អ្នកជំនាញខាងផែនទីនៅលើ Google Maps របស់កម្មវិធី Local Guides បានឱ្យដឹងថា ពួកលោកបានរាយការណ៍ទៅក្រុមហ៊ុន Google ពីការបំពានគោលការណ៍ក្នុងការកែប្រែទីតាំងនៅលើ Google maps ទាក់ទងនឹងទីសក្ការៈ ទីក្រុង និងទីប្រជុំជននៅតាមព្រំដែនមួយចំនួនរបស់កម្ពុជា។
ក្រុមហ៊ុន Google បានឱ្យដឹងថា ខ្លួនបានលុបទីតាំងទាំងនោះចេញខ្លះ បន្ទាប់ពីមានការផ្ទុះភាពតានតឹងរវាងកម្ពុជា និងថៃ កាលពីខែឧសភា ប៉ុន្តែថានៅមានច្រើនជាងពាក់កណ្ដាលទៀតនៅមិនទាន់បានលុបចេញនៅឡើយ។ នេះបើតាមការបញ្ជាក់របស់ក្រុមអ្នកធ្វើរបាយការណ៍ដែលមានមូលដ្ឋាននៅកម្ពុជា។
របាយការណ៍ដែលមានកម្រាស២៧ទំព័រ និងបានចេញផ្សាយកាលពីថ្ងៃសៅរ៍ កន្លងទៅ បានឲ្យដឹងថា ខ្លួនបានកត់ត្រាការរំលោភបំពានគោលការណ៍ចំនួន៥៦៨ដងនៅក្នុងខេត្តចំនួន១៨ គិតតាំងពីមានភាពតានតឹងរវាងកម្ពុជា-ថៃកាលីខែឧសភា និងបណ្ដាលឲ្យមានការប៉ះទង្គិចប្រដាប់អាវុធរយៈពេលប្រាំថ្ងៃ ហើយភាពតានតឹងនៅតែបន្តមានទោះបីជាមានបទឈប់បាញ់ហើយក្ដី។
ការរំលោភបំពានគោលការណ៍នេះរួមមានការដាក់ទីតាំងក្លែងក្លាយ ការបៀតបៀនលើបុគ្គលសាធារណៈ ព័ត៌មានមិនពិតពីដែនអធិបតេយ្យភាព ការវាយប្រហារលើទីតាំងវប្បធម៌ និងការបំភាន់ផ្នែកអាជីវកម្មជាដើម។
ក្រុមអ្នកស្រាវជ្រាវលើកឡើងថា ការកែប្រែព័ត៌មាននៅលើ Google maps គឺកើតចេញពីគណនីដែលមិនគួរឲ្យទុកចិត្តបាន និងមានសរសេរជាអក្សរថៃ។ ក្រោយការពិនិត្យតាមដានអស់រយៈពេល៥១ថ្ងៃ ក្រុមអ្នកស្រាវជ្រាវសន្និដ្ឋានថា សកម្មភាពកែប្រែព័ត៌មានទាំងនេះទំនងជាមានការរៀបចំជាយុទ្ធនាការមួយច្បាស់លាស់។
អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Jac Cheok បានឲ្យដឹងតាមរយៈអ៊ីម៉ែលថា ក្រុមហ៊ុនបានលុបចោលនូវការកែប្រែក្លែងបន្លំទាំងនោះ ប៉ុន្តែមិនបានផ្ដល់តួលេខនោះទេ។ បើតាមមន្ត្រីរបស់ Google ដដែល ក្រុមហ៊ុនបានដាក់ចេញវិធានការទប់ស្កាត់ និងនៅបន្តតាមដានស្ថានភាពនេះ។
គោលការណ៍របស់ Google Maps ដើម្បីរក្សានូវព័ត៌មានត្រឹមត្រូវ ក្រុមហ៊ុនបានប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រដើម្បីត្រួតពិនិត្យ ការរាយការណ៍ពីអ្នកប្រើប្រាស់ ការបញ្ជាក់ខាងអាជីវកម្ម និងការត្រួតពិនិត្យដោយបុគ្គលិកផ្ទាល់ ដើម្បីលុបចោលព័ត៌មានក្លែងក្លាយ និងមាតិកាគ្រោះថ្នាក់នានា។
បើតាម Local Guides គិតត្រឹមថ្ងៃទី៦ ខែកញ្ញា ៦០% (៣៤១) នៃព័ត៌មានទីតាំងក្លែងក្លាយសរុប៥៦៨នៅបន្តដំណើរការនៅឡើយ ហើយ២២៧ទីតាំងត្រូវបានលុបចោល។
របាយការណ៍លើកឡើងថាខេត្តជាប់ព្រំដែន ជាពិសេសខេត្តកោះកុង និងតំបន់មានជម្លោះក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ គឺជាតំបន់គោលដៅដែលមានទាំងការបៀតបៀន និងការប្រើឈ្មោះទីតាំងបែបប្រមាថមើលងាយ។
លោក ង៉ែត ម៉ូសេ អ្នកប្រឹក្សាផ្នែកសន្តិសុខឌីជីថល មានប្រសាសន៍ថា បញ្ហានេះមានការយកចិត្តទុកដាក់តិចតួចពីអាជ្ញាធរ ឬសាធារណជន ព្រោះថាការកែប្រែទីតាំងបែបនេះច្រើនត្រូវការអ្នកបច្ចេកទេសខ្ពស់។
លោកបានផ្ដល់អនុសាសន៍ដល់រដ្ឋាភិបាលថាគួរតែបង្កើតឲ្យមានក្រុមការងារតាមដានការកែប្រែទីតាំងទាំងនេះ ហើយកម្មវិធី Local Guides បន្តចេញរបាយការណ៍ថ្មីៗ ខណៈ Google ក៏នឹងផ្ដល់ការគាំទ្រដល់កម្ពុជាផងដែរ។
លោក ជី សុផាត អ្នកជំនាញផ្នែកសន្តិសុខឌីជីថល និងជាសមាជិកកម្មវិធី Local Guides បានថ្លែងថា ក្រុមរបស់លោកបានផ្ញើរបាយការណ៍ទៅកាន់ក្រុមហ៊ុន Google កាលពីថ្ងៃសៅរ៍។ ក្រុមហ៊ុន Google បញ្ជាក់ថា បានទទួល តែមិនទាន់បញ្ជាក់ភ្លាមៗថានឹងមានវិធានការបែបណានោះទេ។
លោកបានបន្តថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអរគុណក្រុមការងាររបស់លោក និងបានប្រើរបាយការណ៍នេះជាភស្តុតាងសម្រាប់ពិភាក្សាបន្តជាមួយក្រុមហ៊ុន Google។
លោកបន្ថែមថា៖ «ពីអ្វីដែលយើងបានទទួលពីខាងក្រសួង ខ្ញុំសង្ឃឹមថាពួកគាត់នឹងមានវិធានការបន្ត ហើយនឹងអនុញ្ញាតឲ្យក្រុមការងារយើងបានជួបប្រជុំជាមួយក្រុមហ៊ុន Google ដែរ»។
ក្រុមការងារ Local Guides លើកឡើងថា គណនីមិនគួរឲ្យទុកចិត្តទាំងនោះ ក៏បានដាក់គោលដៅកែប្រែទីតាំងលើកន្លែងសក្ការៈមួយចំនួនរបស់កម្ពុជា រួមទាំងសារមន្ទីរជាតិ និងព្រះបរមរាជវាំងផងដែរ ក្នុងបរិបទនៃភាពតានតឹងនៅតាមព្រំដែនជាមួយថៃនេះ។
គិតចាប់តាំងពីមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតប្រទេសទាំងពីរបានធ្វើសង្គ្រាមព័ត៌មានអនឡាញដែរ ដោយរួមមានការបៀតបៀន ការបង្ហាញពីគំនិតជាតិនិយម និងការបញ្ចេញព័ត៌មានមិនពិត។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានបដិសេធធ្វើអត្ថាធិប្បាយលើរឿងនេះ ដោយថាបញ្ហានេះមានលក្ខណៈបច្ចេកទេសពេក និងបានបង្វែរសំនួរទៅកាន់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍វិញ។
លោក លីវ សុផាណារិទ្ធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មិនបានឆ្លើយតបនឹងការសុំការអត្ថាធិប្បាយលើរឿងនេះទេទាំងតាមទូរសព្ទ និងតាមតេឡេក្រាម៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Sites Targeted in Google Maps Edits, Digital Expert Report Says










