លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានប្រកាសបម្រាមគោចររយៈពេល២ សប្តាហ៍សម្រាប់រាជធានីភ្នំពេញចាប់ពីថ្ងៃទី១ ខែមេសានេះ ដោយហាមឃាត់ការធ្វើ ដំណើរនិងការជួបជុំផ្សេងៗ ចាប់ពីម៉ោង៨យប់រហូតដល់ម៉ោង៥ព្រឹក ខណៈករណីឆ្លងជំងឺកូវីដ-១៩ទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែកុម្ភៈ កើនដល់ជាង២០០០ នាក់ហើយតួលេខអ្នកស្លាប់កើនដល់១៦នាក់។
អាជីវកម្មរួមមានភោជនីយដ្ឋាន ហាងកាហ្វេនិងហាងភេជ្ជៈមិនត្រូវបានអនុញ្ញាតឱ្យទទួលអតិថិជននៅនឹងកន្លែងជាកំហិត អំឡុងពេលបម្រាមគោចរនេះ ប៉ុន្តែទីតាំងអាជីវកម្មទាំងនោះអាចលក់ជាលក្ខណៈវេចខ្ចប់បាន ហើយការធ្វើដំណើរនៅក្នុងទីក្រុងត្រូវបានហាមឃាត់ លើកលែងតែការធ្វើដំណើរដោយមូលហេតុ សុខភាពបន្ទាន់ អ្នកដឹកអាហារ ការដឹកជញ្ជូនទំនិញ រថយន្តកុងតឺន័រ ក្រុមពន្លត់អគ្គីភ័យ និងការធ្វើដំណើរករណីចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
ដោយបដិសេធមិនផ្តល់ព័ត៌មានលម្អិតនិងបានបង្វែរអ្នកយកព័ត៌មានទៅមើលអនុ ក្រឹត្យនិងសេចក្តីប្រកាសផ្លូវការ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ «យើងនឹងអនុវត្តផ្អែកលើសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ»។
សារាចរណែនាំនេះលើកឡើងថា បុគ្គលឬនីតិបុគ្គលណា ដែលមិនអនុវត្តតាមនឹងត្រូវប្រឈមនឹងមាត្រាច្បាប់ដែលបានប្រកាសដាក់ឲ្យប្រើនាពេលថ្មីៗនេះ ដើម្បីឆ្លើយ តបទៅនឹងការរំលោភបំពានជាច្រើននៃវិធានការណ៍ទប់ស្កាត់ជំងឺ COVID-១៩ ។
លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះសារនៅលើបណ្តាញហ្វេសប៊ុករបស់លោកថា កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញនឹងចេញអនុវត្តតាមសារាចរណែនាំរបស់អភិបាលក្រុងចាប់ពីម៉ោង៨យប់ថ្ងៃព្រហ្បតិ៍ ។
លោកបានសរសេរបង្ហោះថា៖ «ចំពោះអ្នកបំពានបម្រាមគោចរនេះ នឹងត្រូវឃាត់យាន្តយន្ត យកមករក្សាទុក ហើយត្រូវឲ្យធ្វើចត្តាឡីស័ក នៅផ្ទះរយ:ពេល១៤ថ្ងៃ បើមិនអនុវត្តតាម នោះសមត្ថកិច្ចនឹងចាត់វិធានការណ៍តាមច្បាប់»។
អ្នកស្រី ឌី ស្រីឡុង អាយុ៣៦ឆ្នាំជាអ្នកមើលការខុសត្រូវនៅភោជនីយដ្ឋានម្លិះ តាមបណ្តោយមហាវិថីព្រះនរោត្តមបានបញ្ជាក់ថា ភោជនីយដ្ឋានរបស់អ្នកស្រីនឹងផ្លាស់ប្តូរម៉ោងបើក គឺពីម៉ោង៦ព្រឹកដល់ម៉ោង៧យប់វិញឲ្យស្របតាមសារាចរណ៍ណែនាំនេះ ជាបញ្ហាប្រឈមមួយទៀត បន្ទាប់ពីអតិថិជនប្រចាំថ្ងៃបានធ្លាក់ចុះពីប្រហែល ២០០នាក់មកត្រឹមប្រហែល ២០ នាក់ អំឡុងពេលមានការរីករាដាលជំងឺកូវីដនេះ។
អ្នកស្រីបាននិយាយថា៖ «បាត់បង់ប្រាក់ចំណូលច្រើន»។
ស្របពេលជាមួយគ្នានេះដែរ ខេត្តព្រះសីហនុនិងខេត្តកណ្តាលដែលខេត្តទាំងពីរ មានករណីឆ្លងចង្កោមទាក់ទិនជាមួយការផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែ កុម្ភៈនោះ អាជ្ញាធរក៏កំពុងបង្កើនវិធានការណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះដែរ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានមានប្រសាសន៍ថា៖ «យើងត្រូវតែអនុវត្តអនុក្រឹត្យថ្មីលើអ្នកណា ដែលមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិ បាល»។ ដោយលោកបន្ថែមថា អ្នកដែលចូលមកខេត្តកណ្តាលនឹងត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។
លោកបានមានប្រសាសន៍ថា ឥឡូវនេះ មនុស្ស២៧៦នាក់បានឆ្លងនៅតំបន់ជ្រៃធំនៃស្រុកកោះធំ ដែលជាទីប្រជុំជនជាប់ព្រំដែនមានកាស៊ីណូច្រើន ហើយការធ្វើដំណើរដែលមិនចាំបាច់នៅជុំវិញខេត្តនិងការជួបជុំរាំច្រៀងនិងលេងល្បែងត្រូវបានហាម ឃាត់។
លោកបានមានប្រសាសន៍ថា៖ «សូមបងប្អូនទាំងអស់ប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនៅផ្ទះនិងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល»។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា មកដល់ពេលនេះមានអ្នកឆ្លងប្រហែល៣០០នាក់ក្នុងខេត្តរបស់លោក។ លោកថាអាជ្ញាធរនឹងបង្កើនវិធានការណ៍ស្របតាមអនុក្រឹត្យ។
លោក ឃាង ភារម្យ មានប្រសាសន៍ថា៖ «យើងមិនបានបិទចរាចរណ៍ឬទីផ្សារនៅខេត្តព្រះសីហនុទេ ប៉ុន្តែប្រជាពលរដ្ឋត្រូវតែធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល»។

ក្រសួងសុខាភិបាលបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន៣៧ករណី រួមទាំងករណីនាំ ចូលចំនួន២ករណីកាលពីថ្ងៃទី១ ខែមេសានេះ ដែលធ្វើឲ្យតួលេខករណីឆ្លងចង្កោមនៃព្រឹត្តិការណ៍២០កុម្ភៈកើនដល់១.៩៤៩នាក់ ខណៈតួលេខឆ្លងសរុបចាប់តាំងពីមានការរាតត្បាតកើនដល់២.៤៧៧ករណី។
ក្រសួងសុខាភិបាលក៏បានបញ្ជាក់ពីចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩មាន១៦ នាក់ បន្ទាប់ពីស្ត្រី៣នាក់បានស្លាប់កាលពីថ្ងៃទី៣១ ខែមីនា និងស្ត្រីចំណាស់២នាក់ទៀតបានស្លាប់នៅថ្ងៃទី១ ខែមេសានេះ។
ស្ត្រី៥នាក់ ដែលមានអាយុចន្លោះពី៥៦ឆ្នាំ ដល់៧០ឆ្នាំ និង២៨ឆ្នាំម្នាក់ដែលមានជំងឺទឹកនោមផ្អែមស្រាប់បានស្លាប់ក្នុងរយៈពេលត្រឹម២ថ្ងៃ ដោយក្រសួងអះអាងថា មានវិបត្តិផ្លូវដង្ហើមនិងខូចសួតធ្ងន់ធ្ងរមុនពេលស្លាប់។
វ៉ាក់សាំងស៊ីណូហ្វាម ៧០០.០០០ដូសបន្ថែមទៀតក្នុងចំណោមវ៉ាក់សាំង ១,៣ដូសដែលប្រទេសចិនបានសន្យាផ្តល់ឲ្យនោះបានមកដល់កាលពីយប់ថ្ងៃពុធ។ ក្រសួងការ ពារជាតិនឹងយកចំនួន៣០០.០០០ដូស ចំណែក ៤០០,០០០ដូសទៀតនឹងប្រគល់ជូនទៅក្រសួងសុខាភិបាល។
រដ្ឋាភិបាលក៏បានទទួលវ៉ាក់សាំង CoronaVac ចំនួន ១,៥ លានដូស ដែលបានទិញពីក្រុមហ៊ុនSinovac Biotech ដែលអាចចាក់ជូនប្រជាពលរដ្ឋ៧៥០.០០០នាក់។
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធការងារនិងសិទ្ធិមនុស្សបានថ្លែងថា វិធានការណ៍ថ្មីទប់ស្កាត់ជំងឺកូវីដ-១៩គឺសមស្រប ប៉ុន្តែបានលើកឡើងពីការព្រួយបារម្ភអំពីការអនុវត្តមិនត្រឹមត្រូវ ដើម្បីរារាំងការងាររបស់ក្រុមសង្គមស៊ីវិល ។
លោក តុលា បានមានប្រសាសន៍ថា៖ «ខ្ញុំបារម្ភថា អាជ្ញាធរនឹងប្រើប្រាស់ច្បាប់នេះលើសពីវិធានការណ៍សុខាភិបាល» ដោយលោកបានអំពាវនាវឱ្យរដ្ឋាភិបាលជួយផ្នែកសន្តិសុខសង្គមដល់គ្រួសារ ដែលកំពុងជួបការលំបាក ខណៈផលប៉ះពាល់នៃការរាត ត្បាតនេះកាន់តែធ្ងន់ធ្ងរឡើង៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Phnom Penh placed under curfew as Covid cases, deaths rise