សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាបឋមសិក្សា អូរតូច ក្នុងខេត្តកំពត ធ្លុះធ្លាយដំបូល និងគ្មានប្រព័ន្ធលូបង្ហូរទឹក កំពុងដង្ហោយហៅរកជំនួយ

ក្លោងទ្វារសាលាបឋមសិក្សា អូរតូច ដែលស្ថិតមិនឆ្ងាយប៉ុន្មានពីក្រុងកំពត កំពុងត្រូវការជំនួយ ដើម្បីជួសជុលដំបូលសាលា និងកសាងប្រព័ន្ធលូបង្ហូរទឹក។ រូបថតថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។(ខេមបូចា/ ហ៊ែល កំសាន)
ក្លោងទ្វារសាលាបឋមសិក្សា អូរតូច ដែលស្ថិតមិនឆ្ងាយប៉ុន្មានពីក្រុងកំពត កំពុងត្រូវការជំនួយ ដើម្បីជួសជុលដំបូលសាលា និងកសាងប្រព័ន្ធលូបង្ហូរទឹក។ រូបថតថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។(ខេមបូចា/ ហ៊ែល កំសាន)

មិនមែននៅតំបន់ដាច់ស្រយាលនោះទេ សាលាបឋមសិក្សា អូរតូច ស្ថិតក្នុងសង្កាត់អណ្ដូងខ្មែរ គឺមានចម្ងាយជិត៤គីឡូម៉ែត្រពីក្រុងកំពតតែប៉ុណ្ណោះ។ បច្ចុប្បន្ន អគារសិក្សាមួយខ្នងនេះកំពុង​លេច​​ដំបូល និងគ្មានប្រព័ន្ធលូរំដោះទឹកនោះឡើយ ជាហេតុជន់លិចនៅពេលមានភ្លៀង​ម្ដងៗ។

ជាអាណាព្យាបាលមួយរូប អ្នកស្រី ជេត ស្រី អាយុ៤០ឆ្នាំ មានកូនរៀននៅថ្នាក់ទី៦ ប្រាប់ឱ្យ​ដឹងថា អ្នកស្រីពិតជាចង់បានដំបូលអគារសិក្សាថ្មី និងប្រព័ន្ធលូរំដោះទឹក ត្បិតថា​សាលា​បឋម​សិក្សា​ ​​​អូរតូច ជាទីដែលកូនអ្នកស្រីកំពុងរៀន បានជ្រៀបទឹកដោយសារតែ​ដំបូលលេចទឹក​ ហើយ​​ពេល​ភ្លៀង​ម្ដងៗទឹកលិចបរិវេណសាលា។

អ្នកស្រីបន្តថា អ្នកស្រីមានចិត្តអាណិត និងបារម្ភពីសុវត្ថិភាពកូនរបស់អ្នកស្រី និងក្មេងដទៃ​ទៀត ដោយសារតែពេលមានភ្លៀងម្ដងៗ សិស្សតែងតែទទឹកទឹកភ្លៀងទោះបីរៀនក្នុង​ថ្នាក់ក៏​ដោយ។

អ្នកស្រីស្រី និយាយថា៖ «ខ្ញុំចង់ឱ្យមានការកែប្រែហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសាលារៀន ដូចជា​ដំបូល​សាលា ប្រភពបង្ហូរទឹកឱ្យតែភ្លៀងមកលិចពេញហ្នឹង បង្គន់អនាម័យវាតិចមិន​សម​តម្រូវ​ការ​សិស្ស។ កូនខ្ញុំក៏ឧស្សាហ៍ឈឺដែរ ត្រូវភ្លៀងអីចឹងណា»

ជាគ្រូបង្រៀនសិស្សថ្នាក់ទី២នៃសាលាបឋមសិក្សា អូរតូច អ្នកស្រី សុខ គន្ធា អាយុ៤៩ឆ្នាំ ថ្លែង​ឱ្យ​ដឹងថា អ្នកស្រីមានការតានតឹងចិត្តក្នុងនាមជាគ្រូបង្រៀនម្នាក់ នៅពេលដែលឃើញសាលា​មានការខ្វះខាតមុខក្រោយយ៉ាងដូច្នេះ។ ស្របពេលដែលសិស្សនៅតែបន្តមករៀនសូត្រ​យ៉ាង​ស្វាហាប់ អ្នកស្រីឃើញថាសាលាបែរជាជួបបញ្ហាលេចដំបូលអគារសិក្សា ហើយភ្លៀងម្ដងៗ​លិច​បរិវេណសាលា ឯផ្លូវលំវិញទៀតសោត ក៏រអិលពិបាកធ្វើដំណើរផងដែរ។

អ្នកស្រី គន្ធា និយាយថា៖ «ដំបូលអគារ ពេលណាភ្លៀងមកទឹកហូរពីលើមក ទទឹកសៀវភៅ​សិស្ស ឱ្យតែភ្លៀងដឹងតែលេចហើយ[ទឹកស្រក់ពីលើដំបូល]។ ហើយមួយទៀតផលលំបាក​របស់​​សិស្ស​គឺផ្លូវឆ្ងាយ ចិត្តខ្ញុំចេះតែចង់ឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែម ព្រោះ​តំបន់​នេះ​ជាយក្រុង»

អ្នកស្រី គន្ធា រំលឹកថា កាលពីដើមឡើយសាលានេះមានស្ថានដីទាបខ្លាំង ហើយបច្ចុប្បន្នបាន​សប្បុរស​ជនជួយឧបត្ថម្ភរហូតបានចាក់ដីបន្ថែម និងចាក់សាបនៅក្នុងថ្នាក់ ដើម្បីកាត់បន្ថយ​ទឹក​ដក់ និងភក់ជ្រាំ។

អ្នកស្រីបន្តថា៖ «ដល់តែពេលឥឡូវនេះប្រជាជនកាន់តែកើន គេចាក់ដីតាម​ផ្ទះខ្ពស់ជាងសាលា ពេលភ្លៀងមកសាលាមិនមានផ្លូវបង្ហូរទឹកចេញឡើយ»

អគារសិក្សាមួយខ្នងមាន៦បន្ទប់នៃសាលាបឋមសិក្សា អូរតូច ដែលមាន​ដំបូល​លេចទឹក មានទីតាំងស្ថិតនៅក្រុងកំពត ខេត្តកំពត កំពុងត្រូវការជំនួយ។ រូបថតថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

គ្រូបង្រៀនមួយរូបទៀតគឺអ្នកស្រី ចន ចន្ធី ប្រាប់ឱ្យដឹងថា ក្នុងការកសាងហេដ្ឋារចនា​សម្ព័ន្ធ​ធំៗ សាលាមិនអាចរំពឹង ឬយកលុយបដិភាគពីក្រសួងដែលផ្ដល់ឱ្យសាលាប្រចាំឆ្នាំ មក​ដោះ​ស្រាយ​បានទេ ត្បិតលុយទាំងនោះបានត្រឹមតែជួសជុលការខូចខាតកំប៉ិកកំប៉ុក បង់ថ្លៃទឹកភ្លើង​តែប៉ុណ្ណោះ។ អ្នកស្រីបន្តថា ប្រសិនបើត្រូវការថវិកាច្រើនដូច្នេះក្នុងការស្ថាបនា​អ្វីមួយ​នៅក្នុង​សាលា គឺពឹងលើសប្បុរសជន អាណាព្យាបាល និងសហគមន៍ទីជិតឆ្ងាយប៉ុណ្ណោះ។

អ្នកស្រីចន្ធី និយាយថា៖ «ថវិកាសាលារៀន មិនអាចជួសជុលដំបូលសាលាបានទេ បានតែ​ជួស​ជុល​តូចតាចទេ ហើយតំបន់នេះទៀតយើងអំពាវនាវបានតិចតូចពីមាតាបិតាសិស្ស។ អីចឹងអ្នកដែលអាចដោះស្រាយបាន គឺមានតែអាជ្ញាធរ មន្ទីរអប់រំ និងក្រសួងហ្នឹងហើយបាន បើពឹងសហគមន៍នេះ មាតាបិតាមិនមានធនធានទេ នាមតែក្រុងមែន តែក្រុងជាយ ឱ្យតែមាន​លុយមករៀនហ្នឹងបានហើយ»

លោកស្រី ឯក លក្ខិណា ជានាយិការសាលាបឋមសិក្សា អូរតូច ថ្លែងថា ភាពខ្វះខាត និងកង្វល់​នៅសាលារបស់លោកស្រីមានច្រើន តែបញ្ហាដែលចម្បងត្រូវដោះស្រាយនោះគឺ បញ្ហាដំបូល​សាលាដែលពុកផុយ ធ្លុះធ្លាយស្ទើរតែទាំងស្រុង ដែលមិនអាចជួសជុលបាន តម្រូវឱ្យប្ដូរថ្មី និង​បញ្ហាកសាងប្រព័ន្ធលូរំដោះទឹក​នៅក្នុងបរិវេណសាលារៀន។

នាយិការរូបនេះបន្តថា សាលារៀនមិនមានធនធានគ្រប់គ្រាន់ក្នុងការកសាង​នូវតម្រូវការ​ចាំ​បាច់ ដែលនឹងចំណាយលុយច្រើនបែបនេះទេ ដូច្នេះលោកស្រីរំពឹងថាថ្នាក់ដឹកនាំ មន្ទីរក្រសួង​អប់រំ និងសប្បុរសជន ចូលរួមជួយកសាងដើម្បីបំពេញតម្រូវការជូនកុមារតូចៗជិត៤០០នាក់ ដែលកំពុងរៀនសូត្រនៅតំបន់លោកស្រី។

លោកស្រី លក្ខិណា ឲ្យដឹងថា៖ «យើងត្រូវការជួសជុលដំបូលជាបន្ទាន់ ដើម្បីអាចឱ្យក្មេងៗ​បាន​រៀន ហើយមួយទៀតប្រព័ន្ធលូ យើងត្រូវការបង្ហូរចេញ អីចឹងកូនសិស្សមាន​ការលំបាក​ខ្លាំង។ ឆ្នាំកន្លងទៅទាំង៦ថ្នាក់ កុមាររៀននៅក្នុងទឹកតែម្ដង ជើងគាត់ទឹកស៊ីជើង ឃើញ​ពិបាក​ចឹងយើងបានគៀងគរធនធានបានខ្លះចាក់សាបក្នុងថ្នាក់រៀន»។

តាមការសិក្សាតម្លៃជាមួយជាង លោកស្រីនាយិការថា ការប្ដូរដំបូលអគារមួយខ្នង​មាន៦បន្ទប់​នេះ នឹងចំណាយអស់ប្រមាណ៤ពាន់ដុល្លារអាមេរិក។

លោកស្រីថា៖ «ថវិកានេះទំហំធំខ្មាំង សម្រាប់សាលាក្នុងការគៀងគរថវិកា ត្បិតអាណា​ព្យាបាល​តំបន់នេះមានកត្តាជីវភាពទាបខ្លាំង»

យោងតាមការលើកឡើងរបស់អង្គការយូនីសេហ្វេ ឱ្យដឹងថា ការផ្តល់ការគាំទ្រ​គ្រប់គ្រាន់​ដល់​ការ​រៀនសូត្ររបស់កុមារ មានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីឲ្យពួកគេអាចអភិវឌ្ឍ​ខ្លួនឈាន​ទៅ​សម្រេចបានសក្តានុពលរបស់ពួកគេ។ ដើម្បីធានាថាកុមារគ្រប់រូបអាចរៀនសូត្របាន ត្រូវ​ផ្តោត​ការយកចិត្តទុកដាក់លើការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយសមធម៌ និងបរិយាបន្ន សម្រាប់កុមារពិការ កុមារជនជាតិដើមភាគតិច​ និងកុមារដែលរស់នៅតំបន់​ក្រីក្រ​នៅជនបទ និងទីប្រជុំជន។​

លោក តាក ហាប់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត មានប្រសាសន៍ថា បញ្ហា​សាលា​លិចទឹក និងអគារលេចធ្លុះធ្លាយនេះវាជារឿងទូទៅហើយមិនមែនកើតមាន​នៅតែ​សាលាបឋមសិក្សា អូរតូច មួយនោះទេ គឺមានសាលាមួយចំនួនទៀតដែលជួបបញ្ហានះ។

លោកប្រធានមន្ទីរបន្តថា លោកក៏ចង់បានដំណោះស្រាយដែរ ប៉ុន្តែដោយសារខ្វះថវិកា​ក្នុង​ការដោះស្រាយ ហើយលោកក៏បានស្នើទៅក្រសួងអប់រំមួយឆ្នាំម្តងអំពីបញ្ហានេះ និងបាន​ផ្សព្វផ្សាយ​ដើម្បីស្វែងរកជំនួយផងដែរ។

លោក ហាប់ ថ្លែងថា៖«ដោយសារតែសាលាទាប និងស្ថិតនៅតំបន់លិចទឹក  ម្យ៉ាងទៀត ក្រសួងអាចជួយបានខ្លះៗ  ប៉ុន្តែក្រសួងមិនអាចជួយបានទាំងអស់នោះទេ ខ្ញុំបានស្នើទៅ​កាន់​ក្រសួងអប់រំជារៀងរាល់ឆ្នាំសម្រាប់ស្នើសុំអគារសិក្សា និងចាក់ដីបំពេញនៅសាលាដែល​លិច​ទឹក ថវិកាក្រសួងមានកម្រិតគាត់អាចជួយបានមួយចំនួនប៉ុណ្ណោះ។ ហើយកុំថាឡើយ​តែ​លិច​សាលារៀន សូម្បីកន្លែងខ្ញុំក៏លិចដែរពេលភ្លៀងម្តងៗ»។​

យ៉ាងណាមិញ លោកប្រធានមន្ទីរអប់រំខេត្តកំពត បញ្ជាក់ថាទូទាំងខេត្តកំពត មានសិស្ស​ដែល​រៀន​កម្រិតបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យប្រមាណជាង១០ម៉ឺននាក់។

លោកស្រី ខេង សុខន ចៅសង្កាត់រងទី១ នៃសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត មិនអាចទាក់ទង​សុំអធិប្បាយ​បានទេ។

ដំបូលអគារសិក្សានៃសាលាបឋមសិក្សា អូរតូច ស្ថិតក្នុងសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត មានសភាពចាស់ ពុកផុយ ធ្លុះធ្លាយដំបូល និងជ្រៀបទឹក ធ្វើឱ្យសិស្ស​មានការលំបាកក្នុងការរៀនសូត្រ។ រូបភាពថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

បើតាមលោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និងសន្ដិភាព យល់​ឃើញថា សាលារៀននៅតំបន់ណាក៏ដោយត្រូវធានាបាននូវការគាំទ្រ និងផ្ដល់​ឱ្យ​ពី​រដ្ឋ​ដោយភាពស្មើគ្នា។ នៅពេលដែលគ្រឹះស្ថានអប់រំមានភាពខ្វះខាត នោះនឹងធ្វើឱ្យមាន​គម្លាត​នៃការអប់រំ ហើយកុមារមិនអាចទទួលបានការអប់រំពេញលេញឡើយ។

លោក គិមអេង ថា៖ «ក្រសួងត្រូវតែធានាថាការអប់រំរយៈពេល៩ឆ្នាំឱ្យស្របទៅតាមរដ្ឋធម្មនុញ មិនមែនមានតែគ្រូបង្រៀនតែមួយមុខទេ តែត្រូវតែធានាបានថាសាលាមានដំបូល មានបន្ទប់​មាន​​ផាកសុភាពត្រឹមត្រូវ។ បើសាលាខូចខាតហើយអត់ទម្លាក់ថវិកាឱ្យគ្នាជួសជុល អាហ្នឹង​ធ្វើ​ម៉េចធានាការអប់រំរបស់កុមារបាន»

យោងតាម ច្បាប់ថវិកាជាតិឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសកាលពីចុង​ឆ្នាំ​២០២២ ថាក្រសួងអប់រំ យុវជន និងកីឡា គ្រោងចំណាយថវិកាចំនួន ៣៩ ២០៦ ២០៥លាន​រៀល ស្មើប្រ​មាណ ៩.៦ពាន់លានដុល្លារសម្រាប់ចំណាយ​នៅ​ក្នុង​ឆ្នាំ​២០២៣នេះ ដោយ​ក្នុង​នោះ​​ផ្តោត​សំខាន់​លើ​ក្រសួងអប់រំ ក្រសួងសុខាភិបាល និងបន្ទាប់​មក​ក្រសួងស្ថាប័ន​សំខាន់ៗ​មួយ​ចំនួន​ទៀត។

យ៉ាងណាមិញ លោក គិមអេង ថា រដ្ឋាភិបាលត្រូវបែងចែកកញ្ចប់ថវិកាប្រើប្រាស់ឱ្យ​ចំគោល​ដៅ និងមានប្រសិទ្ធភាពទៅដល់អ្នកដែលមានតម្រូវការពិតប្រាកដ តួយ៉ាង​ដូច​សាលាបឋម​សិក្សា អូរតូច រដ្ឋគួរទម្លាក់កញ្ចប់ថវិកាដើម្បីឱ្យសាលាជួសជុលដំបូល ដើម្បីសម្រួលដល់​ការ​រៀន​សូត្រ​របស់សិស្សានុសិស្ស។

លោកបន្ថែមថា៖ «នៅតាមសាលាតែងតែមានការជួសជុល អគារខ្លះចាស់ មានការខូចខាត អីចឹងបើការបែងចែកថវិកាមិនបានទៅគ្រប់សាលាទេ អាហ្នឹងជាបញ្ហាដែរបាទ»

អាណាព្យាបាលសិស្ស រស់នៅសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ចូលរួម​កិច្ចប្រជុំលើកឡើងអំពីបញ្ហាផ្សេងនៅក្នុងឃុំសង្កាត់ និងការលើកសំណូមនានា នៅ​សាលាបឋមសិក្សា អូរតូច។ រូបថតថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

បើតាមលោកស្រី លក្ខិណា ថវិកាប្រចាំឆ្នាំបានពីក្រសួងអប់រំសម្រាប់សាលាបឋមសិក្សា អូរតូច គឺទទួលបានតែ១២លានរៀលតែប៉ុណ្ណោះ ដែលគិតជាមធ្យមចំនួនទឹកប្រាក់នោះ មិនអាច ចំណាយ​ដោះស្រាយបញ្ហាធំៗនៅក្នុងសាលារៀនបានទេ តួយ៉ាងការជួសជុលដំបូលសាលា ការរៀបប្រព័ន្ធលូបង្ហូរទឹក ដែលមានខ្ទង់ចំណាយច្រើន។

នាយិការូបនេះថ្លែងថា៖ «ថវិកាក្រសួងផ្ដល់ឱ្យសាលា១២លានរៀលក្នុងមួយឆ្នាំ តែការ​ចំណាយ​​ត្រូវមានខ្ទង់ មានកូដទៅលើការជួសជុលតូចៗប៉ុណ្ណោះ ចំណាយធំៗ​អីចឹង​យើង​អត់មានទេ។ ទំហំចំណាយយើង១២ខែ ចំណាយលើសម្ភារៈរដ្ឋបាល ទឹកភ្លើង គឺអស់ថវិកា​ហ្នឹងមួយចំនួនទៅហើយ»

នាយិកាសាលា អះអាងថា ជុំវិញបញ្ហាប្រឈមនានានៅក្នុងសាលា ការលំបាក លោកស្រីតែង​លើក​សំណើរនៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ខេត្ត ឃុំសង្កាត់ តែមិនទាន់ទទួលបានការឆ្លើយតប។

លោកស្រីថា៖ «ខ្ញុំធ្លាប់បានលើកជាច្រើនឆ្នាំមកហើយអំពីផលលំបាករបស់សាលា ចឹងខ្ញុំចង់​បាន អង្គការក៏ដោយ ពីសប្បុរសជនក៏ដោយ វាដូចជាកាតាលីករអីចឹង ដើម្បីអាចដំណើរការ​ទៅបានដោយរលូន[ជួសជុលដំបូល និងប្រព័ន្ធលូ]»

វីដេអូខ្លីបង្ហាញពីទិដ្ឋភាពដំបូលសាលាបឋមសិក្សា អូរតូច លេចធ្លុះធ្លាយ និងបរិវេណសាលា ព្រមទាំងសកម្មភាពរបស់អាណាព្យាបាលសិស្សជួបប្រជុំគ្នា ស្តីពីបញ្ហាផ្សេងក្នុងសង្កាត់ ដើម្បីស្វែងរកដំណោះស្រាយ ក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)
490 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម