ប្រជាពលរដ្ឋជិត៨០គ្រួសារដែលតាំងទីលំនៅបណ្ដោះអាសន្នស្ថិតក្នុងទីតាំងដីមួយកន្លែងក្នុងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ស្នើទៅអាជ្ញាធរឱ្យពន្លឿនការរៀបចំដីសម្រាប់ពួកគេសង់ផ្ទះ ក្រោយការរស់នៅក្នុងផ្ទះប្រក់កៅស៊ូតង់ ជួបប្រទះនឹងការលំបាកបញ្ហាជីវភាព និងអនាម័យ បន្ទាប់ពីផ្ទះសម្បែងបាក់ស្រុតចូលស្ទឹង កាលពីខែមករាកន្លងមក។
ជិះចូលតាមផ្លូវបេតុងក្នុងភូមិព្រែកថី មកដល់ដីឡូតិ៍មួយកន្លែង គេនឹងឃើញផ្ទះជាច្រើនបន្ទប់ សង់ទល់មុខគ្នា មានជញ្ជាំងក្ដារ ប្រក់ដំបូលកៅស៊ូតង់ និងមានបន្ទប់ទឹកស្រី ប្រុស សង់ដោយឡែកពីគ្នា សម្រាប់ឱ្យប្រជាពលរដ្ឋ ដែលបាត់បង់ផ្ទះដោយសារតែការបាក់ស្រុតផ្ទះចូលព្រែកថី កាលពីកំឡុងខែមករា កន្លងមក។
ប្រជាពលរដ្ឋដែលរស់នៅលើទីតាំងបណ្ដោះអាសន្នកំពុងរង់ចាំការដោះដូរដីថ្មី សម្រាប់ឱ្យពួកគេមានលទ្ធភាពអាចសង់ផ្ទះផ្ទាល់ខ្លួនបាន ដោយពួកគេលើកឡើងថា ការរស់នៅរួមគ្នា មានការលំបាក និងប្រឈមបញ្ហាអនាម័យ។
អ្នកស្រី ហិន ពៅ អាយុ៣០ឆ្នាំ មានមុខរបរជាកម្មការិនីរោងចក្រ បានប្រាប់ឱ្យដឹងថា ការរស់នៅក្នុងផ្ទះកៅស៊ូតង់ វាពិតជាមានការលំបាកសម្រាប់អ្នកស្រី ត្បិតវាមិនមានផាសុខភាព សេរីភាពដូចផ្ទះរបស់ខ្លួនឯង។ ការរស់នៅជុំគ្នាបែបនេះ វាបង្កបរិយាកាសមិនអំណោយផល និងអនាម័យល្អឡើយសម្រាប់អ្នកស្រី បើទោះបីអាជ្ញាធរបានរៀបចំបន្ទប់ទឹកដាច់ដោយឡែក និងមានធុងសំរាមក៏ដោយ។
កំពុងអង្គុយបំពេរកូនតូចអាយុ៥ខែលើកៅអីជ័រ អ្នកស្រី ពៅ និយាយថា៖ «និយាយទៅពិបាកគ្រប់យ៉ាង រស់នៅទីនេះពិបាក រញ៉េរញ៉ៃ ក្ដៅខ្លាំង ហើយអនាម័យជួនកាលទៅអត់សំអាត យើងពិបាករឿងបង្គន់ប្រើប្រាស់ដាច់កៅស៊ូតង់ ពិបាកបត់ដៃបត់ជើង»។
ស្នាក់នៅក្នុងផ្ទះតង់បណ្ដោះអាសន្ន អ្នកស្រីពៅ បានលើកឡើងពីក្ដីបារម្ភអំពីសុវត្ថិភាពកូនស្រីតូចអាយុ៥ខែរបស់អ្នកស្រីនៅត្រង់ចំណុចថា ពេលថ្ងៃក្ដៅខ្លាំង ពេលយប់ហប់ ហើយប្រសិនបើទីតាំងថ្មីមិនរៀបចំឱ្យហើយមុនរដូវប្រាំងទេនោះ អ្នកស្រីនឹងប្រឈមការលំបាកកាន់តែខ្លាំង ត្បិតរដូវវស្សាចូលមកដល់ នឹងមានសត្វមានពិសទិច ឬខាំកូនតូចរបស់អ្នកស្រី ហើយនឹងលិចផ្ទះនេះជាមិនខាន។
អ្នកស្រី ពៅ លើកឡើងថា៖ «ខ្ញុំបារម្ភសុវត្ថិភាពកូន ខ្ញុំអត់មានគ្រែទេដេកនៅក្រោម ខ្ញុំបារម្ភខ្លាំងបំផុតខ្លាចសត្វពស់ សត្វអី យើងមានកូនតូច បើភ្លៀងមកអាចលិច»។
ក្រោយផ្ទះអ្នកស្រីបានបាក់ស្រុតចូលទឹកស្ទឹងកាលពីខែមករា កន្លងមក អ្នកស្រីពៅទទួលបានសំណងចំនួន៨០ដុល្លារប៉ុណ្ណោះចំពោះការបាត់បង់ផ្ទះជាទីស្រលាញ់របស់អ្នកស្រី។ មកទល់ពេលនេះមានរយៈពេលមួយខែជាងហើយ ដែលអ្នកស្រីបានរស់នៅក្នុងផ្ទះតង់បណ្ដោះអាសន្ន។
អ្នកស្រី ពៅ បញ្ជាក់ថា អ្នកស្រីពេញចិត្តចំពោះការគិតគូររបស់អាជ្ញាធរ ប៉ុន្តែស្នើឱ្យពន្លឿនដំណើរចាក់បំពេញដីដែលនឹងត្រូវចែកជូនប្រជាជន ដើម្បីឱ្យពួកគាត់បានសង់ផ្ទះផ្ទាល់ខ្លួននៅលើដីនោះ មុនចូលឆ្នាំខ្មែរ។
អ្នកស្រី ពៅ និយាយថា៖ «ខ្ញុំសំណូមពរឱ្យគាត់ឱ្យទៅ វាជាការល្អខ្លាំង មូលហេតុព្រោះទៅដល់នោះទៅយើងរស់នៅ[ផ្ទះ]ខ្លួនឯងវាស្រួល ទោះបីតូចធំអីវាអត់ប្រញុកដូចនៅទីនេះ»។

មិនខុសគ្នាពីអ្នកស្រី ពៅ ពលរដ្ឋមួយរូបទៀតដែលមានផ្ទះស្រុតចូលស្ទឹងព្រែកថី គឺអ្នកស្រី រុន លៀងអេង អាយុ៤២ឆ្នាំ ជាស្រ្តីមេផ្ទះ លើកឡើងថា អ្នកស្រីចង់ឃើញអាជ្ញាធរពន្លឿនការរៀបចំទីតាំងដី ដែលនឹងត្រូវចែកជូនប្រជាពលរដ្ឋឱ្យបានមុនចូលឆ្នាំខ្មែរ ត្បិតការស់នៅទីតាំងបណ្ដោះអាសន្ននេះ ពិតជាប្រទះការលំបាកពិតមែន។
អ្នកស្រី លៀងអេង និយាយថា៖ «ខ្ញុំចង់ឱ្យគាត់[អាជ្ញាធរ]ហ្នឹងជួយគិតគូរឱ្យលឿនទៅ ព្រោះខ្ញុំនៅនេះវាពិបាកដែរ ចង់នៅផ្ទះផ្ទាល់ខ្លួនវាស្រួលជាងដែលយើងនៅអ៊ីចឹង»។
អ្នកស្រីបន្តទៀតថា ការរស់នៅរួមគ្នា គឺតែងមានបញ្ហាប្រឈម និងការលំបាកនានា ដូច្នេះហើយបានជាអ្នកស្រីទទូចចង់បានដីដែលអាជ្ញាធរនឹងចែកឱ្យពលរដ្ឋ ដើម្បីសង់ផ្ទះដាច់ដោយឡែក និងរស់នៅប្រកបដោយផាសុខភាព។
អ្នកស្រីនិយាយថា៖ «ផ្ទះផ្ទាល់ខ្លួនវាតែងតែស្រួលនៅជាងហើយ អានេះនៅលក្ខណៈជារួមមិនស្រួលនៅទេ វាពិបាកនៅណាស់។ ទីមួយក្ដៅ ទីពីរបន្ទប់ទឹកចូលទៅអត់សូវទុកចិត្តដែរ បើមេឃភ្លៀងមកសើមទឹកអស់ហើយ»។
យ៉ាងណាមិញអ្នកស្រីមានការសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់ផ្ទះ ដែលជាទីជម្រកដ៏សំខាន់ចាំបាច់ ខណៈពេលបាក់ស្រុតអ្នកស្រីយកបានតែសម្ភារៈចំាបាច់បានខ្លះតែប៉ុណ្ណោះ។
កំពុងអង្គុយជក់បារីខាងក្រៅផ្ទះតង់ ដែលនៅជាប់ៗគ្នា លោក ប្រាជ្ញ ថា អាយុ៥៨ឆ្នាំ ជាពលរដ្ឋដែលបាត់បង់ផ្ទះបានលើកឡើងថា ការរស់នៅបែបនេះ មិនមានផាសុខភាពឡើយ។ សម្រាប់លោកថា រំពឹងចង់ឱ្យអាជ្ញាធរពន្លឿនការផ្ដល់ដីជូនពលរដ្ឋ ដើម្បីសង់ផ្ទះបានឆាប់ៗខាងមុខនេះ មុនរដូវវស្សាចូលមកដល់។
លោកបញ្ជាក់ថា៖ «វាពិបាកត្រង់ក្ដៅខ្លាំង មិនមានខ្យល់ចេញចូល គេធ្វើបង្គន់ឱ្យតែរបស់រួមមិនសូវស្រួលទេ វាមិនដូចផ្ទះយើង។ បើខែវស្សាដឹងតែលិចហើយ ទឹកហូរចូលគ្មានបានដេកទេ ចឹងខ្ញុំចង់បានការដោះស្រាយឆាប់ៗ»។

ផ្ទះនីមួយៗដែលពលរដ្ឋស្នាក់នៅបណ្ដោះអាសន្ន មានប្រក់ដំបូលកៅស៊ូតង់ សង់ដោយដែក ចាក់ស៊ីមង់តិ៍សាប និងមានជញ្ជាំងបាំងដោយក្ដារកុងផ្លាកកេ ដោយមិនមានបង្អូចនោះឡើយ មានតែទ្វារជាកៅស៊ូតង់ប៉ុណ្ណោះ។ សភាពក្នុងផ្ទះនីមួយៗ មិនមានរបៀបរៀបរយ និងអនាម័យល្អឡើយ ត្បិតពលរដ្ឋទាំងនោះលើកឡើងថាទ្រាំរស់នៅបណ្ដោះអាសន្នសិន ទម្រាំទទួលបានដីសង់ផ្ទះថ្មី។
លោក ឈឿង ឆូ ចៅសង្កាត់រកាខ្ពស់ ថ្លែងប្រាប់ខេមបូចា យ៉ាងដូច្នេះថា ប្រជាពលរដ្ឋដែលបាក់ស្រុតផ្ទះនៅព្រែកថី សរុបទាំងអស់ចំនួន៧៧គ្រួសារ។ ឆ្លើយតបចំពោះបញ្ហានេះ លោកចៅសង្កាត់ ប្រាប់ឱ្យដឹងថា លោកអភិបាលខេត្តកណ្ដាល បានចាត់ចែងសង់តូបស្នាក់នៅបណ្តោះអាសន្នជូនដល់ពលរដ្ឋទាំងនោះរួចរាល់ហើយ។
លោកចៅសង្កាត់ថ្លែងថា៖ «ពលរដ្ឋដូចជាមិនមានជាបញ្ហាប្រឈមអ្វីទេ ប៉ុន្តែធម្មតាទេ វាមិនសូវជាទូលាយដូចផ្ទះខ្លួនឯងទេ ហើយខ្ញុំនឹងរាយការណ៍ទៅក្រុងខេត្ត អំពីការសំណូមពរពលរដ្ឋដើម្បីពន្លឿនការដោះស្រាយឱ្យប្រជាពលរដ្ឋ»។
យ៉ាងណាមិញលោក ឆូ បន្ថែមថា ចំណែកដីដែលនឹងត្រូវចែកជូនពលរដ្ឋទាំងនោះសម្រាប់សង់ផ្ទះថ្មី លោកចៅសង្កាត់បញ្ជាក់ថាមិនទាន់ដឹងពេលវេលាណាឱ្យច្បាស់ទេ ប៉ុន្តែកំពុងតែបូមខ្សាច់ចាក់បំពេញដីទំនាបទាំងនោះចំនួន៩០ឡូតិ៍។
លោកចៅសង្កាត់បន្ថែមថា៖ «ចំពោះទីតាំងហើយយើងកំពុងតែរកដីក្បែរហ្នឹង ពុះជាឡូតិ៍៩០ឡូតិ៍ជូនប្រជាពលរដ្ឋ ដោយសារដីទំនាបដូច្នេះហើយកំពុងហៅអ្នកបូមខ្សាច់បូមដាក់ឱ្យឡើងខ្ពស់»។
ជុំវិញបញ្ហានេះ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ មានប្រសាសន៍ថា ខាងអាជ្ញាធរកំពុងតែខិតខំដោះស្រាយហើយប៉ុន្តែត្រូវចាំក្នុងរយៈពេលខ្លីបន្តិចទៀតដើម្បីឱ្យប្រជាពលរដ្ឋបានដីសម្រាប់សាងសង់ផ្ទះរបស់ពួកគេ។
លោក សោភ័ណ្ឌ មានប្រសាសន៍ថា៖ «ខ្ញុំមិនទាន់ដឹងច្បាស់នៅឡើយទេថារយៈពេលប៉ុន្មានខែទៀតព្រោះវាអាចនឹងលឿនជាងប៉ុន្មានខែទៀត មិនយូរទេកំពុងតែស្វះស្វែងរកគឺក្នុងពេលខាងមុខនេះ»។

ចំណែកលោក យ៉ង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពមានប្រសាសន៍ថា ជារឿងចាំបាច់ណាស់សម្រាប់អាជ្ញាធរដែលត្រូវរៀបចំដីឱ្យពលរដ្ឋដែលបាត់បង់ទីជម្រក អាចសង់ផ្ទះទៅតាមលទ្ធភាពរបស់ពួកគេបាន។ លោកបន្តថា ការរស់នៅជួបជុំគ្នានេះមិនមានភាពងាយស្រួលប៉ុន្មានទេសម្រាប់ពលរដ្ឋជាពិសេសបញ្ហាសុខភាព និងអនាម័យរបស់ប្រជាពលរដ្ឋ ព្រោះអ្នកខ្លះមានការរស់នៅស្អាត និងខ្លះទៀតរស់នៅមិនមានរបៀបរៀបរយ ដូចជាការប្រើបង្គន់រួមគ្នាវាអាចនឹងបង្កជាជំងឺដង្កាត់ផ្សេងៗបន្ថែមទៀតផងដែរ។
លោក គិមអេង លើកឡើងថា៖ «រឿងដោះស្រាយដីជូនប្រជាពលរដ្ឋវាជារឿងចាំបាច់ណាស់សម្រាប់អជ្ញាធរក្នុងការជួយពន្លឿនការដូរដីដល់ពួកគាត់មិនអាចឱ្យគាត់បន្តរស់នៅជាបណ្តោះអាសន្នរាងយូរពេកទេដើម្បីឱ្យគ្នាបានធ្វើផ្ទះសម្បែងរស់នៅរកស៊ីប្រកបរបរតាមធម្មតាវិញអ្នកខ្លះគ្នាមានកូនរៀនសូត្រមានការលំបាកមួយដែរពីសំឡេងរំខានអ្នកជិតខាងមជ្ឈដ្ឋានជុំវិញដោយចៀសពុំរួច»។
លោក គិមអេង ក៏បានលើកឡើងពីការបារម្ភអំពីការប្រឈមនូវបញ្ហានានា ប្រសិនបើពលរដ្ឋទាំងនោះមិនអាចទទួលបានដីសម្រាប់សង់ផ្ទះនូវពេលឆាប់ៗខាងមុខនេះទេ។
លោក គិមអេង ថ្លែងថា៖ «ខ្ញុំក៏បារម្ភចំពោះបញ្ហាប្រឈមមួយចំនួនទៀតប្រសិនបើការដោះដូរដីជូនប្រជាពលរដ្ឋមានភាពយឺតយ៉ាវ រឺបន្តអូសបន្លាយពេលហើយវាកាន់តែលំបាកនាពេលរដូវវស្សាឈានចូលមកដល់ខាងមុខនេះ»។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះផ្សាយកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បង្ហាញថា ផ្ទះរបស់ពលរដ្ឋចំនួន៦១ខ្នងផ្ទះ នៃភូមិព្រែកថី និងភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានរងផលប៉ះពាល់ពីការបាក់ស្រុតដីជាប់ព្រែក ខណៈផ្ទះពលរដ្ឋចំនួន៦ខ្នងបានបាក់ចូលព្រែក និងផ្ទះពលរដ្ឋផ្សេងទៀតដែលនៅជាប់មាត់ព្រែកតម្រូវឱ្យរុះរើចេញ៕