ទូកឈើមួយគ្រឿងផ្ទុកជនជាតិចិនស្រីប្រុសចំនួន៤១នាក់ឆ្លងដែនចូលមកកម្ពុជា ត្រូវបានលិចកណ្ដាលសមុទ្រ នៅចន្លោះពយសារឿង និងកោះតាង ក្នុងខេត្តព្រះសីហនុបណ្ដាលឱ្យមនុស្សមួយនាក់ស្លាប់និងបាត់ខ្លួន២១នាក់ ព្រមទាំងជួយសង្គ្រោះបាន១៩នាក់ ដោយគិតត្រឹមម៉ោង៤រសៀល ថ្ងៃទី២២ ខែកញ្ញា ២០២២។ យោងតាមមន្ត្រីអ្នកនាំខេត្តព្រះសីហនុ លោក ឃាង ភារម្យ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុសរសេរលើហ្វេសប៊ុកផ្លូវការរបស់ថា «គិតត្រឹមម៉ោង[ប្រហែលម៉ោង៤រសៀក]នេះ ជនរងគ្រោះដោយសារលិចទូកនៅចំណុចនិយាមកា១០.២៥N ១០៣.១៦Eនៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ចំនួនសរុប៤១នាក់ ជួយសង្គ្រោះបាន២០នាក់ (ស្លាប់០១នាក់) និងបាត់ខ្លួន២១នាក់ ដោយសមត្ថកិច្ច និងក្រុមជួយសង្រ្គោះកំពុងបន្តស្វែងរក»។
លោក ភារម្យ បន្ថែមថា ចំពោះអ្នកដែលនៅរស់យកមកប្រគល់ឱ្យអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង ដោយឡែកសាកសពអណ្ដែតទឹក យកទៅទីបញ្ជាការអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ដើម្បីប្រគល់បន្តទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុធ្វើកោសល្យវិច័យ។
បើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងប្រាប់ខេមបូចា នាររសៀលថ្ងៃ នេះ ថា មានករណីលិចទូកចំនួន ០១គ្រឿង កាលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។
លោក ឌីម៉ង់ បញ្ជាក់ថា អាជ្ញាធរមិនទាន់អាចបញ្ជាក់បានថា ជនជាតិចិនទាំងនោះ ឆ្លងដែនមកកម្ពុជាដោយស្របច្បាប់ ឬខុសច្បាប់ទេ ត្បិតថាកំពុងសាកសួរជនជាតិចិនទាំងនោះមកកម្ពុជាក្នុងគោលបំណងអ្វី មកដោយស្របច្បាប់ ឬក៏ខុសច្បាប់។
លោកថ្លែងថា៖ «ទន្ទឹមនឹងការជួយសង្រ្គោះជីវិតមនុស្ស យើងក៏ស្វែងរកអំពីគោលបំណងនៃការឆ្លងដែនមកកម្ពុជា ថាតើស្របច្បាប់ ឬមិនស្របច្បាប់។ ថាតើទូកមួយដែលមានគ្នា២នាក់ហ្នឹង មានការពាក់ព័ន្ធនឹងការនាំ[មនុស្ស] ឆ្លងដែនខុសច្បាប់ ឬមិនខុសច្បាប់»។
នៅពេលអ្នកសារព័ត៌មានសាកសួរ ក្នុងករណីជនជាតិចិនទាំងនោះឆ្លងដែនមកកម្ពុជាដោយខុសច្បាប់ នឹងមានទោសទណ្ឌបែបណានោះ? លោកឌីម៉ង់ មិនទាន់បង្ហើបពីនីតិវីធីយ៉ាងណាទេ ដោយលោកបញ្ជាក់ថាទោះបីជាអ្នកទាំងនោះខុសច្បាប់ ឬស្របច្បាប់ អាជ្ញាធរផ្ដោតលើការជួយសង្រ្គោះមនុស្សជាមុនសិន ហើយបន្ទាប់ពីស្វែងរកអ្នកដែលបាត់ខ្លួនឃើញ អាជ្ញាធរនឹងបញ្ជាក់ពីនីតិវិធីច្បាប់តាមក្រោយ។
លោកថ្លែងយ៉ាងដូច្នេះថា៖ «រឿងនីតិវិធីចាំគិតតាមក្រោយ បច្ចុប្បន្ននេះយើងត្រូវការជួយសង្រ្គោះជីវិតមនុស្សសិន ទោះជាយ៉ាងម៉េចក៏ដោយចាំយើងគិត[និតិវិធីច្បាប់]តាមក្រោយ»។
លោកឌីម៉ង់ ចាត់ទុកថា ជារឿងមិនសមទំនង នៅពេលដែលជនជាតិចិនទាំងនោះកំពុងមានគ្រោះថ្នាក់ ហើយអ្នកសារព័ត៌មានសាកសួរ ថាតើជនជាតិចិនទាំងនោះ នឹងមានទោសទណ្ឌបែបណា។
លោក ឌីម៉ង់ បន្ថែមថា៖ «ក្នុងន័យមនុស្សធម៌ យើងអត់អាចទៅចាត់វិធានការអីភ្លាមៗ វាហាក់ដូចជាលឿនពេក គ្នា[ជនជាតិចិន]កំពុងតែមានទុក្ខយើងបែរជាចាប់ផ្ដន្ទាទោសភ្លាម ខ្ញុំគិតថាយើងជួយសង្រ្គោះជីវិតមនុស្សសិន»។
ខេមបូចា មិនអាចសុំការបកស្រាយពី លោក ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ និងលោក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្ររាម បានទេនៅរសៀលថ្ងៃសុក្រនេះ។
តាមរយៈសារព័ត៌មានក្នុងស្រុក បានចុះផ្សាយថា ទូកដែលដឹកជនជាតិចិនទាំង៤១នាក់ បានធ្វើដំណើរចេញពីប្រទេសចិន (កំពង់ផែក្វាងចូវ) តាមកប៉ាល់លឿនមួយគ្រឿងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ រួចបានប្ដូរមកទូកឈើមួយគ្រឿង នៅអំឡុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅសមុទ្រអន្តរជាតិជាមួយតៃកុងទូកជនជាតិខ្មែរ ០២នាក់ និងបានបន្តនៅលើទូកឈើ រហូតដល់ថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២២ ទើបទូកឈើនោះខូចក៏ចាប់ផ្តើមលិច។
ជុំវិញករណីនេះ លោកឌីម៉ង់ បញ្ជាក់ថា អាជ្ញាធរបានឃាត់ខ្លួនបុរសជនជាតិខ្មែរ២នាក់ ដែលជាអ្នកបើកបរទូកមួយផ្សេងទៀត ដើម្បីឱ្យដឹងថាពួកគេជាអ្នកនាំជនជាតិចិនឆ្លងដែនមកកម្ពុជា ដោយខុសច្បាប់ឬក៏យ៉ាងណា។
លោក ឌីម៉ង់ បានបន្ថែមទៀតថា៖ «ជាមួយគ្នានេះកម្លាំងអង្គភាពបានធ្វើការឃាត់ទូកចំនួន ០១គ្រឿងផ្សេងទៀត មានមនុស្សចំនួន០២នាក់ជាជនជាតិខ្មែរ ដោយបានប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សួរនាំតាមនីតិវិធី ដោយឡែកទូករក្សាទុកនៅអង្គភាព»។
លោកអំ សំអាត នាយកចាត់ការទូទៅនៃអង្គការលីការដូ ចាត់ទុកថា ក្រុមជនជាតិចិនទាំងនោះ លួចឆ្លងដែនមកកម្ពុជាដោយខុសច្បាប់ ហើយដោយសារតែមន្រ្តីអនុវត្តន៍ច្បាប់មានភាពធូររលុង និងពុករលួយ ទើបជនជាតិចិនទាំងនោះអាចឆ្លងដែនមកកម្ពុជាបានទាំងផ្លូវទឹក និងផ្លូវគោក។
លោក សំអាត ថ្លែងថា៖ «កន្លងមក យើងឃើញវិធានការរបស់អាជ្ញាធរ មានភាពធូររលុងក្នុងការអនុវត្តន៍ផ្លូវច្បាប់ ព្រោះការចូលមកដោយខុសច្បាប់នេះមិនមែនចេះតែចូលបានដោយងាយៗទេ ពីព្រោះតាមព្រំដែនគោក ព្រំដែនទឹក យើងមានកងការពារគ្រប់ច្រក ប៉ុន្តែហេតុអ្វីពួកហ្នឹងអាចចូលមកកម្ពុជាដោយខុសច្បាប់?»។
លោកសំអាត សម្ដែងការបារម្ភអំពីលំហូរចូលនៃជនជាតិចិន ដោយសារតែកន្លងមក ក្នុងខេត្តព្រះសីហនុ និងបណ្ដាខេត្តមួយចំនួនទៀត បានក្លាយទៅជាទីតាំងបង្ខាំងមនុស្សសម្រាប់ការជួញដូរ ទីតាំងល្បែងអនឡាញ ទីតាំងផលិតគ្រឿងញៀន ដែលបង្កអសន្តិសុខ សណ្ដាប់ធ្នាប់ដល់កម្ពុជា។
លោកថ្លែងយ៉ាងដូច្នេះថា៖ «វាជារឿងមួយគួរឱ្យព្រួយបារម្ភ មិនមែនតែអង្គការសង្គមស៊ីវិលទេ សូម្បីតែអង្គការអន្តរជាតិក៏មានការព្រួយបារម្ភដែរ អំពីបញ្ហាជួយដូរមនុស្សនៅកម្ពុជា»។
លោកសំអាត រំពឹងថា អាជ្ញាធរដែលពាក់ព័ន្ធ នឹងអនុវត្តច្បាប់អន្តោប្រវេសន៍ដែលមានស្រាប់ឱ្យបានតឹងរឹង និងបំបាត់អំពើពុករលួយទៅលើមន្រ្តីមួយចំនួន ដែលឃុបឃិត អនុញ្ញាតឱ្យជនជាតិចិនឆ្លងដែនមកកម្ពុជាដោយខុសច្បាប់ ហើយគប្បីសហការជាមួយអាជ្ញាធរប្រទេសជិតខាង ដើម្បីទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ និងការជួយដូរមនុស្សដោយខុសច្បាប់នៅកម្ពុជា៕