លោក ផែង ហេង ជាមេធាវីការពារក្តីលោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំងបានឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក កឹម សុខា ត្រូវបានតុលាការអនុញ្ញាតឲ្យលោកទៅគោរពវិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជា ដែលបានស្លាប់ក្នុងការបាញ់ប្រហាររបស់ទាហានថៃ។
លោក កឹម សុខា បានទៅចូលរួមបុណ្យសពនាយទាហាពីរនាក់ នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។
លោក កឹម សុខា បានថ្លែងទៅកាន់គ្រួសារនៃសពថា៖ «ប្តីអ្នក ឪពុកអ្នកគឺជាឈាមខ្ញុំ ពេលនេះអ្នកឈឺចាប់ ខ្ញុំក៏ឈឺចាប់ជាមួយអ្នក ហើយខ្មែរជាច្រើនទៀតក៏ឈឺចាប់ និងចងចាំនូវវីរភាពនៃការលះបង់ដ៏ធំធេងនេះ។ ខ្មែរយើងឈឺចាប់ដោយសង្គ្រាមឈ្លានពានជាច្រើនដងកន្លងមកហើយ មិនគួរណាពេលនេះសៀមបន្តឈ្លានពានធ្វើឲ្យយើងឈឺចាប់ទៀតសោះ»។
ក្នុងឱកាសនោះលោកក៏បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា៖ «ខ្មែរយើងធ្លាប់ឆ្លងកាត់សង្គ្រាមឈ្លានពានច្រើនមកហើយ មិនគួរដល់ពេលនេះហើយ ថៃមកឈ្លានពានយើងទៀត វាហួសហេតុ។ សូមអំពាវនាវខ្មែរសាមគ្គី គ្នាដើម្បីភាពរឹងមាំប្រទេសយើង ការពារទឹកដីសម្រាប់កូនចៅយើងបន្តទៀត»។
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការរកឃើញពិរុទ្ធភាពពីបទក្បត់ជាតិ ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ កាលពីខែមីនា ឆ្នាំ២០២៣។ លោកត្រូវបានតុលាការសម្រេចឃុំខ្លួនក្នុងផ្ទះ។
លោកត្រូវបានចាប់ខ្លួននៅឆ្នាំ២០១៧ ដែលចោទពីបទសមគំនិតជាមួយសហរដ្ឋអាមេរិក ដើម្បីអនុវត្តអ្វីដែលគេហៅថា បដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាល ៕





