សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ឪពុកម្ដាយសិស្សបារម្ភសុវត្ថិភាពកូនៗ ក្រោយបាក់របងសាលាបណ្តាល​ឱ្យប៉ះអគារសិក្សា

ក្មេងប្រុសសិស្សសាលាម្នាក់ជិះកង់ឆ្លងកាត់ការដ្ឋានដែលកំពុងសាងសង់មួយ នៅជាប់របងសាលាបឋម និងអនុវិទ្យាល័យចតុមុខ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
ក្មេងប្រុសសិស្សសាលាម្នាក់​ជិះ​កង់​ឆ្លងកាត់ការដ្ឋានដែលកំពុង​សាងសង់មួយ នៅជាប់របងសាលាបឋម និងអនុវិទ្យាល័យចតុមុខ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ឪពុកម្ដាយសិស្សានុសិស្សលើកឡើងថា ពួកគេព្រួយបារម្ភពីសុវត្ថិភាពកូនៗ ក្រោយបាក់​របង​សាលាដែលបណ្តាលឱ្យមានស្នាមប្រេះទីធ្លាចាក់សាបអគារសិក្សានៅសាលាចតុមុខ ដោយ​សារ​តែ​មាន​​ការដ្ឋានសាងសង់ចំណតក្រោមដី និងការិយាល័យធ្វើការរបស់កម្លាំង​នគរបាល​ជាតិនៃក្រសួងមហាផ្ទៃ នៅលើសួនច្បារក្បែររបងសាលាចតុមុខ កាលពី​សប្ដាហ៍​មុន។

អ្នកស្រី លឹម ចិន្តា ជាអាណាព្យាបាលម្នាក់​ ដែលមានកូនរៀននៅថ្នាក់ទី៨ នៃអនុវិទ្យាល័យ​ចតុមុខ លើកឡើងពីក្ដីបារម្ភចំពោះសុវត្ថិភាពកូនរបស់អ្នកស្រីក្រោយមានការបាក់របងសាលា និងមានស្នាមប្រេះអគារ ទោះបីមានការបញ្ជាក់ពីនាយកសាលាថាមិនមានអ្វីកើតឡើងលើ​អគារ​ដែលមានស្នាមប្រេះនោះក៏ដោយ។

អ្នកស្រី ចិន្តា បញ្ជាក់ថា៖ «យើងបារម្ភគឺបារម្ភ តែខាងសាលាគាត់អត់សូវរវល់ និយាយ​ទៅ​គាត់ដូចខ្លាចគេដែរ ចឹងយើងមិនដឹងធ្វើម៉េចទេ ព្រោះជាក់ស្ដែងវាបាក់ហើយ វាគ្មានការពារ​ត្រឹមត្រូវទេ»។

អ្នកស្រីបន្តថា ខណៈអគារថ្នាក់រៀនមានស្នាមប្រេះ និងបាក់របងបែបនេះហើយ ខាង​សាលា​នៅតែបន្តឱ្យសិស្សមករៀននៅក្នុងថ្នាក់ធម្មតា បើទោះជាក្រុមអាណាព្យាបាល​ដាក់​សំណើ​សុំជួបជជែកពីបញ្ហានេះ តែខាងសាលាមិនឆ្លើយតប។

អ្នកស្រីបន្តថា៖ «អាពួកហ្នឹង[ការបាក់អគារ] វាអត់ប្រាប់យើងមុនទេណា៎ តែវាត្រូវ​បាក់វាបាក់​ហើយ ខាងសាលាអត់មានឆ្លើយតបជាមួយខាងយើងទេ គឺស្ងាត់ស្ងៀមអត់ហ៊ានឱ្យយោបល់​យើងអស់ការបារម្ភអីទេ»

អ្នកស្រីអះអាងថា អ្នកស្រីគ្រាន់តែចង់បានដំណោះស្រាយ ដើម្បីបញ្ចៀសបញ្ហាដែលនឹង​កើត​ឡើង​ដោយចៃដន្យ ហើយបើគណៈគ្រប់គ្រងនៅតែមិនបញ្ជាក់ឱ្យអស់កង្វល់ អ្នកស្រីនឹងបញ្ចូន​កូនអ្នកស្រីទៅរៀនសាលាផ្សេង ដើម្បីបង្ការនូវហានិភ័យដែលអាចកើតឡើងនៅថ្ងៃណាមួយ។

អ្នកស្រី ចិន្តា បន្ថែមថា៖ «កូនខ្ញុំរៀនអគារជាប់ហ្នឹង[ការដ្ឋាន] កន្លែងបាក់ហ្នឹង បើវាបាក់ គឺ​ប៉ះពាល់​កូនសិស្សទាំងអស់ ហើយឆ្នាំក្រោយខ្ញុំនឹងដូរកូនខ្ញុំឱ្យទៅរៀនសាលាផ្សេង»

កម្មករកំពុងធ្វើការក្នុងការដ្ឋានមួយ ដែលជាប់នឹងរបងសាលាបឋម និងអនុវិទ្យាល័យចតុមុខ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

បើតាមការសាកសួរពីក្រុមយុវសិស្សជាច្រើននាក់នៅអនុវិទ្យាល័យចតុមុខ បានប្រាប់ឱ្យដឹងថា មុនពេលបាក់របងសាលា គឺឮសូរសម្លេងផាំង និងបែកផ្កាភ្លើងចេញពីទីតាំងដែលបាក់របង​សាលា។ នាពេលនោះ សិស្សស្រីប្រុស ក៏ដូចជាគ្រូបង្រៀនបានរត់ចុះពីលើអគារ ដោយភាព​ភ័យ​ស្លន់ស្លោគ្រប់ៗគ្នា។

យុវតី សុគន្ធ និរតី[ឈ្មោះអ្នកសារព័ត៌មានដាក់ឱ្យ] និយាយថា៖ «ពេលហ្នឹងខ្ញុំកំពុងរៀប​សរសេរ​​តាមអាន ស្រាប់តែឮផាំង ហើយមានផ្កាភ្លើងមួយឆ្វាចហ្នឹងដូចរន្ទះបាញ់អ៊ីចឹង ហើយខ្ញុំ​នឹងលោកគ្រូអ្នកគ្រូនាំគ្នារត់ចេញក្រៅ ខ្ញុំរាងភ័យញ័រដៃញ័រជើង ឯគ្រូខ្លះគាត់​មានបេះដូង​[ជំងឺបេះដូង] គាត់ខ្យល់ចាប់ដែរ គាត់ភ័យ»។

និរតី ជាសិស្សស្រីម្នាក់រៀនថ្នាក់ទី៨ នៃអនុវិទ្យាល័យចតុមុខ បានបន្តថា រូបខ្លួនក៏​ដូចជា​សិស្ស​ដទៃ​ទៀតរងការរំខានដោយសារតែសំឡេងការដ្ឋានសំណង់នៅជាប់របងសាលា។ ហើយ​ជាញឹកញយ យុវតីនេះថា ពិបាកស្ដាប់គ្រូពន្យល់មេរៀនទៀតផង។

និរតី បញ្ជាក់ថា៖ «វាប៉ះពាល់ដល់ការសិក្សាដល់សិស្សផ្សេងៗខ្លាំងមែនទែនទាំងខ្ញុំផ្ទាល់ដែរ ហើយលោកគ្រូអ្នកគ្រូខ្លះគាត់​អត់បានពន្យល់មេរៀនទេ ដោយសារតែឮសំឡេង​ថ្លង់​ជិតអគារហ្នឹងខ្លាំងមែនទែន»។

យុវតីរូបនេះ ឱ្យដឹងថា ដោយសារតែមានការរំខានដោយសំឡេងបែបនេះហើយ ទើបមាន​គ្រូ​បង្រៀនមួយចំនួនមិនមកបង្រៀន ហើយផ្ញើតែមេរៀនឱ្យសិស្សស្វ័យសិក្សា​ដោយ​ខ្លួនឯង។

និរតី បានបន្ថែមថា៖ «ពេលខ្លះគ្រូខ្លះអត់មកបង្រៀន គាត់មកបង្រៀនដែរតែដូចជា​ពិបាក​រៀន​គាត់ដាក់តែមេរៀនហើយគឺអត់ពន្យល់ទេ​ ព្រោះបើពន្យល់ក៏ស្ដាប់អត់ឮដែរ គ្រូខ្លះ​គាត់​ខំស្រែក​ក៏អត់ឈ្នះជាមួយត្រាក់ទ័រហ្នឹងដែរ»

បើទោះបីជាគណៈគ្រប់គ្រងសាលា ប្រាប់សិស្សានុសិស្សថា បញ្ហានេះ មិនមានអ្វីគួរឱ្យបារម្ភ​ប៉ុន្តែ​យុវតីរូបនេះ អះអាងថា សិស្សមួយចំនួនដែលរៀននៅអគារជាប់ការដ្ឋានសំណង់​របស់​ក្រសួងមហាផ្ទៃ មិនហ៊ានឡើងទៅរៀននៅក្នុងបន្ទប់ឡើយ គឺរៀននៅក្រោមរោងអង្គុយលេង​ក្រោមដើមឈើ ព្រោះបារម្ភពីសុវត្ថិភាព។

និរតី ប្រាប់ទៀតថា៖ «ព្រោះអគារចាប់ផ្ដើមរាងហើបគ្រឹះខាងក្រោម ហើយវាអត់​មាន​ដំណោះស្រាយទេ ម៉ាក់ប៉ាខ្ញុំអត់ឱ្យខ្ញុំឡើងទៅលើអគារហ្នឹងទៀតទេ ព្រោះដោយសារតែ​នៅកៀនរបងអគារ ជញ្ជាំងថ្នាក់ខ្ញុំវារាងប្រេះ ហើយរញ្ជួយអគារ ដូចរញ្ជួយដី ចឹងខ្ញុំ​សម្រេច​ចិត្តថាទៅអង្គុយរៀនក្រោមសង្ក័សីវិញ[[រោងសង្ក័សី]»។

កម្មករកំពុងធ្វើការក្នុងការដ្ឋានមួយ ដែលជាប់នឹងរបងសាលាបឋម និងអនុវិទ្យាល័យចតុមុខ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ចំណែកសិស្សមួយក្រុមទៀតរៀនថ្នាក់ទី៩ នៃអនុវិទ្យាល័យចតុមុខ លើកឡើងស្រដៀងគ្នាថា នៅពេលដែលមានការបាក់របងសាលាដូច្នេះ​ ធ្វើឱ្យពួកគេមានការបារម្ភពីសុវត្ថិភាព ខណៈ​ការដ្ឋាន​នេះ ក៏មានសំឡេងរំខានដល់ការរៀនសូត្ររបស់ពួកគេផងដែរ។

យុវតី សូណា ជាសិស្សម្នាក់ក្នុងចំណោមសិស្សផ្សេងទៀត​ដែលបានជួបសម្ភាស​ជាមួយ​អ្នកសារព័ត៌មាន បាននិយាយថា៖ «ខ្ញុំភ័យតិចៗពេលឮដំណឹងដំបូង ភ័យបុកពោះដែរ​ខ្លាចរៀនៗទៅវាស្រុត ហើយរំខានព្រោះពេលរៀនទៅមិនសូវឮសំឡេងគ្រូបង្រៀន»។

ដោយសារតែកម្ពុជាធ្លាប់មានករណីបាក់រលំអគារមួយនៅខេត្តកែប កាលពីឆ្នាំកន្លងទៅ ទើប​បណ្ដាលឱ្យអាណាព្យាបាលសិស្សដែលមានកូនរៀននៅអនុវិទ្យាល័យចតុមុខ មានក្ដី​បារម្ភ​ចំពោះសុវត្ថិភាពកូនៗរបស់ពួកគេ។

អ្នកស្រី ផាន សុខេម ជាម្ដាយមួយរូបដែលមានកូនរៀននៅអនុវិទ្យាល័យចតុមុខ លើកឡើង​ថា ម្ដាយរូបណាក៏បារម្ភពីសុវត្ថិភាពកូនៗដែរ តែបញ្ហាត្រង់ថា សាលាឱ្យរក្សាភាពស្ងៀមស្ងាត់ និងអះអាងថាគ្មានការបាក់រលំអគារឡើយ។

អ្នកស្រី សុខេម បន្តថា៖ «ចុះឥឡូវខ្ញុំសួរយើង បើមានកូនរៀននៅហ្នឹងបារម្ភអត់? ចឹងខ្ញុំបារម្ភ​ដូចគ្នា ហើយថ្នាក់លើឱ្យរក្សាភាពស្ងៀមស្ងាត់ សួរថាកូនគាត់មួយណារៀននៅសាលារដ្ឋ ចឹងគាត់ឱ្យរក្សាភាពស្ងៀមស្ងាត់វាត្រូវហើយ ព្រោះអត់មានកូនគាត់នៅក្នុងហ្នឹង»។

អ្នកស្រីបន្តថា ដោយសារតែនៅតែកើតកូនចិត្តខ្វល់ពីសុវត្ថិភាពកូន អ្នកស្រីនិង​អាណាព្យាបាល​ផ្សេងទៀត បានស្នើតាមរយៈនាយិកា ទៅនាយកសាលា ដើម្បីសុំ​ឱ្យ​សិស្ស​រៀនអនឡាញរហូតដល់ប្រឡងឌីម្លូប ឬវ៉ាកងមុនពេលកំណត់ តែមិនមានការឆ្លើយតបមកវិញ​ឡើយ។

អ្នកស្រីបន្ថែមថា៖ «ឱ្យកូនរៀននៅខាងក្រៅម៉េចៗទេ វាពិបាកភ្នែកដែរ សាលារដ្ឋវាអ៊ីចឹង»។

នាយកអនុវិទ្យាល័យចតុមុខ លោក ឌឹម វិរឫទ្ធិ ទទួលស្គាល់ថា ពិតជាមានការបាក់របងសាលា និងមានស្នាមប្រេះទីធ្លាចាក់សាបរបស់អគាសាលា ប៉ុន្តែបដិសេធថាមិនមានការស្រុតអគារ ឬប៉ះពាល់គ្រឹះអគារ ដោយសារតែការដ្ឋានសំណង់នៅក្បែរសាលាឡើយ។

លោកថ្លែងថា៖ «មានការដ្ឋានរបស់ក្រសួងមហាផ្ទៃគេជីកកន្លែងក្រោមដីសម្រាប់ដាក់ម៉ូតូ​នាំក្បួនប្រតិភូរាជរដ្ឋាភិបាល ហើយមានការហូរច្រោះដី ហើយបណ្ដាលឱ្យបាក់របង មិនមែន​បាក់គ្រឹះទេ វាគ្រាន់តែរលំតួរបងប្រហែល២០ម៉ែត្រ។ ហើយអគារវាប៉ះពាល់សាប​ខាង​ក្រោម​ដោយសារច្រោះដីខាងក្រោម វាស្រុតសាប មិនមែនអគារទាំងមូលឡើយ»។

យ៉ាងណាមិញ ដោយសារតែមានអាណាព្យាបាលនៅតែបារម្ភថា ខ្លាចមានការបាក់ស្រុតអគារ ហើយមិនហ៊ានឱ្យកូនៗរៀននៅក្នុងអគារនោះ និងខ្លាចមានសំឡេង​រំខានដល់​សិស្ស​រៀន​ផង លោកនាយកសាលា បានឱ្យសិស្សទៅរៀននៅអគារផ្សេង ថ្វីបើមាន​មន្រ្តីជំនាញ​ចុះ​មក​​វាយតម្លៃថាមិនមានបញ្ហាក៏ដោយ។

លោកបានបញ្ជាក់ថា៖ «អាំងស៊ីញ៉រ[វិស្វករ]ខាងក្រសួងមកពិនិត្យ ហើយធានាថា​មិនមាន​ការ​បាក់ស្រុតអគារទាំងមូលឱ្យគ្រោះថ្នាក់បានទេ។ ប៉ុន្តែដោយសារតែការភ័យខ្លាច កុំឱ្យ​មានការ​ភ័យបារម្ភរបស់អាណាព្យាបាល យើងខ្ញុំក៏ប្ដូរអគារហ្នឹងលែងឱ្យរៀនហើយ»

ទិដ្ឋភាពទូទៅសាលាបឋមសិក្សាចតុមុខ និងរបងស័ង្កសីការដ្ឋានហ៊ុំព័ទ្ធ​ជាប់របងសាលា រាជធនីភ្នំពេញ។ រូបថតថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

អភិបាលខណ្ឌដូនពេញ លោក ជា ខេមា លើកឡើងថា តាំងតែពីកើតមានបញ្ហាបាក់របង​សាលា ខាងមន្ត្រីជំនាញ និងខណ្ឌដូនពេញ បានចុះត្រួតពិនិត្យរួចហើយ មិនមានអ្វីបង្កជា​ហានិភ័យ និងមិនប៉ះពាល់ដល់គ្រឹះសាលាទេ។

លោក ខេមា បានបន្ថែមថា៖ «ខាងខណ្ឌមានសមាសភាពទាំងអស់ ចុះមកដោះស្រាយ ពិភាក្សាគ្នាអស់ហើយគេនឹងធ្វើសងវិញ អត់មានអីប៉ះពាល់ទេ គ្រាន់តែរបងសាលា​វាចាស់​រាងផុយ»។

លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លើកឡើងថា ការសាង​សង់​សំណង់អ្វីមួយ ជាពិសេសស្ថាប័នរដ្ឋ គួរតែសិក្សាពីផលប៉ះពាល់ ព្រោះ​មិនចាំបាច់​ទាល់តែ​អាណាព្យាបាលសិស្សប្រតិកម្មនោះទេ ក្រសួងសាមីគួរតែធានាឱ្យបាននូវ​សុវត្ថិភាពជា​ចម្បង។

លោក សន ជ័យ ថ្លែងថា៖ «រាល់គម្រោងសាងសង់ផ្សេងៗតែងតែបានគិតអំពីផលប៉ះពាល់ ចឹងនៅពេលដែលផលប៉ះពាល់បែបនេះកើតឡើង ខ្ញុំគិតថាការដោះស្រាយភ្លាម​ឬក៏ការ​ប៉ះ​ពាល់ណាមួយ មិនចាំបាច់ឮការត្អូញត្អែរ ឬការបារម្ភអំពីអាណាព្យាបាលទេ គឺគេគួរតែ​ដោះ​ស្រាយភ្លាមៗតែម្ដង»

សូមជម្រាបជូនថា ការដ្ឋានដែលកំពុងសាងសង់ក្បែររបងសាលាចតុមុខ គឺជាគម្រោងរបស់​ក្រសួងមហាផ្ទៃ ដើម្បីសាងសង់ចំណតក្រោមដី និងការិយាល័យធ្វើការរបស់នគរបាលជាតិ នាយកដ្ឋានអង្គរក្សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ហើយគម្រោងនេះនឹង​បញ្ចប់មុនការប្រជុំអាស៊ាននាពេលខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោក​នាយក​សាលា​ចតុមុខ៕

320 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម