រ​សួង​សង្គមកិច្ច​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ទៅ​ប្រទេស​អ៊ីតាលី​នៅ​ឆ្នាំ​២០២៤​ ដើម្បី​​ទៅ​ពិនិត្យ​​តាមដាន​លើ​កុមារ​ដែល​ត្រូវ​បាន​សុំ​យក​ទៅ​ចិញ្ចឹម​។​

​ស្ថានទូតអ៊ីតាលី​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​សុំ​ធ្វើ​អត្ថាធិប្បាយ​លើ​រឿង​នេះទេ​កាល​ពី​ថ្ងៃចន្ទ​។​

ទាក់ទង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃពុធ លោក តូច​ ចាន់នី អ្នក​នាំពាក្យ​ក្រ​សួង​សង្គម​កិច្ច​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​អាន​សេចក្ដី​ថ្លែង​ការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​នោះ​នៅឡើយ ដែល​ថា​ហេតុ​នេះ​លោក​មិន​អា​ចអត្ថាធិប្បាយ​បាន​ទេ​។​

​លោក តូច ចាន់នី​​ ឱ្យ​ដឹង​ដែរថា​ រដ្ឋាភិបាល​កម្ពុជា​បើក​ឱ្យ​ដំណើរ​ការស្មុំ​កូន​ឆ្លង​ប្រទេស​ឡើង​វិញ​ក៏ព្រោះ​ថា​កម្ពុជា​ថ្មីៗ​នេះ​បាន​ធ្វើ​សេចក្ដីព្រាង​ច្បាប់​ដែល​មាន​ការ​គាំពារ​គ្រប់​គ្រាន់​ពេល​បញ្ចូន​កុមារ​​ទៅ​បរទេស។​ លោក​អះអាង​ថា ពី​មុន​កម្ពុជា​បាន​ផ្អាក​ដំណើរ​ការនេះ​ ក៏​ដោយសារ​តែ​ប្រទេ​សនៅ​ពេល​នោះ​មិន​ទាន់​មាន​ច្បាប់​ស្មុំ​កូន​ប្រកប​ដោយ​ប្រសិទ្ធភាព ឬ​មិន​ទាន់​បាន​ធ្វើ​ការ​កែ​ប្រែ​ឱ្យ​បាន​ល្អ​។​​

លោក​បញ្ជាក់​ថា៖ ​«​ការ​បើក​ឡើងវិញ [ការ​ស្មុំកូន​ឆ្លង​ប្រទេស] គឺ​ព្រោះ​ថា​យើង​មាន​ច្បាប់។ ពីមុន​យើង​មិន​មាន​ច្បាប់​ស្ដីពី​ស្មុំ​កូន ហើយ​ច្បាប់​ខ្លះ​មិន​អាច​អនុវត្ត​បាន»។​

លោក ចាន់នី ​បន្តថា ការ​ស្មុំ​កូន​ឆ្លង​ប្រទេសនេះ​មាន​ក្នុង​ប្រទេស​ជាច្រើន​មិន​មែន​មាន​តែ​កម្ពុជា​ទេ​។​

​លោក​ថ្លែងថា៖ «​[ប្រទេស] នី​មួយៗ​​មាន​ភ្នាក់​ងារ​របស់​ពួកគេ ហើយ​ថា​ភ្នាក់​ងារ​នោះ​ត្រូវ​មក និង​ចរចា​កិច្ចសន្យា​ជាមួយ​យើង​ដោយ​ផ្អែក​តាម​ច្បាប់ ហើយ​នៅ​​មាន​ការ​ពិភាក្សា​ខ្លះទៀត​ត្រូវ​ធ្វើ​ឡើង​អំពី​ឯកសារ​ដោយ​ផ្អែកទៅ​តាម​ច្បាប់​»។​

​លោក ចាន់នី បន្ថែមទៀតថា ការ​បើក​ឱ្យមាន​ការ​ស្មុំ​កូន​ជាថ្មី​របស់​កម្ពុជា​នេះ​ក៏​មាន​រួម​បញ្ចូល​សហរដ្ឋអាមេរិក​ផង​ដែរ។​

ស្ថានទូត​អាមេរិក​មិន​បាន​ឆ្លើយ​តប​សំណួរ​របស់​ខេមបូចា​ដែល​ផ្ញើ​តាម​អ៊ីម៉ែល ដោយ​សួរ​ថា​តើ​សហរដ្ឋអាមេរិក​បាន​បើក​ឱ្យ​មាន​ការ​ស្មុំ​កូន​ឆ្លង​ប្រទេស​ជាមួយ​កម្ពុជា​ឬ​យ៉ាងណា​។​ ក្នុង​សេចក្ដី​ថ្លែងការ​ណ៍​របស់​ខ្លូន​ក្នុង​ឆ្នាំ២០២១ ក្រ​សួង​ការបរទេស​អាមេរិក​បាន​ថ្លែងថា៖ ​«​​ពេល​នេះ​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ថា​ត្រូវធ្វើ​ដូច​ម្ដេច ឬ​ពេល​ណា​​ដែល​អាច​បើក​ឱ្យដំណើរ​ការ​ឡើង​វិញ​នូវ​ការ​ស្មុំ​កូន​ឆ្លង​ប្រទេស​នេះទេ​»។​

​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កត្តា​ អ៊ន មាន​ប្រសាសន៍​ថា ​ការ​បើក​ឱ្យ​មានការ​ស្មុំ​កូន​ឡើង​វិញ​មិន​បំពាន​ទៅ​នឹង​សិទ្ធិ​កុមារ​នោះទេ ដោយថា​កម្ពុជាមាន​ច្បាប់​តឹង​រឹង​ស្ដី​ពី​ការ​ការពារ​សិទ្ធិ​របស់​កុមារ​ដែល​ត្រូវ​គេ​សុំ​យកទៅ​ចិញ្ចឹម​។​ លោក​ថា​ការ​ស្មុំ​កូន​យក​ទៅ​ចិញ្ចឹម គឺ​ជា​សកម្ម​ភាព​មនុស្ស​ធម៌​មួយ​ដែរ។​

​លោក​បន្ថែម​ថា បើ​សិន​ជា​អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី ឬភស្តុតាង​​ណាមួយ​លើ​ការ​រំលោភបំពាន​ ឬជួញ​ដូរ​កុមារ ស្ថាប័ន​ទាំង​នោះ​គួរតែ​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ជាតិ និង​អន្តរជាតិ​ទប់​ស្កាត់​​បញ្ហា​ទាំង​នេះ។​

លោក​បន្ត​ថា៖ ​«​បើ​សិន​ជា​យើង​នៅ​តែ​និយាយ​ដោយ​មិន​មាន​ភស្តុតាង​ច្បាស់​លាស់ មិន​មាន​សក្ខីកម្ម​ច្បាស់​លាស់ វា​នឹង​បំពាន​សិទ្ធិ​របស់​កុមារ​ទៅ​វិញ ពីព្រោះ​ថា​ប្រទេស​នៅ​ជុំ​វិញ​ពិភព​លោក ការ​ស្មុំ​ក្មេង​ទៅ​ចិញ្ចឹម​ គឺ​ជា​ការ​សង្គ្រោះ​កុមារ»។​

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ទៅ​កាន់​លោក​ស្រី Roueida El Hage​​​ ប្រធាន​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជា​ជាតិ​នៅ​កម្ពុជា ហៅ​កាត់​ថា OHCHR ​អ្នក​នាំ​ពាក្យ​ស្ថាប័ន​​នេះបាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃអង្គារថា​ OHCHR មិនមាន «​កាតព្វកិច្ច​ជាក់​លាក់» ​​​លើ​កិច្ច​ការ​កុមារ​​នោះ​ទេ ហើយ​ថា​អង្គការ​យូនីសេហ្វ​ជា​អ្នក​ធ្វើ​ការ​លើ​កិច្ច​ការ​នេះ។

អ្នកនាំពាក្យ​អង្គការ​យូនីសេហ្វ Hadrien Bonnaud មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​​តាម​អ៊ីម៉ែល​​របស់​ខេម​បូ​ចា​ទេ កាល​ពី​ថ្ងៃ​ចន្ទ​។​

រវាង​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០១១ កុមារ​កម្ពុជា​ចំនួន​ ៣ ៦៩៦​នាក់​ត្រូវ​បាន​ជនបរទេស​សុំ​យក​ទៅ​ចិញ្ចឹម។​ នេះ​បើ​តាម​វេបសាយ​របស់​ OHCHR​។ តាំង​ពី​ឆ្នាំ​២០១៧ គ្រួសារ​ចំនួន​ប្រាំ​មួយ​បាន​ទាក់​ទង​មក​អង្គការ លីកាដូ ដើម្បី​ស្វែង​រក​ព័ត៌មាន​បន្ថែម​អំពី​កុមារ​ចំនួន​១៥​នាក់ ដែល​​គេ​សង្ស័យ​​ថា​ត្រូវ​បាន​ឆបោក​ស្មុំកូន​ពី​កម្ពុជា​ក្នុងកំឡុងឆ្នាំ២០០០​។​

គម្រោង​យុត្តិធម៌​ពិភព​លោក​ឆ្នាំ​២០២២ ស្ដីពី​សន្ទស្សន៍​នីតិរដ្ឋ​នៅ​កម្ពុជា បាន​ដាក់​ប្រទេស​កម្ពុជា​នៅ​លេខ​រៀងទី​ពីរ​ពី​បាត​តារាង​​ក្នុង​ចំណោម​ប្រទេស​នានា​លើ​សកល​លោក​ ខណៈ​ដែល​អង្គការ​តម្លាភាព​អន្តរជាតិ សម្រាប់​សន្ទស្សន៍​នៃ​អំពើ​ពុក​រលួយ​សម្រាប់​ឆ្នាំ២០២២ បាន​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា​នៅ​លេខ​រៀង​ទី​១៥​ គិត​ពី​ក្រោម​មក ក្នុង​ចំណោម​ប្រទេស​នានា​លើ​ពិភព​លោក ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ NGOs Want Government, Italy to Halt Reopening of Intercountry Adoptions

156 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម