នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានសួរចម្លើយលោក កាមារ៉ូទីន សូហៃមី កូនប្រុសរបស់លោក សុះ កំរី មេដឹកនាំកំពូលសាសនាឥស្លាមនៅកម្ពុជា បន្ទាប់ពីមានការបែកចាយព័ត៌មាននៅលើបណ្ដាញសង្គមចោទប្រកាន់រូបលោកថាបានរំលោភបំពានផ្លូវភេទលើសិស្សស្រី ១៨នាក់ នៅឯអន្តេវាសិកដ្ឋានសាលារៀនមួយកន្លែងនៅរាជធានីភ្នំពេញ ។
មន្ត្រីមួយរូបនៃអង្គភាពប្រតិកម្មរហ័សរបស់នាយកដ្ឋានបានបញ្ជាក់ប្រាប់ ខេមបូចា ព័ត៌មាន ថា លោក សូហៃមី ត្រូវបានសួរចម្លើយមែន ប៉ុន្តែ មន្ត្រីរូបនោះមិនបានចែករំលែកព័ត៌មានលម្អិតបន្ថែមទៀតថាតើលោក សូហៃមី ត្រូវបានចាប់ខ្លួន ឬអត់នោះឡើយ ។
លោក សុះ កំរី បានបដិសេធការចោទប្រកាន់មកលើរូបកូនប្រុសរបស់លោក តាមរយៈសារបង្ហោះនៅលើហ្វេសប៊ុក បន្ទាប់ពីមានការចែករំលែករាលដាលនូវសារមួយពីគណនីហ្វេសប៊ុកឈ្មោះ Som Mengly កាលពីថ្ងៃទី១០ ខែតុលា ។ បួនថ្ងៃក្រោយមកទៀត គណនីហ្វេសប៊ុកនោះក៏លែងដំណើរការ ។
ទោះបីមានការបដិសេធនេះក៏ដោយ ក៏ឈ្មោះ សូហៃមី ត្រូវបាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនសួរចម្លើយនិងឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែតុលា ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអនឡាញ Fresh News ។ សារព័ត៌មានដដែលបានរាយការណ៍ថា «ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានអនុញ្ញាតឱ្យចាប់ខ្លួនឈ្មោះ សូហៃមី» និងថា សមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿងដើម្បីបន្តនីតិវីធី ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី លោក សូហៃមី ត្រូវគេអះអាងថា បន្តបដិសេធការចោទប្រកាន់មកលើរូបលោកនៅក្នុងអំឡុងនៃការសួរចម្លើយ ។
សារព័ត៌មាន Fresh News ក៏បានរាយការណ៍ផងដែរថា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានកំណត់អត្តសញ្ញាណជនរងគ្រោះបាន ៤នាក់ ដែលពីរនាក់មានអាយុ១៣ឆ្នាំ និង ១៤ឆ្នាំ និងពីរនាក់ទៀតមានអាយុ ១៥ឆ្នាំ ដែលត្រូវបានចោទប្រកាន់ថា ត្រូវឈ្មោះ សូហៃមី រំលោភបំពានផ្លូវភេទ ។
ផ្អែកតាមសារដែលបង្ហោះដោយគណនីហ្វេសប៊ុក Som Mengly ករណីរំលោភបំពាននេះបានកើតឡើងជាច្រើនឆ្នាំមកហើយ ប៉ុន្តែ បញ្ហានេះទើបតែបែកធ្លាយនៅពេលជនរងគ្រោះម្នាក់មានផ្ទៃពោះ ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានអះអាងថា ករណីនេះមិនទាន់បញ្ជូនមកដល់ដៃតុលាការនៅឡើយទេ ។ លោក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន មិនបានឆ្លើយតបសំណើសុំការអត្ថាធិប្បាយនៅឡើយទេ ។
លោកស្រី ស ស៊ីណែត ប្រធាននាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី ក៏មិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែរ ។
លោក សុះ កំរី មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ បើទោះបីអ្នកសារព័ត៌មាន ខេមបូចា បានព្យាយាមទាក់ទងទៅតាមលេខទូរសព្ទដែលបង្ហាញនៅលើគេហទំព័រហ្វេសប៊ុករបស់លោកក្តី។
លោក នី សុខា ប្រធានអង្គការសិទ្ធិមនុស្ស អាដហុក បានសម្ដែងការកោតសរសើរដល់សមត្ថកិច្ចនគរបាល ដោយបង្ហាញពីចំណាត់ការដ៏រហ័សពីអាជ្ញាធរក្នុងការស៊ើបអង្កេតការក្នុងករណីរំលោភបំពានផ្លូវភេទលើក្មេងស្រីទាំងនេះ ។ លោកក៏សង្ឃឹមថា តុលាការនឹងចាត់វិធានការសមស្របតាមផ្លូវច្បាប់ដើម្បីការពារសេចក្ដីថ្លៃថ្នូររបស់ជនរងគ្រោះផងដែរ ។
លោក សុខា បាននិយាយយ៉ាងដូច្នេះថា៖ «យើងមិនចង់ឃើញត្រឹមតែចំណាត់ការបឋមប៉ុណ្ណោះនោះទេ […] អ្វីដែលយើងចង់ឃើញ គឺវិធានការនីតិវិធីនាពេលខាងមុខ ដើម្បីទប់ស្កាត់ការបន្ធូរបន្ថយទោស ឬការលើកលែងការចោទប្រកាន់» ។ លោកបានបន្តថា នោះគឺដោយសារតែជនសង្ស័យជាសាច់ញាតិរបស់មេដឹកនាំសាសនាឥស្លាមដ៏មានឥទ្ធិពលម្នាក់ ។
លោក សុខា ក៏បានសង្កត់ធ្ងន់ផងដែរ នូវភាពចាំបាច់សម្រាប់វិធានការសកម្មពីសំណាក់អាជ្ញាធរនៅក្នុងករណីរំលោភបំពានដទៃផ្សេងទៀត ជាជាងការដែលចាត់វិធានការតែនៅពេលណាដែលមានការរិះគន់ខ្លាំងពីសំណាក់មហាជន ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Police Question Son of Cambodia’s Top Islamic Cleric On Allegations of Sexual Assault in School Dormitory