សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មួយសប្តាហ៍ក្រោយលិចទូកនៅខេត្តព្រះសីហនុ ជនជាតិចិន៨នាក់នៅតែរកមិនទាន់ឃើញ

ក្រុមអាជ្ញាធរកំពុងបញ្ជូនក្រុមជនជាតិចិន ដែលសង្រ្គាះបាន ទៅទីសុវត្ថិភាព ខេត្តព្រះសីហនុ។ រូបថតនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
ក្រុមអាជ្ញាធរកំពុងបញ្ជូនក្រុមជនជាតិចិន ដែលសង្រ្គាះបាន ទៅទីសុវត្ថិភាព ខេត្តព្រះសីហនុ។ រូបថតនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ

អាជ្ញាធរ​កម្ពុជា​បាន​សាកសួរ​ជនជាតិ​ចិន​ចំនួន២១នាក់​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ រួចក៏បាន​បញ្ជូន​ពួកគេ​ទៅឱ្យ​ស្ថានទូត​ចិន​ ដែលពួកគេទាំងនេះស្ថិតក្នុងចំណោម​ជនជាតិ​ចិន​ចំនួន ៤១ នាក់​ដែលបានជិះលើទូកមួយគ្រឿងហើយលិច​នៅ​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​កាលពី​​សប្តាហ៍​មុន​។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា៖ «យើងនៅតែស្វែង​រកមនុស្ស ៨ នាក់ដែលបាត់ខ្លួននោះ ខណៈ​មនុស្ស៩នាក់ត្រូវបានរកឃើញដោយអាជ្ញាធរ​វៀតណាម​តាំង​ពីសប្តាហ៍មុនមកម្ល៉េះ»

លោក​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​សាកសព​ជនជាតិ​ចិន​បី​នាក់ដែលក្នុងនោះមាន​ស្រ្តីម្នាក់​និង​បុរស​ពីរ​នាក់​ត្រូវ​បាន​រក​ឃើញ​​។ អ្នក​ដែល​ត្រូវ​បាន​សង្គ្រោះ​មួយ​ចំនួន​បាន​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត។

លោក ភារម្យ បានថ្លែងបន្តថា រដ្ឋាភិបាលចិននឹងជួយសម្រួលក្នុងការនាំយកជនជាតិចិនទាំង ៩នាក់ ដែលអាជ្ញាធរវៀតណាមជួយ សង្គ្រោះ​មករាជធានីភ្នំពេញ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា កាលពីថ្ងៃអង្គារ អង្គភាពប្រឆាំងបទល្មើសដែនសមុទ្រ​នៃកងទ័ពជើងទឹកកម្ពុជា​បានបញ្ជូនជនជាតិចិនទាំង ២១នាក់ ដែលត្រូវបានអាជ្ញាធរកម្ពុជា ជួយសង្គ្រោះទៅឱ្យមន្ត្រីស្ថានទូតចិន នៅរាជធានីភ្នំពេញ។ លោក​បាន​បង្វែរ​សំណួរបន្ថែម​របស់អ្នកសារព័ត៌មាន​​ជុំវិញជនជាតិចិនមួយក្រុមនោះទៅ​ស្ថានទូតចិនវិញ ប៉ុន្តែស្ថានទូត​មិនទាន់បានឆ្លើយតបអ៊ីម៉ែលដែលអ្នកសារព័ត៌មានបានសួរនៅឡើយទេ។​

កាល​ពី​សប្តាហ៍​មុនអាជ្ញាធរ​បាន​ឃាត់​ខ្លួននិង​សាកសួរ​ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ដែល​នៅ​លើ​ទូក​មួយ​ទៀត​នៅ​ក្បែរ​កោះ​តាង ដែល​ទូក​ដឹក​ជនជាតិ​ចិន​ទាំង ៤១នាក់​នោះ​បាន​លិច។

ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន បានឱ្យដឹងនៅសប្តាហ៍នេះថា ពលរដ្ឋ​ខ្មែរទាំងពីររូបនោះបានប្រាប់អាជ្ញាធរថា ពួកគេមកជួយអ្នកនៅលើទូកដែលលិច ប៉ុន្តែលោក​មិនបានបញ្ជាក់លម្អិតនោះទេ។

ប៉ុន្តែ​លោក ណារិន ធ្លាប់បានប្រាប់បណ្តាញសារព័ត៌មាន Fresh News ដែលស្និទ្ធនឹង​រដ្ឋាភិបាលថា ជនជាតិចិនម្នាក់បាននិយាយថាពួកគេធ្វើដំណើរតាមទូកល្បឿនលឿន​ចេញពី​កំពង់ផែមួយក្នុងខេត្តក្វាងទុងកាលពីថ្ងៃទី១១​ ខែកញ្ញា ហើយក្រោយមកបានផ្ទេរទៅ​ទូកមួយ​ទៀតនៅដែនទឹកអន្តរជាតិដែលលើទូកនោះមានក្រុមនាវិកខ្មែរពីរនាក់។ ​​ទូក​នោះ​បាន​ខូច​ហើយ​​ក្រោយ​មក​បាន​លិច​នៅ​ឆ្នេរ​ប្រទេស​កម្ពុជា។ ទូក​មួយគ្រឿង​ទៀត​បានមក​យក​ជនជាតិ​ខ្មែរ​ទាំង​ពីរ​នាក់​នោះ​ ដោយ​ទុក​ជនជាតិ​ចិនចោលខណៈដែលទូក​របស់​ពួកគេ​លិច។

ក្រុមជនជាតិចិនស្រីប្រុសកំពុងឈរតម្រង់ជួរនៅលើផែ ខេត្តព្រះសីហនុ។ រូបថតថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ

លោក CHENGUI SHENG ជនរងគ្រោះម្នាក់ដែលត្រូវបានជួយចេញពីសមុទ្រ​ក្នុង​ហេតុការណ៍​លិចទូកនោះ បានប្រាប់សមត្ថកិច្ចថាពួកគេមកពីខេត្តហ្វូចៀន ប្រទេសចិន។​

ស្នងការនគរបាលខេត្តមិនឆ្លើយសំណួរពីមូលហេតុដែលជនជាតិចិនទាំង ៤១នាក់នេះ​ធ្វើដំណើរមកកម្ពុជាទេ ដោយលោកបង្វែរឱ្យអ្នកយកព័ត៌មានទៅសួរលោក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹកនៃក្រសួងមហាផ្ទៃវិញ។

លោក​ ពលៈ បានបដិសេធធ្វើអត្ថាធិប្បាយបន្ថែម។ ដោយឡែកអ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមឃឿន ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដែរ ដោយ​លើក​ឡើង​ថាអាជ្ញាធរកំពុងស៊ើបអង្កេត។​

លោកស្រី ជៀប សុធារី អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំខេត្ត​ព្រះសីហនុ បាន​ថ្លែង​ថា ករណី​​លិចទូក​នេះ ទំនង​ជា​ពាក់ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​ឆ្លង​កាត់​ព្រំដែន​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់។

លោកស្រីបានលើកឡើងថា៖ «យើងទាំងអស់គ្នាគិតថា បើពួកគេមកស្របច្បាប់ ពួកគេមិន​ចាំបាច់ជិះទូកទេ។ បើ​មក​ស្រប​ច្បាប់​ត្រូវ​ឆ្លង​ព្រំដែន​កម្ពុជា ហេតុ​អ្វី​ត្រូវ​ផ្ទេរ​ពី​កប៉ាល់​ចិន​មក​ទូក​ខ្មែរ? ម៉េច​ក៏​មិន​មាន​ទំនាក់​ទំនង​គ្នា ព្រោះ​បើ​គ្មាន​ការ​ទាក់​ទង​ទេ ខ្មែរ​ទាំង​ពីរ​មិន​អាច​យក​ជនជាតិ​ចិន​ទាំង​៤១​នាក់​ដោយ​ខ្លួន​ឯង​បាន​ទេ»

អ្នកជំនាញនៅការិយាល័យប្រចាំតំបន់របស់អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មបាននិយាយកាលពីសប្តាហ៍មុនថា ការជួញដូរ និងការរត់ពន្ធជនចំណាកស្រុក​កើតឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពីតំបន់ទៅកាន់ផ្នែកផ្សេងទៀតនៃពិភពលោក ហើយ​ក្រុមឧក្រិដ្ឋកម្មដែលមានរចនាសម្ព័ន្ធ អ្នកជួញដូរ និងអ្នករត់ពន្ធ ជួយសម្រួលដល់ឧក្រិដ្ឋកម្ម​ទាំងនេះ។

អ្នកជំនាញរូបនេះបាននិយាយថា ការរត់ពន្ធជនចំណាកស្រុក និងការជួញដូរមនុស្ស​ចូលមក​ខេត្តព្រះសីហនុ «មិនមែនជារឿងថ្មីទេ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ One Week After Boat Sank Off Sihanoukville 8 Chinese Remain Missing

262 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម