សាលាឧទ្ធរណ៍នៅថ្ងៃព្រហស្បតិ៍ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងទុកជាបានការលើសំណុំរឿងញុះញង់ទៅលើមនុស្ស៩នាក់ រួមទាំងកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ដែលធ្វើកូដកម្មទាមទារសិទ្ធិការងារ កាលពីចុងឆ្នាំ២០២១។
លោក យន់ ណារ៉ុង ជាប្រធានក្រុមប្រឹក្សានៃចៅក្រមជំនុំជម្រះបានប្រកាសសាលដីកាដោយសម្រេចតម្កល់សាលក្រមសាលាដំបូងទុកជាបានការ។
អង្គចៅក្រមថ្លែងថា៖«ភស្ដុតាពុំមានលក្ខណៈជាសាធារណៈ តែផែនការអនុវត្តជាសាធារណៈ ក្រោមរូបភាពញុះញង់ ស្របទៅតាមមាត្រា ៤៩៤ និងមាត្រា៤៩៥។ ចំពោះវត្ថុតាងចៅក្រមយល់ឃើញថាគ្រប់គ្រាន់និងមានខ្លឹមសារ»។
កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោស កញ្ញា ឈឹម ស៊ីថរ ឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ ពីបទញុះញង់បង្កភាពវឹកវរក្នុងសង្គមតាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ហើយកញ្ញា ឈឹម សុខន, សុន ស្រីពេជ្រ, ហៃ សុភាព, ឃ្លាំង សុបិន និងទូច សេរីមាស ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ១ឆ្នាំ៦ខែ ប៉ុន្តែទោសទាំងនោះត្រូវព្យួរឱ្យស្ថិតក្រោមការត្រួតពិនិត្យពីតុលាការ។ ហើយសមាជិកបីនាក់ទៀត រី សុវណ្ណឌី, សុខ ណារិទ្ធិ, សុខ គង្គា ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ១ឆ្នាំតែទោសនោះត្រូវព្យួរទាំងអស់ (សូបបញ្ជាក់ថា អ្នកទាំងប្រាំបីនាក់នៅក្រៅឃុំ នៅក្នុងឃុំតែ កញ្ញា ឈឹម ស៊ីថរ)។
កញ្ញា ស៊ីថរ ត្រូវបានចាប់ខ្លួនម្ដងទៀតកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដោយអាជ្ញាធរបានលើកឡើងថា កញ្ញា បានលើ្មសនឹងវិធានការក្នុងការត្រួតពិនិត្យរបស់តុលាការ។ តាំងពីពេលនោះមក ស៊ីថរ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ ម២ នៅព្រៃស ដោយមានរយៈពេល១៣ខែមកហើយ ខណៈ សកម្មជនសហជីពដទៃទៀត នៅបន្តនៅក្រៅឃុំបណ្តោះអាសន្ន រហូតដល់សាលក្រមចូលជាស្ថាពរ។
កញ្ញា ឈឹម សុខន ជាជនជាប់ចោទមួយរូបបានឲ្យដឹងថា នាងមានការខនចិត្តជាខ្លាំងចំពោះការសម្រេចចៅក្រមនៃសាលាឧទ្ធរណ៍ដែលមិនមានលក្ខណៈវិនិច្ឆ័យ និងទុកពេលវេលាគ្រប់គ្រាន់ដើម្បីសម្រេច ខណៈកញ្ញាអះអាងថា ការចោទប្រកាន់មកលើកញ្ញា និងសមាជិកសហជីពផ្សេងទៀត គឺជារឿងអយុត្តិធម៌ និងគ្មានភស្ដុតាងគ្រប់គ្រាន់។
កញ្ញា សុខន បានបញ្ជាក់ថា៖ «យើងនៅតែរងភាពអយុត្តិធម៌ដដែល ដោយសារតែការកាត់ទោសវាអត់មានភស្តុតាងណាយោងថាយើងប្រព្រឹត្តិអំពើរញុះញង់នឹងទេ សាលាដំបូង និងឧទ្ធរណ៍នៅតែដដែល»។
កញ្ញា សុខន អះអាងថា កញ្ញានឹងបន្តប្ដឹងសារទុក្ខទៅតុលាការកំពូល ព្រោះកញ្ញាពិតជារងការចោទប្រកាន់យ៉ាងអយុត្តិធម៌ ដោយសង្ឃឹមថាតុលាការកំពូលនឹងជួយរកភាពស្អាតស្អំជូនកញ្ញា និងសហជីព។
កញ្ញា សុខន បន្តទៀតថា៖«យើងនឹងប្ដឹងទៅកំពូលទៅតាមនិតិវិធី ជាក់ស្ដែងយើងអត់បានធ្វើខុស ខ្ញុំអត់ទទួលអ្វីដែលគេកាត់ទោសហ្នឹងទេ»។
ចំណែក ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ លោក អ៊ឹម សុផាន លើកឡើងក្នុងសវនាការជំនុំជម្រះថា ការសម្រេចរបស់សាលាដំបូងពិតជាត្រឹមត្រូវ និងមានភស្ថុតាងគ្រប់គ្រាន់ដែលចុងចោទមានចេតនាញុះញង់ និងបង្កភាពវឹកវរនៅក្នុងសង្គមពិតមែន។
លោក សុផាន ថ្លែងថា៖ «ការបង្កើតផែនការ ធ្វើម៉េចឲ្យអាជ្ញាធរប្រើហិង្សា ឲ្យគេមើលមកអាជ្ញាធរអាក្រក់ នេះជាចំណុចមួយ ជាធាតុផ្សំមួយជាអំពើធ្វើឲ្យមានការញុះញង់ក្នុងសង្គមជាតិ ធ្វើឲ្យវឹកវរ មានអស្ថិរភាពសង្គម ប៉ះពាល់វិស័យទេសចរណ៍»។
«អយុត្តិធម៌នៅតែបន្ត» ជាឃ្លាដែលកញ្ញា ឈឹម ស៊ីថរ ថ្លែងប្រាប់អ្នកសារព័ត៌មានទាំងទឹកភ្នែករលីងរលោង នៅពេលសមត្ថកិច្ចបណ្ដើរកញ្ញាចេញពីបន្ទប់សវនការ ក្រោយចៅក្រមសាលាឧទ្ធរណ៍សម្រេចកម្កល់សលក្រមទុកជាបានការ និងបន្តឃុំខ្លួនកញ្ញាក្នុងពន្ធធនាគារដដែល។
នៅក្នុងសវនាការសួរដេញដោល ចៅក្រមបានព្យាយាមសួរទៅលើមេដឹកនាំសហជីពចំនួន៦នាក់ អំពីកញ្ចប់ថវិកា និងអត្ថន័យនៃកិច្ចប្រជុំក្នុងប្រព័ន្ធ ZOOM ដែលជាភស្ថុតាងសមត្ថកិច្ចបានរកបាននៅក្នុងកុំព្យូទ័ររបស់សហជីព ក្នុងពេលចុះទៅបិទទីស្នាក់ការរបស់សហជីពកាលឆ្នាំ២០២២។
កញ្ញា ឈឹម ស៊ីថរ បានថ្លែងនៅក្នុងសវនាការថា មិនមានកូដករឯណាមានកម្លាំងទៅបង្កភាពញុះញង់ បង្កចលាចល ឬទៅកំទេចឆ្នាំងបាយក្រុមហ៊ុនដូចការលើកឡើងរបស់តំណាងអយ្យការនោះទេ ហើយការចោទប្រកាន់កញ្ញាពីបទញុះញង់គឺជារឿងដ៏អយុត្តិធម៌។
កញ្ញា ស៊ីថរ លើកឡើងថា៖ «គ្មានអ្នកណាចង់ឲ្យគេចាប់ទេ។ ចង់បានតែដំណោះស្រាយ»។
លោក សំ ចំរើន មេធាវីការពារក្ដីឲ្យកញ្ញា ស៊ីថរ ថ្លែងនៅក្នុងសវនាការថា ការតវ៉ារបស់កូនក្ដីលោក គឺស្របទៅតាមច្បាប់ការងារដែលមានចែង ត្បិតកូនក្ដីលោកបានដើរអស់នីតិវិធីក្នុងការទាមទាររកដំណោះស្រាយ។ ចំណែកភស្ដុតាងដែលក្រុមសមត្ថកិច្ចរកបាន គឺមិនមានលក្ខណៈគ្រប់គ្រាន់ និងនៅមានវិមតិសង្ស័យ ដែលមិនអាចចាត់ទុកថាជាធាតុផ្សំនៃបទល្មើស។
លោក ចំរើន ថ្លែងថា៖ «មានចំណុចឆកល្វើយច្រើន ក្នុងការប្រើប្រាស់សិទ្ធិលើសពីក្របខណ្ឌច្បាប់ចាប់តាំងពីការប្រមូលភស្ថុតាង ការសន្និដ្ឋានរបស់តុលាការដំបូង អត់បានបង្ហាញថាញុះញង់កន្លែងណា គឺបាត់ភាពពេញលេញ»។ លោកបន្តថា៖ «សកម្មភាពកូដកម្មគឺស្របតាមច្បាប់ ត្រូវនឹងអង្គហេតុកូដកម្ម មិនមែនជារឿងនយោបាយ ព្រោះជាវិវាទការងារ»។
ក្រោយចប់សវនាការ លោក សំ ចំរើន មេធាវីតំណាងចុងចោទទាំង៨រូប បានថ្លែងប្រាប់អ្នកសារព័ត៌មានថានឹងពិភាក្សាជាមួយកូនក្ដីរបស់លោក ដើម្បីប្ដឹងសារទុក្ខទៅតុលាការកំពូល។
លោក ចំរើន បន្ថែមថា៖ «ចាំមើលយើងនឹងពិភាក្សាគ្នាជាមួយ ស៊ីថរ ខ្ញុំមិនមានយោបល់អ្វីទេកុំឲ្យយើងដាក់សម្ពាធតុលាការ យើងនឹងពិភាក្សាជាមួយកូនក្ដីបន្ត»។
កញ្ញា ណុប ទិត្យបូរ៉ាវី ជាសមាជិកនៃក្រុមកូដករ ថ្លែងថា ការសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងទុកជាបានការ និងបន្តឃុំខ្លួនកញ្ញា ស៊ីថរ គឺជារឿងអយុត្តិធម៌ ខណៈនេះជាវិវាទការងាររវាងកម្មករ និងក្រុមហ៊ុនសុទ្ធសាធ។
កញ្ញា ទិត្យបូរ៉ាវី និយាយថា៖ «នេះជារឿងដែលមិនត្រូវឃុំឃាំងគាត់បន្តទេ វាជារឿងទាមទារសិទ្ធិសេរីភាពរឿងនេះជារឿងតូចទេបើគេចង់ដោះស្រាយ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់ឲ្យដឹងថា លោកមានការសោកស្ដាយចំពោះការសម្រេចចិត្តរបស់សាលាឧទ្ធរណ៍ ដោយតម្កល់សាលក្រមរបស់សាលាដំបូងទុកជាបានការជុំវិញករណីវិវាទការងារនៃកូដករណាហ្គាវើលដ៍ និងផ្តន្ទាទោស កញ្ញាឈឹម ស៊ីថរ រយៈពេល២ឆ្នាំ និងចុងចោទផ្សេងទៀតឲ្យព្យួរទោស។
លោក សំអាត ចាត់ទុកថា ការសម្រេចនេះ គឺជាការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិរបស់សហជីព និងសិទ្ធិពលរដ្ឋជាមូលដ្ឋាន ក្នុងការដែលពួកគេធ្វើកូដកម្មស្របច្បាប់ តស៊ូមតិដើម្បីសិទ្ធិការងារ។
លោក សំអាត ថ្លែងថា៖ «សាលដីការនេះ គឺបង្ហាញឲ្យឃើញថាជាការបំបិទសិទ្ធិសេរីភាពក្នុងការធ្វើកូដកម្មតាមច្បាប់ការងារ ដែលជាវិវាទរវាងសហជីព និងក្រុមហ៊ុនណាហ្គាវើលដ៍ ដែលត្រូវដោះស្រាយតាមច្បាប់ការងារ»។
យ៉ាងណាមិញ លោកសំអាត យល់ឃើញថា បើកម្ពុជានៅតែបន្តរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋាន សិទ្ធិបញ្ចេញមតិ នោះនឹងធ្វើឲ្យកម្ពុជាទទួលរងនូវការរិះគន់ពីមជដ្ឋានអន្តរជាតិ។
លោក ថ្លែង ថា៖ «យើងជាអង្គការសង្គមស៊ីវិលព្រួយបារម្ភដែរ ដូចជាអាមេរិកមិនទាន់បន្តGSP ដល់យើងទេ ហើយសហគមនអឺរ៉ុបក៏មិនទាន់មានគម្រោងបន្តEBA ព្រោះមុនបោះឆ្នោត គេតាមមើលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា»។
អ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊ន មិនអាចទាក់ដើម្បីធ្វើការអត្ថាធិប្បាយជុំវិញវិវាទការងាររវាងក្រុមកូដករ និងក្រុមហ៊ុនណាហ្គាវើលដ៍ឡើយ។
ប៉ុន្តែកាលពីពេលកន្លងទៅ លោក ហេង សួរ អតីតអ្នកនាំពាក្យក្រសួងការងារ ដែលបច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងការងារ ធ្លាប់លើកឡើងថា ក្រសួងការងារនៅតែបើកទទួលធ្វើជាអ្នកសម្របសម្រួលលើវិវាទនេះ បើសិនជាភាគីទាំងពីរមានបំណងវិលចូលតុចរចា ប៉ុន្តែសមាជិកសហជីពណាហ្គាវើលដ៍បាននិយាយថាពួកគេមិនជឿក្រុមហ៊ុន ឬក្រសួងធ្វើការដោយសុទ្ធចិត្ត។
គួរជម្រាបជូនថា ក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ឈប់កម្មករនិយោជិតប្រមាណ១៣២៩នាក់ នៅចុងខែមេសា ឆ្នាំ២០២១ ក្រោមហេតុផលវិបត្តិកូវីដ១៩។
ចំណែកក្រុមកម្មករនៅតែអះអាងថា ទង្វើរបស់ក្រុមហ៊ុន គឺជាអំពើខុសច្បាប់ រំលោភបំពាន និងរើសអើងសហជីពឯករាជ្យ ដោយពួកគេបានបន្តធ្វើកូដកម្មរហូតមកដល់បច្ចុប្បន្ននេះ និងរងការចាប់ខ្លួនចាប់ពីខែធ្នូ ឆ្នំា២០២១ និងខែមករា ឆ្នាំ២០២២៕