សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនប្រធានសហជីពណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ នៅថ្ងៃពុធនេះ

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខែ្មរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានឃាត់ខ្លួននៅក្បែរស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ខណៈដែលកញ្ញាបានចូលរួមធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនដោះស្រាយវិវាទការងារ។ រូបថតនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខែ្មរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានឃាត់ខ្លួននៅក្បែរស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ខណៈដែលកញ្ញាបានចូលរួមធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនដោះស្រាយវិវាទការងារ។ រូបថតនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនប្រធានសហជីពណាហ្គាវើលដ៍ ឈឹម ស៊ីថរ និងកូដករម្នាក់ លោក សុខ ណារិទ្ធ ពីបទញុះញង់បង្កឲ្យ​មានភាព​វឹកវរធ្ងន់ធ្ងរដល់​សន្តិសុខ​សង្គម នៅថ្ងៃពុធនេះ​ ខណៈ​កូដករម្នាក់​ទៀតត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះ​អាសន្ន។

យោងតាមមេធាវីជនត្រូវចោទ និងអង្គការសង្គមស៊ីវិលបានបញ្ជាក់នៅថ្ងៃពុធនេះថា​កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុនណាហ្គាវើលដ៍ និងកូដករម្នាក់ទៀតឈ្មោះ សុខ ណារិទ្ធ​ ត្រូវបានតុលាការរាជាធានីភ្នំពេញ សម្រេចឃុំខ្លួន​ពីបទញុះញង់បង្កឲ្យ​មានភាព​វឹកវរធ្ងន់ធ្ងរដល់​សន្តិសុខ​សង្គម នៅថ្ងៃពុធនេះ និងកូដករម្នាក់ ទៀត​ ឈ្មោះ សុខ គង្គា​ ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។

លោកស្រី ចក់ សុភាព នាយិការប្រតិបត្តិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)​ បានសរសេរលើហ្វេសប៊ុកផ្លូវការរបស់គាត់នៅថ្ងៃនេះថា កញ្ញា​ ឈឹម​ ស៊ីថរ​ និង លោក សុខ​ ណារិទ្ធ​ ត្រូវបានតុលាការសម្រេចឃុំខ្លួន​ រីឯលោក សុខ​ គង្គា​ ត្រូវបាន​ដាក់ឱ្យនៅក្រោមការ​ត្រួតពិនិត្យរបស់តុលាការ។ ដោយឡែក មេដឹកនាំសហជីព និងកូដករចំនួន៦នាក់ផ្សេងទៀត ត្រូវបានតុលារសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលកែប្រែ ម២ កាលពីថ្ងៃទី០៣ មករា ឆ្នាំ២០២២ ពីបទញុះញង់បង្កឲ្យ​មានភាព​វឹកវរធ្ងន់ធ្ងរដល់​សន្តិសុខ​សង្គម បន្ទាប់ពួកគេត្រូវ​បានចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១​ កន្លងមក។

តាមការបញ្ជាក់ពី លោក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងនៅក្នុង​សន្និសីទព័ត៌មាននាព្រឹកថ្ងៃទី៤ ខែមករា នេះថា មូលហេតុដែលអាជ្ញាធរ​ឈានដល់ការចាប់ខ្លួនមេដឹកនាំចលនាខុសច្បាប់ អុកលុកបង្កឱ្យប៉ះពាល់​ទៅដល់សន្តិសុខ​សណ្ដាប់ធ្នាប់សាធារណៈ និងញុះញ៉ុងឱ្យមានការបិទផ្លូវសាធារណៈ រារាំងទៅដល់ការ​ប្រកបអាជីវកម្ម ពិសេសគឺមានគោលបំណងអាក្រក់រារាំងដល់ការចូលរួម​សប្បាយឆ្លងឆ្នាំ​របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជាធានីភ្នំពេញ។

លោកមានប្រសាសន៍ថា៖ «ការឃាត់ខ្លួនមេដឹកនាចលនានេះ គឺសមត្ថកិច្ចបានស្រាជ្រាវយ៉ាង​ល្អិតល្អន់ និងមានភស្តុតាងគ្រប់គ្រាន់អំពីបញ្ហានៃការធ្វើការដោយខុសច្បាប់»។

លោក សេង ហៀង តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ចៅក្រម​ស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានពិនិត្យឃើញថា ក្នុងរឿងនេះគឺមានភស្តុតាង​គ្រប់គ្រាន់ ក្នុងការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នអ្នកទាំង៦នាក់ ដែលបានចាប់កាល​ពី​យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

លោកថា៖ «៦នាក់បានឃុំខ្លួននៅមណ្ឌលឃុំខ្លួន ម២  បានសម្រេចឃុំខ្លួនហើយ ហើយចៅក្រមស៊ើបសួរបានចេញដីការបង្គាប់ចាប់ខ្លួនទៅលើជនត្រូវចោទចំនួន៣នាក់ មេក្លោង ឈឹម ស៊ីថរ សុខ ណារិទ្ធ និងចុងក្រោយ សុខ គង្គា»។

បុគ្គលិកនៃក្រុមហ៊ុនណាហ្កាវើលដ៍ បានធ្វើកូដកម្មទាមទារដំណោះស្រាយពី​ក្រុមហ៊ុន នៅមុខស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ជាចំណុចដែលពួកគេត្រូវបាន​រារាំង​ដោយសមត្ថកិច្ចប៉ូលិស​ ខណៈប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួន។ រូបថតថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
បុគ្គលិកនៃក្រុមហ៊ុនណាហ្កាវើលដ៍ បានធ្វើកូដកម្មទាមទារដំណោះស្រាយពី​ក្រុមហ៊ុន នៅមុខស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ជាចំណុចដែលពួកគេត្រូវបាន​រារាំង​ដោយសមត្ថកិច្ចប៉ូលិស​ ខណៈប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួន។ រូបថតថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

បើតាមសេចក្ដីប្រកាសរបស់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ០៣ ខែមករា ឆ្នាំ២០២២  បានឱ្យដឹងថា ជនត្រូវចោទទាំង៩នាក់ ដែលត្រូវបានឃាត់ និងឃុំខ្លួននេះ រួមមាន៖ ១)ឈឹម ស៊ីថរ ២)រី សុវណ្ណឌី ៣)សុន ស្រីពេជ្រ ៤)ហៃ សុភាព ៥)ឃ្លាំង សុបិន្ត ៦)ទូច សិរីមាស ៧) ឈឹម សុខន ៨)សុខ ណារិទ្ធ និងចុងក្រោយ សុខ គង្គា។ ពួកគេត្រូវបានចោទ​ប្រកាន់​ដូចគ្នាពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ​សង្គម» តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ជុំវិញករណីនេះ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា ក៏បានថ្លែងនៅលើទំព័រហ្វេសប៊ុកផ្លូវការ ថាខ្លួនកំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ នូវការចាប់ខ្លួនសមាជិកសហជីព​ និង​បុគ្គលិក កម្មករ នៃកាស៊ីណូណាហ្គាវើលដ៍ ដោយសារតែការបញ្ចេញមតិ​ដោយសន្តិវិធី​របស់ពួកគេ។

ស្ថានទូតអាមេរិក បានគូសបញ្ជាក់ថា៖ «ស្នើឱ្យអាជ្ញាធរស្តាប់ពីពលរដ្ឋ មិនមែនបំបិទសម្លេងរបស់គេទេ។ សេរីភាព​ក្នុងការបញ្ចេញមតិ ក្នុងការប្រមូលផ្តុំគ្នា និងក្នុងការចងក្រងគ្នាជាក្រុម សមាគម​ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ​នៃប្រទេសកម្ពុជា»។

ចំណែកខាងសង្គមស៊ីវិលវិញក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយប្រមាណប្រាំទំព័រ សម្ដែងពីការខកចិត្តយ៉ាងខ្លាំងចំពោះការចាប់ខ្លួនប្រធានសហជីពគឺ កញ្ញា ឈឹម ស៊ីថរ  និងថ្នាក់ដឹកនាំផ្សេងទៀត​ និងស្នើឱ្យអាជ្ញាធរត្រូវដោះលែងពួកគេជាបន្ទាន់ និងឥតលក្ខខណ្ឌ និងគោរពសិទ្ធិការងាររបស់និយោជិត។

សេចក្ដីថ្លែងការណ៍បានឱ្យដឹងថា៖ «យើងខ្ញុំទាំងអស់គ្នា ជាក្រុមសង្គមស៊ីវិល សហភាព​សហជីព សហព័ន្ធសហជីព និងសមាគម មានការខកចិត្តជាខ្លាំងចំពោះវិធានការ​របស់​សមត្ថកិច្ចដែលដឹកនាំដោយស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានឃាត់ខ្លួនថ្នាក់ដឹកនាំ​សហជីព ប្រតិភូចរចារ និងសកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិក កម្មករខ្មែរ​នៃ​ក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU) ចំនួន ៩នាក់ ទាំងយប់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ ហើយបន្តចាប់ខ្លួនយ៉ាងហិង្សាមកលើអ្នក ដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ នៅរសៀលថ្ងៃ​ទី៤ ខែមករា ឆ្នាំ ២០២២»។

សេចក្ដីថ្លែងការណ៍ដដែល ថ្លែងថា មានការខកចិត្តយ៉ាងខ្លាំងចំពោះវិធានការ​របស់​អាជ្ញាធរ​មានសមត្ថកិច្ច ដែលមិនបានអនុវត្តតួនាទី និងកាតព្វកិច្ចរបស់ខ្លួនឱ្យស្របតាម​ច្បាប់​ក្នុងការ​ចូលរួមការពារសុវត្ថិភាពក្រុមកូដករដែលធ្វើកូដកម្មដោយអហិង្សា ប៉ុន្តែបែរ​ជាធ្វើការ​ចាប់ខ្លួន​ថ្នាក់ ដឹកនាំ និងសមាជិកសហជីពណាហ្គាវើល ទាំងនៅពេលយប់ និងចោទ​ប្រកាន់អ្នក​ទាំង​នោះដោយមិនត្រឹមត្រូវទៅវិញ។

យ៉ាងណាមិញ សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន ក៏ដូចជាអ្នកដែលចូលរួមក្នុងកូដកម្មអហិង្សា គឺស្ត្រី ។ យោងតាមច្បាប់ជាតិ ក៏ដូចជា​អនុសញ្ញា​អន្តរជាតិស្តីពីសិទ្ធិបានផ្តល់សិទ្ធិសេរីភាពដល់ស្ត្រី ក្នុងការបញ្ចេញមតិ ប្រមូលផ្តុំ និងជួបជុំគ្នា​ដោយអហិង្សា ហើយនិងបង្កើតសហជីពស្របច្បាប់ ។

សេចក្ដីថ្លែងការណ៍រួមបន្ថែមថា៖​ «និយោជិតជាស្រ្តីទាំងនោះ ជាអ្នកសម្រេចចិត្តដោយខ្លួន​ឯងថាតើគួរក្រោកឈរឡើងដើម្បីសិទ្ធិកម្មកររបស់ពួកគេឬទេ ។ ដូចនេះការលើកឡើង​ថាអ្នកទាំងនោះត្រូវបាន គេញុះញង់ឱ្យធ្វើសកម្មភាពទាំងនោះ គឺជាការមិនគោរព​នូវ​សិទ្ធិស្វ័យសម្រេច និងភាពស្មើគ្នារបស់កម្មករនិយោជិតជាស្រ្តីទាំងនោះ» ។

បុគ្គលិកនៃក្រុមហ៊ុនណាហ្កាវើលដ៍ បានធ្វើកូដកម្មទាមទារដំណោះស្រាយពី​ក្រុមហ៊ុន នៅមុខស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ជាចំណុចដែលពួកគេត្រូវបាន​រារាំង​ដោយសមត្ថកិច្ចប៉ូលិស​ ខណៈប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួន។ រូបថតថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ទន្ទឹមនឹងការមិនទាន់រកដំណោះស្រាយចំពោះវិវាទការងារជាមួយបុគ្គលិក ខាងក្រុមហ៊ុន​ណាហ្គាវើលដ៍ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២បានចេញលិខិតប្រមានលើកចុងក្រោយ ឱ្យបុគ្គលិកខ្លួនត្រលប់ចូលធ្វើការងារវិញយ៉ាងកំហិតក្នុងរយៈពេល៤៨ម៉ោង។

សេចក្ដីប្រកាសនេះបានឱ្យដឹងថា៖ «ក្នុងករណីបើបងប្អូននៅតែមិនត្រលប់ចូលមក​បម្រើការងារវិញទេ បងប្អូននឹងទទួលរងនូវវិធានការ វិន័យស្របតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន និងច្បាប់ស្តីពីការងារជាធរមាន» ។

បុគ្គលិកណាហ្គាវើលដ៍ អ្នកស្រី ពួរ សុខលាង ពរពោះ៥ខែ បានប្រាប់ខេមបូចា ថា អ្នកស្រីនៅ​តែបន្តធ្វើកូដកម្មដោយអហិង្សា រហូតមានការដោះលែងថ្នាក់ដឹកនាំសហជីព និងដំណោះ​ស្រាយជូនបុគ្គលិក។

អ្នកស្រីឆ្លើយថា៖«ពួកខ្ញុំអត់បញ្ឈប់ត្រឹមហ្នឹងបានទេ ត្រូវតែបន្ត ព្រោះអីអត់មាន​មូលហេតុអ្វីត្រូវចាប់មេខ្ញុំទៅអ៊ីចឹងទេ!»។

អ្នកស្រ្តីឆ្លើយទាំងសម្ដីម៉ឹងម៉ាត់ថា ក្រុមបុគ្គលិកមិនមែនតវ៉ាប្រឆាំងក្នុងន័យនយោបាយ ឬក៏បង្កភាពវឹកវរក្នុងទីក្រុងភ្នំពេញឡើយ ពួកគេធ្វើនេះស្របទៅតាមច្បាប់​និងសិទ្ធិរបស់​ពួកគេក្នុងការទាមទារដំណោះស្រាយពីក្រុមហ៊ុនណាហ្គាវើលដ៍តែប៉ុណ្ណោះ។

អ្នកស្រីសុខលាង បន្ថែមយ៉ាងដូច្នេះថា៖ «និយាយខុសពីការពិតទាំងអស់ គឺខួរក្បាល​ពួកគាត់​គិត[ពួក]ខ្ញុំតែរឿងនយោបាយ»។

បុគ្គលិករូបនេះ ក៏បានប្រតិតកម្មនឹងការអំពាវនាវរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលដាក់​កំហិត​ឱ្យបុគ្គលិកចូលធ្វើការវិញ តែអ្នកស្រី សុខលាង និយាយថា ខ្លួនមិនអាចបកក្រោយ​បានទេត្រូវតែបន្តធ្វើកូដកម្មរហូតមានដំណោះស្រាយ។

អ្នកស្រីអះអាងថា៖ «ដល់ដំណាក់កាលនេះហើយ ខ្ញុំអត់មានថយក្រោយទេបង! កាលមុនអាច តែឥឡូវពួកក្រុមហ៊ុននេះគេធ្វើខ្លាំងណាស់ ហើយនៅសុខៗមកចាប់មេពួកខ្ញុំទៅទៀត»។

ទាក់ទិននឹងបញ្ហានេះ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្សរបស់អង្គការសង់ត្រាល់ លោកឃុន ថារ៉ូ បានប្រាប់ឱ្យដឹងថា បុគ្គលិកដែលជាសមាជិក​សហជីពចំនួន១៦នាក់ ត្រូវបានអាជ្ញាធរដោះលែងហើយកាលពីយប់ថ្ងៃម្សិលមិញ ដោយភ្ជាប់​ជាមួយ​កិច្ចសន្យាហាមមិនឱ្យមានការចូលរួមធ្វើកូដកម្មបន្តទៀត។

លោកបន្ថែមទៀតថា៖ «ពួកគាត់ត្រឡប់ទៅដល់ផ្ទះគាត់វិញតាំងយប់មិញមេស តែមានលក្ខខណ្ឌមិនឱ្យមានការចូលរួមធ្វើកូដកម្មបន្ទាប់ពីមានការអប់រំជាមួយអាជ្ញាធរ»។

បុគ្គលិកនៃក្រុមហ៊ុនណាហ្កាវើលដ៍ បានធ្វើកូដកម្មទាមទារដំណោះស្រាយពី​ក្រុមហ៊ុន នៅមុខស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ជាចំណុចដែលពួកគេត្រូវបាន​រារាំង​ដោយសមត្ថកិច្ចប៉ូលិស​ ខណៈប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួន។ រូបថតថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

លោក ថារ៉ូ បញ្ជាក់ឱ្យដឹងដែរ អំពីស្ថានភាពថ្នាក់ដឹកនាំ​សហជីពទាំង៣រូប​ដែលអាជ្ញាធរ​បានចាប់ខ្លួនកាលពីម្សិលមិញ គឺកំពុងស្ថិតក្នុងនិតិវិធី​សាកសួររបស់ចៅក្រមស៊ើបសួរ​នៅ​ឡើយ ហើយប្រសិនបើបញ្ចប់ការស៊ើបសួរនឹងអាចបញ្ជូនពួកគេទៅមណ្ឌលកែប្រែព្រៃស។

លោកបញ្ជាក់ទៀតថា៖ «ខ្ញុំគិតថា ប្រហែលជាមិនខុសពី៦នាក់ទៀតទេ ដែលត្រូវបានចោទ​ប្រកាន់ដោយចៅក្រមស៊ើប បន្ទាប់ពីមានការចោទប្រកាន់ជាផ្លូវការរបស់​សាលាដំបូងរាជធានី​ភ្នំពេញ»។

លោកស្រី ចក់ សុភាព នាយិការប្រតិបត្តិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR បាន​ថ្លែង​ថា ក្រុមបុគ្គលិកបានអនុវត្តនូវសិទ្ធិមូលដ្ឋានរបស់ពួកគេក្នុងការធ្វើកូដកម្ម តែផ្ទុយទៅវិញ អាជ្ញាធរជំនួសឱ្យការព្យាយាមស្វែងរកនូវដំណោះស្រាយ គឺបានគម្រាម និងឈាន​ដល់ការ​ចាប់ខ្លួនសមាជិក និងថ្នាក់ដឹកនាំសហជីព។

លោកស្រីថ្លែងយ៉ាងដូច្នេះថា៖ «ព្រឹត្តិការណ៍ម្សិលមិញនេះ​ យើងឃើញហើយថា ការចាប់ខ្លួន​កញ្ញា ស៊ីថរ គឺជាព្រឹត្តិការណ៍មួយដែលពុំគួរកើតទេ ហើយជារូបភាពមួយអាក្រក់​សម្រាប់​ប្រទេសកម្ពុជាយើង ដែលអាជ្ញាធរសុទ្ធតែជាកម្លាំងបុរសខ្លាំងៗ ទៅចាប់សង្រ្កប់ស្រីមួយរូប ដែលគ្មានកម្លាំងទប់ទល់អីផង ចាប់ទាំងកម្រោល»។

លោកស្រីលើកឡើងផងដែរថា ចំពោះការចោទប្រកាន់មកលើសហជីព និងបុគ្គលិកដែលធ្វើ​កូដកម្មថាបង្កភាពវឹកវរ និងមានអ្នកនៅពីក្រោយ លោកស្រីចាត់ទុកថា ជារឿង​គួរឱ្យអស់​សំណើច ចំណែកអាជ្ញាធរបានខកខានក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន​ក្នុងការធានា​ដល់​សេរីភាពមូលដ្ឋានរបស់សហជីព។

លោកស្រីថា៖​ «ការចោទប្រកាន់ ការញុះញុងនេះ គឺជារបត់មួយនៃការរិតត្បិត របត់នៃ​ការ​ព្យាយាមបើកមុខសញ្ញានៃសកម្មជន ដែលគាត់ហ៊ានក្នុងការ​ចេញមុខទាមទារសិទ្ធិរបស់​សហជីព និងសមាជិក»។

អ្នកពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មិនអាចសុំការអត្ថាធិប្បាយបានបានទេ៕

390 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម