សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ទឹកជំនន់វាយប្រហារខេត្តមួយចំនួន និងបានបំផ្លាញដំណាំ និងបណ្ដាល​ឱ្យមនុស្សម្នាក់ស្លាប់ និងបាត់ខ្លួន៤នាក់

អាជ្ញាធរខេត្តរតនគិរី ស្វែងរកប្រជាពលរដ្ឋដែលបាត់ខ្លួនបន្ទាប់ពីមានទឹកជំនន់ភ្លាមៗនៅស្រុកអូរជុំ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។ (រូបថតពីហ្វេសប៊ុករដ្ឋបាលខេត្តរតនគិរី)
អាជ្ញាធរខេត្តរតនគិរី ស្វែងរកប្រជាពលរដ្ឋដែលបាត់ខ្លួនបន្ទាប់ពីមានទឹកជំនន់ភ្លាមៗនៅស្រុកអូរជុំ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។ (រូបថតពីហ្វេសប៊ុករដ្ឋបាលខេត្តរតនគិរី)

កាលពីសប្តាហ៍មុន ឥទ្ធិពលនៃព្យុះទីហ្វុងប៊ូឡយ(Bualoi)បានបោកបក់មកលើប្រទេសកម្ពុជាបង្កឱ្យមានទឹកជំនន់ភ្លាមៗ និងការបាក់ដីនៅតាមតំបន់ឆ្នេរ និងតំបន់ខ្ពង់រាប ដែលបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ ខណៈក្រុមជួយសង្គ្រោះកំពុងមមាញឹកក្នុងការស្វែងរកមនុស្ស​៤នាក់​ដែលបាត់ខ្លួននៅក្នុងខេត្តរតនគិរី។

ជាមួយនឹងភ្លៀងមូសុងធ្លាក់មកច្រើនទៀតនាពេលខាងមុខ អាជ្ញាធរកំពុងវាយតម្លៃការខូចខាតផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្មនៅតាមតំបន់ឆ្នេរសមុទ្រ និងតំបន់ដងទន្លេ ដោយពិពណ៌នាថា ទឹកជំនន់នេះធ្ងន់ធ្ងរជាងឆ្នាំមុនៗ។

ព្យុះនេះដំបូងបានវាយប្រហារប្រទេសហ្វីលីពីន និងវៀតណាម បណ្ដាលឱ្យមនុស្សរាប់សិបនាក់ស្លាប់។ ប្រទេសថៃបានរាយការណ៍ពីទឹកជំនន់នៅខេត្តចំនួន១៧ កាលពីថ្ងៃចន្ទ ដោយប៉ះពាល់ដល់ប្រជាជនរាប់សែននាក់ និងបណ្ដាលឱ្យមនុស្ស៧នាក់ស្លាប់។ 

គិតត្រឹមថ្ងៃអង្គារ ស្ថានីយជលសាស្ត្រដែលវាស់កម្រិតទឹកទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ នៅក្នុងទឹកដីកម្ពុជា បានបង្ហាញថាកម្រិតទឹកឡើងខ្ពស់ខុសពីធម្មតា។ ក្រសួងធនធានទឹកបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ និងអាជ្ញាធរមូលដ្ឋានបង្កើនការប្រុងប្រយ័ត្ន។

អាជ្ញាធរបានជូនដំណឹងឱ្យប្រជាពលរដ្ឋនៅតំបន់ទំនាប និងតំបន់ឆ្នេរ រួមទាំងខេត្តកោះកុង ឱ្យត្រៀមខ្លួនសម្រាប់ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងរហូតដល់ចុងសប្តាហ៍ នៅពេលដែលប្រព័ន្ធមូសុងថ្មីៗបានបង្កើតឡើងនៅសមុទ្រអាន់ដាម៉ាន់។

ទឹកជំនន់កាលពីសប្តាហ៍មុនបានជន់លិចស្រុកនានាក្នុងខេត្តចំនួន១១ រួមមាន រតនគិរី ព្រះវិហារ មណ្ឌលគិរី និងពោធិ៍សាត់ បំផ្លាញផ្ទះជិត ២៥ ០០០ ខ្នង និងបំផ្លាញដំណាំជាង ៦៣០ ហិកតា។ នេះបើយោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

លោក ម៉ា​ វិចិត្រ​ អភិបាលរងខេត្ត​ និងជាប្រធានលេខាធិការដ្ឋាន​នៃគណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានមានប្រសាសន៍​ថា ស្រុកដែលរងផលប៉ះពាល់ខ្លាំងជាងគេដោយសារទឹកនៅតែជន់ គឺស្រុក  អូរជុំ អណ្តូងមាស អូរយ៉ាដាវ វ៉ើនសៃ និងតាវែង ដែលស្ថិតនៅតាមបណ្តោយទន្លេសេសាន។

លោក​បាន​លើកឡើង​ថា ពលរដ្ឋចំនួន៥០០គ្រួសារ​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ស្រុក​ទាំង​នេះ ខណៈ​អ្នក​នៅ​ស្រុក​ភាគ​ខាង​ត្បូង រួម​មាន​ស្រុក​លំផាត់ និង​កូន​មុំ​ក្បែរ​ទន្លេស្រែពក មិន​ទាន់​ត្រូវ​បាន​ជម្លៀស​ចេញ​ទេ ដោយសារ​ទឹក​បាន​ស្រក​ចុះ​ហើយ។

លោក វិចិត្រ បានប្រាប់ថា សាកសព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​ថ្ងៃ​ចន្ទ​នៅ​ស្រុក​អូរជុំ ខណៈ​ក្រុម​ស្វែងរក​បន្ត​ស្វែងរក​ប្រជាពលរដ្ឋ​ចំនួន៤នាក់​ដែល​គេ​ជឿ​ថា​ត្រូវ​បាន​ទឹកជំនន់​បោកបក់​នៅ​ឃុំ​សាមគ្គី កាលពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា​។ លោក​បាន​ហៅ​ព្យុះ​នេះ​ថា ​ជា​ព្យុះ​មួយ​ក្នុង​ចំណោម​ព្យុះ​ដែល​អាក្រក់​បំផុត​ដែល​លោក​បាន​ឃើញ​នៅ​ក្នុង​ខេត្ត ហើយ​បាន​បន្ថែម​ថា ការ​ខូច​ខាត​ដោយសារ​ការ​បាក់​​ដី​​នៅ​មិន​ទាន់​ត្រូវ​បាន​គេ​វាយ​តម្លៃ​នៅ​ឡើយ​ទេ។

អាជ្ញាធរខេត្តរតនគិរីស្វែងរកប្រជាពលរដ្ឋដែលបាត់ខ្លួន បន្ទាប់ពីមានជំនន់ទឹកភ្លៀងភ្លាមៗនៅស្រុកអូរជុំ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។ (រូបថតតាមរយៈ Facebook របស់រដ្ឋបាលខេត្តរតនគិរី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ឱ្យបន្តតាមដានទឹកជំនន់ និងឆ្លើយតបភ្លាមៗចំពោះការជួយសង្គ្រោះបន្ថែមទៀត។

អ្នកនាំពាក្យខេត្តមណ្ឌលគិរី លោក នាង វណ្ណៈ បានមានប្រសាសន៍ថា៖ «ទឹកជំនន់ឆ្នាំនេះមានសភាពធ្ងន់ធ្ងរជាងឆ្នាំមុនៗ» ដោយសំដៅលើទំនោរទឹកជំនន់ទន្លេមេគង្គដែលរំពឹងថា អាចកើតមានក្នុងរដូវវស្សានេះ។ លោកបានជំរុញប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងតាមដានរបាយការណ៍អាកាសធាតុ។

កាកបាទក្រហមកម្ពុជាបានលើកឡើងថា ខ្លួនបានបញ្ជូនក្រុមការងារទៅកាន់ស្រុកកែវសីមា និងកោះញែក ក្នុងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៧ ខែកញ្ញា ដោយបានចែកអំណោយដល់អ្នករងគ្រោះដោយទឹកជំនន់ចំនួន ៩៥០គ្រួសារ ដែលអំណោយទាំងនោះរួមមាន អង្ករ មីកញ្ចប់ អាហារផ្សេងៗទៀត និងសម្ភារៈចម្អិន ក៏ដូចជាមុង ភួយ កន្ទេល និងក្រមាផងដែរ។

វីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញសង្គមដោយអ្នកភូមិ៣ ក្នុងខេត្តរតនគិរី បានបង្ហាញទិដ្ឋភាពស្រដៀងគ្នាទៅនឹងខេត្តផ្សេងទៀត ដែលផ្លូវ សាលារៀន វត្តអារាម ស្ពាន និងផ្ទះសសរខ្ពស់ៗនៅតែលិចលង់ដោយទឹកហូរត្រឡប់មកវិញកាលពីថ្ងៃចន្ទ។ អ្នកភូមិ​ត្រូវ​បាន​គេ​ឃើញ​កំពុង​វេច​ខ្ចប់​សម្ភារ​ចាំបាច់ ដោយ​ខ្លះ​ដឹក​ជញ្ជូន​របស់​របរ​តាម​ទឹក​ដោយ​ម៉ូតូ និង​ត្រាក់ទ័រ​។

ខេត្តពោធិ៍សាត់ក៏បានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងនៅសប្តាហ៍នេះ បណ្តាលឱ្យមានការបាក់ដី ខូចខាតផ្លូវ និងបិទចរាចរណ៍នៅលើផ្លូវជាតិលេខ៥៥ ក្នុងតំបន់អន្ទង់អាំង។

អាជ្ញាធរខេត្តពោធិ៍សាត់ជួសជុលផ្លូវជាតិលេខ៥៥ បន្ទាប់ពីការបាក់ដីដោយសារភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។ (រូបថតតាមរយៈហេ្វសប៊ុកក្រសួងសាធារណៈការ និងដឹកជញ្ជូន)

លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  ទទួលបន្ទុកការងារខេត្ដរតនគិរី  បានមានប្រសាសន៍ថា លោកបានដឹកនាំក្រុមអ្នកជំនាញកាលពីដើមសប្តាហ៍នេះ ដើម្បីវាយតម្លៃការខូចខាតផ្នែកកសិកម្មនៅខេត្តរតនគិរី។​

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ដំណាំ​នៅ​ស្រុក​កូន​មុំ និង​លំផាត់​ រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​សារ​ទឹក​ជំនន់។ អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​សិក្សា និង​វាយ​តម្លៃ​ផល​ប៉ះពាល់​នៃ​ទឹក​ជំនន់​លើ​ដី​កសិកម្ម​តាម​បណ្តោយ​ទន្លេស្រែពក»។

ដំណាំ​នៅ​ខេត្ត​រតនគិរី​រង​ការ​ខូច​ខាត​ខ្លាំង​ជាង​គេ​ដោយ​សារ​ព្យុះ ដោយ​មាន​ដីស្រែជាង ៧៥០ ហិកតា​ត្រូវ​បាន​ជន់​លិច រួមទាំង​ដំណាំ​ចម្រុះផ្សេងទៀត​ដូច​ជា​ដំឡូងមី និង​សណ្តែកសៀង។ នេះ​បើ​តាម​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ ទឹកជំនន់​ជា​កត្តា​ចម្បង​ដែល​បណ្តាល​ឱ្យ​ខាតបង់​ផ្នែក​កសិកម្ម​នៅ​កម្ពុជា។ ក្នុងឆ្នាំ២០២៤ ស្រូវជាង ៤០ ០០០ ហិកតា រងផលប៉ះពាល់ កើនឡើងពីជាង ២២ ០០០ ហិកតា ក្នុងឆ្នាំ២០២៣៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Floods Sweep Provinces, Devastating Crops and Leaving One Dead, Four Missing

ព័ត៌មានថ្មី

អត្ថបទពេញនិយម