សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

របាយការណ៍មួយបង្ហាញថា អ្នកកាសែតអនឡាញជាគោលដៅនៃការបង្ក្រាបលើសេរីភាពសារព័ត៌មាន

ម្ចាស់ស្ថានីយវិទ្យុរិទ្ធិសែន លោក សុខ ឧត្តម ត្រូវប៉ូលិសនាំខ្លួនចេញពីតុលាការខេត្តកំពង់ឆ្នាំងបន្ទាប់ពីសវនាការកាលពីថ្ងៃអង្គារ។ឃួន ណារីម
ម្ចាស់ស្ថានីយវិទ្យុរិទ្ធិសែន លោក សុខ ឧត្តម ត្រូវប៉ូលិសនាំខ្លួនចេញពីតុលាការខេត្តកំពង់ឆ្នាំងបន្ទាប់ពីសវនាការកាលពីថ្ងៃអង្គារ។ឃួន ណារីម

របាយកាណ៍​ថ្មី​មួយ​បង្ហាញ​ថា អ្នកសារព័ត៌មាន​គឺ​ជា​មុខសញ្ញា​នៃ​ការ​ប្រើ​អំពើ​ហិង្សា គំរាមកំហែង និង​បណ្ដឹង​ព្រហ្មទណ្ឌ​ក្នុង​ឆ្នាំ​២០២០ ខណៈ​រដ្ឋាភិបាល​បានដៅលើសេរីភាព​សារព័ត៌មាន តែ​មិន​បាន​ស៊ើបអង្កេត​លើ​បទឧក្រិដ្ឋប្រឆាំង​អ្នក​យក​ព័ត៌មាន និងការី​និពន្ធ​នោះទេ។  

សមាគមសម្ព័ន្ធ​អ្នកសារព័ត៌មាន​​កម្ពុជា ​ហៅ​កាត់ថា ខេមបូចា បាន​ចេញ​​របាយកាណ៍​មួយ​នៅ​ថ្ងៃ​ចន្ទ ដែល​បាន​កត់​ត្រាការ​យាយី​ ចំនួន​៣៥​ករណី ប្រឆាំង​​អ្នក​កាសែត​សរុប​៧២​នាក់​។ ប្រ​ភេទ​នៃ​ការ​យាយី​លើ​អ្នក​កាសែត​ដែល​កើត​មាន​ញឹក​ញាប់​ជាង​គេ​គឺ​ឃុំខ្លួន​ក្នុង​​ពន្ធនាគារ និង​អំពើ​ហិង្សា​លើ​រាង​កាយ​។​​ ក្នុង​នោះ​អ្នក​សារព័ត៌មាន​អនឡាញ​៦៤នាក់​ក្នុង​ចំណោម​៧២​នាក់ បាន​ប្រឈម​នឹងសម្ពាធ​ដែល​អាជ្ញាធរ​មិន​អត់ឱន​ចំពោះ​អ្នក​ការសែន​រិះគន់​។​​​

ការ​យាយី​ប្រ​ឆាំង​នឹង​អ្នក​កាសែត​នេះ គឺជា​ផ្នែក​មួយ​ភ្ជាប់ទៅ​នឹង​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ ​លើ​ការបញ្ចេញមតិ និង​ព័ត៌មានរិះគន់​អាជ្ញាធរ​លើ​ការ​ឆ្លើយ​តប​នឹង​វិបត្តិ​កូវីដ​១៩​។ ការ​បង្រ្កាប​កាលពី​ឆ្នាំ​ទៅ​បាន​ធ្វើ​ឡើង​បន្ថែម​កលើ​ការ​បង្រាប​មួយ​ចាប់​ផ្ដើម​ពី​ឆ្នាំ​២០១៧ ដែល​កាល​នោះ​មាន​ការ​បិទ​ ឬលក់​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា​។​

 របាយកាណ៍​បាន​សរសេរ​ថា​៖ «ក្រម​ព្រហ្មទណ្ឌ​នៅ​តែ​ជា​ឧបករណ៍​ច្បាប់​ដ៏​មាន​ឥទ្ធិពលមួយ​ ដែល​ត្រូវ​គេ​ប្រើជា​ញឹក​ញាប់​ដើម្បី​បំភិត​បំភ័យ និង​ចាប់​អ្នក​សារព័ត៌មាន​ដាក់​ពន្ធនាគារ»។​

បើតាម​ខេមបូចា ក្នុង​ឆ្នាំ​២០២០ បទចោទ​ញុះញង់​​ឲ្យប្រ​ព្រឹត្ត​បទឧក្រិដ្ឋ និង​ជំរិត​ទា​រ​ប្រាក់ តែងតែ​ត្រូវ​ប្រើ​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន​ ដែល​ប្រ​ឈម​នឹង​ទោស​ព្រហ្មទណ្ឌ។ ប្រភព​ដដែល​បញ្ជាក់ថា អ្នក​កាសែត​ចំនួន​១០​រូប​កំពុង​ជាប់​ក្នុង​ពន្ធ​ធនាគារ ដោយ​សារ​បទ​ចោទ​ទាំងនេះ​។​

សំណុំ​រឿង​ទាំង​នេះ​ច្រើន​កើត​មាន​នៅ​ភ្នំពេញ ខេត្ត​ក្រចេះ និង​ខេត្ត​រតនគិរី ដែល​ក្នុង​នោះ​មាន​អ្នក​សារព័ត៌មាន​អនឡាញ​ចំនួន​៦៤​រូប អ្នក​សារព័ត៌មាន​ទូរទស្សន៍​ចំនួន​បួន​រូប អ្នក​សារព័ត៌មាន​បោះពុម្ភផ្សាយ​ចំនួន​បីរូប និង​អ្នក​សារព័ត៌មាន​​វិទ្យុ​ចំនួន​មួយរូប​។​

លោក ហ៊ីម ខទៀត មន្រ្តីគ្រប់គ្រងកម្មវិធីស្រាវជ្រាវ និងតស៊ូមតិរបស់​ខេមបូចា មាន​ប្រ​សាសន៍​ថា​អាជ្ញា​ធរ​មិនសូវយក​ចិត្ត​ទុក​ដាក់​លើ​សំណុំ​រឿង​អ្នក​កាសែត​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ ហើយ​អ្នក​សារព័ត៌មាន​ទាំង​នោះ​តែង​រាយការណ៍​ពី​ជំនួញឈើខុស​ច្បាប់ ជម្លោះដីធ្លី និង​បញ្ហា​កូវីដ​១៩ ជា​ដើម និង​ពេល​ខ្លះ​មាន​ការ​យាយីពី​អាជ្ញាធរ​ផង​ដែរ​។​

លោក​បន្ថែម​ថា៖ «អាជ្ញាធរមិន​ដែល​រកជនល្មើស​ឃើញ ដើម្បី​យក​មក​ដាក់ទោសទេ ពិសេស​ពេល​មាន​អំពើហិង្សា​លើ​អ្នក​កាសែត​»។​

លោក រ៉េន សំណាង ជា​អ្នកសារព័ត៌មាន​អនឡាញម្នាក់​ក្នុង​ចំណោម​បី​នាក់ ដែលបាន​រង​ការ​វាយ​ប្រហារ​កាលពី​ខែ​កញ្ញា ដោ​យ​ក្រុ​មឈ្មួយ​ឈើ​។ លោក​បាន​សម្ដែង​ការ​ខក​ចិត្ត ដែល​នគរបាល និង​មន្ត្រីពាក់​ព័ន្ធ​មិន​ទាន់​អាច​រក​ជន​ដៃដល់ឃើញ​។​

លោក​បន្ថែមថា៖ «​ខ្ញុំ​គិត​ថា​ពួកគាត់​មិន​បាន​យក​ចិត្ត​ទុក​ដាក់​រក​យុត្តិធម៌​ដល់​អ្នក​កាសែត​ទេ…​ខ្ញុំ​មិន​ដឹង​ថា​មូលហេតុអ្វីដែរ»។

លោក សំណាង ជា​អ្នក​រាយការណ៍​ឲ្យ​សារព័ត៌មាន​ PMN News បាន​រង​ការវាយ​ប្រហារ​ និងរង​របួស​ត្រង់​ឆ្អឹង​ជំនី​ខាង​ឆ្វេង ពេល​លោក​កំពុង​គេង​នៅ​ក្នុង​រថយន្ត​ជាមួយ លោក មួក សារ៉ែន មកពី​សារព័ត៌មាន​ចក្រភព លោក រ៉ាន ខង និង​លោក តេង នរិន មកពី​សារព័ត៌មាន Eysan Post ​។ អ្នក​ទាំង​នេះ​បាន​ប្រមូល​ព័ត៌មាន​ទាក់ទង​នឹង​ការ​ដឹកជញ្ជូន​ឈើ​ដោយ​ខុស​ច្បាប់​ទៅ​​ប្រទេ​ស​វៀត​ណាម​។​​

អ្នក​នាំ​ពាក្យ​ក្រ​សួង​យុត្តិធម៌ លោក​ ជិន ម៉ាលីន បាន​រិះគន់​លើ​របាយការណ៍ និង​បាន​លើក​ឡើងថា​របាយការណ៍​ធ្វើឡើង​សម្រាប់​បម្រើ​តែ​ប្រយោជន៍​ម្ចាស់ជំនួយបរទេស​។​

លោក​បន្ថែម​ថា៖ «​បើ​សិនជា ​ខេមបូចា ធ្វើ​របាយការណ៍របៀប​នេះ​ ដើម្បី​ផ្គាប់​ចិត្ត​ម្ចាស់ជំនួយ​បរទេសនៅពីក្រោយ ឬ​បម្រើរបៀបវារ:នយោបាយ​បរទេសដែលជាម្ចាស់ជំនួយនោះ របាយការណ៍​នេះ​នឹងមិនមាន​ប្រយោជន៍​សម្រាប់​សង្គមជាតិ  ឬ​លើកកម្ពស់ និង​ការពារ​សេរីភាព​អ្នក​សារព័ត៌មាន​នោះទេ»។​

លោក​បន្ថែម​ថា ខេមបូចា គួរ​តែ​វិភាគ​វិញ​ថា បើ​អ្នក​កាសែត​ទាំង​នោះ​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ តើ​សមាគម​អ្នក​សារព័ត៌មាន​មួយ​ណា​ធ្វើ​របាយការណ៍​នេះ។​

លោក មាស សុភ័ណ្ឌ  អ្នក​នាំពាក្យ​ក្រ​សួងព័ត៌មាន បាន​ច្រាន​ចោល​របាយការណ៍នេះ និង​ ​ថា​ខេមបូចា មាន​ចេតនា​មិន​ល្អ​ ធ្វើ​ឲ្យ​សារធារណមតិ​មាន​ការ​ភាន់​ច្រឡំ​ជាមួយ​នឹង​របាយការណ៍​នេះ។​

លោក​មានប្រសាសន៍ថា៖ «​របាយការណ៍​នេះ ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់លើ​ស្ថាប័ន​អនុវត្ត​ច្បាប់»។​

លោក​បានបន្ថែមថា៖ «ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អ្នកសារព័ត៌មាន ដែល​​ធ្វើ​ខុស​ច្បាប់ គឺ​មិន​មែន​ជាការ​យាយី ឬ​ការ​ធ្វើទុក្ខបុក​ម្នេញ ឬ​បំភិត​បំភ័យ​អ្នក​សារព័ត៌មាន​នោះទេ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Online journalists most targeted in free press crackdown, report says

791 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម