រាជរដ្ឋាភិបាលថ្មីបានប្រកាសគោលនយោបាយដើម្បីលើកស្ទួយផលិតផលកសិកម្ម រក្សាលំនឹងតម្លៃកសិផលក្នុងទីផ្សារ ផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងធ្វើទំនើបកម្មលើកសិកម្មបែបប្រពៃណី។
កាលពីថ្ងៃចន្ទ លោកនាយលករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញកម្មវិធីគោលនយោបាយអាទិភាពទីប្រាំ និងទីប្រាំមួយ ដោយមានការផ្ដោតសំខាន់លើការអភិវឌ្ឍវិស័យកសិកម្ម។ គោលបំណងរបស់កម្មវិធីនេះរួមមានការលើកកម្ពស់ផលិតផលកសិកម្ម ស្វែងរកទីផ្សារ រក្សាស្ថិរភាពតម្លៃផលិតផលកសិកម្មតាមរយៈកម្មវិធីហិរញ្ញបទាន ការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ ឬសង្កាត់ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។
លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថាការចងក្រងសហគមន៍កសិករឲ្យរឹងមាំ និងការរៀបចំសហគមន៍កសិករទំនើបគឺមានសារសំខាន់ ដោយថាការធ្វើបែបនេះនឹងជួយបង្កើនផលិតផលសហគមន៍ ធានាប្រសិទ្ធភាពនៃការផលិត និងចង្វាក់ផ្គត់ផ្គង់ ហើយក្នុងនោះរដ្ឋាភិបាលក៏បានត្រៀមខ្លួនអន្តរាគមន៍ ក៏ដូចជាមធ្យោបាយផ្សេងៗទៀត។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «យើងបានដាក់ទិសដៅប្រែក្លាយនឹងដើរចេញពីកសិកម្មបែបគ្រួសារទៅជាកសិកម្មបែបទំនើប និងឧស្សាហកម្មកសិកម្មទ្រង់ទ្រាយធំ ដែលទាមទារឲ្យកសិករនីមួយៗដែលចូលទៅក្នុងសហគមន៍កសិកម្មទំនើប និងមានផ្នត់គំនិតដែលចង់ឲ្យសហគមន៍របស់ខ្លួនមានការប្រកួតប្រជែង»។
សម្រាប់គោលនយោបាយជារួម សហគមន៍គួរធ្វើការរួមគ្នាដើម្បីធ្វើឲ្យកម្ពុជាមានការប្រកួតប្រជែងដើម្បីឱ្យទៅជាតំបន់ដែលមានភាពប្រកួតប្រជែងជួយដល់សេដ្ឋកិច្ច ជួយដល់វិស័យកសិកម្មមានការប្រកួតប្រជែងទាំងក្នុងស្រុក និងក្រៅស្រុក។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា៖ «ការចងក្រងគ្នាជាសហគមន៍របស់កសិករគឺពិតជាមានសារៈសំខាន់ ហើយវានឹងធានាបាននូវខ្សែចង្វាក់ផលិតកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់ដោយប្រសិទ្ធភាព»។
បើតាមលោកនាយករដ្ឋមន្ត្រី មានបេក្ខជនដាក់ពាក្យចូលប្រឡងប្រជែងបម្រើការជាមន្ត្រីកសិកម្មនៅតាមឃុំសង្កាត់ប្រមាណជា១០ ០០០នាក់ បន្ទាប់ពីមានការប្រកាសជ្រើសរើសមន្ត្រីចំនួន២៥០នាក់កាលពីខែតុលាកន្លងមក ដើម្បីទៅបម្រើការនៅខេត្តអាទិភាពចំនួន១៧ សម្រាប់ឆ្នាំ២០២៣នេះ។
ខេត្តទាំងនោះរួមមានតាកែវ កំពង់ស្ពឺ កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង បាត់ដំបង កំពត ពោធិ៍សាត់ ព្រៃវែង ព្រះវិហារ ត្បូងឃ្មុំ ស្វាយរៀង ឧត្តរមានជ័យ កណ្ដាល និងមណ្ឌលគិរី។
សម្រាប់ឆ្នាំ២០២៤ ក្រសួងមុខងារសារធារណៈនឹងប្រកាសជ្រើសរើសមន្ត្រីកសិកម្មចំនួន៨០០នាក់ និងនៅឆ្នាំ២០២៥ ចំនួន៥៥០នាក់។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា៖ «សម្រាប់ខ្ញុំកសិកម្មមិនសំខាន់លើអ្វីដែលយើងដាំ ឬចិញ្ចឹមអ្វីនោះទេ ប៉ុន្តែអ្វីដែលសំខាន់អ្វីដែលយើងដាំ ឬចិញ្ចឹមបានប្រមូលផលច្រើន មានទីផ្សារសម្រាប់ [កសិផល]ទាំងនេះ ហើយបានចំណូលច្រើនដល់កសិករ។ នេះជាគោលដៅធំ [របស់យើង]»។
លោកបន្ថែមថា៖ «បើសិនជាយើងចង់ជួយពួកគាត់ឲ្យដើរ [កសិករ] [វាមិនគួរ]មិងត្រឹមតែជួយដាក់ទីផ្សារទេ ប៉ុន្តែ [ក៏] ត្រូវជួយផ្នែកហិរញ្ញប្បទាន និងជួយទាំងបច្ចេកទេស»។
បន្ថែមលើការផ្ដល់ជំនួយបច្ចេកទេស ការប្រឹក្សាយោបល់ និងឥណទានជាដើម ហើយការរៀបចំហិរញ្ញវត្ថុកសិកម្មតាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារសហគ្រាសធុនតូច និងមធ្យមក ដែលម្ពុជាបានដាក់ចេញ ទឹកប្រាក់១០០ លានដុល្លារ ដើម្បីផ្តើមអន្តរាគមន៍ខ្សែចង្វាក់ផលិតកម្ម ជាពិសេសអ្នកផលិត។
លោក ហ៊ុន ម៉ាណែត ក៏បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធមានលក្ខណៈបុរេសកម្មក្នុងការជួយផ្ដល់ការណែនាំដល់កសិករដើម្បីឲ្យមានការផ្លាស់ប្ដូរ ជាជាងប្រតិកម្មទៅនឹងអ្វីដែលកំពុងដាំដុះ។
លោកពន្យល់ថាប្រតិកម្មមានន័យថាកន្លែងណាដែលប្រជាពលរដ្ឋបានធ្វើអ្វីមួយតាំងពីដូនតាមកគឺត្រូវឆ្លើយតបដោយជួយពួកគាត់។
លោកបានមានប្រសាសន៍ថា៖ «យើងឆ្លើយតបជួយគាត់បានប៉ុណ្ណឹង អីចឹងបើក្នុង១ ០០០គ្រួសារមានផលិត១០០មុខ យើងជួយ១០០មុខដដែល»។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា បុរេសកម្មមានន័យថាត្រូវគិតគូរថាតើដើម្បីមានមាត្រដ្ឋានកន្លែងដែលអាចជួយគាត់ដើម្បីបង្វែរ ឧទាហរណ៍កន្លែងមានណាមានសក្កានុពលសេដ្ឋកិច្ចជួយកសិករឲ្យផ្លាស់ប្ដូរទៅដាំដុះដំណាំផ្សេងឬយ៉ាងណា។
លោកលើកឡើងថា៖ «ឧទាហរណ៍ថាកន្លែងហ្នឹងមានសក្កានុពលដាំស្វាយចន្ទី ដែលអាចនាំចេញបានបីលានតោន។ ប៉ុន្តែកន្លែងហ្នឹងឥឡូវគាត់ធ្វើស្រូវ។ បើសិនជាយើងប្រតិកម្ម យើងត្រឹមតែជួយបច្ចេកទេសទៅឲ្យគាត់ដាំដុះបានល្អ គាត់រកទីផ្សារខ្លួនឯង»។
លោកបន្តថា៖ «ប៉ុន្តែបើយើងមានគោលការណ៍បុរេសកម្មបានន័យថា យើងបានដាក់ទិសដៅប្រែក្លាយកន្លែងហ្នឹង ទៅជាខេត្តកំពង់ធំ ព្រះវិហារ…ជាគោលដៅពង្រីកការដាំដុះស្វាយចន្ទី ឈានដល់ការដំឡើងរោងចក្រ និងផលិតសម្រេច»។
នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ លោក ច័ន្ទ សុផល មានប្រសាសន៍ថាគោលនយោបាយលើកកម្ពស់ផលិតផលកសិកម្ម និងរកទីផ្សារគឺជាការដោះស្រាយចំអាទិភាព ដែលកសិករចង់បាន ដែលវាជាកូនសោគន្លឹះនៃការអនុវត្តគោលនយោបាយឲ្យមានប្រសិទ្ធភាព។
លោកបន្ថែមថា៖ «[ទាក់ទងនឹង]ការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ ខ្ញុំយល់ថាពួកគាត់ [មន្ត្រី] គួរតែដើរតួនាទីចម្បងក្នុងការប្រមូលទិន្ន័យ និងផ្សព្វផ្សាយការបណ្ដុះបណ្ដាលបច្ចេកទេសដែលមានស្រាប់នៅលើប្រព័ន្ធយូធូប ឬអនឡាញ»។
លោក សុផល លើកឡើងដែរថា សម្រាប់ការអនុវត្តគោលនយោបាយនេះ គឺត្រូវមានធនធានគ្រប់គ្រាន់ និងនីតិវិធីមានភាពបត់បែន ហើយមន្ត្រី ត្រូវមានការតាំងចិត្តក្នុងការបម្រើផលប្រយោជន៍ជាតិ។
លោក ថាន់ ទ្បេង កសិករក្នុងខេត្តបន្ទាយមានជ័យ លើកឡើងថាលោកមិនបានដឹងពីគោលនយោបាយរបស់រដ្ឋាភិបាលនោះទេ ប៉ុន្តែលោកបានឲ្យដឹងថាទិន្នផលស្រូវដែលប្រមូលបានគឺល្អ។ យ៉ាងណាលោកថាជី និងកម្លាំងពលកម្មមានតម្លៃថ្លៃ។
លោកបន្ថែមថា៖ «ឆ្នាំនេះខ្ញុំអាចរកចំណូលបានគ្រប់ ពីព្រោះខ្ញុំបានធ្វើពូជស្រូវដែលអាចផ្ដល់ទិន្នផលល្អពីរដងក្នុងមួយឆ្នាំ»។
លោកទ្បេង មានដីស្រែចំនួន១៣ហិកតា។ ឆ្នាំនេះ លោកបានប្រមូលផលស្រូវបានប្រាំបីតោនក្នុងមួយហិកតា។ ចំណែកតម្លៃស្រូវវិញគឺ១២០០រៀលក្នុងមួយគីឡូក្រាម បើធៀបនឹងឆ្នាំមុនមានត្រឹម១០៥០រៀលក្នុងមួយគីឡូក្រាម។
លោកបានបង្ហាញការគាំទ្រដល់គោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ផលិតផលកសិកម្ម ជាពិសេសការស្វែងរកតម្លៃទីផ្សារសមរម្យ។
លោកថា៖ «ពេលមានតម្លៃទីផ្សារល្អ វាស្រួលលក់ ពីព្រោះពេលបច្ចុប្បន្នយើងពឹងតែលើឈ្មួញកណ្ដាល»។
កសិករម្នាក់ទៀត ឈ្មោះ ម៉ុត ម៉ុន នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានឲ្យដឹងដែរថាកសិករប្រឈមនឹងការលំបាកច្រើនយ៉ាង រួមទាំងជំនាញ និងបច្ចេកទេសដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។
លោកបន្តថា៖ «ខ្វះការណែនាំទៅដល់កសិករ ដើម្បីឲ្យសម្របខ្លួនទៅតាមអាកាសធាតុ។ ខ្ញុំមិនដែលឃើញមន្ត្រីមកបង្រៀនសហគមន៍ក្នុងតំបន់របស់ខ្ញុំទេ»។ លោក ម៉ុន មានដីពីរហិកតា សម្រាប់ដាំស្វាយចន្ទី និងដីជិតកន្លះហិកតាផ្សេងទៀតសម្រាប់ធ្វើស្រែ។
លោកថា៖ «ដូចជាគ្រាប់ស្វាយចន្ទីរបស់ខ្ញុំអីចឹង ខ្ញុំលក់បានត្រឹមតែ៣២០០រៀលក្នុងមួយគីឡូក្រាម។ ខ្ញុំមិនរួចថ្លៃកម្លាំងពលកម្មទេ ពីព្រោះថាថ្លៃជី និងថ្លៃថ្នាំថ្លៃពេក។ ហើយនៅមានការចំណាយលើថ្លៃផ្សេងៗទៀត»។ បញ្ហាមួយទៀត គឺថាតម្លៃគ្រាប់ស្វាយចន្ទីនឹងធ្លាក់ចុះនៅរដូវប្រមូលផលចាប់ផ្ដើម។។
លោកបន្ថែមថាវាជារឿងល្អសម្រាប់កសិករ បើតម្លៃគ្រាប់ស្វាយចន្ទីនៅចន្លោះ៧០០០ ទៅ៨០០០រៀល ប៉ុន្តែបើតម្លៃនៅតែបន្តធ្លាក់ចុះ កសិករនឹងធ្លាក់ក្នុងបំណុលកាន់តែខ្លាំង និងប្រហែលជាអាចត្រូវចំណាកស្រុកទៅរកប្រាក់ដើម្បីសងបំណុលផងក៏មាន។
លោកថា៖ «សម្រាប់ខ្ញុំ ពីមួយឆ្នាំទៅមួយឆ្នាំ ការចំណាយធ្វើកសិកម្មកាន់តែមានតម្លៃថ្លៃទៅៗ»។
ដោយគាំទ្រចំពោះគោលនយោបាយថ្មីជួយដល់កសិករ លោកបញ្ជាក់ថា៖ «ខ្ញុំគិតថាវាល្អសម្រាប់ពួកយើងដែលត្រូវដាក់បញ្ចូលទៅក្នុងសហគមន៍ ដែលកសិករដឹងថាអ្វីល្អសម្រាប់ពួកគាត់»។
(រាយការណ៍បន្ថែមដោយ៖ រ៉ាន់ ស្រីដែត)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ PM Hun Manet Lays Out Agricultural Policy To Improve Farmers’ Livelihoods