សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋាភិបាលផ្ញើរបាយការណ៍ទៅអង្គការយូណេស្កូថាពលរដ្ឋស្ម័គ្រចិត្តរើចេញពីតំបន់អង្គរ ប៉ុន្តែពលរដ្ឋថាគ្មានជម្រើស

អ្នកស្រី ហឿម ឆាត ដែលនិយាយថា អ្នកស្រីគ្មានជម្រើសក្នុងការផ្លាស់ទៅតំបន់ រុនតាឯក ឈរនៅខាងក្រៅផ្ទះថ្មីរបស់អ្នកស្រីកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា)
អ្នកស្រី ហឿម ឆាត ដែលនិយាយថា អ្នកស្រីគ្មានជម្រើសក្នុងការផ្លាស់ទៅតំបន់ រុនតាឯក ឈរនៅខាងក្រៅផ្ទះថ្មីរបស់អ្នកស្រីកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា)

ឈរនៅ​ក្បែផ្ទះឈើ ហ៊ុំព័ទ្ធ​ដោយ​ជញ្ជាំង និង ដំបូលស័ង្កសីដែលទើបនឹងសាងសង់ថ្មីៗ អ្នក​ស្រី ធីតា (ឈ្មោះដាក់​ឲ្យ) បាន​រំឭក​ទាំង​ស្តាយស្រណោះ​ចំពោះផ្ទះ ចាស់របស់អ្នកស្រី​នៅ​ក្នុងតំបន់​ឧទ្យានអង្គរ ជាកន្លែងដែលអ្នក​ស្រីធ្លាប់​រស់នៅអស់រយៈពេលជាង២០ឆ្នាំមកហើយ។

អ្នកស្រីថ្លែងថា៖ «​ខ្ញុំ​ចង់​រស់នៅ​កន្លែង​ចាស់ខ្ញុំវិញ​។ ខ្ញុំ​ពិតជា​នឹកស្រុកកំណើត​របស់ខ្ញុំ​ណាស់»

ស្ថិត​ក្នុង​វ័យកណ្តាល អ្នកស្រីធីតា និងគ្រួសារ ដែលមាន​សមាជិក​ប្រាំមួយនាក់ ស្ថិ​ត​ក្នុងចំណោមប្រជាពល​រដ្ឋ​ប្រមាណ៦.០០០គ្រួសារ ដែលបាន​ផ្លាស់ទីលំនៅ​ពី​កន្លែង​ចាស់​ក្នុង​តំបន់​អភិរក្ស ​ប្រាសាទអង្គរ​​ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ មក​កាន់​ទីតាំងថ្មី ដែលមានចម្ងាយជាង ៣០គីឡូម៉ែត្រនៅ​ឃុំរុនតាឯក ក្នុង​ស្រុក បន្ទាយស្រី។

ប្រជាពលរដ្ឋ​រាប់ពាន់គ្រួសារទៀត​នៅក្នុងតំបន់ឧទ្យានអង្គរ​​ប្រឈមនឹងការផ្លាស់ទីលំ​នៅ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់​រដ្ឋាភិបាល​បន្តដើម្បី​​រៀបចំទី​តាំង ដែលរដ្ឋាភិបាលអះអាងថា ធ្វើឱ្យខូចបរិស្ថាន និងអាចប៉ះពាល់ដល់ឋានៈជា បេតិ​កភណ្ឌពិភពលោករបស់ប្រាសាទអង្គរ។

រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ម្តង​ហើយ​ម្តង​ទៀតថា ​ការ​តាំង​លំនៅ​ថ្មី​ទាំង​នេះ​គឺ​ជា​ការ​ស្ម័គ្រ​ចិត្ត រួម​ទាំង​ក្នុង​របាយការណ៍​ផ្លូវការ​ស្តីពី​ស្ថានភាព​អភិរក្ស​អង្គរ​ដែល​ទទួល​បាន​ដោយ មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) កាល​ពី​ខែធ្នូ ឆ្នាំ២០២២។ របាយការណ៍ទៅកាន់​អង្គការយូណេស្កូក៏បង្ហាញពីកន្លែងតាំង​ទីលំនៅថ្មីថា ត្រូវបាន “បំពាក់” និងរៀបចំ ដើម្បីទទួលគ្រួសារពលរដ្ឋ​នៅក្នុង “លក្ខខណ្ឌសមរម្យ និងសុវត្ថិភាព”។

ប៉ុន្តែការស៊ើបអង្កេតរបស់ខេមបូចាបង្ហាញថា គ្រួសារជាច្រើនមានអារម្មណ៍ថា ពួកគេគ្មានជម្រើសអ្វីក្រៅពីការផ្លាស់ប្តូរទីលំនៅទៅ​តំបន់​រុនតាឯកដែល​ដូច​គ្នា​នឹង​សេចក្តី​រាយការណ៍មុនៗរបស់បណ្តាញ​ព័ត៌មាន​ដែរ។

ផ្ទុយ​ពីការមកដល់ទីតាំង​ដែល​ត្រូវ​ “រៀបចំ” ត្រឹម​ត្រូវ​នោះ ពលរដ្ឋ​ច្រើន គ្រួសារ​ដែលត្រូវបានបញ្ជូនទៅតំបន់​រុនតាឯក ត្រូវសាងសង់ផ្ទះដោយខ្លួនឯង ដែល​ត្រូវចំណាយ​ថវិកាផ្ទាល់ខ្លួ ហើយឥឡូវនេះមានការលំបាក​ក្នុងការប្រកប​ របរចិញ្ចឹម​ជីវិត​។ រដ្ឋាភិបាលក៏បានចែករំលែករូបភាពថតពីលើ ​អំពី​តំបន់​ រុនតាឯកទៅ អង្គការយូ​ណេស្កូ​នៅក្នុងរបាយការណ៍របស់ខ្លួន អំពីភូមិអភិវឌ្ឍន៍ រុនតាឯកចាស់ ដែលមិនតំណាងឱ្សស្ថានភាពជាក់ស្តែង នៅ​ទីតាំង​ដែល​ ប្រជាពលរដ្ឋ​ត្រូវ បាន​បញ្ជូនទៅ។ 

ផ្ទះ​ដែលកំពុងត្រូវ​បាន​សាងសង់នៅកន្លែង​តាំងទីលំនៅ​ថ្មី​នៅ​តំបន់​រុនតាឯកកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។ អាជ្ញាធរកម្ពុជាបានប្រាប់អង្គការយូណេស្កូ​ថា ទីតាំងនេះត្រូវបាន “ផ្តល់​ជូន” ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារដែល​ផ្លាស់ទីលំនៅ ដែលបានចាប់ផ្តើមមកដល់កាល​ពី​ចុងឆ្នាំ ២០​២២​។ ខេមបូចា)

អង្គការលើកលែងទោសអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍មួយកាលពីដើមខែមេសា ​ដោយកត់សំគាល់ថាពលរដ្ឋជាច្រើនដែលរស់នៅជុំវិញអង្គរ ត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅ​ទៅ​តំបន់រុនតាឯកដែលខ្វះហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ទឹកស្អាត ទីជម្រកនៅពេលពួកគាត់​មកដល់។ អង្គការលើកលែងទោសអន្តរជាតិបានរកឃើញថា គ្រួសារពលរដ្ឋ​ដែលត្រូវបានផ្លាស់ទីលំនៅមិនត្រូវបានផ្តល់ “ការពិគ្រោះយោបល់ពិតប្រាកដ” និងការទទួលបានការការពារផ្លូវច្បាប់ទាក់ទងនឹងការបណ្តេញចេញរបស់ពួកគេនោះទេ។

លោក Ming Yu Hah នាយករងប្រចាំ​តំបន់​នៃអង្គការលើកលែងទោសអន្តរជាតិ បាន​លើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ទាំងនេះគឺជាការបណ្តេញ​ចេញ​ដោយបង្ខំ​តាម​របៀប​បន្លំ​ភ្នែក​និងជាទ្រង់ទ្រាយធំ។ ប្រជា​ពល​រដ្ឋ​ត្រូវបានបង្ខំ​ឱ្យស្ម័គ្រចិត្ត និងធ្វើឱ្យមានអារម្មណ៍ភ័យខ្លាចចំពោះការសងសឹក ប្រសិនបើពួកគេមិនព្រមចាកចេញ ឬជំទាស់នឹងការបណ្តេញចេញ»បើ​តាម​​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ចោទ​ប្រកាន់​ថា ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​គឺ​ជា​ការ​រំ​លោភ​សិទ្ធិ​មនុស្ស​ក្រោម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ។

ភាគច្រើននៃអ្នកដែលត្រូវបានបណ្តេញចេញដោយបង្ខំបានរស់នៅក្នុងផ្ទះរបស់ពួក​គេច្រើនទសវត្សរ៍មកហើយ ហើយបានសាងសង់សួនច្បារ ផ្លូវថ្នល់ ដីស្រែចម្ការ ហើយថែមទាំងត្រូវបានភ្ជាប់ទៅបណ្តាញអគ្គិសនីទៀតផង។ ប្រជាជនកម្ពុជា​តែងតែរស់នៅក្នុង និងជុំវិញតំបន់​ប្រាសាទអង្គរ ចាប់តាំងពីពេល​ដែល​ពួកគេបានបង្កើតសម័យកាល​ដ៏រុងរឿងបំផុតនៃអាណាចក្រខ្មែរក្នុងសតវត្សទី១២។

ប្រាសាទ​អង្គរត្រូវបានដកចេញពី “បញ្ជីគ្រោះថ្នាក់” របស់អង្គការយូណេស្កូក្នុងឆ្នាំ ២០០៤ បន្ទាប់ពីអាជ្ញាធរកម្ពុជាបានទប់​ស្កាត់ការលួច​ ការជីកកកាយ និងបោសសម្អាតគ្រាប់មីនដោយ​ជោគជ័យនៅតំបន់​ឧទ្យាន​នេះ​។ ប៉ុន្តែការកើនឡើងនៃគ្រួសារពលរដ្ឋ​ដែលកាន់កាប់ដីនៅក្នុងបរិវេណឧទ្យាន​ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ បានបណ្តាល​ឱ្យអង្គការយូណេស្កូ និងអាជ្ញាធរកម្ពុជាសម្តែងការព្រួយបារម្ភម្តងហើយម្តងទៀតចំពោះការអភិរក្សប្រាសាទ។

នៅក្នុងសុន្ទរកថាមួយ​កាលពីឆ្នាំមុន លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្មនិង​សំណង់​ ដែលអះអាងថា ក្រសួងរបស់លោកបានរកឃើញសំណង់ខុសច្បាប់ជាង៨.៤០០ករណី​នៅខាងក្នុងឧទ្យានអង្គរចន្លោះឆ្នាំ២០១៩ដល់ឆ្នាំ២០២២ បានហៅសំណង់ទាំងនោះថា ជា “សំណង់ខុសច្បាប់​ដែល​គួរ​ឲ្យ​ខ្មាស់អៀន​” ។

ខេត្តសៀមរាប គឺជាខេត្តមួយក្នុងចំណោមខេត្តក្រីក្របំផុតរបស់កម្ពុជា ហើយឱកាសសេដ្ឋកិច្ចត្រូវបានប្រមូលផ្តុំជុំវិញឧស្សាហកម្មទេសចរណ៍នៅអង្គរ ដែលផ្តល់​សេវាកម្មដល់​ភ្ញៀវបរទេសរហូតដល់២លាននាក់ក្នុងមួយឆ្នាំ និងជាស្នូលនៃសេដ្ឋកិច្ចកម្ពុជា។ ពលរដ្ឋអាចរកចំណូលបានពីការលក់វត្ថុអនុស្សាវរីយ៍ មគ្គុទេស្ទក៍ ឬធ្វើការនៅភោជនីយដ្ឋាន និងសណ្ឋាគារជុំវិញឧទ្យានអង្គរ។

ម៉្យាងទៀត អាជ្ញាធរបារម្ភថា ការពង្រីកការប្រើប្រាស់ទឹកក្រោមដីរបស់ប្រជាពល​រដ្ឋ​គំរាមកំហែងដល់ស្ថិរភាពនៃប្រាសាទអង្គរ។ ប៉ុន្តែបញ្ហា​​នេះ​មួយ​ផ្នែក​ធំ​ក៏​ដោយ​សារ​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​គ្រប់គ្រង​របស់​​សណ្ឋាគារ ភោជនីយដ្ឋាន និង​ផ្នែក​​​ផ្សេងទៀត​នៃ​ឧស្សាហកម្ម​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាលពី​ខែ​កញ្ញា​ថា ការ​ផ្លាស់​ប្តូរ​ទីលំ​នៅ​​ទ្រង់ទ្រាយ​ធំ​នេះ គឺ​មាន​គោលបំណង​ឆ្លើយ​តបតាម​ការ​ចង់​បាន​របស់​​អង្គការ​យូណេស្កូ និង​ជួយ​ធ្វើ​​ឲ្យ​ឧទ្យាន​អង្គរ​នៅ​តែ​ជាប់​ចំណាត់ថ្នាក់​ជា​បេតិកភណ្ឌ​ពិភពលោក​។

អង្គការយូណេស្កូបានបដិសេធការជាប់ពាក់ព័ន្ធជាមួយនឹងការផ្លាស់ទីលំនៅនេះ ទោះបីជាខ្លួនមានឥទ្ធិពលខ្លាំងលើការគ្រប់គ្រងរមណីយដ្ឋានអង្គរ​និងបាន​ជំរុញម្តងហើយម្តងទៀតឲ្យ​មាន​ការរុះរើសំណង់ខុសច្បាប់នៅក្នុងឧទ្យានក៏ដោយ។

តំណាងប្រចាំប្រទេសរបស់អង្គការយូណេស្កូបានគាំទ្រការបំផ្លាញចោលផ្ទះរាប់រយខ្នងដែលត្រូវបានសាងសង់ដោយខុសច្បាប់នៅក្នុងឧទ្យានអង្គរ នេះបើយោងតាមសេចក្តី​រាយការណ៍បណ្តាញព័ត៌មាន​កាល​ពី​ឆ្នាំ២០១៧ ។ កាលពីខែធ្នូក្រុមអ្នកជំនាញការអភិរក្សដែលមានទំនាក់ទំនងជាមួយអង្គការយូណេស្កូបានផ្តល់អនុសាសន៍ឱ្យអាជ្ញាធរអប្សរាបន្ត “រុះរើ” សំណង់​ខុសច្បាប់។

នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលមក​កាន់​ខេមបូចា អង្គការយូណេស្កូបានអះអាងថា៖  «យូណេស្កូមិនមែនជាភាគីនៃកម្មវិធីផ្លាស់ប្តូរទីលំនៅនេះទេ ហើយមិនបានធ្វើការស្នើសុំអាជ្ញាធរកម្ពុជា ឲ្យផ្លាស់ប្តូរទីលំនៅប្រជាពលរដ្ឋ​ទេ។​ យូណេស្កូ សូម​គូសបញ្ជាក់​ថា សម្រាប់​ទីតាំង​ទាំងអស់​ក្នុង​ពិភពលោក វិធានការ​អភិរក្ស​ដែល​សម្រេច​ដោយ​អាជ្ញាធរ​ត្រូវ​តែ​ចូលរួមគិតគូរ​ពី​មតិ និង​គោរព​សិទ្ធិ​របស់​សហគមន៍​មូលដ្ឋាន»

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ដែលគ្រប់គ្រងឧទ្យានអង្គរ បានបដិសេធការចោទប្រកាន់អំពីការបណ្តេញចេញដោយបង្ខំ ហើយបាន​ប្រាប់ ខេមបូចាថា ប្រជាពលរដ្ឋ ប្រមាណ១០.០០០គ្រួសារបាន​ ស្ម័គ្រចិត្តផ្លាស់​ទៅទីតាំងថ្មី រួមទាំងតំបន់​រុនតាឯកផងដែរ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលក្រសួងរបស់​លោកស្រី​គ្រប់គ្រងអាជ្ញាធរជាតិអប្សរា និង​សរសេររបាយការណ៍រួម​គ្នា​ជូន អង្គការយូណេស្កូ បានប្រាប់​ខេមបូចាតាម​ អ៊ីម៉ែលថា៖ «អាជ្ញាធរ​អប្សរាគ្មានអ្វីត្រូវលាក់បាំងទេ»

ប៉ុន្តែអ្នកភូមិជាច្រើនដែលត្រូវបានបញ្ជូនទៅតំបន់​តាំង​ទីលំនៅ​ថ្មី​រុនតាឯកបានប្រាប់​ខេមបូចា​ម្តងហើយម្តងទៀតថា ពួកគាត់​មិនបាន​ស្ម័គ្រចិត្តផ្លាស់ទីលំនៅ នោះទេ។ ពួកគាត់​បាន​និយាយ​ថា ពួកគាត់​​បារម្ភ​​ ប្រសិនបើ​ពួកគាត់​​មិន​ចាកចេញ​ទេនោះ ​ផ្ទះ​របស់​ពួកគាត់​នឹង​ត្រូវ​គេ​វាយ​កម្ទេច​ចោលទាំង​បង្ខំ​ ហើយ​មានអារម្មណ៍ថា​គ្មាន​អំណាច​តតាំង​ជាមួយ​អាជ្ញាធរទេ​។

អ្នក​ស្រី​ ហឿម ឆាត ដែល​បាន​តាំង​លំនៅ​ថ្មី​ទៅ​តំបន់​រុន​តាឯក​កាល​ពី​​ខែ​ធ្នូ និង​បាន​រស់​នៅ​ក្រោម​ដំបូលតង់​កៅស៊ូ​​អស់រយៈ​ពេល​​ជាច្រើន​ខែ​បាន​និយាយ​ថា៖​ «ខ្ញុំ​គ្មាន​ជម្រើស​ទេ។ យើង​ត្រូវតែ​​ទៅ។ យើង​ចង់​ស្នាក់​នៅ [តំបន់​អង្គរ] ប៉ុន្តែ​យើង​​មិន​អាច​ធ្វើ​បានទេ»

ក្មេងៗមួយក្រុមដើរលេងក្នុងតំបន់​តាំង​ទីលំនៅ​ចាស់​ដែល​ត្រូវបានវាយ​កម្ទេចចោលកាលពីចុងខែធ្នូ ចម្ងាយប្រហែល៧៥០ម៉ែត្រពីខ្លោងទ្វារខាងលិចប្រាសាទអង្គរវត្តស្ថិត​ក្នុងឧទ្យានអង្គរក្នុងខែមករា ឆ្នាំ២០២៣។ (ខេមបូចា)
តំបន់​តាំង​ទីលំនៅ​ចាស់​ដដែល​ដែលមានចំងាយប្រ​ហែល៧៥០ម៉ែត្រពីខ្លោងទ្វារខាងលិចប្រាសាទអង្គរវត្តស្ថិត​ក្នុងឧទ្យានអង្គរកាល​ពី​ខែឧសភា ឆ្នាំ២០២១។ (Engage Media/Jack Brook)
សំណល់ផ្ទះដែលត្រូវបានរុះរើនៅក្នុងសង្កាត់រស់​នៅ​មួយ​នៅជិតខ្លោងទ្វារខាងលិចប្រាសាទអង្គរវត្តកាល​ពី​ខែមករា ឆ្នាំ២០២៣ ខណៈ​​​បាឡុងមួយ​​កំពុង​ដឹកភ្ញៀវទេសចរ​ពី​លើ​ប្រាសាទពីចម្ងាយ។ (ខេមបូចា)

ផលប៉ះពាល់អវិជ្ជមានលើជីវភាពរស់នៅ

លោក ឈួន  អ៊ឹម មេឃុំរុនតាឯកបានឲ្យដឹងថា គិតត្រឹម ខែកុម្ភៈ ប្រជាពលរដ្ឋជាង៥.៦០០គ្រួសារ ត្រូវ​បានបញ្ជូនពីតំបន់​ឧទ្យា​នអង្គរទៅ​តំបន់​រុន​តាឯក​

និង​រាប់ពាន់នាក់ទៀតនឹង​ត្រូវមកជាបន្តបន្ទាប់។

លោកបានប្រាប់ ខេមបូចាថា៖​​ «​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ដំណាក់កាលទៅ​តាម​ប្លុក  ប្លុក ខ្លះមិនទាន់​ឈូសឆាយ នៅឡើយទេ  ដូច្នេះ​យើង​មិនទាន់​ឲ្យ​ពួកគេ​មក​ទេ ​រហូត​ទាល់​តែ​កន្លែងនោះរៀប​ចំ​រួច​រាល់​សិន​​»

ប៉ុន្តែគ្រួសារដែលត្រូវបានផ្លាស់ទីលំនៅជួប​ផលវិបាកផ្នែកសេដ្ឋកិច្ចនៅ​ក្នុង​ការផ្លាស់ទីលំនៅរបស់ពួកគាត់​ ដោយ​ប្រើប្រាស់​កម្លាំងពលកម្មផ្ទាល់​ខ្លួន​ ពលរដ្ឋ​ជាច្រើនបានបង្ខំចិត្ត​ចំណាយ​ប្រាក់​សាង​សង់ផ្ទះ​ដោយ​ខ្លួន​ឯង និងរួមចំណែកចំណាយសំខាន់ៗផ្សេងទៀតក្នុង​ការផ្លាស់ទីលំនៅ​ បន្ទាប់ពីបានមកដល់ទីតាំងដី​ទទេរស្អាត។

ពេលបញ្ជូន​ទៅដល់​តំបន់​រុនតាឯក អ្នក​ស្រី​ធីតា ដែល​មាន​កូនបួននាក់​ក្នុង​បន្ទុក​បាននិយាយថា អ្នក​ស្រី​ត្រូវខ្ចីប្រាក់​​២.៧០០ដុល្លារ ដែ​លមួយផ្នែកយក​ទៅ​ទិញម៉ូតូថ្មី ដើម្បីធ្វើដំណើរទៅធ្វើការនៅ​រម្មណីដ្ឋាន​អង្គរ ទីដែល​អ្នក​ស្រី​ធ្វើការជាឆ្មាំប្រាសាទរបស់​អាជ្ញា​ធរ​ជាតិ​អប្សរាជិត​ពីរទសវត្សរ៍មកហើយ។ អ្នក​ស្រី​ទទួល​បានប្រាក់​ $២២៥ក្នុងមួយខែពីការងាររដ្ឋ។

អ្នក​ស្រី ធីតា ប្រាប់ខេមបូជាកាលពីពាក់កណ្តាលខែកុម្ភៈថា៖ «ខ្ញុំកំពុងចាប់ផ្តើម​ជី​វិត​ថ្មី ព្រោះយើងជួបការលំបាកច្រើន ហើយខ្ញុំមិនដឹងថា ត្រូវចំណាយពេលប៉ុន្មានឆ្នាំ ទើបដូច​ដើមវិញទេ។ ឥឡូវ​ បញ្ហា​គឺ​គ្មាន​លុយ​សង់​ផ្ទះ​ថ្មី​ទេ»

ដូចគ្រួសារដែលផ្លាស់ទីលំនៅថ្មី​ផ្សេងៗទៀតដែរ​ គ្រួសារ​របស់​អ្នក​ស្រី ធីតា ត្រូវបានចុះឈ្មោះក្នុងកម្មវិធីផ្តល់​បណ្ណ​ក្រីក្រ​របស់រដ្ឋាភិបាល ហើយឥឡូវនេះគ្រួសាររបស់អ្នក​ស្រី​ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន៩០ដុល្លារ។ អង្គការលើក​លែង​ទោស​អន្តរជាតិ​បានរាយការណ៍ថា នៅពេលដែលគ្រួសារត្រូវ​បាន​ផ្លាស់ប្តូរទីលំនៅ ពួកគេក៏ទទួលបានប្រាក់ប្រហែល៣០០ដុល្លារ ដីទំហំ២០គុណនឹង៣០ ម៉ែត្រ ស័ង្កសី ការ​ឧបត្ថម្ភ​ស្បៀងអាហាររយៈពេល២ខែ មុងមួយ និងតង់​កៅស៊ូ​មួយ​។

អ្នក​ជិត​ខាង​របស់អ្នក​ស្រី ​ធីតា ​ក៏​ជួប​ការ​លំបាក​ក្នុង​ការ​រក​ប្រាក់​ចិញ្ចឹម​ជីវិត​នៅ​កន្លែង​ថ្មី ​ដែល​នៅ​ឆ្ងាយ​ពី​ភ្ញៀវ​ទេសចរ និង​ក្រុង​សៀមរាប។

អ្នកស្រី លន់ ញាញ់ អាយុ៤៦ឆ្នាំ ដែល​ត្រូវ​បាន​បញ្ជូនទៅ​តំបន់​​រុន​តាឯក​ជាមួយ​កូន​​បួន​នាក់​កាលពី​ខែ​តុលាបាន​និយាយថា៖ «ពីមុនខ្ញុំអាចរកបាន មួយម៉ឺន ទៅពីរម៉ឺនរៀល ក្នុងមួយថ្ងៃពីការលក់បន្លែ ស្លឹកឈើ ប៉ុន្តែបន្ទាប់ពីផ្លាស់មកទីនេះ ខ្ញុំគ្មានអ្វីធ្វើទេ ហើយជីវិតក៏ពិបាកដែរ ព្រោះខ្ញុំត្រូវចំណាយច្រើន​ [លុយ] ទិញអង្ករ និងឲ្យកូនរៀន [នៅទីក្រុង]»

ខណៈ​​មាន​សាលា​បឋមសិក្សា​មួយ​នៅ​ក្បែរ​នោះ អនុវិទ្យាល័យ​មួយ​​​កំពុង​សាង​សង់នៅ​ឡើយ​។

លោក កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធសម្រាប់តំបន់​រុនតាឯក និងពាក់​ស្នែង​ ជាទីតាំងផ្លាស់ទីលំនៅមួយទៀតកំពុងត្រូវ​បានអភិវឌ្ឍ។

កម្មករ​សាងសង់​ផ្លូវ​មួយ​ខ្សែ​នៅ​​ឃុំ​រុនតាឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។ (ខេមបូចា)

របាយការណ៍របស់អាជ្ញាធរទៅកាន់អង្គការយូណេស្កូ រួមមានផែនទី និងក្រាហ្វិកដែលបង្ហាញពីផែនការសម្រាប់សាងសង់ផ្លូវ វត្តអារាម ផ្សារ ការតភ្ជាប់បណ្តាញ​អគ្គិសនី និងប្រព័ន្ធលូ។

តំបន់​រុនតាឯកត្រូវ​បាន​គេ​មើលឃើញថា មានការសាងសង់យ៉ាងគគ្រឹកគគ្រេងក្នុងរយៈពេលប៉ុន្មានខែចុង​ក្រោយ​នេះ ប៉ុន្តែ​ភាគច្រើន​នៃការអភិវឌ្ឍទាំងនេះ​ទើប​ត្រូវបានផ្តួចផ្តើមឡើងនៅចុងខែធ្នូប៉ុណ្ណោះ ក្រោយ​ពីប្រជាពលរដ្ឋបានចាប់ផ្តើម​​មកដល់កន្លែងតាំង​ទីលំនៅថ្មី​រួច​ហើយ​ នេះបើយោងតាមអ្នកស្រី ឡាច ឡម អនុប្រធានភូមិតានី ដែលរួម​បញ្ចូល​ទាំងតំបន់​រុន​តាឯក​ថ្មីនេះ។ គិត​ត្រឹម​​ពាក់​កណ្តាល​ខែ​ធ្នូ ប្រជាពលរដ្ឋជិត​៦០០​គ្រួសារ​បាន​មក​ដល់តំបន់​នេះ។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​បដិសេធ​ការ​អះអាង​ថា ការ​ផ្លាស់​ប្តូរ​ទី​លំនៅ​​បាន​ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​លំបាក។

លោក កុសល មានប្រសាសន៍ថា៖ «អ្នកត្រូវយល់​ និងពិនិត្យមើលគ្រប់ទិដ្ឋភាពនៃគោលន យោបាយរបស់រដ្ឋាភិបាល ដែលបាន ​និងកំពុងដំណើរការ ដើម្បីទ្រទ្រង់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ គ្មាន​រដ្ឋាភិបាល​ណា​​​រៀបចំ​ការ​អភិវឌ្ឍ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​ក្រីក្រ​នោះ​ទេ»

ប៉ុន្តែអ្នកស្រុកជាច្រើនមិនយល់ស្របនឹងការវាយតម្លៃនេះទេ។

អ្នកខ្លះដូចជា មាស ភារុណ ត្រូវឈប់ពីការងារនៅក្នុងទីក្រុង ដោយសារការធ្វើដំ​ណើរទៅមកពីរម៉ោងគឺហត់នឿយខ្លាំង​ណាស់​។ ភារុណ ដែលពីមុនបម្រើការនៅសណ្ឋាគារមួយ​ក្នុងក្រុងសៀមរាប បានបើកហាងលក់គ្រឿងទេសតូចមួយនៅ​តំ​បន់​រុនតាឯក ប៉ុន្តែនិយាយថា ការលក់មានសភាពស្ងាត់នៅថ្ងៃធ្វើការ ដោយសារអ្នកស្រុកភាគច្រើនធ្វើដំណើរទៅធ្វើការនៅទីក្រុង​។

អ្នក​ស្រី ញ៉ាញ់ បាននិយាយថា អ្នក​ស្រី​បានរស់នៅក្នុងតំបន់​រមណីយដ្ឋាន​អង្គរអស់រយៈពេលជាងពីរទស្សវត្សរ៍មកហើយ ហើយមានការស្រងាកចិត្តដែល​បែរជា​មក​រស់​នៅ​លើ​ដីដ៏សោះ​កក្រោះ​គ្មានដើមឈើ ឬដំណាំ។ អ្នក​ស្រី​​ត្រូវ​ខ្ចី​ប្រាក់​ចំនួន ១០០០ដុល្លារ ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​របស់​អ្នក​ស្រី​​ អំឡុង​​ពេល​ផ្លាស់​ប្តូរ​ទីលំនៅ ហើយ​បាន​និយាយ​ថា ស្ថានភាព​រស់នៅ​ថ្មី​មិន​ល្អ​ដូច​ផ្ទះ​ចាស់​របស់​អ្នក​ស្រី​​ទេ។

អ្នក​ស្រី​​បាន​និយាយ​ថា៖​ «​គ្មាន​អ្វី​ដែល​ត្រូវ​សប្បាយ​ចិត្តផង ​ ​ព្រោះ​គ្មាន​​អ្វី​ធ្វើ​ទេ​នៅ​ទី​នេះ។ ខ្ញុំ​មិន​ដឹង​ថា ​ពេល​ណា [​វា​នឹង​ប្រសើរ​ជាង​នេះ​]​»

លន់ ញ៉ាញ់ ដែលខំប្រឹងរកប្រាក់ចិញ្ចឹមជីវិត​តាំងពីមកដល់តំបន់​ រុនតាឯក អង្គុយ​បោកខោអាវនៅខាងក្រៅផ្ទះកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។ (ខេមបូចា)

ការ​អះអាង​របស់​រដ្ឋាភិបាល​ក្នុង​របាយការណ៍​ទៅកាន់​អង្គការ​យូណេស្កូ​ខ្វះ​ការ​ពិត

នៅពេលមាន​ការបណ្តេញចេញទូទាំងតំបន់​ឧទ្យានអង្គរ អាជ្ញាធរកម្ពុជាបានដាក់របាយការណ៍ទៅអង្គការយូណេស្កូនៅដើមខែធ្នូ ដោយសរសេរជាភាសាបារាំង និងរៀបរាប់ពីស្ថានភាពនៃការអភិរក្សនៅតំបន់​អង្គរពីឆ្នាំ២០២១ដល់ឆ្នាំ២០​២២។

ខណៈ​ដែល​បញ្ជាក់​ថា ​រដ្ឋាភិបាល​មាន​សិទ្ធិ​ផ្លាស់​ទីជម្រកពលរដ្ឋ របាយការណ៍​នេះ​បាន​​អះអាង​ថា ប្រជា​ពលរដ្ឋ​៩០០០គ្រួសារ​ត្រូវ​បាន​តាំង​ទី​លំនៅ​ថ្មី​ដោយ​ឈរ​លើ “មូលដ្ឋាន​នៃ​ការ​ស្ម័គ្រ​ចិត្ត”  ក្នុង “លក្ខខណ្ឌ​សមរម្យ និង​សុវត្ថិភាព ” និង​ជា​”តំបន់​ដែល​មានការ​បំពាក់​គ្រប់គ្រាន់ ទី​​ដែល​សកម្មភាព​កសិកម្ម និង​ពាណិជ្ជកម្ម​ត្រូវ​បាន​បើក​ចំហ​យ៉ាង​ទូលំទូលាយ”​  នេះយោង​តាម​ការ​បក​ប្រែ​ជា​ភាសា​អង់គ្លេស​ក្រៅ​ផ្លូវ​ការ​។

នៅ​ពី​ក្រោមអត្ថបទនេះ អាជ្ញាធរបានបង្ហាញរូបភាពពីលើអាកាសដែលមិនបានបញ្ជាក់កាលបរិច្ឆេទ​បាន​ពិពណ៌នា​ថា ជា “ទិដ្ឋភាពទូទៅនៃតំបន់រុនតាឯក”​ ។ រូបភាពនេះបង្ហាញពីផ្ទះជាច្រើន​នៅ​ជុំវិញបឹងមួយ ហើយហ៊ុំព័ទ្ធដោយព្រៃឈើ ដែលមិនស៊ីគ្នា​នឹងតំបន់ទី​ដែលគ្រួសារពលរដ្ឋជា​ច្រើន​ទើបផ្លាស់ទីលំនៅបានមកដល់ ជា​ទី​ដែល​មាន​ទិដ្ឋភាពដី​ហុ​យ​និង​សោះកក្រោះ​និង​គ្មានផ្ទះដែលមានស្រាប់នោះទេ​។

រូបភាពមិនទាន់ចុះកាលបរិច្ឆេទបានពិពណ៌នាថា ជា “ទិដ្ឋភាព​ទូទៅនៃតំបន់រុនតាឯក” នៅក្នុងរបាយការណ៍ដែលទទួលបានដោយអង្គការ​យូណេស្កូ​កាល​ពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ពីរដ្ឋាភិបាលកម្ពុជា។ រូបភាពខាងលើបង្ហាញពីតំបន់មួយ​នៃភូមិធម្មជាតិ​រុនតាឯក ដែលត្រូវបានអភិវឌ្ឍពេញលេញ ប៉ុន្តែមិនត្រូវបានប្រើប្រាស់ជាទីតាំង​សម្រាប់គ្រួសារដែល​ត្រូវ​បាន​បណ្តេញ​​ចេញ​ពីតំបន់​អង្គរនាពេលថ្មីៗនេះទេ​ នេះបើយោងតាមប្រជា​ពល​រដ្ឋ​នៅ​តំបន់​នេះ​។ (ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា)
រូបភាពផ្កាយរណបបង្ហាញពីទិដ្ឋភាពទូទៅនៃទីតាំងផ្លាស់ប្តូរលំនៅ​ឋាន​តំបន់​រុនតាឯកកាល​ពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ពីរសប្តាហ៍បន្ទាប់ពីអង្គការយូណេស្កូ​បានទទួលរបាយការណ៍ស្តីពីការផ្លាស់ទីលំនៅពីអាជ្ញាធរកម្ពុជា។ តំបន់សម្គាល់​ដោយគំនូស​​​ពណ៌​ខៀវ​បង្ហាញ​ពី​ទីតាំង​ដែល​អ្នក​នាំ​ពាក្យ​អាជ្ញាធរជាតិ​អប្សរា​លោក ឡុង កុសល បាន​បញ្ជាក់​នៅ​លើ​ប្លង់​មេ​ថា ​ជា “ទិដ្ឋភាព​ទូទៅ​នៃ​តំ​បន់​​រុន​តាឯក” ក្នុង​របាយការណ៍​ផ្ញើ​ទៅ​អង្គការ​យូណេស្កូ។ តំបន់​សគ្គាល់​ដោយ​គំនូសពណ៌ក្រហមសម្គាល់ថា ជា​ភូមិធម្មជាតិ​រុនតាឯកចាស់ ដែលទំនង​ជា​មិនមានគ្រួសារទើបផ្លាស់ទីលំនៅថ្មី​បានតាំងទីលំនៅទី​នោះទេ។​(Sentinel/ខេមបូចា)

ការពិនិត្យ​មើល​រូបភាពផ្កាយរណបនិងបញ្ជាក់ដោយការរាយការណ៍ដល់​កន្លែង​ផ្ទាល់ដោយខេមបូចាបង្ហាញថា ទីតាំង​ដែលបង្ហាញក្នុងរបាយការណ៍ទៅកាន់​អង្គការយូណេស្កូ បង្ហាញពីទីតាំង​ចាស់​ និងមានការអភិវឌ្ឈន៍ច្រើនដែល​គេហៅថា ភូមិធម្មជាតិ-រុនតាឯក ទី​ដែលគេផ្តល់​ឲ្យ​គ្រួសារមួយចំនួន​ដែល​បាន​ផ្លាស់ប្តូរទីលំនៅកន្លងមក។ ប្រជាពលរដ្ឋប្រាំនាក់ដែលរស់នៅទីនោះបានប្រាប់ខេមបូចា ថា គ្មានគ្រួ​សារណាមួយ​ដែលស្ថិតក្នុងដំណើរ​ការ​ផ្លាស់ទីលំនៅថ្មីៗនេះ ត្រូវបានបញ្ជូនឱ្យទៅរស់នៅក្នុងផ្ទះទាំងនោះទេ។

ហង្ស សីហាក់ ដែល​បាន​រើ​មករស់​​នៅ​ទីតាំង​រុន​តាឯក​ចាស់​កាល​ពី​ជាង១០​ឆ្នាំ​មុន បន្ទាប់​ពី​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​មាត់​ស្ទឹង​ក្នុង​ក្រុង​សៀមរាប​និយាយ​ថា៖ «គ្មាន​ការ​តាំង​ទី​លំនៅ​របស់​​គ្រួសារ​ថ្មី​នៅ​ទី​នេះ​ទេ។ ភូមិចាស់នេះពេញអស់ហើយ»

លោក កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ដែលបាន​រួម​គ្នា​ចងក្រង​របាយការណ៍នេះបានបញ្ជាក់ថា រូបភាពពីលើអាកាសដែលប្រើប្រាស់ក្នុងរបាយការណ៍នេះ គឺស្ថិតនៅក្នុងឃុំរុនតាឯក និងបានផ្តល់​ផ្ទះ​ដល់​ពលរដ្ឋ​ដែល​បាន​ផ្លាស់​ទីលំ​នៅ​តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មកម្ល៉េះ។ លោក កុសល ​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​ថា ​តើ​មាន​គ្រួសារ​ណា​មួយ​ត្រូវ​បាន​បញ្ជូន​ទៅ​ទីនោះ​ក្នុង​រយៈពេល​ប្រាំ​មួយ​​ខែ​ចុង​ក្រោយ​នេះ​ដែរឬទេ។

លោកបានចង្អុលបង្ហាញទៅតំបន់ផ្សេងក្នុងផែនការមេក្នុងតំបន់​រុនតាឯក ជាទីតាំងនៃរូបភាព​នេះ​វិញ ប៉ុន្តែការពិនិត្យរូបភាពផ្កាយរណបបង្ហាញថា នៅប៉ុន្មាន​ខែចុងក្រោយនៃឆ្នាំ២០២២ បឹងនោះកំពុង​ត្រូវបានចាក់ដីលុប​ ហើយមានដើមឈើតិចតួចនៅ​កណ្តាល​ទី​វាល​។ .

អង្គការ​លើកលែង​ទោស​អន្តរជាតិ​និង​ខេមបូចា​បាន​រកឃើញថា តំបន់ផ្លាស់ប្តូរទីលំនៅជាក់ស្តែងនៅរុនតាឯកសម្រាប់គ្រួសារដែលផ្លាស់ទីលំនៅថ្មីៗបំផុតនេះ គឺគ្មាន​ផ្ទះ ទឹកស្អាត និងបង្គន់អនាម័យគ្រប់គ្រាន់​ទេ នៅពេលដែលគ្រួសារពលរដ្ឋផ្លាស់ទីលំនៅមកដល់កាល​ពី​ចុងឆ្នាំ២០២២។

នៅពេលសួរនាំអំពីរូបភាពពីលើអាកាសដែលប្រើក្នុងរបាយការណ៍របស់ក្រសួងទៅកាន់​អង្គការយូណេស្កូ លោកស្រី សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌បានប្រាប់ខេមបូចាថា៖ «ប្រជាពលរដ្ឋ… បានស្ម័គ្រចិត្តទៅទីនោះជាច្រើនឆ្នាំមកហើយ​រហូតមកដល់ពេលនេះ»

បន្ទាប់ពីខេមបូចា ចែករំលែកការរកឃើញរបស់ខ្លួនជាមួយអង្គការយូណេស្កូ អ្នកនាំពាក្យបាននិយាយថា របាយការណ៍ដែលរៀបចំដោយអាជ្ញាធរកម្ពុជា នឹងត្រូវពិនិត្យដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលមានសមាជិកចំនួន ២១ប្រទេសនៅក្នុងខែកញ្ញា ឆ្នាំ២០២៣។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​អះអាងថា៖ «​បន្ទាប់​មក ​គណៈកម្មាធិការ​អាច​នឹង​សម្រេច​ធ្វើ​ការ​ផ្តល់​យោបល់​ឬ​អនុសាសន៍​ដល់​អាជ្ញាធរ​កម្ពុជា។ ព័ត៌មានដែល [ខេមបូចា] បានផ្ញើមក… នឹងត្រូវបានចែករំលែកជាមួយមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក»

គណៈកម្មការចំពោះ​កិច្ច​នៃក្រុម​អ្នកជំនាញការងារអភិរក្សជាមួយគណៈកម្មាធិការ​សម្របសម្រួលអន្តរជាតិសម្រាប់ប្រាសាទអង្គរវត្ត ជាដៃគូរបស់អង្គការយូណេស្កូ និងជាដៃគូររបស់រ​ដ្ឋាភិបាលកម្ពុជា បារាំង និងរដ្ឋាភិបាល​ជប៉ុន បានទៅទស្សនាតំបន់រុនតាឯក និងកន្លែង​តាំង​ទីលំនៅថ្មី​ដែលត្រូវបានស្នើមួយទៀតគឺតំបន់​ពាក់ស្នែង កាលពីខែធ្នូ។

អ្នកជំនាញទាំងនេះបានបញ្ជាក់​ជាថ្មីនូវ “ការអបអរសាទរ” កន្លងមកចំពោះ​ការរុះរើសំណង់ខុសច្បាប់នៅជុំវិញអង្គរ ហើយបានណែនាំថា កិច្ចខិតខំប្រឹងប្រែងដើម្បីរុះរើសំណង់ទាំងនេះគួរតែបន្ត នេះបើយោងតាមរបាយការណ៍កាលពី​ខែធ្នូ ដែលចេញផ្សាយដំបូងដោយសារព័ត៌មានវីអូឌី​ ហើយក្រោយមកត្រូវបានពិនិត្យឡើង​វិញ​ដោយខេមបូចា ។ របាយ​ការណ៍​របស់​អ្នក​ជំនាញ​មិន​បាន​និយាយ​អំពី​ស្ថានភាព​មិន​ល្អ​នៅ​កន្លែង​តាំង​​ទីលំនៅ​ថ្មី​​នោះ​ទេ។

ផែនការមេនៅក្នុងរបាយការណ៍ឆ្នាំ២០២២របស់អាជ្ញាធរកម្ពុជាផ្ញើ​ទៅកាន់អង្គការយូណេស្កូ រួមមាន​ផែនការអភិវឌ្ឍសាលារៀន ផ្សារនិងមណ្ឌលសុខភាព។ (អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)
ចំណងជើងរូបខាងក្នុងទី១០៖ ផ្ទះមួយខ្នង​នៅឧទ្យានអង្គរ ថតកាល​ពី​ខែឧសភា ឆ្នាំ២០២១ ដែលត្រូវបានវាយកម្ទេចចោលនៅចុងឆ្នាំ២០២២។ (Engage Media/Jack Brook)

អ្នករស់នៅ​ក្នុង «សំណង់ខុស​ច្បាប់​ដ៏គួរឲ្យ​ខ្មាស់អៀន»

នៅពេលដែលអង្គការយូណេស្កូបានបញ្ចូលឧទ្យានអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ១៩៩២ ដែលជាពេលវេលានៃជម្លោះយ៉ាងសកម្ម ខណៈដែលក្រុមខ្មែរក្រហមនៅបន្ត​គ្រប់គ្រងផ្នែកខ្លះនៃប្រទេសនោះ មានភូមិចំនួន១១៣នៅខាងក្នុងបរិវេណឧទ្យាន​នេះ យោងតាមរបាយការណ៍ពី​ខែធ្នូ ឆ្នាំ២០២២ ទៅកាន់អង្គការយូណេស្កូ ដែលដាក់ជូនដោយអាជ្ញាធរកម្ពុជា។

របាយការណ៍ឆ្នាំ២០២២ ផ្ញើជូនអង្គការយូណេស្កូបានឲ្យដឹងថា សហគមន៍ដែលមានស្រាប់នៅក្នុងតំបន់​អង្គរបាននិងកំពុងអភិវឌ្ឍ “ចុះសម្រុងគ្នា” ហើយ “ជា​ទូទៅ​មិនបង្កបញ្ហាធ្ងន់ធ្ងរទេ” ​ ប៉ុន្តែ “មួយចំនួន​តូច​”  នៃ “អ្នករស់នៅ​” ទាំង​នោះ កំពុងបង្កបញ្ហា ហើយស្ថិតនៅក្រោម “ការឃ្លាំមើលយ៉ាងប្រុងប្រយ័ត្ន”។

របាយការណ៍ឆ្នាំ២០២២ របស់អាជ្ញាធរកម្ពុជាផ្ញើជូនអង្គការយូណេស្កូ អះអាងថា ភាគច្រើននៃប្រជាពលរដ្ឋ​ដែលត្រូវបានបណ្តេញចេញមិនមានដើមកំណើតមកពីខេត្តសៀមរាបទេ ហើយថា ពួកគេ «ដឹងថា ​ខ្លួនឯងស្ថិតក្នុងស្ថានភាពសង្គមដែលកំណត់​ដោយភាពមិនច្បាស់លាស់ និងភាពក្រីក្រ» ដោយសារការ​ធ្វើចំណាក​ស្រុក​មក​ទីនោះ។

ហេតុផលប្រវត្តិសាស្ត្រមួយសម្រាប់ការធ្វើចំណាកស្រុកចូលទៅក្នុងបរិវេណអង្គរ គឺ​ឯកសារ​កម្មសិទ្ធិអចលនទ្រព្យរបស់ប្រទេសកម្ពុជាត្រូវបានបំផ្លាញក្នុងរបបខ្មែរ​ក្រហម ជម្លោះជាច្រើនទសវត្សរ៍ និងអស្ថិរភាព ជនចំណាកស្រុកដែល​គ្មានដីធ្លី និងដ៏ទុរគតបានរីករាលដាលពាសពេញប្រទេស ដើម្បី​ស្វែងរកដីធ្លីក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយ​កិច្ចខិតខំប្រឹងប្រែងផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជាបន្តបន្ទាប់មិនដែលត្រូវបានបញ្ចប់គ្រប់ជ្រុងជ្រោយ​នោះទេ។

ក្រោយមកតាម​ចោ​ទថា អាជ្ញាធរជាតិអប្សរាបានធ្វើ​មិន​ដឹងមិនឮចំពោះ​អ្នក​សាង​សង់សំណង់​ក្នុងបរិវេណអង្គរនៅ​មុន​ការបោះឆ្នោតជាតិឆ្នាំ២០១៣ ដែលនាំឱ្យមានការរំលោភយកដីធ្លី និងការអភិវឌ្ឍកើនឡើងនៅក្នុងតំបន់រសើប នេះបើយោងតាមសេចក្តី​រាយការណ៍របស់កាសែត​ ខេមបូឌាដេលី។

លោក កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា មាន “គុណវិបត្តិជាច្រើន” សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរ ដែលលោកអះអាងថា រួមមានបង្គន់អនាម័យដែលសង់នៅជិតអណ្តូងស្នប់​ ផ្លូវដែលមានភក់ជ្រាំ​និងមិនអាចប្រើប្រាស់បាន កង្វះបណ្ណកម្មសិទ្ធដីធ្លី មិន​មាន​លទ្ធភាព​ក្នុងការជួសជុលផ្ទះ និង “បញ្ហាសុខភាពធ្ងន់ធ្ងរ​]” សម្រាប់អ្នក​រស់​នៅ​។

ផ្ទះមួយខ្នង​នៅឧទ្យានអង្គរ ថតកាល​ពី​ខែឧសភា ឆ្នាំ២០២១ ដែលត្រូវបានវាយកម្ទេចចោលនៅចុងឆ្នាំ២០២២។ (Engage Media/Jack Brook)
គ្រួសារមួយបរិភោគអាហារនៅក្នុងផ្ទះរបស់ពួកគេក្នុងតំបន់​ឧទ្យានអង្គរកាល​ពី​ខែឧសភា ឆ្នាំ២០២១ ដែលត្រូវបានវាយកម្ទេចចោលកាល​ពីចុងឆ្នាំ២០២២។ (Engage Media/Jack Brook)

លោក កុសល បន្ថែមថា រដ្ឋាភិបាលបានវិនិយោគលើកម្មវិធីជំនួយសង្គមដល់ប្រជាពលរដ្ឋដែលផ្លាស់ប្តូរទីលំនៅ ប៉ុន្តែ​លោកមិនបានបញ្ជាក់លម្អិតថា កម្មវិធីទាំងនោះមាន​អ្វីខ្លះ​នោះ​ទេ​។ ក្រៅពីទទួលបានអត្ថប្រយោជន៍បណ្ណ​ក្រីក្រ គ្រួសារខ្លះបានទទួលការបណ្តុះបណ្តាលកសិកម្ម និងការ​ចិញ្ចឹមសត្វ។ រដ្ឋាភិបាល​បាន​សន្យា​ផ្តល់​បណ្ណកម្មសិទ្ធិ​ដីធ្លី ប៉ុន្តែ​ការ​ទាមទារកាន់កាប់​​ត្រួតស៊ីគ្នា​បាន​នាំ​ឱ្យ​មានការ​ផ្លាស់​ទីលំនៅ​របស់​គ្រួសារ​ដែល​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទីលំនៅ​កន្លង​មក​នៅ​តំបន់​នោះ​។

នៅក្នុងសេចក្តី​រាយការណ៍ប្រព័ន្ធផ្សព្វផ្សាយខ្លះ​ ពលរដ្ឋដែលត្រូវ​បានបញ្ជូន​ទៅកាន់តំបន់​រុនតាឯកថ្មីនេះ បានពិពណ៌នាអំពីការផ្លាស់ទីលំនៅនេះ ក្នុងន័យវិជ្ជ​មាន ទោះបីជាហេដ្ឋារចនាសម្ព័ន្ធមិនពេញលេញក៏ដោយ។

ស្ត្រី​ម្នាក់​ដែល​ផ្លាស់​ទីលំនៅ​ទៅ​តំបន់​រុន​តា​ឯក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ចុង​ខែវិច្ឆិកា​​ថា៖​ «​ខ្ញុំ​មាន​សេរីភាព​នៅទីនេះ ខ្ញុំ​អាច​សាងសង់​អ្វី​ក៏​បាន​តាម​ដែល​យើង​ចង់​នៅ​ទីនេះ យើង​មិន​អាច​ធ្វើ​បែប​នេះ​នៅតំបន់​​អង្គរ​​ទេ​​។ ខ្ញុំ​សប្បាយ​ចិត្ត ហើយ​ក្រុម​មន្ត្រី​​បាន​ជួយ​ខ្ញុំ​ច្រើន» ស្របពេល​អ្នក​ស្រីពន្យល់ថា អ្នក​ស្រី​ខួង​អណ្តូង​ ដើម្បី​យក​ទឹក​សម្រាប់​ការ​ប្រើប្រាស់ផ្ទាល់ខ្លួន​ ពីព្រោះ​គ្មាន​ទឹកប្រើប្រាស់​​​នៅ​ពេល​អ្នក​ស្រី​​មក​ដល់នោះ​។

ស្ថានភាព​ភូមិ​ធម្មជាតិរុនតាឯកចាស់​មាន​ការ​អភិវឌ្ឍ​ខ្លាំង​ជាង​ទីតាំងផ្លាស់​ប្តូរ​ទីលំ​នៅ​​​ថ្មី​នៅ​រុនតាឯក​ ហើយ​មាន​បំណងប្រែ​ក្លាយ​ជា​តំបន់​ទេសចរណ៍។ ចម្រៀងមួយបទមានចំណងជើងថា «ភូមិធម្មជាតិរុនតាឯកក្នុងបេះដូងខ្ញុំ» ត្រូវបានលើកឡើង​ដោយ​អាជ្ញា​ធនៅ​ក្នុង​របាយការណ៍ឆ្នាំ២០១៨ ផ្ញើជូន​អង្គការយូណេស្កូ ដើម្បីជាភស្តុតាងនៃភាពជោគជ័យនៃការផ្លាស់ទីលំនៅ។ (ដូច​ទំនុកច្រៀងសរសេរថា កន្លែង​លំហែ ភូមិ​មួយ​ដែល​មាន​ជីវភាព​រស់​នៅ​ល្អ ដី​សម្រាប់​ធ្វើ​ស្រែ​ចម្ការ និង​មាន​សាលា​រៀន​នៅ​ជិត​ស្រុក​កំណើត​ក្រោម​ការ​ដឹក​នាំ​ដ៏​ល្អ)។

ទោះបីជា​យ៉ាងនេះក្តី គ្រួសារផ្សេងទៀតដែលត្រូវបានបញ្ជូនទៅភូមិធម្មជាតិ​ក្នុងការផ្លាស់ទីលំនៅកន្លងមក​ បាននិយាយទាំង​អស់សង្ឃឹមអំពីឱកាសសេដ្ឋកិច្ចដែលមានកម្រិតនៅទីនោះ ដែលធ្វើ​ឱ្យប្រជាពលរដ្ឋ​ជាច្រើនបោះបង់ចោលតំបន់នោះ។ គ្រួសារដែលត្រូវបានផ្លាស់ទីលំនៅពីមុនបានប្រាប់ខេមបូចា ថា ពួកគាត់​បានរង់ចាំជាងមួយទសវត្សរ៍ ដើម្បីទទួលបានប្លង់​រឹងដែលរដ្ឋាភិបាល​បានសន្យាផ្តល់​ឲ្យ​ពួកគាត់​។

លោកស្រី លុយ តីម៉ី អ្នក​ភូមិ​ធម្មជាតិ​រុនតាឯក​ចាស់​​បាន​និយាយ​ថា៖​ «​ក្នុង​កិច្ចសន្យា​បាន​ចែង​ថា ​ប្រសិនបើ​យើង​រស់នៅ​បាន​ប្រាំ​ឆ្នាំ​ គេ​នឹង​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ជូន​យើង ប៉ុន្តែ​វា​មាន​រយៈពេល​ដប់ពីរ​ឆ្នាំ​ហើយ​។ នេះគឺជាបញ្ហាសំខាន់»

បុរស​ម្នាក់​សប់​យក​ទឹក​នៅ​ផ្ទះ​របស់​គាត់​នៅ​ឃុំ​រុនតាឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។ (ខេមបូចា)

ផែនការអនាគតសម្រាប់ការបណ្តេញចេញពី​តំបន់​អង្គរ

នៅក្នុងរបាយការណ៍ឆ្នាំ២០២២របស់​ខ្លួន​ អាជ្ញាធរកម្ពុជាបានប្រាប់អង្គការយូណេស្កូថា នៅប៉ុន្មានឆ្នាំខាងមុខនេះ រដ្ឋាភិបាលនឹងធ្វើ​ការតាំងទីលំនៅថ្មីសម្រាប់ប្រជាពលរដ្ឋ​ច្រើន​​គ្រួសារទៀត​ដែលរស់នៅតំបន់​បារាយណ៍ខាងកើត និងបារាយណ៍នៃតំបន់​ប្រាសាទលលៃ ជាបឹងដែលបង្កើតឡើងដោយមនុស្សសម័យអង្គរ ដើម្បីស្ដារនិង​ប្រើប្រាស់ជាអាងស្តុកទឹក ដើម្បីដោះស្រាយកង្វះខាតទឹក​នៅខេត្តសៀមរាប។

ក្នុង​ករណី​ខ្លះ ការ​តាំង​​ទី​លំនៅថ្មី​សម្រាប់​​អ្នក​ដែល​ត្រូវ​បណ្ដេញ​ចេញ​ពី​តំបន់​​អង្គរបណ្តាល​ឲ្យ​ពលរដ្ឋដទៃទៀត​​ផ្លាស់​ប្តូរទីជម្រក​ផងដែរ​។ ការ​បែងចែក​ដី​នៅក្នុង​​ខែកញ្ញា ឆ្នាំ​២០២២ ដែល​បាន​ផ្សព្វផ្សាយ​ក្នុងសៀវភៅ​ព្រះរាជ​កិច្ច​​កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា បានបង្ហាញ​ថា លោក ហ៊ុន សែន បានធ្វើអនុប្រយោគជាដីឯករជនរបស់រដ្ឋនិងចុះបញ្ជីជូនអាជ្ញាធរជាតិអប្សរាផ្ទៃដី​ចំនួន៥១៤ហិកតា​ក្នុង​ភូមិ​ចំនួន​បី គឺ​ភូមិ​ខ្ទី​ង ពាក់ស្នែងចាស់ និងភូមិ​សណ្តាន់ ក្នុង​ឃុំ​ពាក់​ស្នែង​ ស្រុក​អង្គរធំ សម្រាប់​ការ​តាំង​ទីតាំង​ថ្មី។

ប្រជាពលរដ្ឋប្រមាណ២០០នាក់នៅភូមិពាក់​ស្នែងចាស់ បានតវ៉ាការបាត់បង់ដំណាំស្រូវរបស់ពួកគេដោយ​សារការតាំងទីលំនៅថ្មីមួយទៀត ដើម្បីយក​កន្លែង​ធ្វើលំនៅឋានឲ្យ​អ្នកភូមិមក​ពី​តំបន់​អង្គរ បន្ទាប់ពីអាជ្ញាធរបានចាប់ផ្តើមបោះបង្គោលកំណត់​ព្រំដីរបស់ពួកគាត់​កាលពីខែតុលា។ កាល​ពី​ខែ​កុម្ភៈ អ្នក​ភូមិ​ពាក់​​ស្នែង​ចាស់ បាន​យល់​ព្រម​ទទួល​យក​ដី​ទំហំ២០​គុណ​នឹង៣០​ម៉ែត្រ ជា​សំណង ទោះ​បី​ជា​ពួក​គាត់​​មិន​ប្រាកដ​ថា ​ដី​នោះ​នៅ​ទីណា​ក៏​ដោយ។

លោក ខ្នូ សុវណ្ណ ជាពលរដ្ឋនៅ​ភូមិពាក់ស្នែង​ចាស់​ដែល​បាត់​បង់​ដី​ស្រែ​ទំហំ១,៥ហិកតា ឬ១៥,០០០ម៉ែត្រការ៉េ ដែល​លោក​និយាយ​ថា ​គឺជា​ដី​ឪពុក​ម្តាយ​គាត់តាំង​ពី​​មុន​របប​ខ្មែរ​ក្រហម ប៉ុន្តែ​មិន​ត្រូវ​បាន​អាជ្ញាធរ​ផ្តល់​បណ្ណកម្មសិទ្ធិ​ទេ។ លោក​ត្រូវ​បាន​អាជ្ញាធរ​សន្យា​ថា ឲ្យ​ដី​ចំនួន៥ឡូតិ៍ដែល​មាន​ទំហំ​ប្រហែល៣ពាន់​ម៉ែត្រ​ការ៉េ ប៉ុន្តែ​លោក​និយាយ​ថា លោក​មិន​ទាន់​ដឹង​ថា ​ដីនោះ​​នៅ​ទីណា​ពិតប្រាកដ​នោះ​​ទេ។

លោក​បាន​និយាយថា៖ «ខ្ញុំ​មិន​ពេញ​ចិត្ត​ទេ យ៉ាង​ហោច​ណាស់​យើង​គួរបាន​​ដី​ពាក់​កណ្តាល​មក​វិញ។ ពួកគេ [អាជ្ញាធរ] ប្រាប់យើងថា ប្រសិនបើយើងបដិសេធមិនទទួលយក [សំណង] នោះយើងនឹងមិនទទួលបានអ្វីទាំងអស់។ យើង​ត្រូវ​បង្ខំ​ចិត្ត​ទទួល​យក»

លោក ខ្នូ សុវណ្ណ អាយុ ៥១ ឆ្នាំ បង្ហាញដីស្រែទំហំ ១,៥ ហិកតា នៅភូមិពាក់ស្នែងចាស់ ឃុំពាក់​ស្នែង​ ខេត្តសៀមរាបកាល​ពី​ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ដែលអាជ្ញាធរបានដកហូតពីគាត់ទៅប្រើប្រាស់សម្រាប់ការតាំងទីលំនៅថ្មីដែលកំពុងអភិវឌ្ឍសម្រាប់គ្រួសារដែលត្រូវបានបណ្តេញចេញពីខាងក្នុងឧទ្យានអង្គរ។ លោក សុវណ្ណ បានទទួលដីមួយកន្លែងតូចជាងនេះ​ជាសំណង​នៅទីតាំងមួយ​ដែលមិនបានបញ្ជាក់​ ប៉ុន្តែបាននិយាយថា លោកយល់ព្រមក្រោមការបង្ខិតបង្ខំប៉ុណ្ណោះ។ (ខេមបូចា)
កន្លែងតាំងទីលំនៅថ្មី​ពាក់ស្នែង ដែលមួយផ្នែកជាដី​ដែលដកហូតពីកសិករផ្សេងទៀត កំពុងរង់ចាំគ្រួសារដែលផ្លាស់ទីលំនៅពីឧទ្យានអង្គរដែល​​មាន​ទិដ្ឋភាព​បែបនេះកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២៣។ (ខេមបូចា)

ខណៈ​ដែល​ពលរដ្ឋ​រាប់​ពាន់​គ្រួសារផ្សេង​ទៀត​កំពុង​រង់ចាំ​ការ​តាំង​​ទីលំនៅ​ថ្មី​នោះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​អះអាង​​ថា ​គ្មាន​ផែនការ​ដើម្បី​អនុវត្ត​ សម្រាប់​អ្នក​ណា​ដែល​មិន​យល់ព្រម​​ស្ម័គ្រចិត្ត​ផ្លាស់​ទីលំនៅ​នោះ​ទេ។

លោក កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានមាន​ប្រសាសន៍កាលពីពាក់កណ្តាលខែកុម្ភៈថា៖ «យើងមិនទាន់មានវិធានការណាមួយទេនៅពេលនេះសម្រាប់អ្នកដែលមិនទាន់មានឆន្ទៈរើ​ចេញ​ ប៉ុន្តែយើងបានកំណត់អាទិភាព [ការផ្លាស់ប្តូរទៅកាន់ទីតាំងថ្មី] សម្រាប់ពួកគាត់​រួចហើយ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីដើមខែតុលាថា គ្រួសារ​ណាដែលមិនព្រមផ្លាស់ទីលំនៅ ឬព្យាយាមចរចាបន្ថែមទៀតនឹងត្រូវបណ្តេញចេញដោយគ្មានសំណង។

លោក ធី សុគន្ធា ជា​មគ្គុទ្ទេសក៍ទេសចរណ៍ដែលបច្ចុប្បន្នរស់នៅក្នុងសង្កាត់គោកចក ក្រុង​សៀមរាបក្នុងឧទ្យានអង្គរ ស្ថិតក្នុងចំណោមគ្រួសារដែលតវ៉ាប្រឆាំងនឹងការផ្លាស់ទីលំនៅ។ លោកនិយាយ​ថា អាជ្ញាធរ​បាន​ស្នើ​ឲ្យ​លោក​ផ្លាស់​ទីលំនៅ​ពីរដង​រួច​មក​ហើយ ប៉ុន្តែ​លោក​​បាន​បដិសេធ ដោយ​បារម្ភ​ថា​ ​ទីតាំង​ថ្មី​​នឹង​ធ្វើ​ឲ្យគុណភាព​ជីវិត​របស់​​លោក​​ធ្លាក់​ចុះ ហើយ​នៅឆ្ងាយ​​ពីកន្លែង​ធ្វើ​ការ​​នឹង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​លោក​ផងដែរ។

លោក​បាន​និយាយ​ថា៖​ «​យើង​ក្រីក្រ​ហើយ​នៅទីនោះ​គ្មាន​​អ្វី​​ទេ សូម្បី​តែ​បង្គន់​ក៏​គ្មាន​​ដែរ ដូច្នេះ​ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ទីក្រុង​វិញ។ ផ្លាស់​ប្តូរ​ទៅ​ទីតាំង​ថ្មី មាន​តែ​​ខ្ទម​សម្រាប់​រស់នៅប៉ុណ្ណោះ​ ហើយ​វា​នឹង​ធ្វើ​ឱ្យ​យើង​កាន់តែ​ក្រទៅ​»

ប៉ុន្តែលោក សុគន្ធា ជឿថា នៅទីបំផុត លោក​នឹងត្រូវបង្ខំឱ្យរើចេញដូចមនុស្សរាប់ពាន់នាក់ផ្សេងទៀតដែរ។

លោក សុគន្ធា​ និយាយថា៖ «​ដោយ​សារ​ខ្ញុំ​គ្មាន​ជម្រើស ទីបំផុត​ខ្ញុំ​ប្រហែល​ជា​ត្រូវ​សម្រេច​ចិត្ត​ថា ​ត្រូវ​ទៅ​រុនតា​ឯកឬ​ពាក់ស្នែង»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ “No Choice”: Forced Angkor Evictions Portrayed as Voluntary to UNESCO

847 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម