សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោកនាយករដ្ឋមន្ត្រីបញ្ជាអាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាមទប់ស្កាត់ក្រុមម៉ុងតាញ៉ាកុំឱ្យចូលកម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មកររោងចក្រនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។ (រូបភាព៖ ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មកររោងចក្រនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។ (រូបភាព៖ ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យកងម្លាំងសមត្ថកិច្ចនៅតាមខេត្តជាប់ព្រំដែន ប្រទេសវៀតណាម បង្កើនការប្រុងប្រយ័ត្នចំពោះក្រុមជនជាតិតំបន់ភ្នំ ឬជនជាតិម៉ុងតាញ៉ា រស់នៅក្នុងប្រទេសវៀតណាម ដែលអាចនឹងភៀសខ្លួនមកទឹកដីកម្ពុជា។ លោក ហ៊ុន សែន បន្តថា ប្រសិនបើ​ជនជាតិម៉ុងតាញ៉ាចូលមកក្នុងកម្ពុជា នឹងចាប់បញ្ជូនឱ្យរដ្ឋាភិបាល​វៀតណាម​វិញភ្លាម និងបានព្រមានទៅ​អង្គការ​​អន្តរជាតិ​នៅកម្ពុជា​កុំឱ្យជ្រៀតជ្រែកបញ្ហានេះ។

ថ្លែងក្នុងជំនួបជាមួយកម្មកររោងចក្រនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា នៅវៀតណាមមានការប្រយុទ្ធគ្នាបង្កឡើង​ដោយជនជាតិ​ម៉ុងតាញ៉ា កាលពីថ្ងៃទី១១កន្លងទៅបណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួស ហើយលោក​បារម្ភថា ​ក្រុមជនជាតិម៉ុងតាញ៉ា អាចនឹងភៀសខ្លួនចូលមកទឹកដីកម្ពុជា។

លោកហ៊ុន សែន បានបញ្ជាដោយបើកចំហ ទៅកាន់កងកម្លាំង​ប្រដាប់អាវុធ​នៅតាមបណ្ដា​ខេត្តរតនគីរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដោយបារម្ភ​ថា ខ្សែបណ្ដាយនៃជនជាតិម៉ុងតាញ៉ា អាចមានវត្តមាននៅកម្ពុជា និងមានអង្គការ​ចាត់តាំង​ច្បាស់​លាស់។ លោកបន្តថា ក្រុមទាំងនេះមិនអាចមានវត្តមាននៅក្នុងទឹកដីចិន ឬទឹកដី​វៀតណាម នោះទេ។

លោក ហ៊ុន សែន ថ្លែងថា៖ «បច្ចុប្បន្នពួកនេះកំពុងបាក់ទ័ព ហើយខ្ញុំកំពុងតែបារម្ភថា​ពួកវា​អាចនឹងចូលទឹកដីកម្ពុជា ដែលខ្ញុំសុំយកការនេះបញ្ជាសម្រាប់កងកម្លាំងទាំងប៉ូលិស និង​ទាហាន នៅក្នុងយោធភូមិភាគ១ ដែលមានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ត្រូវ​យក​ចិត្តទុកដាក់ព្រោះមេរបស់វា អាចមាននៅក្នុងទឹកដីកម្ពុជា»

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានព្រមានទៅអង្គការអន្តរជាតិមួយចំនួន ដោយរាប់​ទាំង​អង្គការសហប្រជាជាតិនៅកម្ពុជា ត្រូវចៀសវៀងការជួយអន្តរាគមន៍ជនជាតិម៉ុងតាញ៉ា ក្នុងការ​បានសិទ្ធិជ្រកកោន ដើម្បីទៅប្រទេសទី៣ ត្បិតក្រុមនេះជាក្រុមឧទ្ទាមវៀតណាមខុសច្បាប់។ លោក ហ៊ុន សែន បន្តថ្លែងថា អង្គការជាតិ និងអន្តរជាតិ ដែលធ្វើសកម្មភាពក្នុងទឹកដីកម្ពុជា ត្រូវគេចចេញពីអង្គការភេរវកម្ម ហើយបើមានការគាំទ្រទៅលើក្រុមជនជាតិម៉ុងតាញ៉ា រដ្ឋាភិបាល​អាចនឹងបិទការិយាល័យរបស់អង្គការទាំងនោះនៅក្រុងភ្នំពេញផងដែរ។

លោកហ៊ុន សែន និយាយថា៖«រឿងនេះ ជាស្ថានភាពធ្ងន់ធ្ងរ ដែលខ្ញុំត្រូវបញ្ជាដាច់ខាត ហើយ​គ្មានការលើកលែងទេ។ ហើយសូមអង្គការអន្តរជាតិទាំងអស់ រាប់ទាំង អង្គការ​សហប្រជាជាតិ​ផង។ នេះមិនមែនជាការស្វែងរកសិទ្ធិជ្រកកោនខាងនយោបាយ ឬស្វែងរកជីវភាពសេដ្ឋកិច្ច​ខ្ពស់អីទេ តែថ្ងៃនេះ ជាអំពើភេរវកម្ម»

យ៉ាងណាមិញ លោកនាយករដ្ឋមន្រ្តី បានរំលឹកដែរថា កន្លងមកជនជាតិម៉ុងតាញ៉ា ក៏ធ្លាប់​មាន​វត្តមាននៅលើទឹកដីកម្ពុជាផងដែរ ហើយបណ្ដាញពិតប្រាកដនៃក្រុមនេះ គឺនៅទឹកដីកម្ពុជា។ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តជាប់ព្រំដែនប្រទេសវៀតណាមបង្កើនការយកចិត្តទុកដាក់ខ្ពស់។

លោកនាយករដ្ឋមន្រ្តី ថ្លែងថា៖«ខ្ញុំជឿថា បណ្ដាញរបស់វា គឺចេញពីកម្ពុជាដែលផ្គត់ផ្គង់​សេវាកម្ម ចូលទៅក្នុងប្រទេសវៀតណាម។ ព្រោះរឿងនេះ វាធ្លាប់មានពីមុនមកហើយ ដែលមុននេះ រតនគិរី មណ្ឌលគិរី កាលពីឆ្នាំ២០០៣-២០០៤»

បើតាមប្រសាសន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជម្លោះនៃក្រុមឧទ្ទាមនៅក្នុងទឹកដី​វៀតណាម គឺមានបណ្ដាញចេញពីកម្ពុជាជាក់លាក់ និងមានអង្គការចាត់តាំង ដែលមានកម្លាំង ប្រមាណជា៦០០នាក់។

លោកបន្ថែមថា៖«មានកម្លាំង៦០០នាក់មែន វាមិនមែនជារឿងតូចតាចទេ ដូច្នេះយើងត្រូវ​ធ្វើ​នៅ​ក្នុងទឹកដីរបស់យើង។ ហើយសូមប្រាប់ថា កុំយកគ្រាប់បែក មកដាក់នៅក្នុងទឹកដីកម្ពុជា»។

ចំណែកលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគីរី បានផ្តល់ព័ត៌មានបន្ថែមថា រឿងនេះគឺ​មាន​រយៈ​ពេល​៣ទៅ៤ថ្ងៃហើយ ដែលលោកបានបញ្ជាកម្លាំងដើម្បីធ្វើការ​លើរឿងនេះ​តាម​បញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោកបន្តថា កម្លាំងទាំង៣មានកម្លាំងនគរបាលព្រំដែន កម្លាំងកងទ័ព និងកម្លាំងអាវុធហត្ថ បានដាក់នៅតាមឃុំ និងតាមស្រុក ដែលជាប់ព្រំដែនប្រទេសវៀតណាម និងក្នុងខេត្តទាំងមូល ជាពិសេសនៅតាមជ្រកព្រំដែនដើម្បីត្រួតពិនិត្យឱ្យបានម៉ត់ចត់ទៅលើចំនួនប្រជាពលរដ្ឋក្នុង​ខេត្ត និងចំណូលមនុស្សដែលបានចូល។

លោកបន្ថែមថា  រយៈពេលដែលកម្លាំងនគរបាល និងកម្លាំងផ្សេងៗបានធ្វើការរហូតមកដល់​ពេល​នេះគឺមិនទាន់មានអ្វីកើតឡើងទេ ហើយលោកបាន​សហការយ៉ាងល្អជាមួយភាគី​វៀតណាម។ 

លោក សំអឿន ថ្លែងថា៖ «មួយរយៈចុងក្រោយគឺមិនមានការចាប់ឬបញ្ជូន(ជនជាតិ ម៉ុងតាញ៉ា​)​ទៅប្រទេសវៀតណាមវិញទេ ហើយយើងនៅបន្តពិនិត្យ ថ្វីត្បិតតែរឿងនេះវាស្ងប់ស្ងាត់មែន ខាងវៀតណាមគេចាប់គេអីបានចឹងទៅ មានការបាញ់ប្រហារទៅវិញទៅមកចឹងទៅណាស់»។

អភិបាលខេត្តក្រចេះ លោក វ៉ា ថន មានប្រសាសន៍ថា បន្ទាប់ពីទទួលបានដំណឹងពីការផ្ទុះ​អាវុធ​នៅ​វៀតណាម​រយៈពេលមួយថ្ងៃ គឺលោកបានត្រៀមវិធានការរួចជាស្រេច តាម​ប្រសាសន៍​លោកនាយករដ្ឋមន្រ្តី ដើម្បីពង្រឹងការគ្រប់គ្រងព្រំដែន និងដាក់កម្លាំងល្បាត​ប្រចាំ​ការ​ជាប្រចាំ។

លោក វ៉ា ថន អះអាងថា មកទល់ពេលនេះ អាជ្ញាធរមិនទាន់រកឃើញ ឬមានការចាប់ខ្លួន​ជនជាតិម៉ុងតាញ៉ាទេ។

លោក វ៉ា ថន បញ្ជាក់ថា៖ «អត់មានផង! បើរឿងទើបកើត២-៣ថ្ងៃ យើងអត់ដែល​មានទេ​រឿង​ហ្នឹងនោះ»

លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងឱ្យដឹងថា កន្លងទៅក្រសួងមហាផ្ទៃ បាន​បញ្ជូនជនជាតិម៉ុងតាញ៉ា ជាច្រើននាក់ទៅប្រទេសវៀតណាម និងគ្មានវត្តមានជនជាតិ​នេះនៅ​កម្ពុជាទេ។ លោកព្រមានថា ប្រសិបើជាអាជ្ញាធរកម្ពុជារកឃើញថាមានជនជាតិនេះ សំងំនៅ​កម្ពុជានោះនឹងបញ្ជូនទៅឱ្យអាជ្ញាធរវៀតណាមភ្លាម។

លោកសុភ័ ថ្លែងថា៖ «កន្លងមកយើងបញ្ជូនទៅច្រើន គ្មាននៅកម្ពុជាទេបញ្ជូនទៅអស់ហើយ [ប៉ុន្មាន] ពូមិនចាំទេវាយូរហើយ»

អ្នកនាំពាក្យរូបនេះ បន្តថា ក្រោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសអំពី​បញ្ហា​នេះ​រួចមក ក្រុមកងកម្លាំងមានសមត្ថកិច្ច បានត្រៀមរួចរាល់ហើយ ក្នុងការសហការណ៍​បញ្ជូន​ជនជាតិម៉ុងតាញ៉ា ទៅឱ្យប្រទេសវៀតណាមវិញ។ ហើយចំពោះអង្គការអន្តរជាតិនៅកម្ពុជា មិនគួរលូកដៃក្នុងរឿងនេះទេ។

លោកសុភ័គ បន្ថែមថា៖ «ទោះយ៉ាងណាក៏ដោយយើងត្រូវរក្សាជំហររបស់យើង ជា​ប្រទេស​អព្យាក្រឹត្យ​មិនចូលបក្សសម្ព័ន្ធ ហើយយើងមិនប្រគល់​ទឹកដីយើង​ទៅក្រុមណាមួយទេ។ បើមកមួយចាប់មួយ មកពីចាប់ពីរហើយ​ ចេញតាមច្រកណាទៅច្រកហ្នឹងវិញ»។

លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ យល់ឃើញថា ប្រសិនបើ​ក្រុម​ឧទ្ទាម​ម៉ុងតាញ៉ា បានប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសវៀតណាម ហើយរត់ចូលមកទឹកដីប្រទេស​កម្ពុជា​ដោយខុសច្បាប់ អាជ្ញាធរកម្ពុជាចាត់ការទៅតាមផ្លូវច្បាប់គឺជារឿងសមហេតុផល។

លោក សំអាត ថ្លែងថា៖ «យើងជាប្រទេសមួយដែលគោរពតាមអនុសញ្ញានៃជនភៀសខ្លួន យើងគួរពិនិត្យពិចារណា គោរពទៅតាមសិទ្ធិអនុសញ្ញា ប្រសិនបើជននោះ​គឺមិនមែន​ជា​ឧក្រិដ្ឋជន ឬក៏អ្នកដែលត្រូវគេចោទប្រកាន់»

លោកសំអាត​ បន្តថា យោងតាមច្បាប់អន្តរជាតិ ជនជាតិម៉ុងតាញ៉ា អាចមានសិទ្ធិរស់នៅ​ប្រទេស​ទី៣​បានក្នុងករណីដែលពួកគេរងការធ្វើទុក្ខបុកម្នេញ លើសិទ្ធិសេរីភាពរបស់ពួកគេ ហើយប្រទេស ដែលបានចូលរួមក្នុងសិទ្ធិសញ្ញានៃច្បាប់នេះ ត្រូវពិចារណា និងបែកចែក​រវាង​ជនល្មើស និងជនភៀសខ្លួន។ 

លោក សំអាត ថ្លែងថា៖ «ទាក់ទងរឿងជនជាតិម៉ុងតាញ៉ាដែលគាត់រត់ភៀសខ្លួន​ទៅជ្រកកោន​នៅប្រទេសទី៣ ដោយសារមានការធ្វើទុក្ខបុកម្នេញអីទៅអាហ្នឹងវាជារឿង​មួយផ្សេងទៀត​ដែល​ទាក់ទងជាមួយនឹងអនុសញ្ញានៃជនភៀសខ្លួន»

234 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម