សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនសង្ស័យចំនួន​១៣​នាក់ ដែលពាក់ព័ន្ធនឹងការរត់គេចខ្លួនពីពន្ធនាគារខេត្តសៀមរាប

នគរបាលបង្ហាញមុខជនសង្ស័យមួយក្រុមដែលតាមចោទថាបានជួយមេក្លោងជួញដូរគ្រឿងញៀនជនជាតិចិនតៃវ៉ាន់ Chen Hsin Han គេចខ្លួនពីពន្ធនាគារ អំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ (BTV)
នគរបាលបង្ហាញមុខជនសង្ស័យមួយក្រុមដែលតាមចោទថាបានជួយមេក្លោងជួញដូរគ្រឿងញៀនជនជាតិចិនតៃវ៉ាន់ Chen Hsin Han គេចខ្លួនពីពន្ធនាគារ អំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ (BTV)

សាលា​ដំបូង​រាជធានី​ភ្នំពេញកាលពីថ្ងៃអង្គារ​បាន​ចោទ​ប្រកាន់​មនុស្ស​១៣​នាក់​ដែល​​​​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រត់​គេច​ខ្លួន​របស់​ជនជាប់ចោទ​​​ជួញ​ដូរ​គ្រឿង​ញៀន​ជនជាតិ​ចិន​ពី​ពន្ធនាគារ​ អំឡុង​ពេល​សមត្ថកិច្ច​​នាំមក​ព្យាបាល​ធ្មេញ​នៅ​​គ្លីនិក​​ធ្មេញមួយ​កន្លែង​​ក្នុង​ខេត្ត​សៀមរាប។

តុលាការ​សម្រេច​ឃុំខ្លួន​ជន​សង្ស័យទំាង​១៣​នាក់​​នៅ​ពន្ធនាគារ​ព្រៃស។ បទ​ចោទ​ទាំង​នោះ​រួម​មាន​លួច​រត់​​ពី​ពន្ធនាគារ បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់ ​បោះ​បង់​អា​វុធ​​ក្នុង​ទីកន្លែង​​សាធារណៈ ​រៀបចំចាត់តាំង​​ក្រុមជន​​ប្រដាប់​អាវុធ សម្អាត​ប្រាក់​​ រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​​ញៀន​ និង​កាន់កាប់ និង​ដឹក​ជញ្ជូន​អាវុធដោយ​គ្មាន​ខុសច្បាប់​។​ 

លោក ប្លង់​ សុផល អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ជនសង្ស័យ​កំពុង​ស្ថិតនៅក្នុងពន្ធនាគារ រង់ចាំការសាកសួររបស់តុលាការ ដែលមិនទាន់​បាន​កំណត់​ពេលនៅ​ឡើយ។

កាល​ពី​សប្តាហ៍​មុន អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់​ថា មនុស្ស១១នាក់​ត្រូវ​​បាន​ឃាត់​ខ្លួន​ក្នុង​នោះ​មានឈ្មោះ Chen Hsin Han ជា​​ជន​ជាប់​ចោទជួញដូរ​គ្រឿង​ញៀន​ផងដែរ​។ កាល​ពី​ថ្ងៃ​អង្គារ អគ្គស្នងការ​នគរបាល​ជាតិ​បាន​រាយការ​ណ៍​បន្ថែមថា នគរ​បាល​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់​ទៀត​នៅ​ខេត្ត​សៀមរាប។

យោងតាមលោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ចោទ​ប្រកាន់រួមមានជនជាតិចិនតៃវ៉ាន់២នាក់ ជនជាតិ​ខ្មែរ៣នាក់ ជនជាតិខ្មែរអាមេរិកកាំង​៦នាក់ ជនជាតិចិនអាមេរិកម្នាក់ និងអារ៉ាប៊ីសាអូឌីត​​ម្នាក់។

លោក​បាន​បន្ថែម​ថា សមត្ថកិច្ច​នៅ​បន្ត​​ស៊ើប​អង្កេត​​ស្វែង​រក​សមាជិក​ក្រុមឧក្រិដ្ឋ​ជន​​​បន្ថែម​ទៀត ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​អាវុធ​រំដោះជន​ជាប់​ចោទ​​។ លោក​​បាន​បន្ត​ថា ជនជាតិ​តួក​គី​ពីរ​នាក់​ទៀត​ត្រូវ​បាន​កំណត់​មុខសញ្ញា ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ​។

លោក នុត សាវនា អ្នក​នាំ​ពាក្យ​នាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង​១៣​នាក់​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ព្រៃស។ លោក​មាន​ប្រសាសន៍​ថា ក្រោយ​ជួប​​ករណី​​រត់គេចខ្លួន​​របស់​ជន​ជាប់​ចោទ​​ជួញដូរ​គ្រឿងញៀនមក​ មន្ត្រី​ពន្ធនាគារ​បាន​ពង្រឹង​វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​រត់គេច​ខ្លួន​បែបនេះម្ដងទៀត​​។

លោក​មាន​ប្រសាសន៍បន្ថែម​ថា៖ «យើងបានពង្រឹងការងារសន្តិសុខយ៉ាងយកចិត្តទុកដាក់។ ប្រធានមណ្ឌល​បាន​រៀបចំ​ក្រុម​ការងារ និង​ផែនការ​ការពារ និង​ប្រព័ន្ធ​រាយ​ការណ៍​ច្បាស់​លាស់»

លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្សលីកាដូបានប្រាប់ ខេមបូចា​ ថា ទោះបីជាជនសង្ស័យស្ថិត​នៅក្នុង​ឃុំក៏ដោយ ក៏នគរបាល​គួរតែបន្តការស៊ើប​អង្កេត​​​ឱ្យជ្រៅទៅលើថា តើ​ជនជាប់​ចោទទាំងនោះបានដឹងថា Chen Hsin Han ទៅដល់​ពេទ្យ​ធ្មេញ​នៅពេល​ណាដោយ​រៀប​ណា​​ និងថា តើ​ពួកគេទទួលបានកាំភ្លើងដោយ​រៀប​ណា​។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ទោះ​បី​ជា​យើង​ឃើញ​ថា ​ឧក្រិដ្ឋជន​ត្រូវ​បាន​ចាប់​ខ្លួន​​ក៏​​ដោយ ក៏​នៅ​មាន​ការ​សង្ស័យ​ជា​ច្រើន។ គាត់​ត្រូវ​តែ​ធ្វើ​ការ​ស៊ើបអង្កេត​បន្ថែម​ទៀត ដើម្បី​ពង្រឹង​សន្តិសុខ និង​ទប់​ស្កាត់​​កុំ​ឲ្យ​បញ្ហា​នេះ​កើតឡើង​ម្តងទៀត»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Phnom Penh Court Orders Detention of 13 Suspects Involved in Siem Reap Prison Escape

174 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម