ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោកប្រមាណជិត១០០នាក់តំណាងឱ្យ២៥០គ្រួសារនៅព្រឹកថ្ងៃពុធស្វែងរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឱ្យអាជ្ញាធរធ្វើប្លង់កម្មសិទ្ធិ និងពន្យាពេលនៃការចាក់ដីលុបបឹងតាមោកដើម្បីឱ្យពួកគាត់អាចប្រមូលផលត្រីដែលកំពុងចិញ្ចឹម។
អ្នកស្រី ប្រាក់ សុភា តំណាងប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោក ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានរៀបរាប់ថា ពួកគាត់យកញត្តិទៅដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី គឺស្វែងរកការអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឱ្យអាជ្ញាធរធ្វើប្លង់កម្មសិទ្ធិ និងពន្យាពេលនៃការចាក់ដីលុបបឹងតាមោកដើម្បីឱ្យពួកគាត់អាចប្រមូលផលត្រីដែលចិញ្ចឹមក្នុងបឹងនោះ។ អ្នកស្រីសង្ឃឹមថានឹងមានកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ បន្ទាប់ពីថ្នាក់ដឹកនាំបានឮអំពីរឿងនេះតាមរយៈសារព័ត៌មាន។
អ្នកស្រី សុភា ប្រាប់ថា៖ «ពួកខ្ញុំមានការឈឺចាប់វាអយុត្តិធម៌ រាស្រ្តនិងមន្រ្តីអភិវឌ្ឍអត់ស្មើភាពគ្នា។ សម្ដេចគាត់លុបបឹងសម្បទានឱ្យឧកញ៉ាមួយចំនួនបាន។ ហើយប្រជាពលរដ្ឋតែ៥ហិកតា ខ្ញុំគិតថាសម្ដេចនឹងកាត់ឆ្វៀលដល់ប្រជាពលរដ្ឋ ព្រោះខ្ញុំជាកូនចៅរបស់លោក»។
តំណាងពលរដ្ឋរូបនេះ ឱ្យដឹងទៀតថា បន្ទាប់ពីទទួលយកញត្តិមន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ថា ឱ្យរងចាំសិន ព្រមទាំងសួរទៅកាន់ប្រជាពលរដ្ឋថា មានសង្ឃឹមអត់? ភ្លាមៗនោះអ្នកស្រី សុភា ឆ្លើយតបថា មិនទាន់សង្ឃឹមឡើយ ព្រោះញត្តិនៅក្នុងដៃមន្រ្តីនៅឡើយ មិនទាន់ធ្លាក់ដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
អ្នកស្រី សុភា បន្ថែមថា៖ «គាត់[មន្រ្តីខុទ្ទកាល័យ]សួរបងមានសង្ឃឹមអត់ បងថាអត់មានសង្ឃឹមទេ ព្រោះអីញត្តិនៅក្នុងដៃគាត់ មិនទាន់ដល់ដៃសម្ដេច លើកលែងតែញត្តិដល់ដៃសម្ដេចបានបងមានសង្ឃឹម បងមានសង្ឃឹមទៅលើសម្ដេច»។
អ្នកស្រី អំ ភឿន អាយុ៥៣ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ បាននិយាយថា គ្រួសារអ្នកស្រីបានខ្ចីប្រាក់ពីធនាគារជាង១ម៉ឺនដុល្លារ ដើម្បីធ្វើដើមទុនក្នុងការចិញ្ចឹមត្រីប្រមាណជាង៤ម៉ឺនក្បាល ហើយនៅសល់រយៈពេលជិត១ឆ្នាំទៀតទើបអាចប្រមូលផលបាន។
អ្នកស្រី ភឿន និយាយថា៖ «សំណូមពរអាជ្ញាធរកុំអាលចាក់លុបស៊ងចិញ្ចឹមត្រីប្រជាពលរដ្ឋដែលកំពុងអាស្រ័យផល ហើយមិនទាន់បានប្រមូលផល។ (ចាក់ដី)សល់១០០ម៉ែត្រទៀតទេ ចាក់ត្រឹមមួយថ្ងៃដល់ហើយ។ ចាក់ទាំងយប់ចាក់ទាំងថ្ងៃចាក់លើត្រីយកតែម្ដង»។
អ្នកស្រី ហុក ស្រីណាក់ អាយុ៣៧ឆ្នាំ ជាពលរដ្ឋម្នាក់ទៀតដែលរស់នៅជាប់បឹងតាមោកក្នុងសង្កាត់សំរោង បានឱ្យដឹងថា ត្រីដែលអ្នកស្រីចិញ្ចឹមបានងាប់អស់ជាច្រើនក្បាល ដោយសារការចាក់ដីលុបបឹងតាមោកបានធ្លាក់ចូលទៅក្នុងស៊ងចិញ្ចឹមត្រីរបស់គាត់។
អ្នកស្រី ស្រីណាក់បន្ថែមថា៖ «វាធ្លាក់អាចម៍ដីនិងថ្មហ្នឹងមក កូនត្រីតូចៗវាពុលងាប់បណ្ដើរៗហើយឥឡូវ អាចម៍ដីវាមក វាល្អក់ទឹក»។
ប្រជាពលរដ្ឋដែលរស់នៅជាប់បឹងតាមោកក្នុងសង្កាត់សំរោងបានធ្វើការតវ៉ាអស់រយៈពេលជាង១សប្ដាហ៍ ដើម្បីទាមទារឱ្យអាជ្ញាធរចេញប្លង់កម្មសិទ្ធិ និងផ្អាកជាបណ្ដោះអាសន្នជុំវិញការចាក់ដីលុបបឹងតាមោកដែលបានបណ្ដាលឱ្យស៊ងចិញ្ចឹមត្រីរបស់ពួកគាត់រងនូវការបំផ្លិចបំផ្លាញ។ រដ្ឋាភិបាលបានសម្រេចកាត់ផ្ទៃបឹងជិត២ពាន់ហិកតានៃទំហំសរុបជាង៣ពាន់ហិកតារបស់បឹងតាមោក ទៅឱ្យក្រុមហ៊ុន និងបុគ្គលដែលមានទំនាក់ទំនងជិតស្និតជាមួយរដ្ឋាភិបាលកម្ពុជា ក្រោមហេតុផលដើម្បីធ្វើការអភិវឌ្ឍ។
សារព័ត៌មានខេមបូចាពុំអាចសូមការអត្ថាធិប្បាយពី លោក នៅ រ៉ា មន្រ្តីនៃខុទ្ទកាល័យនាយករដ្ឋមន្រ្តី ដោយខលពុំមានអ្នកលើកទូរសព្ទ។ ដោយឡែកមន្ត្រីខុទ្ទកាល័យម្នាក់ទៀត លោក គង់ ចំរើន បានបដិសេធមិនធ្វើអត្ថាធិប្បាយ។
លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ បានជំរុញឱ្យមានការបង្កើតគណៈកម្មការមួយដើម្បីសិក្សាឱ្យបានច្បាស់លាស់អំពីករណីនេះ ហើយប្រសិនបើប្រជាពលរដ្ឋពិតជារស់នៅច្រើនឆ្នាំ អាជ្ញាធរត្រូវមានដំណោះស្រាយណាមួយដែលពួកគាត់អាចទទួលយកបាន។
លោក សំអាត បានបន្ថែមថា៖ «សិក្សាឱ្យបានច្បាស់លាស់ ស្វែងរកដំណោះស្រាយឱ្យសមស្របទាក់ទងនឹងបរិបទនៅជុំវិញរបស់ពួកគាត់ ប្រសិនបើក្រុមហ៊ុនឬឯកជនទទួលបានដី ដែលមានសណ្ឋានដូចគាត់រស់នៅ ចឹងរាជរដ្ឋាភិបាលឬអាជ្ញាធរគួរតែពិនិត្យនិងពិចារណាដូចគ្នាផងដែរ»៕