ជនសង្ស័យជនជាតិចិនចំនួន៣នាក់ត្រូវបានបញ្ជូនទៅសាកសួរនៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធបទល្មើសចាប់បង្ខាំងបុរសជនជាតិចិនម្នាក់ ដោយធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ដែលប្រព្រឹត្តនៅក្នុងក្រុងព្រះសីហនុ។
ជនសង្ស័យទាំង៣នាក់ខាងលើនេះ ត្រូវកម្លាំងនគរបាលជំនាញឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្នុងអំឡុងពេលចុះប្រតិបត្តិការឆ្មក់ចូលត្រួតពិនិត្យនៅក្នុងអគារខុនដូរ មួយកន្លែងឈ្មោះ LZ SEAVIEW RESIDDENCE មានទីតាំងស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ហើយបានបញ្ជូនពួកគេទៅកាន់សាលាដំបូងខេត្តព្រះសីហនុកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។
លោក ធុច បញ្ចសន្តិភាព អ្នកនាំពាក្យអមអយ្យការនៃសាលាដំបូងខេត្តព្រះសីហនុ បានថ្លែងថា ជនសង្ស័យជនជាតិទាំងបីនាក់កំពុងស្ថិតក្នុងការសាកសួរនៅតុលាការ ហើយតុលាការមិនសម្រេចចោទ រឺយ៉ាងណានៅឡើយទេ។ លោក បញ្ចសន្តិភាពមិនបានបកស្រាយលម្អិតទេពាក់ព័ន្ធនឹងករណីខាងនេះ។
លោក យី ជូន ស្នងការរងខេត្តព្រះសីហនុ ទទួលផែនអន្តោប្រវេសន៍ មានប្រសាសន៍ថា នៅថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣ កម្លាំងជំនាញបានបញ្ជូនសំណុំរឿងជនសង្ស័យជនជាតិចិនទាំង៣នាក់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ដែលពាក់ព័ន្ធនឹងបទល្មើសចាប់បង្ខាំងមនុស្សខុសច្បាប់ កាន់កាប់រក្សាទុកអាវុធខុសច្បាប់ និងប្រើប្រាស់គ្រឿងញៀន។
លោកស្នងការរងបន្តថា ចំពោះបុរសរងគ្រោះជនជាតិចិនម្នាក់ដែលត្រូវជនល្មើសចាប់បង្ខាំង ហើយត្រូវកម្លាំងសមត្ថកិច្ចជួយសង្គ្រោះដោយសុវត្ថិភាព។
ទាក់ទិនបញ្ហានេះ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យផ្តល់ព័ត៌មានដល់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ថា កម្លាំងនគរបាលជំនាញពិតជាបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៣នាក់ ពាក់ពន្ធ័បទល្មើសចាប់បង្ខាំងជនជាតិចិនដូចគ្នា ដើម្បីជំរិតទារប្រាក់ពិតប្រាកដមែន។
លោក ណារិន្ទ បន្តថា ប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូត អាវុធខ្លី គ្រាប់កាំភ្លើង ថ្នាំញៀន ព្រមទាំងវត្ថុតាងមួយចំនួនទៀត។ ហើយក្នុងយុទ្ធនាការកខាងលើនេះ កម្លាំងនគរបាល ក៏បានរំដោះជនរងគ្រោះ ជនជាតិចិនម្នាក់ដែលត្រូវបានជនល្មើសចាប់បង្ខាំងទុកក្នុងអគារខុនដូរ ដើម្បីចាប់ជំរិត។
លោកស្នងការបានថ្លែងថា ចំពោះប្រតិបត្តិការបង្ក្រាបបទល្មើសចាប់ជំរិតនេះ គឺធ្វើឡើងនៅរសៀថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីមានបណ្តឹងតាមរយៈទំព័រហ្វេសប៊ុកផេក របស់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់បញ្ជាឱ្យសមត្ថកិច្ចជួយស្វែងរកជនជាតិចិន ចំនួន១នាក់ឈ្មោះ HU RONG ភេទប្រុស អាយុ៣២ឆ្នាំ ដែលបាត់ខ្លួននៅក្នុងខេត្តព្រះសីហនុ។
លោក ណារិន្ទ លើកឡើងទៀតថា តាមរយៈការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងចម្រុះ បានចុះស្រាវជ្រាវពីទីតាំងមួយទៅទីតាំងមួយផ្សេងៗ ក្នុងក្រុងព្រះសីហនុ និងចុងក្រោយ បានចុះទៅដល់ខុនដូរឈ្មោះ LZ SEAVIEW RESIDDENCE ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ហើយបានរកឃើញជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសបង្ខាំងមនុស្សចំនួន៣នាក់ មានឈ្មោះ HEI LONGJIANG ភេទប្រុស ជនជាតិចិន អាយុ៣៨ឆ្នាំ ZHOU LAI ភេទប្រុស ជនជាតិចិន អាយុ២៨ឆ្នាំ WANG JIANPING ភេទប្រុស ជនជាតិចិន អាយុ២៣ឆ្នាំ។
លោកស្នងការបានបន្ថែមថា សមត្ថកិច្ចក៏បានដកហូតសម្ភារៈមួយចំនួន រួមមាន៖ រថយន្តបីគ្រឿង រថយន្ត AUDI ពណ៌ ខ្មៅ ស្លាកលេខ 2AD8796 (១គ្រឿង) ម្ចាស់ឈ្មោះ ZHOU LAI រថយន្ត RANDROVER ពណ៌ ខ្មៅ ស្លាកលេខ កម្ពុជា CAR.LIF7 (១គ្រឿង) ម្ចាស់ឈ្មោះ WANG JIAN PING រថយន្ត RANDROVER ពណ៌ ខ្មៅ ស្លាកលេខ ភ្នំពេញ 2AW-5665 (១គ្រឿង) ម្ចាស់ឈ្មោះ HEILONG JIANG។ អាវុធ ខ្លី GLOCK 19 GEN 4 ១០គ្រាប់(មួយដើម) របស់ឈ្មោះ WANG JIAN PING និងអាវុធ GLOCK 17 ខ្លី ប្រើហ្គាស (មួយដើម) របស់ឈ្មោះ WANG JIAN PING និងសម្ភារៈមួយចំនួនទៀត ព្រមទាំងគ្រឿងញៀនមួយចំនួនផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តព្រះសីហនុ បង្ហាញការព្រួយបារម្ភ ចំពោះបទល្មើសចាប់បង្ខាំងធ្វើទារុណកម្មមនុស្សជំរិតទារប្រាក់ ដែលបង្កឡើងដោយជនជាតិចិន នៅក្នុងមូលដ្ឋានក្រុងព្រះសីហនុ ជាបន្តបន្ទាប់។ ទោះបីបទល្មើសទាំងនេះ សមត្ថកិច្ចជំនាញបានចុះបង្ក្រាប និងចាប់ខ្លួនជនសង្ស័យជនជាតិចិន ជាច្រើននាក់បញ្ជូនទៅកាន់តុលាការ ជាច្រើនករណីបែបណាក្តី ក៏បទល្មើសទាំងនេះ បានបន្តកើតមានដដែល។
លោកស្រីបន្តថា ចំពោះបទល្មើសចាប់បង្ខាំងមនុស្សធ្វើទារុណកម្មជំរិតទារប្រាក់នេះ បើកាលណាកើតមានកាន់តែច្រើន គឺវានាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសកម្ពុជាធ្ងន់ធ្ងរផងដែរ។ លោកស្រីបានកត់សម្គាល់ថា កាលពីចុងឆ្នាំ២០២២ គឺឃើញមានកម្លាំងនគរបាលជំនាញពីក្រសួងមហាផ្ទៃ បានចុះសហការជាមួយកម្លាំងចម្រុះនៃខេត្តព្រះសីហនុ បើកយុទ្ធនាការចុះបង្ក្រាបបទល្មើសបង្ខាំងមនុស្សខុសច្បាប់ ជួញដូរមនុស្ស គ្រឿងញៀន លាងលុយកខ្វក់ និងជួញដូរអាវុធជាដើម ដោយបានឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ បញ្ជូនទៅកាន់តុលាការផ្តន្ទាទោស។ ប៉ុន្តែជាក់ស្តែងបទល្មើសទាំងនេះ នៅតែបន្តកើតមានជាហូរហែរ នៅក្នុងទីប្រជុំជនក្រុងព្រះសីហនុ។
លោកស្រី សុធារី បន្ថែមថា លោកស្រីសំណូមពរដល់ស្ថាប័នអនុវត្តច្បាប់ ស្នើឱ្យមានការពង្រឹងការផ្តន្ទាទោសជនប្រព្រឹត្តបទល្មើសទាំងអស់ឱ្យបានធ្ងន់ធ្ងរ ដើម្បីឱ្យជនល្មើសទាំងនោះរាងចាល។
ចំណែក លោក ស្រេង វ៉ាន់លី អ្នកសម្របសម្រួលអង្គការ លីកាដូ ប្រចាំខេត្តព្រះសីហនុ ក៏បានលើកឡើងពីការព្រួយបារម្ភ ចំពោះបទល្មើសចាប់បង្ខាំងមនុស្សធ្វើទារុណកម្មជំរិតទារប្រាក់នេះដែរ។ ព្រោះ វាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍នៃការរស់នៅរបស់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុផង ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលគ្រោងចូលមកទស្សនាខេត្តព្រះសីហនុ ហើយពួកគាត់ទទួលបានព័ត៌មានពីករណីកើតមានបទល្មើសចាប់បង្ខាំងមនុស្សទាំងនេះ ដែលនាំឱ្យពួកគាត់ភិតភ័យ ឬព្រួយបារម្ភចំពោះសុវត្ថិភាពផ្ទាល់ខ្លួន។
ត្រង់ចំណុចនេះ អ្នកឃ្លាំមើលសង្គមរូបនេះ បានស្នើដល់សមត្ថកិច្ច សូមបន្តមានវិធានការចុះបង្ក្រាបបទល្មើសទាំងនេះ ឱ្យបានច្រើនថែមទៀត ជាពិសេសគួរធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយជាសាធារណៈជូនដល់ប្រជាពលរដ្ឋ ជាពិសេសជនបរទេស ដែលចូលមកទស្សនា ឬធ្វើការនៅខេត្តព្រះសីហនុ រួមមានមានជនជាតិចិនជាដើម ដើម្បីកុំឱ្យពួកគាត់ ចាញ់បោកការឃោសនា ឬចាញ់បោកក្រុមជនល្មើសចាប់ជំរិតទាំងនោះទៀតនាថ្ងៃខាងមុខ៕