រយ:ពេលជិត១ខែមកហើយ អាជ្ញាធរខេត្តរតនគិរីមិនទាន់រកឃើញពលរដ្ឋចំនួន៤នាក់ មកពីចំនួន២គ្រួសារ ដែលបានបាត់ខ្លួនក្នុងករណីគ្រោះទឹកជំនន់ កាលពីចុងខែកញ្ញា ដោយហេតុថា មានឧបសគ្គស្មុគស្មាញច្រើន។
អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានថ្លែងប្រាប់ សារព័ត៌មានខេមបូចា នៅថ្ងៃទី២១ ខែតុលា ថា គិតមកទល់ពេលនេះ អាជ្ញាធរខេត្តនៅមិនទាន់រកឃើញសាកសពពលរដ្ឋចំនួន២គ្រួសារ ដែលជាអតីតស្វាមីភរិយានឹងគ្នាឃើញនៅឡើយទេ ដោយសារតំបន់ភាគឦសាននេះ មានប្រវែងជិត២០គីឡូម៉ែត្រ និងល្បាប់ភក់ជ្រៅ។
លោកបន្តថា អាជ្ញាធរខេត្តបានពង្រាយកម្លាំងជាង៣០០នាក់ តាមរុករក និងប្រើប្រាស់គ្រឿងចក្រជីករយ:ពេល៨ថ្ងៃ ដែលចាត់ទុកថា ស្ទើរតែអស់លទ្ធភាព។
លោក ញ៉ែម សំអឿន មានប្រសាសន៍ថា៖ «ឧបសគ្គមានច្រើន ទី១ ប្រវែងនៃអូរ រហូតដល់ទន្លេ ច្រាំង ចូលជិត២០គីឡូ ទី២ ល្បាប់ច្រើនដែលអាចកប់ជ្រៅឬយ៉ាងម៉េច? សាកសពអាចដាច់ដោចអីយ៉ាងម៉េច? ព្រោះសូម្បីដើមឈើក៏ល្បើកទាំងឫស គល់ សូម្បីគុម្ពឫស្សី! ដល់ចឹងយើងចង់អស់លទ្ធភាព រហូតយកអាអិចទៅកាយចម្ងាយឆ្ងាយម្នាក់ៗ រកឡើងសោះខ្យល់ ណាមួយជាតំបន់ស្មុគស្មាញ»។
លោកបញ្ជាក់ទៀតថា ៖ «ឥឡូវបើខាងខេត្តគឺឈប់ហើយ ព្រោះឆ្ងាយ! តែនៅអាជ្ញាធរស្រុក ឃុំ អ្នកភូមិ និងអ្នកចម្ការនៅតាមដងអូរ ពួកគាត់នៅតែជួយគ្នារក។ យើងបានសុំការអន្តរាគមន៍ទៅខាងគ្រោះមហន្តរាយហើយៗ ឯខាងថ្នាក់ជាតិក៏វាយតម្លៃថា មានផលលំបាកចឹងមែន បើទីតាំងងាយវាអត់អីទេដូចជាបឹង ទន្លេ ឬក៏កន្លែងទឹកស្ងប់»។
បើតាមអភិបាលខេត្តរូបនេះ ស្រុករងការជន់លិច និងប៉ះពាល់ជាងគេ គឺស្រុកអូរជុំ អណ្តូងមាស អូរយ៉ាដាវ វ៉ឺនសៃ និងតាវែង បង្កការខូចខាតលើដំណាំមួយចំនួនដូចជា ស្រូវ ស្វាយចន្ទី ទុរេន និងចម្ការកៅស៊ូ ជាដើម។
កាលពីថ្ងៃទី២៥ ខែកញ្ញា គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរីបានរាយការណ៍ ករណីប្រទះឃើញសាកសពបុរសម្នាក់ នៅស្រុកអូរជុំ ខណៈ៤នាក់ផ្សេងទៀត រួមមាន កូនតូចៗចំនួនពីរនាក់ ម្តាយ និងឪពុក ត្រូវសង្ស័យថា ពួកគេទំនងត្រូវឥទ្ធិពលព្យុះទីហ្វុងប៊ូឡយ(Bualoi)បោកបក់នៅចំណុចឃុំសាមគ្គី។
ជុំវិញករណីនេះ អភិបាលស្រុកអូរជុំ លោក គៀត តុលា ថ្លែងបញ្ជាក់តាមសារតេឡេក្រាមដែរថា បច្ចុប្បន្ន កងកម្លាំងបានផ្អាករុករកបណ្តោះអាសន្នសិន ដើម្បីរង់ចាំទឹកស្រក ទើបចុះប្រតិបត្តិរុករកបន្តទៀត។
លោក គៀត តុលា មានប្រសាសន៍៖ «រង់ចាំទឹកស្រកយើងចុះម្តងទៀត»។
ផ្អែកតាមទិន្នន័យ ទទួលបានពីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី បង្ហាញថា គិតត្រឹមរយ:ពេល៩ខែ ឆ្នាំ២០២៥ ភ្លៀងរដូវវស្សាបានជន់ឡើងជាបន្តបន្ទាប់ ក្នុងក្របខណ្ឌទូទាំងប្រទេស រួមជាមួយឥទ្ធិពលព្យុះ ក្នុងតំបន់ និងរបបខ្យល់មូសុងនិរតី បង្កភ្លៀងធ្លាក់នៅភូមិសាស្ត្រនៃភាគពាយ័ព្យ តំបន់ខ្ពង់រាបភាគខាងជើង និងតំបន់ភាគឦសាន។
របាយការណ៍បន្តថា ផលប៉ះពាល់មានចំនួន២០ខេត្ត ដែលមានប្រជាជនសរុប ៤១ ៥១៣គ្រួសារ ផ្ទះ២៣៤៨៩ខ្នង សាលារៀន៦២ វត្តអារាម១៣ មណ្ឌលសុខភាព២៨កន្លែង ព្រមទាំងដំណាំស្រូវ ៣០ ៧០២ហិកតា ជាដើម។ ក្រៅពីនេះ ក៏មានករណីលង់ទឹក ក្នុងពេលមានទឹកជំនន់ ចំនួន ២០នាក់ ក្នុងនោះ ស្រី៧ និងក្មេង១២នាក់ផងដែរ៕










