សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោក ហ៊ុន សែន ស្នើឲ្យកែច្បាប់បោះឆ្នោត ដែលតម្រូវឲ្យបេក្ខភាពឈរឈ្មោះចេញទៅបោះឆ្នោត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយនៅទីក្រុងតាខ្មៅ ក្នុងខេត្តកណ្តាលកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ អំឡុងពេលបោះឆ្នោតឃុំសង្កាត់។ (ខេមបូចា/ ព្រីង សំរាំង)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយនៅទីក្រុងតាខ្មៅ ក្នុងខេត្តកណ្តាលកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ អំឡុងពេលបោះឆ្នោតឃុំសង្កាត់។ (ខេមបូចា/ ព្រីង សំរាំង)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ធ្វើវិសោធនកម្ម​ច្បាប់​បោះឆ្នោត​កាលពី​ល្ងាច​​ថ្ងៃ​ចន្ទ​ ដែល​នឹង​រារាំង​បេក្ខជន​មិន​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត ប្រសិនបើ​ពួកគេ​មិនបាន​បោះឆ្នោត​ក្នុង​ការបោះឆ្នោតដំបូង​។ លោក​ថា វិសោធនកម្មច្បាប់​​នេះ ត្រូវ​តែ​អនុម័ត​​នៅ​ពេល​ឆាប់ៗនេះ មុន​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី២៣ ខែ​កក្កដា​ ខាង​មុខ។

លោក ហ៊ុន សែន បាន​ថ្លែង​នៅក្នុងសារ​សំឡេង​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​លោក​ថា៖  «អ្នកដែលមិនបានទៅបោះឆ្នោតដោយ​គ្មាន​មូលហេតុសមរម្យតាមផ្លូវច្បាប់​នឹងត្រូវចាត់ទុកថា បាន​បាត់បង់នូវលក្ខខណ្ឌក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោត។ បញ្ហានេះ យើង​​ត្រូវ​​ធ្វើ​ឲ្យខានតែបាន[វិសោធនកម្ម​នេះ] សម្រាប់​មុន​ពេល​​យុទ្ធនាការ​បោះ​ឆ្នោតនឹងត្រូវចាប់ផ្តើម»។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក​បាន​ជួប​ជាមួយលោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​រួច​ហើយ ដើម្បី​​ពិភាក្សា​អនុម័ត​វិសោធនកម្ម។ លោក​បន្ត​ថា ការ​កែប្រែច្បាប់​នេះ​ នឹង​អនុវត្ត​ចំពោះ​បេក្ខជន​គ្រប់​លំដាប់​ថ្នាក់​នៃក្របខណ្ឌ​​រដ្ឋាភិបាល រួម​មាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត សមាជិក​ព្រឹទ្ធសភា និង​សមាជិក​រដ្ឋសភា។

លោកបានមានប្រសាសន៍ថា៖ «អ្នកណាក៏ដោយ​ នៅក្នុងគណបក្សណាក៏ដោយ​ ប្រសិនបើមិនអាចទៅបោះឆ្នោត ឧទាហរណ៍ ការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ អ្នកណាក៏ដោយ​ បើសិនជាមិនបានទៅបោះឆ្នោតនៅពេលនោះទេ អ្នកនោះគឺមិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតនៅពេលខាងមុខ​។ យើងត្រូវធ្វើការកែទម្រង់​ឲ្យមានការទទួលខុសត្រូវចំពោះ​អ្នក​ដែលចង់ឈរឈ្មោះឲ្យគេបោះឆ្នោត»។

ក្នុង​សារ​សំឡេងដដែលនេះ លោក​បាន​បញ្ជាក់​ថា អ្នក​ដែល​ឈរ​ឈ្មោះឲ្យគេ​បោះ​ឆ្នោត​ត្រូវ​តែ​ជា «ពលរដ្ឋ​ល្អ» ក្នុង​ប្រទេស​ប្រជាធិបតេយ្យ ដោយ​អនុវត្ត​សិទ្ធិ​បោះឆ្នោតរបស់ពួកគេ។ លោកបន្តថា ប្រជាពលរដ្ឋនឹងនៅតែមានសិទ្ធិបោះឆ្នោតនាពេលអនាគត ដោយមិនគិតពីប្រវត្តិបោះឆ្នោតពីមុនរបស់ពួកគេ ប៉ុន្តែការកែប្រែនេះនឹងប៉ះពាល់ដល់លទ្ធភាព​របស់​បេក្ខជនឈរឈ្មោះក្នុងការបោះឆ្នោតនាពេលខាងមុខ។

លោក សម គន្ធាមី នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថានិចហ្វិក មានប្រសាសន៍ថា លោកគិតថា រដ្ឋាភិបាលកំពុងព្យាយាមទាក់ទាញមនុស្សឱ្យទៅបោះឆ្នោតឲ្យបានច្រើន ដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការតាម​ហ្វេសប៊ុករបស់អ្នកគាំទ្រ និងសមាជិកគណបក្សភ្លើងទៀន​ ដែលលើកទឹកចិត្តឲ្យពលរដ្ឋធ្វើពហិការការបោះឆ្នោតជាតិ។ ​ថ្មីៗ​នេះ គណបក្ស​ភ្លើងទៀន ​មិនអាចចុះឈ្មោះ​សម្រាប់ការ​ប្រកួតប្រជែងនៅក្នុង​ការ​បោះ​ឆ្នោតខាងមុខនេះទេ​​។

 លោក គន្ធាមី មានប្រសាសន៍ថា៖ «គាត់ [លោក ហ៊ុន សែន] ចង់ឲ្យប្រជាពលរដ្ឋទៅ​​បោះឆ្នោតឲ្យបានច្រើន ព្រោះគាត់ដឹងថា បេក្ខជនមួយចំនួននឹងមិនទៅបោះឆ្នោតទេ ដូច្នេះវិសោធកម្មនេះ គឺសំដៅធ្វើឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត»។

លោកបានបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋ ៧០ ឬ ៨០% មិនចូលរួមក្នុងដំណើរការបោះឆ្នោតទេនោះ វានឹងមិនតំណាងប្រជាពលរដ្ឋភាគច្រើនឡើយ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានប្រសាសន៍ថា៖ «ទាក់ទងនឹងវិសោធនកម្មច្បាប់បោះឆ្នោត គ.ជ.ប គឺជាស្ថាប័នអនុវត្តច្បាប់ ដូច្នេះនៅពេលដែលច្បាប់នេះ ត្រូវបានអនុម័ត គ.ជ.ប នឹងអនុវត្តតាម»។

លោកមានប្រសាសន៍​ថា ក្នុង​ការ​បោះ​ឆ្នោត​តាំង​ពី​ឆ្នាំ​១៩៤៧មកនៅ​កម្ពុជា ​មិន​ដែល​​មាន​អ្នក​ទៅ​បោះ​ឆ្នោត​តិច​ជាង ៥០% ទេ។ បើតាមលោក ពុទ្ធា ក្នុងឆ្នាំ ១៩៩៣ មានអ្នកទៅបោះឆ្នោត ៨៩% នៅឆ្នាំ២០១៨មានអ្នកចេញទៅបោះឆ្នោត៨២% ហើយការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ មានអ្នកទៅបោះឆ្នោត ៨០%។

លោក ពុទ្ធា មានប្រសាសន៍ថា ទោះយ៉ាងណាក៏ដោយ «គ្មានផ្នែកណាមួយនៃច្បាប់បោះឆ្នោតកំណត់ភាគរយជាក់លាក់នៃចំនួនអ្នកចេញទៅបោះឆ្នោត ដើម្បីកំណត់ការបោះឆ្នោតនោះបានការទេ។ មិនថា មានប៉ុន្មានភាគរយនោះទេ ការបោះឆ្នោតនៅតែត្រូវបានចាត់យកជាការបាន»។

ក្នុង​សារ​សំឡេង​​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ លោក​បាន​មានប្រសាសន៍​​ថា លោក​ចង់​ប្រើ​ច្បាប់​ស្រដៀងគ្នានេះ ​ដែលគេប្រើ​​នៅ​​ប្រទេស​ថៃ​ជា​គំរូ​នៃការ​កែប្រែច្បាប់នៅ​កម្ពុជា។

លោកបានមានប្រសាសន៍ថា៖ «វាមិនមែនជារឿងចម្លែកទេ មាន​ប្រទេសជិតខាងរបស់យើង គឺព្រះរាជាណាចក្រថៃបាននិងកំពុងធ្វើដែលធ្វើឲ្យគណបក្សនយោបាយមួយនោះ ត្រូវបាត់បង់អាសនៈយ៉ាងច្រើន ដោយសារតែគេ [បេក្ខជន] មិនបានបំពេញកាតព្វកិច្ចក្នុងការបោះឆ្នោតកាលពីលើកមុន»។

លោក ហ៊ុន សែន បានថ្លែងនៅក្នុងជំនួបជាមួយកម្មករ កម្មការិនី នៅព្រឹកថ្ងៃពុធ ថាលោកគាំទ្រសេចក្តីព្រាងវិសោធនកម្មច្បាប់ដែល លោក ស ខេង បាននឹងកំពុងធ្វើដោយបន្ថែមក្នុងមាត្រា១៤២ គឺ លុបបេក្ខភាពរបស់សាម៉ីខ្លួន ឬដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតរបស់សាម៉ីខ្លួនសម្រាប់«៥ឆ្នាំយ៉ាងតិច» ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ផ្នែកទី៣៥ នៃច្បាប់ Organic Act on The Election of Members of the House of Representatives របស់​ប្រទេសថៃ ហាមប្រាមពលរដ្ឋដែលមិនបានទៅបោះឆ្នោត​ដោយគ្មានហេតុផលត្រឹមត្រូវ មិនអោយឈរឈ្មោះ ឬកាន់តំណែងនយោបាយ​ក្នុងរយៈពេលពីរឆ្នាំ។

Napon Jatusripitak ជានិស្សិតស្រាវជ្រាវនៅវិទ្យាស្ថាន ISEAS-Yusof Ishak បានប្រាប់ខេមបូចាតាមរយៈ WhatsApp that ខណៈដែលប្រទេសថៃធ្លាប់មានការហាមឃាត់គណបក្សមិនឲ្យចូលសភាច្រើនលើកកន្លងមក ពួកគេក៏មិនលើកលែងផងដែរចំពោះបេក្ខជនដែលមិនបានទៅបោះឆ្នោតពីមុន។

លោក Jatusripitak បានបញ្ជាក់ថា៖ «បេក្ខជនមួយចំនួនត្រូវបានដកសិទ្ធិក្នុងការឈរឈ្មោះបោះឆ្នោតដោយសារតែការរឹតត្បិតនេះ ប៉ុន្តែនេះគ្រាន់តែជាចំនួនតិចតួចប៉ុណ្ណោះ។ គណបក្ស និងបេក្ខជនភាគច្រើនដឹងពីការរឹតត្បិត និងភាពហ្មត់ចត់ដែលគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ដោះស្រាយលើបញ្ហានេះ។ ដូច្នេះហើយ ពួកគេតែងតែចាត់វិធានការ ដើម្បីធានាថា វាមិនក្លាយជាបញ្ហាតាំងពីដំបូងទៅ»។

លោក គឹម សួរភិរិទ្ធ អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើងទៀន​​បាន​ថ្លែង​ថា ​ការ​ស្នើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​បង្ហាញ​ថា​ រដ្ឋាភិបាល​ខ្លាច​ប្រជាពលរដ្ឋ​មិន​ទៅ​បោះឆ្នោត​នៅ​ខែ​កក្កដា។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិន​ដឹង​អំពី​រឿងនេះ​​ទេ ហើយ​ទុក​ឲ្យ​អ្នក​ដទៃ​វិភាគ​ចុះ ប៉ុន្តែ​គោល​បំណង [នៃ​វិសោធនកម្ម] ប្រហែល​ ដើម្បី​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោតបានច្រើន​»។

លោកមាន​ប្រសាសន៍ថា​ លោក​ជឿ​ថា ​សំណើ​នេះ​គឺ​ផ្តោត​គោលដៅ​លើ​​គណបក្ស​ភ្លើងទៀន។ ប៉ុន្តែក្តីបារម្ភដ៏ធំបំផុតរបស់លោកគឺ គណបក្សភ្លើងទៀន​មិនអាចចូលរួមក្នុងការបោះឆ្នោតសកលបាន បន្ទាប់ពីអ្នកបោះឆ្នោតប្រហែលពីរលាននាក់បានគាំទ្រគណបក្សនេះនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ PM Proposes Amendment Requiring Election Candidates to Vote

 
 
 
183 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម