សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កញ្ញា ឈឹម ស៊ីថរ ជាស្រ្តីទីមួយទទួលពានរង្វាន់សិទ្ធិមនុស្ស ខណៈកំពុងជាប់ឃុំជាលើកទីពីរ

ប្រធានសហជីពកាស៊ីណូណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថា ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣។ ខេមបូចា/ ព្រីង សំរាំង
ប្រធានសហជីពកាស៊ីណូណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថា ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣។ ខេមបូចា/ ព្រីង សំរាំង

ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវបានក្រសួងការបរទេសសហរដ្ឋអាមេរិកប្រកាសផ្តល់ពានរង្វាន់អ្នកការពារសិទ្ធិ​មនុស្សប្រចាំឆ្នាំ ក្នុងចំណោម១០នាក់ផ្សេងទៀតជុំវិញពិភពលោក ខណៈកញ្ញា កំពុងជាប់ឃុំ​ខ្លួន​ជាលើកទីពីរអស់រយៈពេល១០សប្ដាហ៍មកហើយ។

តាមរយៈស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឱ្យដឹងថា ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សនេះ គឺ​ជា​ពានរង្វាន់ដ៏មានកិត្យានុភាព ដែលទទួលស្គាល់ទៅលើបុគ្គលទាំងឡាយណា ដែល​មាន​ភាព​ជាអ្នកដឹកនាំ ក្លាហាន តស៊ូ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ដែលមាន​ការទទួល​ស្គាល់ជាសាកល និងសេរីភាពជាមូលដ្ឋាន។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃទី១ ខែកុម្ភៈ នេះថា កញ្ញា ឈឹម ស៊ីថរ គឺជាអ្នកដឹកនាំសហជីពមួយរូប ដែលបានក្លាយជាម្ចាស់ពានរង្វាន់​អ្នកការពារសិទ្ធិ​មនុស្ស​ប្រចាំឆ្នាំ។ 

ស្ថានទូតអាមេរិក បញ្ញាក់ថា៖ «កញ្ញា គឺជាអ្នកទីមួយ នៃប្រទេសកម្ពុជា ដែលបាន​ពានរង្វាន់​នេះ»។

ទោះបីជាមានការបៀតបៀនរូបកាយ និងការចាប់ខ្លួនម្ដងរួចមកហើយកាលពីខែមករា ឆ្នាំ ២០២២ កញ្ញា ស៊ីថរ បានបន្តចេញមុខនិយាយអំពីសិទ្ធិការងារ។ ប៉ុន្តែក្រោយពេលដែល​អាជ្ញាធរ​ដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន សមត្ថិកិច្ច បានចាប់ខ្លួន កញ្ញា ស៊ីថរ ម្ដង​ទៀត នៅខែវិច្ឆិកា ឆ្នាំ២០២២ ដោយចោទថារូបនាងល្មើសបម្រាមនៅក្រៅឃុំ ព្រោះរូប​នាង​បានទៅប្រទេសអូស្រ្តាលី ចូលរួមសន្និសីទទាក់ទងនឹងសហជីព ។

បើតាមអង្គការលីកាដូ បានឱ្យដឹងថា បច្ចុប្បន្ននេះ កញ្ញា ឈឹម ស៊ីថរ បន្តឃុំខ្លួន​បណ្ដោះ​អាសន្ន​ពីបទញុះញង់ អស់រយៈពេលជាង១០សប្ដាហ៍មកហើយ បន្ទាប់ពីតុលាការ​ក្រុងភ្នំពេញ​បានបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់ប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីពេលថ្មីៗនេះ។

យ៉ាងណាមិញ កញ្ញា ឈឹម ស៊ីថរ មិនអាចធ្វើដំណើរទៅទទួលរង្វាន់​នៅរដ្ឋធានីវ៉ាស៊ីងតោន​បានឡើយ ខណៈរូបនាងកំពុងជាប់ឃុំខ្លួន។ នេះបើតាមស្ថានទូតអាមេរិកប្រចាំកម្ពុជា។

លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លើកឡើងថា ការការពារ​និងគាំទ្រអ្នកការពារសិទ្ធិមនុស្ស គឺជាអាទិភាពចម្បងនៃគោល​នយោបាយការបរទេស​សហរដ្ឋ​អាមេរិក ។ ស្ថានទូតអាមេរិកនៅប្រទេសកម្ពុជា សូមអបអរសាទរដល់កញ្ញា ឈឹម ស៊ីថរ និង​អ្នកទទួលទាំងអស់នៃពានរង្វាន់អ្នកការពារសិទ្ធិមនុស្សឆ្នាំ២០២២ ។

លោក Patrick បានថ្លែងថា៖ «យើងអបអរចំពោះការទទួលស្គាល់ដល់កញ្ញា ស៊ីថរ ជាអ្នក​ការពារសិទ្ធិមនុស្សឆ្នាំ ២០២២ ម្នាក់ ។ កញ្ញាគឺជាថ្នាក់ដឹកនាំសហជីព​ការងារដ៏ក្លាហាន​និងអត់ធ្មត់ ដែលតស៊ូមតិដោយសន្តិវិធីដើម្បីសិទ្ធិរបស់កម្មករកម្ពុជា»

លោក សំ ចំរើន មេធាវីការពារក្ដីឱ្យកញ្ញា ឈឹម ស៊ីថរ ថ្លែងថា លោកនឹងពាំនាំដំណឹងនេះ​ទៅកាន់កូនក្ដីលោកនៅមណ្ឌលកែប្រែម១នៃពន្ធនាគារព្រៃសនៅពេលឆាប់ៗខាងមុខនេះ បើទោះបីកូនក្ដីរបស់លោកកំពុងជាប់ឃុំខ្លួនក៏ដោយ។

លោក ចំរើន ថ្លែងថា៖ «ចាំមើលល៎មើល! ខ្ញុំឮល្ហៀងៗដែរ បើជាផ្លូវការខ្ញុំនឹងពាំនាំដំណឹង​ហ្នឹងទៅប្រាប់គាត់»

មេធាវីរូបនេះ បន្ថែមថា នៅក្នុងសំណុំរឿងកញ្ញា ឈឹម ស៊ីថរ តុលាការបានប្រកាសថា​នឹង​មានសវនាការអង្គសេចក្ដីនៅថ្ងៃទី២១ ខាងមុខនេះ។

លោកមេធាវីបញ្ជាក់ថា៖ «យើងបានដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ ហើយតុលាការបានជូនដំណឹង​សវនាការ​អង្គសេចក្ដីហើយ»

ចំណែកលោកស្រីចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានសម្ដែងការសាទរ ទៅកាន់កញ្ញា ស៊ីថរ ចំពោះការទទួលបានពានរង្វាន់អ្នកការពារសិទ្ធិមនុស្សនេះ តែអ្នកស្រី​មាន​ការ​សោកស្ដាយខណៈ ស្រ្តីឆ្នើមដែលចេញមុខទាមទារសិទ្ធិការងារ កំពុងជាប់ឃុំខ្លួននៅ​ឡើយ។ 

លោកស្រីថ្លែងថា៖ «​ជារឿងមួយដែលសក្តិសម ភាពអង់អាច ការលះបង់ និង​ឆន្ទៈ​មោះមុត​នេះជាការសក្តិសមណាស់ ដែល ស៊ីថរ ទទួលបានការ​កោតសរសើរ​ចំពោះវីរៈភាពនេះ»

អ្នកស្រី សុភាព លើកឡើងថា រដ្ឋាភិបាលកម្ពុជាពុំគួរចាត់ទុកសកម្មជន ឬអ្នកការពារសិទ្ធិ​មនុស្ស​ជាសត្រូវនោះទេ ហើយគួរទទួលស្គាល់ និងលើកតម្កើង បង្កើតឱ្យមានការប្រគល់​ពានរង្វាន់សិទ្ធិមនុស្សនៅកម្ពុជា និងបង្ហាញពីការគំាំពារពេញលេញទៅលើបុគ្គលទាំងនោះ ពីភាគីរដ្ឋាភិបាល។

លោកស្រី សុភាព បន្ថែមថា៖ «កន្លងមកការទទួលស្គាល់ និងការឱ្យតម្លៃទៅលើសកម្មជនហ្នឹង មានតែពីរដ្ឋាភិបាលក្រៅប្រទេស កម្រឃើញរដ្ឋាភិបាលយើងទទួលស្គាល់ឱ្យតម្លៃ»

បើតាមស្ថានទូតអាមេរិក កញ្ញា ស៊ីថរ បានដឹកនាំបុគ្គលិកកម្មករក្រុមហ៊ុនណាហ្គាវើលដ៍​ធ្វើ​កូដកម្ម​ដោយសន្តិវិធី ក្នុងឆ្នាំ២០២១ ដោយ អំពាវនាវឱ្យមានប្រាក់ខែខ្ពស់ និងទទួលយក​បុគ្គលិក​ជាសមាជិកសហជីពរាប់រយនាក់ ដែលជឿថាពួកគេត្រូវបានបណ្តេញ​ចេញពីការងារ​ទាំងអយុត្តិធម៌ ដោយរាប់ទាំង ថ្នាក់ដឹកនាំសហជីពចំនួនជាង១០រូបកំពុងប្រឈមនូវ​ការ​ចោទ​ប្រកាន់ផ្នែកព្រហ្មទណ្ឌ ទាក់ទងនឹងរឿងកូដកម្មនេះ៕

568 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម